វិធី​ញេចមុន​ត្រឹមត្រូវ

មនុស្សយើង​តែងតែ​កើតមុន​នៅលើ​មុខ វាជា​រឿង​ធម្មតា​បែប​ធម្មជាតិ​ទៅ​ហើយ។ ប៉ុន្ដែ​គ្រាន់តែ​អ្នកខ្លះ​មាន​កើតមុន​ច្រើន និង​អ្នកខ្លះ​ទៀត​មាន​មុន​តិចតួច​ប៉ុណ្ណោះ ទៅតាម​ការ​ថែរក្សា និង​យក​ចិត្ដ​ទុកដាក់​ចំពោះ​ផ្ទៃមុខ​របស់​មនុស្ស​ម្នាក់ៗ។ ម្យ៉ាង​វិញទៀត​នោះ​ការ​ញេចមុន បើយើង​មិនដឹង​ពីវិធី​ញេចនោះ វាអាច​បង្កឱ្យ​មាន​បញ្ហា ឬ​ផល​ពិបាក​ជាច្រើន​នៅលើ​ផ្ទៃមុខ​​អាចឱ្យ​ផ្ទៃមុខ​អ្នក​ទៅជា​ជាំ ឬ​អាច​ខូច​ផ្ទៃមុខ​ទាំងស្រុង​តែម្ដង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅ​ពេល​នេះ ទស្សនាវដ្ដី សុខភាពយើង ធ្វើការ​សម្ភាសន៍ជាមួយ​លោកស្រី ហេង ជាន អ្នក​ជំនាញ និងជា​ម្ចាស់ មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ប៊ីប៊ី ធ្វើការ​បកស្រាយ​ពីរ​បៀប​ញេចមុន​ត្រឹមត្រូវ ដើម្បី​ទម្លាយ​ចម្ងល់​ទាំងឡាយ​ដែលមាន​នៅ​ក្នុងចិត្ដ ​លោកអ្នក។

តើអ្នក​គួរតែ​ញេចមុន​យ៉ាងណា?

ជា​ទូទៅ​មុន​ដែលកើត​នៅលើ​មុខ​គេមិន​សូវ​ឱ្យ​ញេច​ប៉ុន្មានទេ ព្រោះថា​បើញេច​មិនបាន​ត្រឹមត្រូវ​ទេ​វាអាច​បង្កជា​គ្រោះ​ថ្នាក់​ដល់​ផ្ទៃមុខ​អ្នក​បាន។ ចំពោះ​លោកអ្នក​ធ្វើការ​ញេចមុន​នៅផ្ទះ​ដោយ​ខ្លួនឯង​មិនបាន​ដឹងថា​មុននោះ​ជា​មុនអ្វី​គឺ​ចេះតែ​ញេច​ឱ្យ​តែបាន ជួនកាល​ទៀត​នោះ​មិនបាន​យក​គ្រាប់មុន​ចេញ​អស់​ទៀត​ផង។ ពេលខ្លះ​ទៀត​វាធ្វើ​ឱ្យ​លោកអ្នក​ទៅ​ជា​គ្រុនក្ដៅ ឬ​មាន​ការ​ឈឺ​ចាប់​ឡើង​ហើមមុខ​ក​ទៅជា​ខ្ទុះពេញ​មុខ​ក៏អាច​កើត​មាន​បាន ដោយ​សារ​​តែ​ការញេច​មុន​នោះមិន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត ឬ​មិនត្រូវ​តាម​វិធី​សាស្ដ្រ​ញេច។

ប្រការ​គួរ​ចៀសវាង​ពេល​ញេចមុន

លោកអ្នក​គួរ​ចៀសវាង​ការ​ញេចមុន​ដោយ​ខ្លួនឯង ដោយ​គ្មាន​អ្នក​ជំនាញ​ណាម្នាក់​នោះ​ឡើយ ព្រោះថា​ផ្ទៃមុខ​សំខាន់​ខ្លាំង ណាស់ ​វាជា​ធាតុរួម​មួយ​នៃ​សម្រស់​របស់​លោកអ្នក។ បើវា​មើលទៅ​មិនស្អាត​នោះ គេនឹង​លែង​ចង់​មើលអ្វីៗ​ដែលស្អាត​នៅលើ​ខ្លួន​អ្នក ទៀត​ហើយ ព្រោះមុខ​ជាភាព​ទាក់ទាញ​មួយ​របស់​ស្ដ្រី និង​បុរស។ ចៀសវាង​ការ​ប្រើប្រាស់​ម្សៅ ឬ​ថ្នាំអ្វី​មួយ​ដោយ​មិនបាន​ដឹង​ពី​មុខងារ ​របស់វា​ច្បាស់​លាស់។ ដូច្នេះ​លោកអ្នក​គួរតែ​យកចិត្ដ​ទុកដាក់​ខ្លះ​ចំពោះ​ផ្ទៃមុខ​ឱ្យបាន​ច្រើន។

វិធី​ការពារ​កុំឱ្យ​កើត​មុន

ផ្ទៃមុខ​យើង​មិនមែន​គ្រាន់តែ​ប្រើទឹក​លុបលាង​មុខ​នោះអាច​ធ្វើឱ្យ​មុខយើង​ស្អាត​បាន​ទេ។ មុន​កើតមក​ពីធូលី​ដី​ដែល​មកប៉ះ​ហើយ​វាស្ថិត​នៅ​យូរ​អង្វែង​នៅលើ​មុខ​នៅតាម​ជើងរ​ន្ធញើស​ដែល​មិនអាច​បំបាត់​បាន​តាមវិធី​លុបលាង​មុខ​ដោយ​ទឹក ឬ​ដោយ​សាប៊ូបាន​ទេ។ ការ​ជាប់​ធូលី​រយៈ​ពេល​យូរ​ទៅវា​កើត​ទៅ​ជា​មុន។ វិធី​ដែល​ល្អនោះ​លោកអ្នក​គួរតែ​ឆ្លៀត​ពេល​វេលា​ទៅសម្អាត​មុខ​នៅ​តាម​ទីកន្លែង​កែសម្ផស្ស​នានា​ដែល​លោកអ្នក​គិតថា​ល្អ​ដើម្បី​លាង​ជម្រះ​ធូលី​ដី​ដែល​វានៅ​លើមុខ​យើង​យូរ។ ការ​ធ្វើ​ដូច្នេះ​លោកអ្នក​នឹង​ទទួល​បានមុខ​ស្រស់ស្អាត និង​គ្មានមុន​កើត​ឡើង​ទៀត​ផង។ លោកអ្នក​អាច​ទៅធ្វើ​ដូចនេះ​ជា​រៀងរាល់​១០ថ្ងៃ ឬ​អាច​១ខែ​២ដង​ជាការ​ល្អ។ បើមុខ​លោកអ្នក​គ្មានមុន​នោះ​ការញេច​មុន​ក៏មិន​អាចកើត​ឡើង​បាន​ដែរ។

វិធី​ព្យាបាល​មុន

លោកអ្នក​ដែលកើត​មុន​នៅមុខ​ជាមុន​ធំៗ សូម​កុំធ្វើ​ការញេច​ដោយ​ខ្លួនឯង​ឱ្យសោះ ព្រោះ​ពេលខ្លះ​លោកអ្នក​គ្មាន​អនាម័យ​ក្នុង​ការញេច​ក៏​អាច​ធ្វើឱ្យ​ឆ្លងមេរោគ​នានា​ចូលទៅ​ក្នុង​ស្បែក​រឹតតែ​ធ្វើឱ្យ​មុន​ចេញ​កាន់​តែ​ច្រើន។ លោក​អ្នក​គួរតែ​ជ្រើសរើស​មណ្ឌល​កែសម្ផស្ស​ណាមួយ​ដែល​អាច​ទុកចិត្ដ​បានទៅ​ធ្វើការ​ព្យាបាល និង​ពិនិត្យ​ស្បែកមុខ​ឱ្យ​បាន​ត្រឹមត្រូវ។ ជា​ពិសេស​លោកអ្នក​គួរតែ​ទៅ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​សើ​ស្បែក រឹតតែ​ជាការ​ប្រសើរ។

ដំ​បូន្មាន​អ្នក​ជំនាញ

បើ​លោកអ្នក​មាន​មុន​នោះ​ចូរ​កុំញេច​ដោយ​ខ្លួនឯង ត្រូវ​ទៅជួប​អ្នក​ជំនាញ​ពិនិត្យ​មើល​ជាមុន​សិន ដោយ​ពួកគេ​មាន​វិធីសាស្ដ្រ ​ក្នុងការ​ញេចមុន និង​វិធី​ព្យាបាល​បាន​យ៉ាងល្អ។ សូម​ឆ្លៀត​ពេល​វេលា​ទៅ​សម្អាត​មុខ ដើម្បី​ឱ្យមុខ​ស្រស់ថ្លា​មិន​កើត​មុន។ លោកអ្នក​ត្រូវ គិតថា​សម្រស់​ផ្ទៃមុខ​វាសំខាន់​ណាស់​សម្រាប់​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

Google Analytics Alternative