ជម្ងឺ​គ្រុន​ផ្ដាសាយ​បក្សី ផ្ទុះឡើង​សាជាថ្មី

កាលពី​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ២០០៨ កន្លងទៅ​ថ្មីៗ​នេះ គេបាន​រកឃើញ​មេរោគ​ផ្ដាសាយ​បក្សី (H5N1) មាននៅ​លើយុវជន​ម្នាក់​ដែលមាន​ទីលំនៅ​ស្ថិតនៅ​ក្នុងឃុំ​ដើមឫស ស្រុក​កណ្ដាលស្ទឹង ខេត្ដកណ្ដាល។ យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក​បាន​ឱ្យ​ដឹងថា នេះ​គឺជា​ករណី​ទី៨​ហើយ​ដែល​ជម្ងឺ​​ផ្ដាសាយ​​បក្សី​មាន​​កើត​​​ចំពោះ​​​មនុស្ស​​ក្នុងប្រទេស​កម្ពុជា។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ស្ថានភាពរាលដាលថ្មី

ជម្ងឺ​គ្រុន​ផ្ដាសាយ​បក្សី​បាន​ផ្ទុះឡើង​ចាប់តាំង​ពី​ឆ្នាំ២០០៣ ដែល​បង្កឡើង​ដោយ​មេរោគ​​H5N1 កើតមាន​លើ​ពពួក​បសុបក្សី ហើយ​ចម្លង​មក​មនុស្ស​ដែលអាច​ធ្វើឱ្យ​បាត់បង់​ជីវិត​យ៉ាង​ឆាប់​រហ័ស។ ចាប់តាំង​ពី​ឆ្នាំ២០០៥​រហូត​មកដល់​ចុងឆ្នាំ​២០០៧ ក្រសួង ​សុខា​ភិបាល​បាន​ធ្វើការ​ស្រាវជ្រាវ និង​រកឃើញ​អ្នក​ផ្ទុក​មេរោគ H5N1 ដែល​សង្ស័យ​ថា​បាន​កើត​ជម្ងឺ​គ្រុនផ្ដាសាយ​បក្សី​ចំនួន​៧ករណី។

ដោយឡែក​នៅឆ្នាំ​២០០៨ នា​ពាក់កណ្ដាល​ខែធ្នូ​កន្លងទៅ​ថ្មីៗនេះ ក្រសួង​សុខាភិបាល​បាន​រកឃើញ​មេរោគ​ប្រភេទH5N1​ មាន​កើត​នៅលើ​យុវជន​ម្នាក់ ស្ថិត​នៅក្នុង​ឃុំដើមឫស ស្រុក​កណ្ដាលស្ទឹង ខេត្ដ​កណ្ដាល​ដែល​សង្ស័យ​ថា​ជាជម្ងឺ​គ្រុន​ផ្ដាសាយ​បក្សី។ នេះ គឺជា​ករណី​ទី១​នៃជម្ងឺ​គ្រុន​ផ្ដាសាយ​បក្សី​ហើយ ដែល​រកឃើញ​នៅក្នុង​ប្រទេស​កម្ពុជា​នាឆ្នាំ២០០៨។ ចាប់តាំង​ពីបាន​រកឃើញ​ប្រភេទ មេរោគ​​H5N1 រហូត​មកដល់​ពេលនេះ​ក្រុមអ្នក​អង្កេត​ស្រាវជ្រាវ​ដែលដឹក​នាំដោយ​ក្រសួង​សុខាភិបាល​បាន​កំពុង​ស្ថិតនៅ​កន្លែងកើត​ហេតុ​ដើម្បីកំណត់​អ្នក​ដែលបាន​ប៉ះពាល់​ជាមួយ​នឹង​អ្នកជម្ងឺ ហើយ​ចាប់ផ្ដើម​ធ្វើការ​ព្យាបាល និង​ការពារ។ សរុប​មកទល់​នឹងពេល​នេះ មាន​មនុស្ស​ប្រមាណ​ជា​ជាង​១០០នាក់ ត្រូវបាន​ផ្ដល់ថ្នាំ​ឱ្យលេប​ការពារ និង​បង្ការ​មេរោគ​H5N1​ ដោយ​ក្នុងនោះ​មួយចំនួន​បាន​យក កំហាក​ទៅពិនិត្យ​ផងដែរ ដើម្បី​ធ្វើការ​តាមដាន​ ហើយ​នឹង​កំពុង​បន្ដការ​តាមដាន​ចំនួន៩​ភូមិ​ជុំវិញ​តំបន់​កើតហេតុ​ខាងលើ។

អ្នកដែលប្រឈមមុខ

ជម្ងឺ​គ្រុន​ផ្ដាសាយ​បក្សី អាច​ចម្លងមក​មនុស្ស​បាន​តាមរយៈ​ការប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​បក្សី ឬ​កាកសំណល់​មាន់ ទា ដែល​មានផ្ទុក​មេរោគ​ផ្ដាសាយ​បក្សី។ អ្នកដែល​ប្រឈម​មុខ និង​មាន​អត្រា​ខ្ពស់​ក្នុងការ​ឆ្លងជម្ងឺ​នេះខ្លាំង​ជាង​គេ គឺ​អ្នក​ចិញ្ចឹម ​អ្នកលក់ អ្នកសម្លាប់ និង​អ្នកចម្អិន​មាន់ទា។

រោគសញ្ញាគ្រុនផ្ដាសាយបក្សី

រោគសញ្ញា​នៃជម្ងឺ​គ្រុនផ្ដាសាយ​បក្សី​មានលក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ទៅនឹង​ជម្ងឺ​ផ្ដាសាយ​ធម្មតា​ដែរ។ រោគ​សញ្ញា​ដែល ​តែងតែ​កើត​មាន​ដូចជា​គ្រុនក្ដៅ​លើស​ពី៣៨អង្សា ពិបាក​ដកដង្ហើម ក្អក ថប់ដង្ហើម ឬហត់ ឈឺខ្នង ចង្កេះ ឈឺបំពង់ក និងឈឺសាច់ដុំ។ អ្វីដែល​គួរឱ្យ​កត់សម្គាល់​នោះ គឺអ្នក​ជម្ងឺធ្លាប់​បាន​ប៉ះពាល់​សត្វមាន់​ទាឈឺ ឬ​ស្លាប់​ក្នុងកំឡុង​ពេល​មួយសប្ដាហ៍​មុន។ ​លោកអ្នក​ត្រូវ​ចងចាំ​ថា ប្រសិន​បើមាន​អាការៈដូច​ខាងលើ​នេះ គប្បី​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ ឬ​មណ្ឌល​សុខភាព​ដែល​នៅជិត​លោកអ្នក ដើម្បី​ទទួល​ការពិនិត្យ និង​ព្យាបាល​ជាបន្ទាន់។

ប្រការត្រូវធ្វើ

ដើម្បី​ចៀសវាង​ពីជម្ងឺ​គ្រុន​ផ្ដាសាយ​បក្សី យើង​ត្រូវអនុវត្ដ​សកម្មភាព​ដូចខាង​ក្រោម ៖

  • មិនត្រូវ​យក​សត្វ​បក្សី (មាន់ទា…) ឈឺ ឬងាប់​មកធ្វើ​ជា​អាហារ​ទេ
  • ត្រូវ​ចម្អិន​អាហារ​ឱ្យបាន​ឆ្អិនល្អ​មុនពេល​បរិភោគ
  • ត្រូវ​ពាក់ម៉ាស់​ការពារ បើ​លោកអ្នក​មានជម្ងឺ​ផ្ដាសាយ
  • ត្រូវ​ជូតដៃ​ឱ្យស្ងួត​នឹងកូន​កន្សែង ក្រមា ឬក្រដាស​អនាម័យ
  • ត្រូវខ្ទប់​មាត់ និងច្រមុះ​ពេលកំពុង​ក្អក ឬកណ្ដាស់ ដោយ​ប្រើក្រមា កន្សែង ឬ​ក្រដាស​អនាម័យ។ល។
  • ត្រូវ​លាងដៃ​ឱ្យស្អាត ដោយ​ប្រើសាប៊ូ ឬផេះ ពី១០-១៥នាទី បន្ទាប់​ពីបាន​ប៉ះពាល់​បក្សី(មាន់ទា…) ក្អក ឬកណ្ដាស់​
  • ត្រូវ​បោសលាង​សម្អាត​សម្ភារ​ប្រើប្រាស់​ដោយសាប៊ូ ឬ​ដាក់​ចូលក្នុង​ធុងសម្រាម កប់ ឬដុតចោល។
  • បណ្ដាំអ្នកជំនាញ

    លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ការពារ​ជម្ងឺឆ្លង​ក្រសួង​សុខាភិបាល បាន​ធ្វើការ​អំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការយកចិត្ដ​ទុកដាក់ និង​ប្រុងប្រយ័ត្ន​ចំពោះ​ពពួក​បក្សី​ដែលឈឺ ឬស្លាប់ ជាពិសេស​នៅពេល​មានការ​សង្ស័យ ថា​មាន​កើត​ជម្ងឺ​ផ្ដាសាយ​បក្សី ត្រូវ​រាយការណ៍ ឬ​ផ្ដល់​ព័ត៌មាន​ដល់​ក្រុមអ្នក​ជំនាញ​ជាបន្ទាន់។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

    Categories: , , ,

    Leave a Reply

    Your email address will not be published. Required fields are marked *