វិធី​លុប​បំបាត់​ស្នាមសាក់

ការ​ចាក់សាក់​ជា​អក្សរ ឬជា​រូបភាព​ផ្សេងៗ​នៅលើ​ស្បែក ត្រូវបាន​គេ​ទទួល​ស្គាល់​ថា ជាការ​ពេញនិយម​តាំងពី​សម័យ​បុរាណ កាល​រហូត​ដល់​ពេល​បច្ចុប្បន្ន។ ការ​ចាក់សាក់​នេះ គឺមាន​ច្រើន​ប្រភេទ​ច្រើន​យ៉ាង ទៅតាម​ចំណង់​ចំណូល​ចិត្ដ​របស់​បុគ្គល​ម្នាក់ៗ ដោយ អ្នក​ខ្លះ​សាក់់​ដើម្បី​បង្កប់​នូវ​វិជ្ជាមន្ដ​អាគម​តាមបែប​ផ្លូវ​ងងឹត រម្លឹក​ដល់​ប្រភពនៃ​សាសនា​ណាមួយ​ខ្លះទៀត​សាក់​ដើម្បី​បង្ហាញ​ពីភាព​សង្ហា មាំមួន។ ប៉ុន្ដែក៏​មាន​មនុស្ស​មួយចំនួន​ចង់លុប​បំបាត់​ស្នាម​សាក់នេះ​វិញដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​ការ​សម្ភាសន៍​ជាមួយ​អ្នក​ឯកទេស​ប្រចាំ​មន្ទីរ​ព្យាបាល​កែសម្ផស្ស​អន្ដរជាតិ​អាស៊ី ដែលបាន​ធ្វើការ​បកស្រាយ​យ៉ាង​ក្បោះក្បាយ​អំពី​វិធី​លុប​ស្នាមសាក់​នេះ ដើម្បីជា​ចំណេះ​ដឹង​ជូនដល់​មិត្ដ​អ្នកអាន​ទាំងឡាយ ដែលមាន​ស្នាម​សាក់ ហើចង់លុប​បំបាត់។

មូលហេតុ​នៃការ​ចាក់សាក់

បើ​យោងទៅ​តាម​ឯកសារ​មួយចំនួន​បាន​បញ្ជាក់ថា ការ​ចាក់សាក់​នេះគឺ​មាន​នៅក្នុង​ក្រុម​កុលសម្ព័ន្ធ​មួយចំនួន ដែល​តម្រូវឱ្យសាក់​នៅលើ​រាងកាយ​គ្រប់​បុរស​ទាំងអស់​ដែល​ពេញវ័យ ដើម្បី​បញ្ជាក់​ពីភាព​ក្លាហាន។ សម្រាប់​បុព្វបុរស​ខ្មែរ​តាំងពី​មុន​សម័យ​អង្គរ គឺ​ភាគច្រើន​សុទ្ធតែអ្នក​ពូកែ​ខាងមន្ដ​អាគម ដែលការ​សាក់​ជារូប សាក់​ជាយ័ន្ដ​មន្ដអាគម​ត្រូវបាន​ពេញ​និយម។ ចំណែក​បច្ចុប្បន្ន​នេះ ដោយ​មានការ​ហូរចូល​អរិយធម៌​ពីបណ្ដា​ប្រទេស​ជិតខាង​មួយចំនួន ការ​ចាក់សាក់​ក៏​ត្រូវបាន​យុវវ័យ​មួយចំនួន​ពេញ​និយម​ណាស់​ដែរ ដើម្បី​បង្កើន​នូវភាព​ស្រស់​ស្អាត​របស់ខ្លួន ដូចជា​សាក់​រូបផ្កា​កុលាប បេះដូង មេអំបៅ នាគរាជ ពស់ កងច័ក្រ ឬជា​អក្សរ​ជាដើម។

មូលហេតុ​នៃការ​លុបបំបាត់

ដោយការ​ពេញ​និយម​នាពេល​បច្ចុប្បន្ន​នេះមាន​ការ​ផ្លាស់ប្ដូរ ហើយ​ខ្លះ​យល់ថា​ការសាក់​រូប​នៅលើ​ស្បែក​ដងខ្លួន​ជាភាព​ហួស សម័យ បានធ្វើ​ឱ្យ​យុវវ័យ​មួយចំនួន​ប្ដូរ​ចំណាប់​អារម្មណ៍ ងាក​មករក​ការលុប​បំបាត់​វិញម្ដង។ ម្យ៉ាងវិញ​ទៀត ក៏មាន​មនុស្ស​មួយចំនួន ចង់​បំបាត់​ស្នាមសាក់​ចាស់ ព្រោះតែ​ពួកគេ​ចង់ប្ដូរ​ទីតាំង​សាក់នៅ​កន្លែង​ផ្សេង ឬចង់​ផ្លាស់ប្ដូរ​រូបភាព​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​លុប​បំបាត់​ស្នាមសាក់

នៅក្នុង​ការ​លុបបំបាត់​ស្នាម​សាក់​នៅលើ​ស្បែកនេះ គឺមាន​វិធីសាស្ដ្រ​២យ៉ាង ៖

1 . ការ​លុបបំបាត់​តាម​បែប​បុរាណ ៖ ចំពោះ​ការ​លុបបំបាត់​ស្នាម​សាក់​តាម​បែបបុរាណ គឺ​តម្រូវឱ្យ​មានការ​ចំណាយ​ពេល វេលា​ច្រើន ប៉ុន្ដែ​ចំណាយ​ថវិកា​តិច នៅក្នុង​ការ​លុប។ ឧបករណ៍​ដែល​ប្រើ​សម្រាប់​លុបស្នាម​សាក់នោះ​រួមមាន ម្ជុល ឬវត្ថុ​ដែលមុត​ស្រួច ទឹកថ្នាំ​បន្សាយ​ពណ៌ និង​សំឡី។ មុនដំបូង​គេយក​ម្ជុលដែល​ត្រៀមទុក​សម្រាប់​ប្រើនោះ ទៅ​ជ្រលក់​ទឹកថ្នាំ​បន្សាយ​ពណ៌ រួចចាក់​ទម្លុះ ស្បែកចំ​កន្លែង​ស្នាមសាក់ ដែលគេ​ចង់លុប​បំបាត់។ បន្ទាប់​មកយក​សំឡី​ជូត​សម្អាត​នៅលើ​មុខរបួស​ដែល​បន្សល់​ពីការ​ចាក់ដោយ​ម្ជុល។ លទ្ធផល​ដែល​ទទួលបាន​មកពី​ការលុប​បំបាត់​ដោយ​ចាក់ម្ជុល​តាម​បែបបុរាណ​នេះ មិនសូវ​ជោគជ័យ​ទាំងស្រុង​នោះទេ។ ផ្ទុយ​ទៅវិញ វិធីនេះ​ភាគច្រើន​អាចបង្ក​ឱ្យដុះ​ជាដុំ​សាច់​(ផ្លែសាច់)​នៅកន្លែង​មុខ​របួស​ដោយការ​ចាក់លុប​ដោយ​ម្ជុលនោះ​ថែមទៀត​ផង។ ជា​ទូទៅ​ វិធីលុប​បំបាត់​តាម​បែបបុរាណ​នេះ គេ​សង្កេត​ឃើញ​ច្រើនមាន​នៅតាម​ជនបទ។

2 . ការលុប​បំបាត់​ដោយ​ម៉ាស៊ីន​ស្វ័យ​ប្រវត្ដិ ៖ ការលុប​បំបាត់​ស្នាម​សាក់​ដោយ​ម៉ាស៊ីនស្វ័យ​ប្រវត្ដិ​ភាគច្រើន​បាន​ទទួល​នូវលទ្ធផល​ប្រសើរ​ជាងវិធី​សាស្ដ្រ​បែប​បុរាណ។ ចំពោះ​ពេល​វេលានៃការ​លុប គឺ​អាស្រ័យ​ទៅលើ​កម្រិតនៃ​ស្នាមសាក់​នីមួយៗ ថាតើ​ទឹកថ្នាំ ចាក់ចូល​ទៅក្នុង​សាច់ជ្រៅ​កម្រិតណា ទំហំធំ ឬតូច។ ការ​លុបបំបាត់​ស្នាម​សាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នេះ គឺដំបូង​អ្នក​ជំនាញ គ្រាន់តែ​ពិនិត្យ​មើល​ប្រភេទ និងពណ៌​នៃស្នាម​សាក់ ហើយ​ចាប់ផ្ដើម​ក្រិត​កម្លាំង​ថាមពល​នៃម៉ាស៊ីន​តិច ឬ​ខ្លាំង ឱ្យត្រូវ​នឹងកម្រិត​នៃស្នាមសាក់។ ប្រការ​ដែល​សំខាន់​គឺនៅក្រោយ​ពេល​ដែលធ្វើ​ការលុប​បំបាត់​ស្នាម​ដោយ​ប្រព័ន្ធ​ម៉ាស៊ីន​ទំនើប​នេះ វាមិន​បណ្ដាល​ឱ្យ ដុះសាច់​(ផ្លែសាច់)​នៅត្រង់​កន្លែង​ស្នាម​របួស ដូចជា​វិធី​សាស្ដ្រ​បែបបុរាណ​ឡើយ។

ដំបូន្មាន​អ្នក​ជំនាញ

នៅពេល​ដែល​លោកអ្នក​មាន​បំណង​ចង់លុប​បំបាត់​ស្នាមសាក់​នៅលើ​ស្បែក ចាំបាច់ត្រូវទៅ​រកកន្លែង​ណា​ដែលមាន​ជំនាញ ច្បាស់លាស់ ចៀសវាង​ប្រការ​ដែលលុប​បំបាត់​ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ជាហេតុ​បង្កឱ្យ​មានបញ្ហា​ដល់​សុខភាព​ស្បែក ឬអាច បណ្ដាល​ឱ្យមាន​ដុះផ្លែ​សាច់​នៅត្រង់​កន្លែងដែល​លុបស្នាម​ទាំងនោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Google Analytics Alternative