ស្ដ្រីអា

ជា​ទូទៅ​ស្ដ្រី និង​បុរស​ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍​រួច​តែងតែ​ប្រាថ្នា​ចង់បាន​បុត្រ​ធីតា​ដើម្បី​ក្លាយ​ទៅជា​ក្រុម​គ្រួសារ​មួយ​យ៉ាង​ពិត​ប្រាកដ​ដែល​ប្រកប​ទៅដោយ​សុភមង្គល​នៅក្នុង​សង្គម។ ប៉ុន្ដែ​បំណង​ប្រាថ្នា​ទាំងនេះ​មិនអាច​ក្លាយ​ទៅជា​ការ​ពិត​ទាំងអស់​បាន​នោះ​ទេ។ ការ​ដែល​មិន​មាន​កូន ឬ​អា​នេះ​អាច​បណ្ដាល​មក​ពីស្ដ្រី​ជា​ភរិយា ហើយ​ក៏អាច​បណ្ដាល​មកពី​បុរស​ជា​ស្វាមី​ផង​ដែរ។ មាន​ស្ដ្រី​មួយ​ចំនួន​ទៀត​ក៏មាន​បញ្ហា​គ្មានកូន​តាំង​តែ​ពី​កំណើត​មក​ផង​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​ជ្រាប​ច្បាស់​អំពី​មូល​ហេតុ​នៃ​ស្ដ្រីអា ទស្សនាវដ្ដី សុខភាពយើង បាន​ធ្វើការ​សម្ភាសន៍​ជាមួយ​លោក​សាស្ដ្រា​ចារ្យ វេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ ឯកទេស​រោគស្ដ្រី និង​សម្ភព​នៃ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​សូវៀត។

អត្ថន័យ​របស់​ស្ដ្រីអា

ពាក្យថា <<ស្ដ្រីអា>> គឺចង់​សំដៅ​ទៅ​លើ​ស្ដ្រីដែល​គ្មាន​លទ្ធភាព​ក្នុងការ​បង្កើត​កូន​បាន។ ស្ដ្រីអា​មាន​ជាពីរ​ប្រភេទ​គឺ​ស្ដ្រី​ដែល​មិន​អាច​មានកូន​ពី​កំណើត និង​មួយទៀត​គឺស្ដ្រី​ដែល​អាច​មានកូន​បាន​តែកូន​នោះ​ចេះ​តែ​មិន​នៅ ចេះតែ​រលូត​ជាដើម។ ម្យ៉ាង​វិញទៀតនោះ​អាច​បណ្ដាល​មកពី​ភាព​មិន​ប្រក្រតី​របស់​ស្ដ្រី​តាំងតែ​ពី​កំណើត​ដែល​ធ្វើឱ្យ​ស្ដ្រី​មិនអាច​ធ្វើការ​បន្ដពូជ​បាន​ មិនអាច​ទម្លាក់​ស៊ុត​បាន ដែលជា​កត្ដា​ធ្វើឱ្យ​ស្ដ្រី​ឈាន​ទៅរក​ភាព​មិនអាច​ពពោះ និង​គ្មានកូន​បាន។ មានស្ដ្រី​មួយ​ចំនួន​ទៀត​គ្មានកូន​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ​ដែល​ធ្វើឱ្យ​ស្ដ្រីគិត​ថា​ខ្លួន​មិនអាច​មានកូន​បានទេ ស្រាប់តែ​ពេល​មួយនោះ​ស្ដ្រីអាច​មាន​កូន​បាន​ដែល​បណ្ដាល​មកពី​កត្ដា​ជាច្រើន​ដែល​ធ្វើ​ឱ្យ​ស្ដ្រី​ក្លាយ​ជា​បែប​នេះ។

មូលហេតុ​ដែល​ធ្វើឱ្យ​ស្ដ្រីគ្មាន​កូន

មូលហេតុ​ដែល​ធ្វើឱ្យ​ស្ដ្រី​មួយ​ចំនួន​មិនអាច​មានកូន​បាន​នោះ​គឺ​មាន​ច្រើន​កត្ដា។ កាលណា​ស្ដ្រី​មិនមាន​កូន​យើង​ត្រូវ​ពិនិត្យ​​ទៅលើ​ស្ដ្រី​ផ្ទាល់​តែ​ម្ដង មើលថា​តើ​ស្ដ្រី​នោះ​មាន​ជម្ងឺ​អ្វីមួយ​ដែល​បង្ក​មិនឱ្យ​មាន​កូន​ដែរ​ឬ​ទេ។ ជួនកាល​ស្ដ្រី​នោះ​មានជ​ម្ងឺ​រលាក​មាត់​ស្បូន រលាក​ទ្វារមាស ដែល​ជា​កត្ដា​មួយ​ធ្វើឱ្យ​មេជីវិត​របស់​មនុស្ស​ប្រុស​មិន​អាច​ចូលទៅ​បាន។ ម្យ៉ាង​វិញទៀត​នោះ​អាច​មកពី​ស្ដ្រី​មួយ​ចំនួន​មាន​ការ​រអាក់​រអួល​ក្នុង​ការ​ទម្លាក់​ស៊ុត។ ចំពោះ​ស្ដ្រីម្នាក់​ដែល​មិនអាច​មានកូន​បាន​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង​ណាស់​ក្នុង​ការ​ពិនិត្យ​មើល​អំពី​អាការ​រោគ​របស់​ស្ដ្រី។ នៅ​ពេលខ្លះ​ត្រូវ​ទាមទារ​ឱ្យ​ពិនិត្យ​មើល​ទាំង​ស្ដ្រី និង​ទាំង​បុរស​ជា​ស្វាមី​ថែមទៀត​ផង។ មួយ​វិញ ទៀត​នោះ ដោយ​សារ​មានការ​រអាក់​រអួល​ក្នុងការ​បង្ក​កំណើតដែល​មក​ពី​មេជីវិត​របស់​មនុស្ស​ស្រីពិបាក​ក្នុងការ​ទៅជួប​ជាមួយ​មេជីវិត ឈ្មោល​របស់​មនុស្ស​ប្រុស​បាន។ ជួនកាល​ស្ដ្រី​មិនអាច​មានកូន​ដោយសារ​តែ​ពងស្វាស​របស់​បុរស​មិន​អាច​ផលិត​មេជីវិត​ឈ្មោល(ស្ពែ​ម៉ាតូ​សូអ៊ីត)បាន​តាម​ប្រក្រតី។ ដំណើរ​ការ​នៃការ​ផលិត​មេជីវិត​ឈ្មោល ស្ពែម៉ាតូ​សូអ៊ីត បាន​ដូច​ប្រក្រតីប៉ុន្ដែ​នៅតែ​មិនអាច​មាន​ឱកាស​មានកូន​បាន​ទៀត​នេះគឺ​បណ្ដាល​មកពី​មានការ​ស្ទះ​ដៃស្បូន​របស់ស្ដ្រី។ ចំពោះស្ដ្រី​មួយ​ចំនួន​ទៀត​មិនអាច​មានកូន​បាន​ដោយសារតែ​ស្ដ្រីមាន​បញ្ហា​ដូច​ជាស្ដ្រី​នោះ​មិនមាន​រដូវ រដូវ​រអាក់​រអួល រដូវ​មិន​ទៀងទាត់​ជាដើម ក៏អាច​ធ្វើឱ្យ​ស្ដ្រីមាន​ការ​លំបាក​ក្នុងការ​មាន​ផ្ទៃពោះ​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ស្ដ្រីដែល​មិនអាច​មានកូន​បាន

វិធី​ព្យាបាល​អាច​ប្រព្រឹត្ដ​ទៅបាន​ទៅ​តាម​មូលហេតុ​ដែល​ស្ដ្រី​កើត​មាន។ ឧទាហរណ៍​ថា​ស្ដ្រី​ស្ទះ​ដៃស្បូន​ដែល​បង្ក​ឱ្យ​គ្មាន​កូន​នោះ​ការ​ព្យាបាល​គឺត្រូវ​វះកាត់​ដៃស្បូន​ដែល​ស្ទះនោះ​ចេញ ហើយ​តវា​ឡើង​វិញ​ក៏អាច​ធ្វើឱ្យ​ស្ដ្រី​មានកូន​បាន។ ប៉ុន្ដែ​វិធី​នេះ​អាច​នឹង​ទទួល​បរាជ័យ​បាន​ទៅថ្ងៃ​ក្រោយ ដោយ​អាច​នឹង​ស្ទះ​ម្ដង​ទៀត​នៅ​ពេល​ក្រោយ និង​អាច​បង្កឱ្យ​ស្ដ្រីមាន​បញ្ហា​កូន​ក្រៅស្បូន​បាន​ទៀត​ផង។ នៅពេល​បច្ចុប្បន្ន​នេះ​គេមាន​វិធី​សាស្ដ្រ​មួយ​ដែល​ធ្វើឱ្យ​មានកូន​បាន​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ដៃស្បូន​ដោយ​ធ្វើការ​ភ្ញាស់​កូន​នោះ​នៅខាង​ក្រៅ​ហើយ​ទើប​យក​កូននោះ​ទៅ​ដាក់​ក្នុង​ស្បូន​តែម្ដង។ ប្រសិន​បើស្ដ្រី​មានការ​រលាក​មាត់​ស្បូន ឬ​រលាក​ទ្វារ​មាស​គេធ្វើ​ការ​ព្យាបាល​ការរលាក​នោះ ពេល​ដែល​ព្យាបាល​ជាសះ​ស្បើយ​ស្ដ្រី​នឹងអាច​មាន​ផ្ទៃពោះ​បាន​ជាធម្មតា​វិញ​បាន។

ផល​វិបាក​ចំពោះ​ស្ដ្រីអា

ស្ដ្រី​កាលណា​តែគ្មាន​កូន​ឱ្យគ្រួសារ​ទេ ធ្វើឱ្យ​មាន​ការ​ថមថយ​នូវ​សុភមង្គល​របស់​គ្រួសារ​ជាក់ជា​មិនខាន​ឡើយ។ ស្ដ្រីមួយ​ចំនួន​អាច​ជួប​នឹង​បញ្ហា​គ្មាន​កូន ហើយ​វា​ធ្វើឱ្យ​គ្រួសារ​គ្មាន​សុភមង្គល​បែក​បាក់​គ្រួសារ។ បុរស​ពេល​ខ្លះ​អាចមាន​ការ​លះលែង​ជា​មួយ​ភរិយា​ដោយ​សារ​តែ​ប្រពន្ធ​ខ្លួន​មិន​អាច​បង្កើត​កូន​បាន។

ដំបូន្មាន​អ្នក​ឯកទេស

ចំពោះ​អ្នកដែល​មាន​បញ្ហា​អំពី​ជម្ងឺ​នានា ទោះ​បីជា​ឈឺតិច​តួច​យ៉ាង​ណាក្ដី មិន​ត្រូវ​ទុកឱ្យ​កា​រឈឺ​នោះ​កាន់តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ទេ​ គប្បី​គួរ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ដើម្បី​ទទួល​បាន​ដំណោះ​ស្រាយ​មួយ​ដែលអាច​ទុក​ចិត្ដ​បាន។ ចៀសវាងមាន​អាការ​អ្វីមួយ​មិន​ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ ឬ​គ្រូពេទ្យ​ចេះតែ​ប្រើប្រាស់​ថ្នាំ​ដោយគ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវនឹង​អាច​ធ្វើឱ្យ​អ្នក​ខាត​បង់ពេល​វេលា ថវិកា ហើយ​អ្វីដែល​សំខាន់​ជាងនេះ​ទៅទៀត​នោះគឺ​​ធ្វើឱ្យ​ជម្ងឺ​ដែលអ្នក​ឈឺ​នោះ​មិនទទួល​បានប្រសិទ្ធ​ភាព​ទៀត​ផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

Google Analytics Alternative