ថ្នាំ​បង្ការ​សម្រាប់​​ស្ត្រី និង​កុមារ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​នៅ​កម្ពុជា​

ការ​ចាក់​ថ្នាំ​បង្ការ គឺ​ជា​ប្រសិទ្ធ​ភាព​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​ការពារ​និង​ទប់​ស្កាត់​កុមារ​ និង​ស្រ្តី​ឲ្យ​ចៀស​ឆ្ងាយ​ពី​ជម្ងឺ​ផ្សេងៗ​បាន​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ។ តែ​សម្រាប់​យុទ្ធនា​ការ​ផ្តល់​ថ្នាំ​បង្ការ​ដល់​កុមារ​ និង​ស្រ្តី​មួយ​ចំនួន​ដែល​រស់​នៅ​តំបន់​ដាច់​ស្រយាល​ ដូ​ច​ជាជ​ន​ជាតិ​​ភាគ​​តិច និង​ប្រជាជន​ចល័ត​ នៅ​មិន​ទាន់​ទទួល​បាន​ថ្នាំ​បង្ការ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ក្នុង​ប្រទេស​កម្ពុជា។ តើ​កម្ពុជា​ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ​ដើម្បី​ផ្តល់​ថ្នាំ​បង្ការ​ដល់​កុមារ​ និង​ស្រ្តី​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ជាង​ពេល​មុនៗ?​

រូបភាពគេហទំព័រសុខភាពកម្ពុជា

មន្ត្រី​កម្ម​វិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​នៅ​កម្ពុជា​បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម​១​ឆ្នាំ​ប្រមាណ​៣៨០,០០០នាក់​ មាន​កុមារ​ប្រហែល​តែ​១៥​ភាគ​រយ​ប៉ុណ្ណោះ នៅ​មិន​ទាន់​ទទួល​បាន​ការ​គ្រប​ដណ្តប់​​​នៃ​​កម្ម​វិធី​ចាក់​ថ្នាំ​បង្កា​ជម្ងឺ ឲ្យ​បាន​គ្រប់​​មុខ​​នៅ​ឡើយ​ទេ។ ​លោក សាន់ ចន្ទ័​សឿន ប្រធាន​កម្ម​វិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ចំណាក​ស្រុក និង​ការ​ផ្លាស់​ប្តូរ​លំនៅ​ដ្ឋាន​ រឺ​អាណា​ព្យាបាល​គ្មាន​ពេល​ទំនេរ​យក​កូន​មក​មន្ទីរ​ពេទ្យ គឺ​ជា​មូល​ហេតុ​ធំ​បំផុត​ដែល​នាំ​ឲ្យ​កុមារ​មិន​បាន​ទទួល​វ៉ាក់​សាំង​ការ​ ពារ​ជំងឺ​ឲ្យ​បាន​គ្រប់​មុខ។ លោក​ថ្លែង​ថា៖ «ឆ្លើយ​តប​និង​វិធាន​ការ​ខាង​លើ យើង​ត្រូវ​ធ្វើ​យុទ្ធ​នាការ​មួយ​ទៀត ដើម្បី​ចុះ​ទៅ​មូល​ដ្ឋាន​ភូមិ-ឃុំ​ ជា​ពិសេស​ឈាន​ទៅ​កន្លែង​ឆ្ងាយៗ​ ដើម្បី​ស្វែង​រ​ក​កុមារ​ទាំង​នោះ រឺ​ស្រ្តី​ក្នុង​វ័យ​បន្ត​ពូជ និង​ស្រ្តី​មាន​ផ្ទៃ​ពោះ​ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អំពី​ការ​ផ្តល់​ថ្នាំ​បង្កា​ជម្ងឺ​ផ្សេងៗ ជា​ពិសេស​ជម្ងឺ​តេតា​ណុស និង​ជម្ងឺ​កញ្ជ្រិល​ផង​ដែរ»។​ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​រប​ស់គេហ​ទំព័រ​ភ្នំពេញ​ប៉ុស្តិ៍។​

រាល់​បញ្ហា​ដែល​ជាប់​ពាក់​ពន្ធ័​និង​កម្ម​វិធី​ជាតិ​ផ្តល់​ថ្នាំ​បង្កា​សម្រាប់​ស្រ្តី​និង​កុមារ​ គឺ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សន្និ​សិទ​ថ្នាក់​អនុ​តំបន់​អាស៊ី​លើក​ទី៤​ ស្តី​ពី​ការ​ផ្តល់​ហិរញ្ញ​ប្បទាន​សម្រាប់​ផ្តល់​ថ្នាំ​បង្កា​ប្រកប​ដោយ​ចីរភាព​ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី០៤​ ខែ​កក្កដា​ កន្លង​ទៅ​នេះ នៅស​ណ្ឋាគារ​សូហ្វី​តែល រាជ​ធានី​ភ្នំពេញ។​ សន្និ​សិទ​នេះ​ត្រូ​វបាន​ចូល​រួម​ពី​តំណាង​ប្រតិភូ​រដ្ឋ​សភា​នៃ​ប្រទេស នេ​ប៉ាល់ ស្រី​លង្គ​កា ម៉ុង​ហ្គោ​លី និង​ប្រទេស​កម្ពុជា​ ដើម្បី​បើក​កិច្ច​ពិភាក្សា​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ​ពាក់​ពន្ធ័​និង​បញ្ហា​នេះ។​

ថ្លែង​ក្នុង​សន្និ​សីទ​ថ្នាក់​ជាតិ​លើក​ទី​បួន​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញ​ប្បទា​ន ​ចាក់​ថ្នាំ​បង្ការ​ដល់​កុមារ​ប្រកប​ដោយ​ចីរភាព​នេះ ឯក​ឧត្តម អេង​ ហួត​ ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ប្រជាជន​ដែល​មាន​លំនៅដ្ឋា​ន​នា​តំបន់​ដាច់​ស្រយាល ងាយ​រង​គ្រោះ​បំផុត​ដោយ​សារ​ជម្ងឺ​ផ្សេងៗ​ ប្រសិន​បើ​ពួក​គេ​ទំាង​នោះ មិន​បាន​ទទួល​វ៉ាក់​សំាង ដើម្បី​បង្ការ​ជម្ងឺ​ទេ​នោះ។ ទាក់​ទិន​នឹង​បញ្ហា​នេះ​ដែរ​ ក្រសួង​សុខា​ភិបាល​បាន​និង​កំពុង​អភិវឌ្ឍន៍​ផែន​ការណ៍​សម្រាប់​សកម្មភាព​រប​ស់ខ្លួន ដោយ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លំាង​ ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​ជួយ​ប្រជាជន​ខែ្មរ ដែល​រស់​នៅ​តំបន់​ទំាង​នោះ​ឲ្យ​ពួក​គេ​ទទួល​បាន​ថ្នាំ​វ៉ាក់​សំាង​បង្ការ​ឲ្យ​បាន​គ្រប់ៗ​គ្នា។ ​លោក​ អេង ហួត បាន​បន្ត​ថា ជម្ងឺ​តេតាណូ​សមាតា និ​ងទារក​ ចាប់​តាំង​ពី​ឆ្នំា២​០០១ មក​ដល់​ឆ្នាំ​២០១១​ ពី​ខេត្ត​ដាច់​ស្រយាល​ និង​ស្រុក​ប្រតិបត្តិ​ចំនួន​៥២​បាន​ធ្វើ​ឲ្យ​ជម្ងឺ​តេតា​ណូស​ទារក បាន​ថយ​ចុះ​ជា​លំ​ដាប់ រហូត​មក​ត្រឹម​៩​ករណី​ប៉ុណ្ណោះ ​ក្នុង​ឆ្នាំ​២០១១​ កន្លង​ទៅ​នេះ។

​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ លោក​ស្រី ហូ ណូន ប្រធាន​គណៈ​កម្មការ​សុខា​ភិបាល​សង្គម​កិច្ច​អតីត​យុទ្ធ​ជន យុវ​នី​តិ​សម្បទា ​ការងារ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​កិច្ចការ​នារី​បាន​លើក​ឡើង​ថា ការ​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី៣​ ដែល​ផ្តោត​លើ​វិស័យ​អាទិ​ភាព​ទំាង​១០ ក្នុង​នោះ​ផ្តោត​សំខាន់​ទៅ​លើ​សេវា​សុខ​ភាព និង​ផ្អែក​លើ​យុទ្ធ​សាស្ត្រអ​ភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​កម្ម​ ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើកា​រអ​នុវត្តន៍​កម្ម​វិធី​បង្ការ និង​ព្យាបាល​ជម្ងឺ​ឆ្លង​នានា ការ​គាំពារ​មាតា​និង​ទារក​ ដើម្បី​កាត់​បន្ថយ​អត្រា​មរណ​ភាព​មាតា​ និង​ទារក ការ​សង្គ្រោះ​បន្ទាន់ ព្រម​ទំាង​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​សុខា​ភិបាល​ និង​អនាម័យ​ឲ្យ​បាន​ទូលំ​ទូលាយ​ ពិសេស​ដល់​ជន​បទ៕

អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative