ជម្ងឺ​ប្រភេទ​ថ្មី​បន្ត​សម្លាប់​កុមារ​កម្ពុជា​មួយ​រូប​ទៀត​ហើយ​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ កុមារ​កម្ពុជា​បាន​បាត់​បង់​ជីវិត​រហូត​ដល់​ទៅ​៦០​នាក់ ដែល​ដំណឹង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ក្នុង និង​ក្រៅ​ស្រុក ដោយ​សា​រតែ​ប្រភេទ​ជម្ងឺ​ដែល​ផ្តាច់​ជីវិត​កុមារ​កម្ពុជា​នោះ​ នៅ​មិន​ទាន់​រក​ឃើញ​ច្បាស់​នៅ​ឡើយ។ នា​ពេល​នេះ មាន​កុមារ​មួយ​រូប​ថែម​ទៀត​ហើយ ដែល​មេរោគដ៏​​ចម្លែក​ និង​គួ​រឲ្យ​អាថ៌កំ​បាំង​នេះ​បាន​វាយ​ប្រហារ​មក​លើ​កុមារ​កម្ពុជា។​

រូបភាពគេហទំព័រសុខភាពយើង

បើ​តាម​ការ​ចេញ​ផ្សាយ​ឲ្យ​ដឹង​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន “ស៊ិន​ហួ” បាន​ចុះ​ផ្សាយ​កាល​ថ្ងៃ​ទី០៤​ ខែ​កក្កដា​ ឆ្នាំ​២០១២​បាន​ឲ្យ​ដឹង​ថា​ គិត​ចាប់​ពី​ខែ​មេសា រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១២ មាន​កុមារ​កម្ពុជា​ចំនួន​៦១​នាក់ ហើយ​ដែល​បាន​បាត់​បង់​ ជីវិត​ដោយ​សារ​រោគ​ចម្លែក ។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​រំលង​ទៅ​ថ្មីៗ​នេះ ប្រភព​ព័ត៌​មាន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​បាន​ចុះ​ផ្សាយ​ថា​ មាន​កុមារ​កម្ពុជា​ចំនួន​៦០​នាក់​បាន​ស្លាប់​ដោយ​សារ​រោគ​មិន​ដឹង​មូល​ហេតុ​ពិតប្រាកដ​ ឬ​គេ​ហៅ​ថា​ជា​រោគ​ចម្លែក​។ ប៉ុន្ដែ​នា​ពេល​ថ្មីៗ​នេះ​ មាន​កុមារ​ម្នាក់​ទៀត​ហើយ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​ពី​ក្រុម​គ្រូ​ពេទ្យ ជួយ​សង្គ្រោះ​មិន​បាន​ជោគជ័យ ។​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សារ​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ក្រសួង​សុខា​ភិបាល​កម្ពុជា និង​អង្គការ​សុខា​ភាព​ ពិភព​លោក បាន​នឹង​កំពុង​ធ្វើ​ការនេះ​​​​យ៉ាង​សកម្ម​​​ក្នុង​ការ​ទប់​ស្កាត់​ទៅ​នឹង​រោគ​ចម្លែក​មួយ​នេះ​ ព្រម​ទាំង​កំពុង​តែ​មាន​សកម្មភាព​សកកម្ម​ក្នុង​ការ​ស៊ើប​អង្កេត លើ​ករណី​រោគ​នៅ​ឡើយ ។​ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​បាន​បញ្ជាក់​ថា រហូត​មក​ដល់ពេល​នេះ​​គេ​​នៅ​​មិ​ន​ទាន់​​រក​ឃើញ​សញ្ញា​ណា​មួយ​ដែល​បញ្ចាក់​ច្បាស់​ថា​កុមារ​ដែល​បាន​ស្លាប់​ទាំង​នោះ កើត​រោគ​ អ្វី​ឱ្យ​ប្រាកដ​ប្រជា​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​ដឹង​ថា មុន​ពេល​ដែល​កុមារ​ទាំង​នោះ​បាន​ស្លាប់​បាត់​បង់​ជីវិត​ កុមារ​ទាំង​នោះ​មាន​រោគ​សញ្ញា​គ្រុន​ក្ដៅ​ខ្លាំង ឈឺ​ទ្រូង​ខ្លាំង និង​សញ្ញា​ដែល​ទាក់​ទង​នឹង​ប្រព័ន្ធ​ប្រសាទ​ជា​ដើម។​

ក្រសួង​សុខា​ភិបាល​បាន​បញ្ជាក់​ក្នុង​របាយ​ការណ៍​មួយ​ថា រោគ​សញ្ញា​ធ្ងន់​ធ្ងរ​នោះ​កុមារ​ពិបាក​ដក​ដង្ហើម ដែល​សព្វ​ថ្ងៃ​នេះ​ មានកុ​មារ​ចំនួន​៦១​នាក់ហើយ​បាន​ស្លាប់​ក្នុង​ចំណោម​កុមារ​កម្ពុជា​ដែល​មាន​​អាការៈ​រោគ​ខាង​លើ​នេះ។​ បញ្ហា​នេះបា​ន​កើត​ឡើ​ង​មុន​គេ​នៅ​ឯ​មន្ទីរ​ពេទ្យ​គន្ធ​បុបា្ផ ហើយ​ជម្ងឺ​នេះ​បាន​ផ្ដើម​ឡើង​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​ឡើយ។​ ក្រសួង​បាន​បន្ថែម​ថា ករណី​នេះ​កើត​ឡើង​ជា លើក​ដំបូង​អាច​មក​ពី​តំបន់​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា ប៉ុន្ដែ​មិន​ដឹង​ច្បាស់​ថា​ វា​កើត​ឡើង​តាំង​ពី​ពេល​ណានោះ​ទេ ។​

ដូច្នេះ​ដើម្បី​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខ​ភាព​បុត្រ​ធីតា​របស់​លោក​អ្នក សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ ត្រូវ​មាន​អនាម័យ​ស្អាត​ក្នុង​ការ​រស់​នៅ ស្លៀក​សម្លៀក​បំពាក់​ឲ្យ​ជិតៗ​ដល់​កូន​របស់​លោក​អ្នក​ដើម្បី​ការពារ​សត្វ​មូស​ខាំ​ ត្រូវ​បញ្ជូន​កូន​ទៅ​មណ្ឌល​សុខ​ភាព ឬ​មន្ទីរ​ពេទ្យ​នៅ​ពេល​សង្ស័យ​ថា​កូន​របស់​លោក​អ្នក​មាន​អាការៈ​គ្រុន​ក្តៅ ​ឬមើល​ឃើញ​ថា​មាន​សភាព​មិន​ស្រួល ជា​ពិសេស​មិន​ត្រូវ​បណ្តោយ​ឲ្យ​កុមារ​រត់​លេង​នៅ​ទីង​ងឹត​នោះ​ទេ។ មួយ​វិ​ញ​ទៀត សូម​ចង​ចាំ​ថា​ រដូវ​នេះ​ជា​រដូ​វមាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​អាច​ឲ្យ​មាន​សត្វ​មូស​ច្រើន ហេតុ​ដូច្នេះ​សូម​លោក​អ្នក​​រក​វិធីសាស្ត្របណ្តេញ​មូស​ដោយ​ប្រើ​ប្រាស់​ផលិត​ផល​ផ្សេងៗ ​​​​សម្រាប់​​​ការពារ​​កូន​​​អ្នក​​​ពី​​ស​ត្វ​​ល្អិ​ត​​​ទិច ឬ​​ខាំដើ​ម្បី​​បញ្ជៀស​​ការ​​កើត​ជម្ងឺ​ផ្សេងៗ​​ដោយ​​មិនបាន​​ដឹង​​មុន។​

អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative