កុមារ​ល្មាក

នៅពេល​ដែល​កុមារ​រាកឬ​ល្មាក លាមក​មានដុំ​គ្រាប់តូចៗ​ជាច្រើន​នោះ ម្ដាយ​គ្រប់រូប​តែង​សម្គាល់​ថាកូន​របស់​ខ្លួននឹង​ចេះ​ធ្វើអ្វី​មួយ ដូចជា​ចេះ​សើច ចេះ​អង្គុយ ចេះ​ឈរ​ជាដើម។ នេះ​ជាការ​ចេះចាំ​ដឹងតៗ​គ្នា​រៀងមក ដោយ​សម្គាល់​ទៅលើ​អាការ​របស់​កុមារ ទូទៅ​ហេតុនេះហើយ​ទើបចាស់ៗ​ជំនាន់​ដើម​សន្មត​ទទួល​យក​ទម្លាប់​នេះ ដោយ​ពុំបាន​ស្រាវជ្រាវ​រក​មូលហេតុពិត​ប្រាកដ​ច្បាស់លាស់​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ហេតុនេះ​ហើយ​ទើប​ទស្សនាវដ្ដី សុខភាព​យើង ព្យាយាម​ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ហ៊យ គឹមហេង អ្នក​ឯកទេសជម្ងឺ​កុមារ​នៅពេទ្យ​កុមារជាតិ ដើម្បី​បកស្រាយ​រឿងនេះ។

ល្មាក​ជា​ជម្ងឺ ឬអ្វី?

ល្មាក គឺជា​ពាក្យ​កម្លាយ​មកពី​ពាក្យរាក។ នៅក្នុង​វិទ្យាសាស្ដ្រ​វេជ្ជសាស្ដ្រ ល្មាក​នេះពុំ​ត្រូវបាន​ធ្វើការ​អត្ថាធិប្បាយ​នោះទេ ប៉ុន្ដែ​តាមការ​កត់​សម្គាល់​ល្មាក​មិនមែន​ជាជម្ងឺ​អ្វី​ធ្ងន់ធ្ងរ​នោះទេ វាជាអាការ​រាករូស​ធម្មតា​របស់​កុមារ ដែល​ឋិតក្នុង​វ័យ​កំពុង​បៅដោះ។ មានន័យ​ថា កុមារ​ដែល​នៅបៅដោះ​របស់​ម្ដាយ តែង​រាករូស​ជា​ធម្មតា។ កុមារ​ល្មាក​មានលាមក​ទន់​ជ្រាយ ឬរាវ​ដូចទឹក ដែល​ជុះតែត្រឹម​៤ដង​ក្នុងមួយ​ថ្ងៃ​ប៉ុណ្ណោះ​យ៉ាង​ច្រើន។ ផ្ទុយ​ទៅវិញ​ប្រសិន​បើកុមារ​ជុះ​ញឹកញាប់ ហើយ​មាន​លាមក​រាវ និង​ជ្រាយ​ដូចនេះ គឺ​កុមារ កំពុង​មានជម្ងឺ​រាក​ហើយ។

មូលហេតុ​បណ្ដាល​ឱ្យកុមារ​ល្មាក ឬរាក

កត្ដា​ចម្បង​ដែល​បណ្ដាល​ឱ្យកុមារ​ល្មាក ឬរាក​នោះគឺ​កត្ដា​ចំណី​អាហារ។ ការឱ្យ​កុមារ​ដែលមាន​អាយុ​ក្រោម​៦ខែ​បៅ​ទឹកដោះ គោអាច​ធ្វើឱ្យ​រាកបាន​យ៉ាងងាយ។ ចំពោះ​កុមារ​ដែល​មានអាយុ​លើសពី​នេះ ឪពុកម្ដាយ​ត្រូវតែ​យកចិត្ដ​ទុកដាក់​ចំពោះ​បញ្ហា​អនាម័យ ទាំង​អនាម័យ​ចំណី​អាហារ និង​អនាម័យ​ខ្លួនប្រាណ។ ព្រោះ​កាលណា​បើកុមារ​បរិភោគ​ចំណី​អាហារ​ពុំមាន​អនាម័យ​ល្អ អាចធ្វើ​ឱ្យ​កុមារ មានជម្ងឺ​រាករូស ដែល​លើសពី​អ្វី​ហៅថា​ល្មាក​ជាអាការ​ធម្មតារបស់​កុមារ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ល្មាក​មាន​ផលវិបាក​អ្វីខ្លះ?

ចាស់ៗ​ខ្មែរយើង​តែងប្រើ​ពាក្យថា ល្មាក​ចំពោះ​កុមារ​ដែលមាន​អាយុ​ក្រោម​៦ខែ។ តែតាម​ពិត​ជាក់ស្ដែង​ល្មាក ឬរាក​នេះកើត​ឡើង​ចំពោះ​កុមារ​ទូទៅ​មិនរើស​អាយុ​នោះទេ។ ល្មាក​មិន​បណ្ដាល​ឱ្យកុមារ​មាន​គ្រោះថ្នាក់​នោះទេ ព្រោះ​កុមារ​អាចនៅ​បៅដោះ​បាន ប៉ុន្ដែ​អាការ​ល្មាក​អាចវិវត្ដ​ទៅរក​ជម្ងឺខ្វះ​ជាតិទឹក​ដែល​បណ្ដាល​មកពី​ជម្ងឺរាក​ធ្ងន់ធ្ងរ។ នៅពេល​ដែល​កុមារ​មាន​ជម្ងឺ​រាក​រ៉ាំរ៉ៃ​បែបនេះ កុមារ​ត្រូវការ​ការយក​ចិត្ដទុក​ដាក់ពី​សំណាក់​អាណា​ព្យាបាល​ជា​ចាំបាច់។ អ្នកមើល​ថែកុមារ​ត្រូវ​ផ្ដល់​​ជាតិទឹក និង​អាហារ​គ្រប់គ្រាន់ ដល់​កុមារ ដើម្បី​ចៀស​វាង​កុមារ​កើត​ជម្ងឺកង្វះ​អាហា​រូបត្ថម្ភ​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឱ្យ​កុមារ​បាត់បង់​ជីវិត។ កុមារ​ដែលកើត​ជម្ងឺកង្វះ​អាហា​រូបត្ថម្ភ​ធ្ងន់ធ្ងរ​ហើយ គឺ​ពិបាក​ក្នុងការ​ព្យាបាល​ណាស់។ ដូចនេះ​ម្ដាយ​គ្រប់រូប​ត្រូវតែយក​ចិត្ដទុក​ដាក់​ចំពោះ​បញ្ហា​នេះ។ មាន​ន័យថា ប្រសិន​បើកុមារ​រាករូស​លើសពី​៤ដង​ក្នុងមួយ​ថ្ងៃ នោះ​កុមារ​កំពុង​ប្រឈម​មុខនឹង​ជម្ងឺរាក ដែលយូរ​ទៅនឹង​ក្លាយជា​ជម្ងឺកង្វះ អាហា​រូបត្ថម្ភ​ធ្ងន់ធ្ងរ​។ មានម្ដាយ​ខ្លះ​យល់ថា ការដែល​កុមារ​ល្មាក​នោះកូន​នឹងចេះ​អ្វីមួយ​ប្រាកដ​ណាស់ ដូចជា​ចេះឈរ ចេះ​អង្គុយ ចេះដើរ​ជាដើម។ ប៉ុន្ដែ​វាជាការ​យល់ច្រឡំ​ទាំង​ស្រុង ព្រោះ​កាលដែល​កុមារ​ល្មាក​ចេះដើរ ឈរ ឬ​អង្គុយ​នោះ វាជាការ​គួបផ្សំ​រវាង​ដំណើរ វិវត្ដ​របស់​កុមារតែ​ប៉ុណ្ណោះ។ ការ​យល់​ច្រឡំ​បែបនេះ​ហើយ ដែលធ្វើ​ឱ្យម្ដាយ​អាចមាន​ការ​ធ្វេស​ប្រហែស​បណ្ដាលឱ្យ​កុមារ​វិវត្ដទៅរក ជម្ងឺ​រាក​ធ្ងន់ធ្ងរ។

ប្រការ​គួរធ្វើ​នៅពេល​កុមារ​ល្មាក

លាមក​របស់​កូនតូច​មានពណ៌​លឿង មាន​សណ្ឋាន​ប្រែប្រួល​ទៅតាម​សុខភាព​របស់​កុមារ​នីមួយៗ។ ហេតុនេះ​ម្ដាយ​ត្រូវធ្វើ ការ​តាមដាន​ថាតើ​កូន​របស់ខ្លួន​ជុះ​ញឹកញាប់​ដែរឬទេ ដើម្បី​ឱ្យដឹង​ថាតើ​កូននោះ​ល្មាក​ធម្មតា ឬកើត​ជម្ងឺ​រាករូស។ បើទោះ​បីជា​ល្មាក មិនមែន​ជាអាការ​ជម្ងឺ​ធ្ងន់ធ្ងរ​ក៏ដោយ ក៏ម្ដាយ​គ្រប់រូប​ត្រូវយក​ចិត្ដទុក​ដាក់ ព្រោះ​កុមារ​កំពុង​ប្រឈម​មុខនឹង​ជម្ងឺរាក និង​ខ្វះជាតិ​ទឹក។ ឪពុកម្ដាយ​ត្រូវ​អនុវត្ដនូវ​ប្រការ​មួយចំនួន​ដូចខាង​ក្រោម នៅពេល​ដែលកូន​របស់លោកអ្នក​ល្មាក ឬ​រាករូស។

1 . ផ្ដល់​ជាតិទឹក​គ្រប់គ្រាន់​ដល់​កុមារ ៖ ប្រសិន​បើកូន​មាន​អាយុ​ក្រោម៦​ខែ ម្ដាយ​ត្រូវ​បំបៅ​កូន​ឱ្យបាន​ញឹកញាប់​ជាង​ធម្មតា ឱ្យកុមារ​ផឹកទឹក​អូរ៉ាលីត​កន្លះពែង តែ​ក្រោយពេល​កុមារ​ជុះម្ដងៗ ឬ​កន្លះ​លីត្រ​ក្នុងមួយ​ថ្ងៃ។

2 . ផ្ដល់​ចំណី​អាហារ​គ្រប់គ្រាន់ ស្អាត មាន​អនាម័យ​ដល់កុមារ​សមស្រប​តាម​អាយុ ៖ មានន័យ​ថាអាយុ​ក្រោម​៦ខែ​ត្រូវឱ្យ​កុមារ​បរិភោគ​ទឹកអូរ៉ាលីត​បន្ថែម​ក្រៅពី​ទឹកដោះ​ម្ដាយ​នៅពេល​កុមារ​ល្មាក ឬរាក។ ប្រសិនបើ​កុមារ​មាន​អាយុ​លើសពី​៦ខែ គេអាច​ឱ្យកុមារ​ទទួល​ជាតិទឹក​លើសពីការ​បំបៅ​ដោះ ឬ​ទឹកអូរ៉ាលីត ដោយ​បន្ថែមឱ្យ​កុមារ​ដូចជា​ទឹកបបរ ទឹក​សម្ល​ជាដើម។ ទឹកដូង​ក៏អាច​ឱ្យកុមារ​បរិភោគ​បានដែរ ប៉ុន្ដែ​កុំឱ្យ​ច្រើនពេក ឬ​ចៀសវាង​ក៏បាន។

3 . ត្រូវយក​កូនទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ៖ នៅពេល​ដែលកូន​ធ្លាក់ឈឺ​ធ្ងន់​លែង​បៅ ក្អួត ចង្អោរ លាមក​មាន​ឈាម ឬឡើង​កម្ដៅ ម្ដាយ​ឪពុក​ត្រូវ​រួសរាន់យក​កុមារ​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល។

ដំបូន្មាន​អ្នក​ប្រឹក្សា

លោកអ្នក​ដែលជា​ឪពុកម្ដាយ​មិនត្រូវ​ព្រួយ​បារម្ភ​ពេកនោះ​ទេ នៅពេល​ដែលកូន​តូច​របស់​លោកអ្នក​ល្មាក ឬមាន​លាមក​ទន់ ជ្រាយ​ប្លែកខុស​ធម្មតា​នោះ។ លោកអ្នក​គ្រាន់តែ​ឱ្យកុមារ​បរិភោគ​ជាតិទឹក​ឱ្យបាន​គ្រប់គ្រាន់​សមស្រប​តាមអាយុ​ដូច​រៀបរាប់​ខាងលើ។ ហើយ​ម្យ៉ាងទៀត​ម្ដាយ​ត្រូវ​បរិភោគ​ចំណី​អាហារ​ឱ្យបាន​ត្រឹមត្រូវ និងស្អាត​មាន​អនាម័យ ដោយមាន​ជាតិបន្លែ ឬសាច់​បានច្រើន​នោះ បាន​ហើយ។ លើសពី​នេះទៅ​ទៀត​ម្ដាយ​ឪពុក​ត្រូវ​តាមដាន​មើល​លាមក​របស់​កូនតូច ប្រសិន​បើកុមារ​ល្មាក​មាន​លាមក​រាវ ជ្រាយ​ខុសធម្មតា ជុះ​ញឹកញាប់ នោះ​កុមារ​កំពុង​ប្រឈម​នឹងការ​ខ្វះ​ជាតិទឹក ដែល​បណ្ដាលឱ្យ​កុមារ​វិវត្ដ​ទៅរក​ជម្ងឺ​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Google Analytics Alternative