មូលហេតុធ្វើឱ្យធាត់

ការធាត់​ជា​សត្រូវ​ដ៏​ចម្បង​របស់​លោកអ្នក​ទាំង​ឡាយ​នាសម័យ​កាល​ដ៏​ទំនើប​នេះ។ ការធាត់​មិន​ត្រឹម​តែ​ធ្វើឱ្យ​លោកអ្នក​បាត់បង់​​នូវ​រូបសម្រស់​ធម្មជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វាបាន​ធ្វើឱ្យ​លោកអ្នក​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​មួយ​ចំនួន​ដែរ។ លោកអ្នក​ជាច្រើន​ចង់បាន​រាងកាយ​ឱ្យ​សមសួន​ដូច​គេឯង ប៉ុន្ដែ​មិនដឹង​ត្រូវ​ធ្វើ​ដូច​ម្ដេចព្រោះ​រាងកាយ​កាន់តែ​ធាត់​ទៅៗ​ជាលំដាប់់​ដោយគ្មាន​មូលហេតុ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅ​ពេលនេះ​លោកអ្នក​នឹង​បាន​ជ្រាប​អំពី​មូលហេតុ​ទាំងឡាយ​បណ្ដាល​ឱ្យ​ធាត់ តាម​រយៈ​ការ​បកស្រាយ​របស់​លោក​ងួន សុភៈ អ្នក​ឯកទេស​ព្យាបាល​ស្បែក​នៅហាង​ប្រីធី​សាឡន​ខូស​ម៉ិក​ទិក ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

មូលហេតុធ្វើឱ្យធាត់

ធាត់​បណ្ដាលមក​ពី​មូលហេតុ​ជាច្រើន ដូចជា​ការ​បរិភោគ​ចំណី​អាហារ​ផ្ដល់​ថាមពល​ច្រើន​ហួសហេតុ​ពូជ ឬ​ក្រុម​គ្រួសារ​ធាត់ កត្ដា​ផ្លូវចិត្ដ ឬ​ជម្ងឺ​ស្ដ្រេស្ស ជាតិ​អ័រម៉ូន ឬ​ការ​ប្រើប្រាស់​ថ្នាំជា​ដើម។ ខ្លួន​ប្រាណ​មនុស្ស​ត្រូវការ​សារធាតុ​ចិញ្ចឹម និង​ថាមពល​ក្នុង​កម្រិតមួយ​សមស្រប​(ជា​មធ្យម​២៥០០​គីឡូ​កាឡូរី​ក្នុង​មួយ​ថ្ងៃ)។ ថាមពល​ចំណាយ និង​ចំណូល ត្រូវ​មាន​តុល្យភាព​ ឬ​ស្មើគ្នា។ ពេល​ណា​ថាមពល​ដែល​ប្រើប្រាស់​តិច​ជាង​ថាមពល​ដែល​បរិភោគ​ចូល ជា​វិបត្ដិ​នៃ​ដំណើរ​ការ​ប្រើប្រាស់​ថាមពល​ដែល​បង្ក​ជាការ​លើស​ទម្ងន់​និង ធាត់បាន។ ចំណី​អាហារ​ដែល​ផ្ដល់​ថាមពល​រួមមាន​ជាតិ​ខ្លាញ់ ជាតិ​ស្ករ និង​ជាតិ​ប្រូតេអ៊ីន។ ដូច្នេះ​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់​ជា​ប្រភព​បង្ក​ដល់ការ​ធាត់ និង​លើស​ទម្ងន់។ ប៉ុន្ដែ​អ្នកធាត់​ខ្លះមិន​បរិភោគ​ច្រើន​ជាង​អ្នក​មាន​ទម្ងន់​ត្រឹមត្រូវ​ប៉ុន្មាន​ទេ តែ​ខ្លួន​ពួកគាត់​ងាយ​ធ្វើការ ស្ដុក ឬ​បម្រុង​ទុក​ថាមពល ឬ​កាឡូរី​ដែល​ពួកគាត់​បរិភោគ​ខ្លាំងណាស់។ មាន​មូលហេតុ​ជាច្រើន​ទាក់ទង​នឹង​ការ​ឡើង​ទម្ងន់ មាន​ជាអាទិ​ការជាប់​តពី​សែស្រឡាយ​ គ្រួសារ​(ពូជធាត់) ទម្លាប់​ទទួលទាន​ច្រើន ការ​ផ្លាស់ប្ដូរ​ស្ថានភាព​រស់នៅ ការ​និយម​ចូលចិត្ដ​អាហារ​សម្បូរ​កាឡូរីការ​បំពេញ​មុខងារ​មិន​ប្រក្រតី​របស់​ក្រពេញ​អង់ដូគ្រីន​មួយ​ចំនួន​ដែលមាន​អំពើ​ទៅលើ​ទឹក និង​ខ្លាញ់​ជា​ដើម។ល។

បុគ្គលម្នាក់ៗដែលមានទម្ងន់ខ្លួនលើសកម្រិត​អាច​ជាប់​ទាក់ទង​មូលហេតុ​ច្រើនមុខ​លាយឡំ​គ្នា​មិន​ទៀងទាត់។ ប៉ុន្ដែ​មូលហេតុ​ដែល​ទៀងទាត់​នោះ​គឺដូច​ដែល​រៀបរាប់​ជូន​ខាង​លើ​គឺ​សំដៅ​ដល់​ការ​បាត់​តុល្យភាព​រវាង​ការហូប​ចុក និង​ការ​បញ្ចេញ​ថាមពល។ មួយ​ចំណែក​ទៀត​ដោយសារ​តែ​ការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​រអាក់​រអួល​របស់​ប្រព័ន្ធ​សរសៃ​ប្រសាទ​​ដែល​​ជះ​ឥទ្ធិពល​ទៅលើ​មុខងារ​របស់​ក្រពេញ​អង់ដូគ្រីន​នានា។ល។ ម្យ៉ាងទៀត​កត្ដា​ផ្លូវចិត្ដ ឬ​ជម្ងឺ​ស្ដ្រេស្ស​ក៏អាច​នាំឱ្យ​ធាត់​បានដែរ។ យ៉ាង​ណាម៉ិញ ការ​ពិបាក​ចិត្ដ ឬ​សប្បាយ​ចិត្ដខ្លាំង​អាច​បង្ក​ជា​ការ​ឃ្លាន​មិន​ឈប់​មាត់ វិបត្ដិ​នៃការ​បរិភោគ​មិន​ចេះឈប់​នេះអាច​បង្ក​ជាការ​ឡើង​គីឡូ​​ដូច​ដែល​យើង​នាំគ្នា​និយាយ​លេង​ថា​កាន់​តែ​ពិបាក​ចិត្ដ​កាន់​តែធាត់។ តែ​អ្នកខ្លះ​កាន់​តែ​ពិបាក​ចិត្ដ​ក៏កាន់​តែស្គម​ដែរ ដោយ​សារ​បាយ​មិន​បាន​​សម្រាន្ដ​មិន​លក់។ ដោយឡែក​មាន​ការ​ធាត់​ដែល​បង្ក​ពី​ជាតិ​អ័រម៉ូន ឬ​ក៏​បង្ក​ពីការ​ប្រើប្រាស់​ថ្នាំ​យូរ​អង្វែង ឬ​ផ្ដេសផ្ដាស​ផងដែរ។

ដំបូន្មានអ្នកជំនាញ

លោកអ្នក​មិនគួរ​គប្បី​បណ្ដោយ​ឱ្យរាងកាយ​ធាត់​ទ្រលុក​ទ្រលន់​ហួសហេតុ​ពេក ដោយ​សារ​ការ​យល់​ច្រឡំថា ការ​ធាត់​បញ្ជាក់​នូវ​ភាព​មាន​បុណ្យសក្ដិ ឬ​មាសប្រាក់​នោះទេ។ ការ​ធាត់​ពេក​មិន​ល្អ ឯ​ស្គមពេក​ក៏មិន​ល្អដែរ។ សូម​រក្សា​ទម្ងន់​ឱ្យបាន​ត្រឹមត្រូវ សមរម្យ​ជាមួយ​នឹងកម្ពស់​លោកអ្នក​គឺជា​ការប្រសើរ​ជាទី​បំផុត ប្រៀប​ដូចជា​លោកអ្នក​កំពុង​ផ្ដល់រង្វាន់​ដល់​ខ្លួនឯង​ដូច្នេះ​ដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

Google Analytics Alternative