ផល​ប៉ះពាល់​១០យ៉ាង​នៃការ​ប្រើប្រាស់​ឱសថ​ពេលស្ដ្រី​មាន​ផ្ទៃពោះ

ស្ដ្រី​ដែលមាន​ផ្ទៃពោះ ភាគច្រើន​ត្រូវបាន​គ្រូពេទ្យ​ណែនាំ​មិនឱ្យ​ប្រើប្រាស់​ប្រភេទ​ថ្នាំមួយ​ចំនួន​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ដែលអាច​មាន​ផល​ប៉ះពាល់​ទៅដល់​ទារក​នៅក្នុង​ផ្ទៃ និង​អាចមាន​ផល​អាក្រក់​ទៅដល់​មាតា​ថែម​ទៀតផង។ បច្ចុប្បន្ន ការ​ប្រើប្រាស់​ថ្នាំ របស់​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ត្រូវបាន​គេ​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត។ ស្ដ្រី​មិនមែន​ចេះតែ​ប្រើប្រាស់​ថ្នាំ​ទៅតាម​ប្រភេទ​ជម្ងឺ​ដែលខ្លួន​កើតមាន នោះទេ។ ឱសថ​ជាអាវុធ​មុខពីរ​ដែលអាច​ធ្វើឱ្យ​យើងជា​សះស្បើយ ហើយ​ក៏អាច​ធ្វើឱ្យ​យើងមាន​បញ្ហា​សុខភាព​ពេល​កំពុង​ប្រើ និង ពេលក្រោយ​ប្រើប្រាស់​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ពេលនេះ​សូមធ្វើ​ការ​សម្ភាសន៍​ជាមួយ​វេជ្ជបណ្ឌិត ជូ ពិន អ្នកឯកទេស​ខាង​សម្ភព និង​រោគស្ដ្រី​នៃ មន្ទីរពេទ្យ​កាល់ម៉ែត ដែល​ទាក់ទិន​ទៅនឹង​ប្រធានបទ​ខាង​លើ ស្ដ្រីមាន​ផ្ទៃពោះ និងការ​ប្រើប្រាស់​ថ្នាំ យ៉ាង​ក្បោះក្បាយ​ដូចតទៅ​នេះ។

ស្ដ្រី​មាន​ផ្ទៃពោះ​គួរ​ប្រើប្រាស់​ថ្នាំ​អ្វីខ្លះ?

ជាទូទៅ​ការ​ប្រើប្រាស់​ថ្នាំផ្សេងៗ​ចំពោះ​ស្ដ្រីមាន​ផ្ទៃពោះ គឺត្រូវ​ប្រើ​ប្រាស់​ទៅតាម​ការវិវឌ្ឍន៍​របស់​ទារក​ក្នុង​ផ្ទៃម្ដាយ។ ម្ដាយដែល​មាន​​ផ្ទៃពោះ​គួរតែ​ប្រើប្រាស់​ថ្នាំមាន​ជាតិដែក​ឱ្យបាន​ច្រើន ដើម្បី​ជំនួយ​ទៅដល់​ទារក​ដែល​នៅក្នុង​ផ្ទៃ​ឱ្យមាន​ការ​លូតលាស់​ល្អ ទាំង​រាង​កាយ និង​ប្រាជ្ញា​ស្មារតី​បាន​ប្រក្រតី។ ព្រោះ​ជាតិដែក​បានជួយ​បង្កើន​គ្រាប់​ឈាម​ទាំងម្ដាយ​ទាំង​កូន និងឱ្យ​សរសៃ​ប្រសាទ​បិទជិត ចៀស​វាង​ការ​ចេញ​ក្រៅនៃ​ខួរសរសៃ​ប្រសាទ។ តាម​ការសិក្សា​បាន​រកឃើញ​ថាថ្នាំ​ជាតិដែក​អាចជួយ​បាន៦០%​នៅពេល​មាន​ផ្ទៃពោះ។ ស្ដ្រីជា​ម្ដាយ​ត្រូវ​បរិភោគ​បន្លែនិង​ផ្លែឈើ​ស្រស់​ឱ្យបាន​ច្រើន និង​ពពួក​អាហារ​ទាំង​ឡាយ​ណាដែល​សម្បូរ​ទៅដោយ​វីតាមីន ដើម្បី​ជួយ ទៅដល់​ការ​លូតលាស់​របស់​ទារក​នៅក្នុង​ផ្ទៃបាន​ល្អ​ប្រសើរ។

ស្ដ្រីមាន​ផ្ទៃពោះ​មិនគួរ​ប្រើប្រាស់​ថ្នាំ​អ្វីខ្លះ?

ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត​ចំពោះ​ការ​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ។ ការ​ប្រើប្រាស់​ថ្នាំអាច​ប្រើបាន​ទៅតាម​ការរីក​លូត​លាស់​របស់​ទារក​ក្នុងផ្ទៃ ហើយក៏​ត្រូវមាន​វេជ្ជបញ្ជាត្រឹមត្រូវ​ពី​គ្រូពេទ្យ​ផងដែរ ទើបមិន​ធ្វើឱ្យ​មាន​ផល​ប៉ះពាល់​ទៅដល់​មាតា និង​បុត្រ​នៅក្នុង​ផ្ទៃ។ នៅពេល​ស្ដ្រីមាន​ផ្ទៃពោះ​៣ខែ​ដំបូង ការ​ប្រើប្រាស់​ថ្នាំ​ត្រូវមាន​ការប្រុង​ប្រយ័ត្ន​ជាទី​បំផុត ឬមិន​អនុញ្ញាត​ឱ្យប្រើ​តែម្ដង​ក្នុងកំឡុង​ពេលនេះ។ ប្រសិន​បើជម្ងឺ​របស់​ម្ដាយ​ចាំបាច់​ក្នុងការ​ប្រើប្រាស់ថ្នាំ គ្រូពេទ្យ​ត្រូវ​ពិចារណា​ទៅលើ​ផល​ប៉ះពាល់ និងទៅ លើទារក​ដែលនៅ​ក្នុងផ្ទៃ​យ៉ាង​ប្រុងប្រយ័ត្ន ទើបផ្ដល់​ថ្នាំ​ចំពោះ​ម្ដាយ។

ផល​ប៉ះពាល់​នៃការ​ប្រើប្រាស់​ថ្នាំ​ចំពោះ​ស្ដ្រីមាន​ផ្ទៃពោះ

ស្ដ្រីដែល​មានផ្ទៃ​ពោះ​ភាគច្រើន​មិនសូវ​ឱ្យប្រើ​ថ្នាំ​ផ្ដេសផ្ដាស​ប៉ុន្មាន​ទេ ដោយសារ​ខ្លាច​មានផល​អាក្រក់​ចំពោះ​ទារក និង ម្ដាយ។ ផល​ប៉ះពាល់​វាអាស្រ័យ​ទៅលើ​ថ្នាំដែល​ស្ដ្រី​ប្រើប្រាស់ និងទៅ​តាមរយៈ​ពេល​គុណភាព​ថ្នាំ និង​កម្រិតថ្នាំ ទៅតាម​អាយុ​របស់គភ៌​ផងដែរ។ ថ្នាំទាំង​នោះមាន​ដូចជា​ថ្នាំលាប ថ្នាំលេប ថ្នាំចាក់​ជាដើម ហើយ​ផល​វិបាក​ក៏មាន​ទៅតាម​បុគ្គល​ម្នាក់ៗ​ផងដែរ។

មាន​ប្រភេទថ្នាំ​មួយចំនួន​ដែលម្ដាយ​ប្រើ​នៅពេល​មាន​ផ្ទៃពោះ អាចជះ​ឥទ្ធិពល​ចំពោះទារក​ភ្លាមៗ និងមាន​ថ្នាំ​មួយទៀត ផ្ដល់​ផល​អាក្រក់​ទៅកូន​រយៈពេល​យូរ​ជាច្រើន​ឆ្នាំក្រោយ​មកទើបមាន​ផល​អាក្រក់​កើតឡើង​ចំពោះ​ទារក។

1 . នៅពេល​ស្ដ្រីមាន​ផ្ទៃពោះ គ្រូពេទ្យ​មិនឱ្យ​ប្រើថ្នាំ​ប្រភេទ​ថ្នាំឆ្កួត​ជ្រូក ឬអាការ​ប្រកាច់ទេ ដោយសារ​វាធ្វើ​ឱ្យទារក​ដែល នៅក្នុង​ផ្ទៃនោះ​មាន​រូបរាង​មិន​ធម្មតា ម្រាមដៃ​ខ្លីៗ​ជាដើម។ ប្រសិនបើ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​នៅពេល​ដែលទារក​ជិតនឹង​កើត វាធ្វើ​ឱ្យបែក​គ្រាប់​ឈាម​របស់​ម្ដាយ ហើយគេ​បានរក​ឃើញថា ម្ដាយ​មាន​ឈាមកក​នៅក្រោម​ស្រទាប់​ថ្លើម​ទៀតផង។ ជា​ឧទាហរណ៍ ម្ដាយ​មានជម្ងឺ​ឆ្កួតជ្រូក ឬ​ឧស្សាហ៍​ប្រកាច់​ជាដើម ហើយស្ដ្រី​កំពុង​មាន​ផ្ទៃពោះ នោះ​គ្រូពេទ្យ​ជំនាញ​មិន​អនុញ្ញាត​ឱ្យ​ប្រើថ្នាំ​ការពារ​ជម្ងឺ ឆ្កួតជ្រូក​នោះបាន​ទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

2 . ពពួក​ថ្នាំ​ដែល​បំបាត់​ដុំពក​នៅលើ​ខ្លួន(នៅលើ​ដោះ លើក្បាល ឬទីកន្លែង​ផ្សេងទៀត) ឬអាច​ជាដុំ​មហារីក​ជាដើម ក៏ គ្រូពេទ្យ​ហាម​មិនឱ្យ​ប្រើ​នៅពេល​មាន​ផ្ទៃពោះ​ផងដែរ។

3 . ប្រភេទ​ថ្នាំម្យ៉ាង​ដែលជួយ​ពង្រាវ​ឈាមកក​ទៅជា​ឈាមរាវ​វិញ ក៏​ត្រូវបាន​គ្រូពេទ្យហាម​ប្រាម​មិនឱ្យ​ប្រើ​នៅពេល​មាន ផ្ទៃពោះ​ផងដែរ។ ប្រសិន​បើម្ដាយ​ប្រើក្នុង​ចន្លោះ​អាទិត្យទី៦ទៅ​អាទិត្យទី៩​អាចធ្វើ​ឱ្យច្រមុះ​កូនក្នុង​ផ្ទៃតូច​(កំពិត) និង​ធ្វើឱ្យ​មានជម្ងឺ ទៅដល់​ក្បាលឆ្អឹង​របស់​ទារក និងមាន​ជម្ងឺ​បេះដូង​តាំងពី​កំណើត ថែមទាំង​អាចធ្វើ​ឱ្យទារក​ថ្លង់ពី​កំណើត​បានទៀត​ផង។ បើម្ដាយ​ប្រើ នៅកំឡុង​រយៈពេល​៦ទៅ​៩ខែ ធ្វើឱ្យ​ភ្នែកទារក​មិន​ធម្មតា ក្បាល​ធំ សរសៃ​ប្រសាទ​មិន​ប្រក្រតី​ជាដើម។

4 . ថ្នាំ​ពពួក​វីតាមីនអា ដែល​ភាគច្រើន​គេប្រើ​ចំពោះ​ស្ដ្រី​ដែលមុខ​កើតមុន បើម្ដាយ​ប្រើវា​នៅក្នុង​ខែទី២​ដំបូង គេ​សង្កេតឃើញ​ថាទារក​មានភ្នែក​តូច ត្រចៀក​កំពិត មុខមាត់​ខុស​ប្រក្រតី ក្បាលធំ សរសៃ​ឈាម​មិន​ប្រក្រតី​ជាដើម។

5 . មានថ្នាំ​មួយចំនួន​ផ្ដល់ផល​វិបាក​ចំពោះ​កូនទៅ​ថ្ងៃក្រោយ មិនផ្ដល់​នូវផល​អាក្រក់ភ្លាមៗ​ទេ អាច​រហូត​១០ឆ្នាំ​ក្រោយ ក៏មាន​ដែរ។ បើទារក​ជាក្មេង​ស្រី ១០ឆ្នាំ​ក្រោយមក​ធ្វើឱ្យ​កុមារី​នោះមាន​មាត់ស្បូន​តូច ប្រដាប់​ភេទមិន​ធម្មតា នៅក្នុង​ទ្វារមាស​ហាក់ ដូចជា​មានរបាំង​មាត់ស្បូន​ចំហ​ជាដើម។ បើធ្វើ​ការ​សាកសួរ និងធ្វើ​ការ​ពិសោធន៍ យើង​សង្កេត​ឃើញថា មក​ពីកាល​ម្ដាយមាន​ផ្ទៃពោះ កាលពី​១០ឆ្នាំ​មុន បាន​ប្រើប្រាស់​ថ្នាំអ្វី​ម្យ៉ាងដែល​មានផល​ប៉ះពាល់​ចំពោះ​កូនដែល​នៅក្នុង​ផ្ទៃ។

6 . ថ្នាំ​ដែលមាន​ជាតិ​អ័រម៉ូន នៅពេល​ស្ដ្រីមាន​ផ្ទៃពោះ ក៏​គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យប្រើ​ផងដែរ ព្រោះ​អាចធ្វើ​ឱ្យកូន​នៅក្នុង ផ្ទៃដែល​ជាកូន​ស្រីទៅ​ជាកូន​ប្រុសវិញ​បាន។

7 . ពពួកថ្នាំ​គ័រទីកូអ៊ីត​នៅពេល​មានគភ៌​ពី២​ទៅ៣​ខែដំបូង គួរតែ​ចៀសវាង​ប្រើថ្នាំ​ប្រភេទ​នេះ ទោះបីជា​អ្នក​ប្រាជ្ញ​មិនទាន់ បានដឹង​ថា វាមាន​ផល​ប៉ះពាល់​កម្រិតណា​ចំពោះ​ទារក​ក្នុងផ្ទៃ​ក៏ដោយ។ ប៉ុន្ដែ​គ្រាន់តែ​ដឹងថា វាអាច​ធ្វើឱ្យ​ទារក​ដែលនៅ​ក្នុងផ្ទៃ​មានផល​អាក្រក់​បាន។

8 . ពពួកថ្នាំ​ទឹកនោម​ផ្អែមក៏​ធ្វើឱ្យ​មានការ​ប៉ះពាល់​ទៅដល់​ជាតិស្ករ​នៅក្នុង​ខ្លួន​របស់​ទារក​ដោយ​ប្រយោល​បានដែរ។ ជាតិស្ករ​នៅក្នុង​ឈាមទារក​ទាប។

9 . ថ្នាំ​អ័រម៉ូន​ម្យ៉ាង​ដែលចេញ​ពី​ក្រពេញ​តៀរូអ៊ីត​ដែលមាន​នៅលើ​បំពង់ក​របស់​មនុស្ស មិនបាន​ឆ្លងកាត់​សុកទេ តែ​ឆ្លងកាត់ តាម​ឈាម។ ថ្នាំ​ប្រភេទនេះ​ក៏គេ​មិនឱ្យ​ស្ដ្រីមាន​ផ្ទៃពោះប្រើដែរ។ ថ្នាំដែល​ជួយឱ្យ​ចង្វាក់​បេះដូង​ដើរទៀង​(ម្ដាយមាន​ចង្វាក់​បេះដូង​មិនប្រក្រតី) ម្ដាយ​មិនត្រូវ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះទេ វាអាច​ជះ​ឥទ្ធិពល​ចំពោះ​ទារក​ដែល​នៅក្នុង​ផ្ទៃ។

10 . មានថ្នាំ​ជាច្រើន​ប្រភេទ​ទៀត ដែលអាច​មានផល​ប៉ះពាល់​ទៅដល់​ទារក ដែលស្ដ្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង​ប្រើប្រាស់​ថ្នាំ​ទាំងនោះ។ អ្នកមាន​ផ្ទៃពោះ​មិនត្រូវ​ចាក់​វ៉ាក់សាំង​ប្រភេទ​ក្អកមាន់ វ៉ាក់សាំង​ស្អូច អុជក្ដាម កញ្ជ្រឹល ក្រឡទែន ជម្ងឺ​គ្រុន​ពោះវៀន និង​ថ្នាំបង្ការ​ខាន់ស្លាក់។

ដំបូន្មាន​អ្នក​ជំនាញ

ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ទាំងអស់ គួរ​គប្បី​ចៀសវាង​ការ​ប្រើប្រាស់​ថ្នាំអ្វី​មួយដែល​មិនមាន​វេជ្ជបញ្ជា​ពីគ្រូពេទ្យ​ត្រឹមត្រូវ។ កុំ​ប្រើប្រាស់​ថ្នាំ​ទៅតាម​ចិត្ដចង់​ឱ្យសោះ ឬ​ទៅតាម​ពាក្យ​សម្ដីដែល​ឮតៗគ្នា។ ម្យ៉ាងវិញ​ទៀតការ​​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​ផ្ទៃពោះ របស់​ស្ដ្រី​ជាបច្ច័យ​មួយ​ល្អបំផុត ដើម្បី​តាមដាន​ការ​លូតលាស់​ទារក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Google Analytics Alternative