កង្វល់​របស់​មហាជន​ជុំ​វិញ​ការ​តម្លើង​ថ្លៃ​អគ្គីសនី​នៅ​កម្ពុជា​

ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និង​ថាម​ពល មាន​ផែន​ការ​តំ​ឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​នៅ​ពេល​ឆាប់ៗ​នេះ​នា​ពេល​ខាង​មុខ​ ដើម្បី​ទប់​ទល់​ទៅ​នឹង​ការ​ខាត​បង់​ថវិកា​រដ្ឋ ដែល​បាន​ចំណាយ​នៅ​ឆ្នាំ​២០១២ នេះ​ ដោយ​សារ​តែ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ខ្ពស់​នា​ពេល​កន្លង​មក។ ប៉ុន្តែ​មាន​ប្រជាជន​មួយ​ចំនួន​ បាន​បញ្ចេញ​មតិ​ជំទាស់​ជា​ច្រើន​ជុំវិញ​បញ្ហា​ឡើង​ថ្លៃ​តម្លៃ​អគ្គីសនី​នេះ។​ ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​សូម​ប្រិយ​មិត្ត​អ្នក​អាន​តាម​ដាន​បទ​យកការណ៍​នេះ​ជាមួយ​គេហទំព័រ​សុខភាព​កម្ពុជា​ដូច​តទៅ៖

រូបភាពទស្សនាវដ្ដីសុខភាពយើង

​លោក​ ទុន លៀន អគ្គ​លេខា​ធិការ​ថាម​ពល នៃ​ក្រសួង​ឧស្សា​ហកម្ម រ៉ែ និង​ថាមពល​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌​មាន​នា​ព្រឹក​ថ្ងៃ​ទី​០២ កក្កដា កន្លង​ទៅ​ថា​ ពេល​នេះ​អគ្គិស​នី​កម្ពុជា​កំពុង​តែ​ខាត​បង់​ប្រាក់​ចំណូល​យ៉ាង​ច្រើន​ដោយ​សារ​តែ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើ​ងថ្លៃ​ ហើយ​ការ​លក់​ថាម​ពល​អគ្គិសនី​នៅ​មិន​ទាន់​បាន​តំឡើង​ថ្លៃ​នៅ​ឡើយ​ ដូច្នេះ​តម្លៃ​អគ្គិសនី​នឹង​ត្រូវ​តំឡើង​មួយ​កម្រិត​ទៀត​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ។​ ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ថា​នឹង​ត្រូវ​តំ​ឡើង​ប៉ុន្មាន​នោះ​ទេ។ លោក​បាន​បន្ត​ថា ការ​ខាត​បង់​ប្រាក់​ចំណូល​នោះ​ គឺ​ច្រើន​លាន​ដុល្លា​រអាមេរិក នៅ​ឆ្នាំ​២០១២​នេះ នៅ​គ្រា​ដែល​តំលៃ​ប្រេង​សាំង​បាន​ឡើង​ថ្លៃ​ខ្ពស់​រហូត​ដល់​៥.៩០០​រៀល​ក្នុង​មួយ​លីត្រ​ បើ​ប្រៀប​ធៀប​នៅ​ពេល​នេះ តំលៃ​ប្រេង​សាំង​បាន​ធ្លាក់​តម្លៃ​មក ៥.០០០​រៀល​ក្នុង​មួយ​លីត្រ។​

កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ អគ្គិសនី​កម្ពុជា (EDC)​ បាន​ទទួល​ប្រាក់​ចំណេញ​ចំនួន​ជាង​៣០លាន​ដុល្លារ​អាមេរិក​ពី​ការ​លក់​ចរន្ត​អគ្គិសនី​នៅ​គ្រា​ដែល​តំលៃ​ប្រេង​សាំង​នៅ​ថោក។​ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ឧស្សា​ហកម្ម រ៉ែ​ និង​ថាមពល មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជាក់​លាក់​ទេ​ថា តើ​ការ​តំ​ឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​នោះ​ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ណា និង​មាន​តំលៃ​ប៉ុន្មាន​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង នៅ​តាម​តំបន់​នីមួយៗ។​ តំលៃ​ចរន្ត​អគ្គិសនី​នៅ​ទី​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន​មាន​តំលៃ​ខុស​គ្នា​តិច​ច្រើន​ទៅ​តាម​ចំនួន​ប្រើ​ប្រាស់ អគ្គិ​សនី។ ក្នុង​នោះ​មាន​តម្លៃ​ ៣៥០​ តំលៃ​ ៥៥០​រៀល និង​តំលៃ ៧៥០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង បើ​ប្រៀប​ធៀប​ទៅ​នឹង​ខេត្ត និង​តំបន់​ដទៃ​ទៀត គឺ​តំលៃ​ ១.២០០​រៀលក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង និង​តំលៃ​លើស​នេះ​ទៀត​ក៏​មាន។ លោក​បាន​បន្ត​ទៀត​ថា មូល​ហេតុ​ដែល​តម្លៃ​អគ្គិ​សនី​កម្ពុជា​ ថ្លៃ​ជាង​ប្រទេស​ជិត​ខាង ​គឺដោយ​សារ​តែ​កម្ពុជា​មាន​រោង​ចក្រ​ផលិត​អគ្គិ​សនី​ភាគ​ច្រើន​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ។​

ទាក់​ទិន​ទៅ​នឹង​បញ្ហា​នេះ ស្តី្រ​ម្នាក់​រស់​នៅ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​មាន​ជ័យ​ដែល​សុំ​មិន​ឲ្យបញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា​ គ្រួសារ​របស់​អ្នក​ស្រី​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​ជា​រៀង​រាល់​ខែ​អស់​ជា​ច្រើន​គីឡូ​វ៉ាត់​ម៉ោង​ ដែល​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ជាង​១២​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ អ្នក​ស្រី​បាន​បន្ត​ថា​ គាត់​មាន​អារម្មណ៍​ថា​មិន​សប្បាយ​ចិត្ត​​សោះ​ចំពោះគ​ម្រោង​តំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​ខាង​មុខ​នេះទេ។ អ្នក​ស្រី​បាន​បន្ត​ថា៖​ «បើ​កាល​ណាភ្លើ​ងឡើ​ងថ្លៃ​តាម​ចិត្ត ប្រជា​រាស្ត្រ​រស់​នៅ​ពិបាក​ហើយ។ រាល់​ថ្ងៃ​ភ្លើង​កំពុង​តែ​ថ្លៃ​ស្រាប់» ។ អ្នក​ស្រី​បាន​បន្ត​ថា​ អ្នក​ស្រី​មិន​គាំ​ទ្រ​ចំពោះ​ការ​តំឡើង​ថ្លៃ​អគ្គីសនី​នៅ​កម្ពុជា​ទៀត​នោះទេ​៖ «រ​ដ្ឋមិន​គួរ​ធ្វើ​អ៊ីចឹង​ទេ​ រដ្ឋ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ដទៃ​ទៀត​ចូល​រួម​ដេញ​ថ្លៃ​ទើប​បាន»។​

អ្នក​ស្រី ផល ជា​អាជីវ​ករ​លក់​គ្រឿង​សម្អាង​នៅ​ក្នុង​ផ្សារ​ច្បារ​អំពៅ ​តូប​លេខ​E145​ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ថា​ចំពោះ​ការ​តំឡើង​ថ្លៃ​អគ្គីសនី​នៅ​ពេល​ខាង​មុខ​ គឺ​មិន​មាន​ផល​រំខាន​អ្វី​នោះ​ទេ​សម្រាប់​ជីវភាព​គ្រួសារ​របស់​អ្នក​ស្រី ប៉ុន្តែ​សម្រាប់​ជីវភាព​អ្នក​ខ្វះ​ខាត​ គឺ​តែង​តែ​មាន​ផល​ប៉ះ​ពាល់​ជា​ច្រើន​ហើយ​សម្រាប់​ប្រាក់​ចំណូល​រប​ស់ពួក​គាត់​។ អ្នក​ស្រី​បាន​បន្ត​ថា ​​បើរដ្ឋ​ចង់​តំឡើង​សូម​កុំ​តំឡើង​ច្រើន​ពេក ព្រោះ​ជីវភាព​ប្រជាជន​ក៏​មាន​ការ​ខ្វះ​ខាត​ច្រើន​ផង​ដែរ។​

ចំណែក​ឯ​អាជីវ​ករ​លក់​គ្រឿង​ម៉ាញ៉េ​នៅ​ផ្សារ​ច្បារ​អំពៅ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា​ អ្នក​ស្រី​ក៏​សម្តែង​ការ​មិន​ពេញ​ចិត្ត​ខ្លះ​ផង​ដែរ​ចំពោះ​បញ្ហា​នេះ។ អ្នក​ស្រី​បន្ត​ថា សម្រាប់​គ្រួសារ​របស់​អ្នក​ស្រី​មិន​សូវ​ជា​មាន​បញ្ហា​អ្វី​នោះ​ទេ​ តែ​សម្រាប់​អ្នក​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ ​ដូច​ជា​អ្នក​រត់​ម៉ូតូ​ឌុប អា​ជីករ​ លោក​គ្រូ​អ្នក​គ្រូ​ ឬ​កម្មករ​ កម្ម​ការ​នី​ដទៃ​ទៀត​ គឺ​ប្រាកដ​ជា​មាន​ផល​ប៉ះ​ពាល់​ហើយ​សម្រាប់​ពួក​គាត់ ព្រោះ​បា្រក់​ខែ​ពួក​គាត់​នៅ​ពុំ​ទាន់​ច្រើន​នៅ​ឡើយ ហើយ​លុយ​កាក់​សព្វ​ថ្ងៃ​ គឺ​ពិបាក​រ​ក​ណាស់។​

កំពុង​អង្គុយ​នៅ​ខាង​មុខ​ផ្ទះ​ជាមួយ​ចៅ និង​កូនៗ​ អ្នក​ស្រី ចាប ​លី ជា​ស្រ្តី​មេ​ផ្ទះ​ រស់​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ ក្រុង​ភ្នំពេញ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​សព្វ​ថ្ងៃ​ជីវភាព​របស់​អ្នក​ស្រី​មាន​ភាព​ខ្វះ​ខាត ហើយ​ភ្លើង​ដែល​ប្រើ​សព្វ​ថ្ងៃ​វិញ​ គឺ​អ្នក​ស្រី​ប្រាប់​ឲ្យ​កូនៗ​សន្សំ​សំចៃ​ខ្លាំង​ណាស់ ព្រោះ​ថា បើ​គ្មាន​លុយ​រក​បង់​ជូន​រដ្ឋ​ទេ រដ្ឋ​មុខ​ជា​ផ្តាច់​ភ្លើង​លែង​ឲ្យ​ប្រើ​ជា​មិន​ខាន។​ អ្នក​ស្រី​បាន​បន្ត​ថា៖ «កាល​ណា​តំលៃ​ភ្លើង​រដ្ឋ​តំឡើង​ថ្លៃ​មែន​នោះ​វា​ហ្នឹង​ពិបាក​ចុះ​ថ្លៃ​ណាស់​ យើង​មើល​តែ​ការ​ឡើង​ថ្លៃ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ទៅ​ដឹង​ហើយ»។​

ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា តម្លៃ​អគ្គីសនី​នៅ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​នៅ​ឡើយ​ ដែល​​ប្រជាជនមួយ​ចំនួន​បាន​បញ្ចេញ​ទស្សនៈ​ថា តម្លៃ​អគ្គីសនី​ថ្លៃ​អគ្គិសនី​ដែល​កំពុង​តែ​តម្លៃ​ខ្ពស់​ស្រាប់​ទៅ​ហើយ​នោះ។ ​អគ្គនាយក​ថាម​ពល​នៃ​ក្រសួង​ឧស្សាហ​កម្មរ៉ែ​លោក ទុន លៀន បាន​ឲ្យ​ដឹង​បន្ថែម​ថា​ នៅ​ឆ្នាំ២​០១៥​ខាង​មុខ​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រើ​ប្រាស់​អគ្គិសនី​ឲ្យ​បាន​គ្រប់​គ្រាន់​នោះ​កម្ពុជា​ត្រូវ​ការ​ថាម​ពល​អគ្គិសនី​ជាង​១០០០​មេហ្កាវ៉ា​ត់បន្ថែម​ទៀត។ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញការ​ប្រើ​ប្រាស់​អគ្គិ​សនី​ជាង​៣០០​មេហ្កា​វ៉ាត់​ ហើយ​ប្រភព​ថាម​ពល​អគ្គិសនី​បច្ចុប្បន្ន​នេះ​បាន​មក​ពី​ប្រទេស​វៀត​ណាម​មួយ​ចំនួន ហើយ​បាន​មក​ពី​ការ​ផលិត​វារី​អគ្គិ​សនី​ និង​មួយ​ចំនួន​ទៀត បាន​មក​ពី​រោង​ចក្រ​ប្រើ​ដោយ​ប្រេង។​

ឆ្លើយ​តប​ទៅ​នឹង​ព័ត៌​មាន​នេះ ក្រុម​អាជ្ញាធរ​អគ្គិស​នី​កម្ពុជា​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​បញ្ជាក់​នៅ​ក្នុង​សន្និ​សិត​កាសែត​ថា​ តម្លៃ​អគ្គីសនី​ពុំ​មាន​ការ​តំ​ឡើង​ថ្លៃ​ភ្លើង​នោះ​ទេ ប៉ុន្តែ​មាន​ការ​កែ​សម្រួល​ចំពោះ​ការ​អនុ​គ្រោះ​លើ​អ្នក​ប្រើ​ប្រាស់​ដែល​ចាប់​ពី​២០០​គីឡូ​វ៉ាត់​។ អគ្គ​នាយក​រង​អគ្គិសនី​កម្ពុជា (EDC) ទទួល​បន្ទក់​ផ្នែក​ផែន​ការ និង​បច្ចេក​ទេស លោក​ ចាន់ សុដា​វ៉ាត់ បាន​ឲ្យ​ដឹង​ថា EDC​ មិន​បាន​តំ​ឡើង​ថ្លៃ​ភ្លើង​នោះ​ទេ ប៉ុន្តែ​បាន​កែ​សម្រួល​តម្លៃ​អនុ​គ្រោះ ចំពោះ​ប្រជា​ពលរដ្ឋ​ ក៏ដូចជាអតិថជនណាដែលប្រើប្រាស់ភ្លើងអគ្គិសនីចាប់ពី២០០ គីឡូវ៉ាតឡើងទៅ ។

លោកបានបញ្ជាក់បន្តថា អ្នកប្រើប្រាស់ភ្លើងចាប់ពី៥០គីឡូវ៉ាត់ចុះEDCនៅតែរក្សាតម្លៃ៦១០រៀលក្នុង១គីឡូ ហើយអ្នកប្រើប្រាស់ចាប់ពី២០០គីឡូ វ៉ាត់ចុះ EDC ក៏នៅតែរក្សា តម្លៃ៧២០រៀលក្នុង១គីឡូ​ដដែល​លើក​លែង​តែអ្នកប្រើប្រាស់ភ្លើងចាប់ពី២០០ គីឡូវ៉ាត់ឡើងEDC និងដាក់តម្លៃ ដូច និង​តម្លៃ​ស្ថានប័ន​រដ្ឋ​ដែរ គឺ៨២០ រៀល​ក្នុងមួយ​គីឡូ​វ៉ាត់ ។

នាយកបញ្ជាថ្លៃលក់ នៃអាជ្ញាធរអគ្គសនីកម្ពុជា លោក តេង សុខមាល បានឲ្យដឹងដែរថា ការ​កែ​សម្រួល​នេះ​មានន័យ​ថាអាជ្ញាធរ​សុំឈប់ ​ឧបត្ថម្ភ​ចំពោះអ្នកប្រើប្រាស់ភ្លើងលើសពី២០០គីឡូវ៉ាត់ ព្រោះយល់ឃើញថា អ្នកដែលប្រើប្រាស់ភ្លើងដល់កម្រិតនេះ សុទ្ធតែ​អ្នក​មាន​លទ្ធភាព​ខុស​ពី​ក្រុម​អ្នក​ប្រើ​ប្រាស់​ភ្លើង ​២០០ គីឡូ​វ៉ាត់​ចុះ​ក្រោម ដែល​ពួក​គាត់​មិន​សូវ​មាន​លទ្ធ​ភាព។ លោក​ តេង​ សុខ​មាល ក៏​បាន​បន្ត​ទៀត​ថា អាជ្ញា​ធរ​អគ្គសនី​កម្ពុជា និង​រៀប​ចំ​ឯក​សារ​ដើម្បី​ពិគ្រោះ​យោបល់​ ជា​សាធារណៈ​លើ​ការ​កែ​សម្រួល​បញ្ជី​ ថ្លៃ​លក់​អគ្គិស​នី​សម្រាប់​អ្នក​ប្រើ​ប្រាស់ ប្រភេទ​លំ​នៅ​ដ្ឋាន ក្នុង​តំបន់​ចែក​ចាយ​របស់​អគ្គិសនី​កម្ពុជា​នៅ រាជ​ធានី​ភ្នំពេញ ខេត្ត​កណ្តាល​ ខេត្ត​កំពង់​ស្ពឺ និង​ខេត្ត​ព្រះ​សីហនុ ។​

ក្រុម​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ក៏​បាន​បញ្ជាក់​ផងដែរ​ថា ការ​កែ​សម្រួល​តម្លៃ​អនុគ្រោះ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ តម្លៃ​ភ្លើង​នាំចូល​ពី​បរទេ​សឡើង​ថ្លៃ ហើយ​ម្យ៉ាង​ទៀត ភ្លើង​ដែល​នាំ​ចូល​នោះ មិន​គ្រប់​គីឡូ​វ៉ាត់ ដូច​កិច្ច​ សន្យាទិញ។​ ក្រុម​អាជ្ញាធរ​បន្ត​ទៀត​ថា​៥ ខែ​ដើម​ឆ្នាំ​នេះ EDC បាន​ខាត​បង់​ប្រាក់​អស់​ចំនួន ១២​.៧៧៥ លាន​រៀល​ ប្រហែល​ជិត​៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​កម្ពុជា​បាន​នាំ​ភ្លើង​ពី​ប្រទេស​វៀត​ណាម ចំនួន​៥៥​ ភាគ​រយ​ដោយ​ឡែក​ប្រទេស​ថៃ​កម្ពុជា​បាន​ចូលភ្លើ​ងសឹង​តែ​១០០ ភាគ​រយ។​

ចំពោះ​បញ្ហា​ដាច់​ភ្លើង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ក៏​ដូច​ជា​តាម​បណ្តាលខេត្ត​នោះ ក៏​ព្រោះតែ​ប្រទេស​វៀត​ណាម​ មិន​បាន​លក់​ថាមពល​ភ្លើង​ឲ្យ​កម្ពុជា​តាម​កិច្ច​សន្យា ដែល​ភាគី​​វៀត​ណាម​ផ្តល់​ឲ្យ​តែ​១៣៥ មេហ្គាវ៉ាត់​ប៉ុណ្ណោះ​ មិន​ដូច​កិច្ច​សន្យា​ទិញ​ដែល​មាន​រហូត​ដល់​២៥៧ មេ​ហ្គា​វ៉ាត់ ។ ចំពោះ​ការ​កែ​សម្រួល​តម្លៃ​អនុ​គ្រោះ​នេះ ក៏​ព្រោះតែ​វៀតណាម​ បាន​ដំឡើង​ថ្លៃ​ភ្លើង​រហូត​ដល់​៣០​ភាគ​រយ រី​ឯខា​ងភាគី​ថៃ ក៏​មិន​ខុស​គ្នា​ដែរ តម្លៃ​ភ្លើង​បាន​ឡើង​ជា​បន្ត​បន្ទាប់​រហូត​ជិត​ដល់ ​៣០​ភាគ​រយ​ដែរ។ ក្រុម​អាជ្ញាធរ​ក៏បាន​អំពាវ​នាវ​ដល់​ប្រទេស​ថៃ និង​ប្រទេស​វៀត​ណាម​ផង​ដែរ សូម​ឲ្យ​មាន​ការ​បន្ធូប​ន្ថយ​តម្លៃ​ភ្លើង​ ក៏​ដូច​ជា​ផ្តល់​ថាម​ពល​តាម​កិច្ច​សន្យា បើ​មិន​ដូច្នេះ​ទេ នៅ​ឆ្នាំ២០១៣​ខាង​មុខ​នេះ កម្ពុជា​នឹង​ជួប​បញ្ហា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ត្រូវ​កាត់​ភ្លើង​១៥០​គីឡូវ៉ាត់ ស្មើ​នឹង​ចំនួន​អ្នក​ប្រើ​ប្រាស់​៥០ ភាគរយ ក្នុង​រាជ​ធានី​ភ្នំពេញ។

​ក្រុម​អាជ្ញាធរ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កម្លាំង​អគ្គិសនី ដែល​ប្រើ​ប្រាស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ សព្វ​ថ្ងៃ​នេះ ក្នុង​មួយ​ម៉ោង គឺ​ប្រើ​អស់​ចំនួន​ ៤០​ ម៉ឺន​គីឡូ​វ៉ាត់ ហើយ​ក្នុង​មួយ​ថ្ងៃ​ប្រើ​អស់ ប្រហែល​ជាង​៦លាន​គីឡូ​វ៉ាត់ ។ បច្ចុប្បន្ន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​ធ្វើ​សេចក្តី​ព្រាង​ដើម្បី​ស្នើ​សុំ​ពិគ្រោះ​យោបល់​ជា​សាធារណៈ ដោយ​សុំ​ផ្តល់​ការ​អនុ​គ្រោះ​ថ្លៃ តែ​ចំពោះ​លំនៅ​ដ្ឋាន​ធុន​តូ​ច និង​ធុន​មធ្យម​ដែល ប្រើ​អគ្គិសនី​មិនលើស​ពី​២០០kWh/ ខែ​ប៉ុណ្ណោះ ​មាន​ន័យ​ថា លំ​នៅ​ដ្ឋាន​ដែល​ប្រើ​ប្រាស់​អគ្គិស​នី មិន​លើស​ពី២០០​ kWh/​ ខែ​ ដែល​ពី​មុន​មក​ធ្លាប់​ប្រើ​អគ្គិសនី​ក្នុង​អត្រា​ថ្លៃ​ប៉ុន្មាន គឺ​នៅ​អនុ​គ្រោះ​រក្សា​ទុក​អត្រា​ថ្លៃ​ដូច​មុន​ ដដែល​មិន​ផ្តល់​ឲ្យ​ទំាង​អស់​ដូច​លើក​មុន​ទៀត​ទេ រួច​ចំពោះ​លំនៅដ្ឋាន​ដែល​ប្រើ​ប្រាស់​អគ្គិស​នី​ក្នុង​១ខែ លើស​ពី ២០០​kWh ឡើង​ទៅ​ អគ្គិសនី​កម្ពុជា​ស្នើសុំលក់តាម​អត្រា​ថ្លៃមួ​យ ដូច​ថ្លៃ​លក់​ឲ្យ​ស្ថាប័ន​រដ្ឋ ស្ថាន​ទូត និង​គេហ​ដ្ឋាន​ជន​បរទេស​ដែរ គឺ​៨២០‌៛/kWh ។ ​ចំពោះ​អតិថិ​ជន​ពាណិជ្ជ​កម្ម អាជី​វកម្ម និង​ឧស្សាហ​កម្ម ថ្លៃល​ក់​អគ្គិសនី​ត្រូវ​បាន​រក្សា​តាម​អត្រា និង​រូប​មន្ត​ ដូច​ការ​កំណត់​ពី​មុន​ដដែល​ដោយ​ពុំមា​នកា​រកែ​ប្រែឡើ​យ ៕​

អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative