ការ​សម្រក​រាង​អាច​ជួបគុណ​វិបត្ដិ

លោកអ្នក​គ្រប់គ្នា​តែងតែ​ប្រាថ្នា​ចង់បាន​រាងកាយ​ស្រស់ស្អាត។ ហេតុនេះ​ហើយទើប​លោកអ្នក​មួយចំនួន​បាន​ព្យាយាម​សម្រក ទម្ងន់​ដើម្បី​ឱ្យបាន​ស្អាត ជាពិសេស​ចំពោះ​លោកអ្នក​ដែលមាន​រូបរាង​ធាត់។ ការ​សម្រក​ទម្ងន់ ឬ​សម្រក​រាង​ទាមទារ​ឱ្យ​លោកអ្នក ដែល​អនុវត្ដ​មានការ​ព្យាយាម​ជាខ្លាំង ទើបបាន​សម្រេច។ ក្រៅពី​ការព្យាយាម​ក៏នៅ​មានការ​យល់ដឹង​វិធី​ដើម្បី​សម្រក​ទម្ងន់​ទៀត ទើបទទួល​បាន​ជោគជ័យ បើមិន​ដូច្នោះ​ទេ​លោកអ្នក​នឹងមាន​បញ្ហា​ដល់​សុខភាព ឬក៏​អាយុ​ជីវិត​ថែមទៀត​ផង។
រូបភាពទស្សនាវដ្ដីសុខភាពយើងនៅពេល​នេះ​សូម​លោកអ្នក​តាមដាន​អំពី​គុណ​វិបត្ដិ​ទាំងឡាយ​ដែល​បាន​មកពី​ការ​សម្រក​ទម្ងន់​មិនបាន​ត្រឹមត្រូវ តាមរយៈ​ការបកស្រាយ​របស់​លោក ងួន សុភៈ អ្នក​ឯកទេស​ព្យាបាល​ស្បែក​នៅហាង​ប្រីធីសាឡន​ខូសម៉ិកទិក ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ការ​សម្រក​ទម្ងន់​មិន​ត្រឹមត្រូវ

កត្ដា​មួយចំនួន​ដែល​ប៉ះពាល់​ដល់ការ​សម្រេច​ចិត្ដ​បញ្ចុះ​ទម្ងន់ ឬ​សម្រក​ខ្លាញ់​របស់​លោកអ្នក​នាង​ដែលគេ​ឱ្យឈ្មោះ​ថា ការបញ្ចុះ​ទម្ងន់​ដែល​គ្មាន​ក្បួនខ្នាត​ត្រឹមត្រូវ អាចឈាន​ទៅរក​ការ​ទ្រុឌទ្រោម​ដល់​​សុខភាព​​ទាំង​ចំពោះមុខ និងទៅ​ថ្ងៃអនាគត។ បញ្ហា បញ្ចុះ​ទម្ងន់​ភាគ​ច្រើន​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព យើង​តែងតែ​ជួប​ប្រទះ​ចំពោះ​​មនុស្ស​ដែល​ជ្រើសរើស​យកឱសថ​មិន​ត្រឹមត្រូវ ហើយ​មិនបាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬអ្នក​ជំនាញ​ពិតប្រាកដ។ ដូច្នេះ​ពួកគាត់​ទទួល​គុណ​វិបត្ដិ​ជាច្រើន​ដែល​បណ្ដាល​មកពីការ សម្រេចចិត្ដ​ខុស។ ទង្វើ​ខុសឆ្គង​មួយចំនួន​នៃការ​បញ្ចុះ​ទម្ងន់​ដែល​ប៉ះពាល់​សុខភាព​មានដូចជា

  • ការប្រើ​ឱសថ​ដែលធ្វើ​ឱ្យមិន​ងងុយគេង
  • ប្រភេទ​ឱសថ​ធ្វើមិន​ឱ្យឃ្លាន​អាហារ
  • ប្រភេទ​ឱសថ​បញ្ចុះ​ជាតិទឹក
  • ប្រភេទ​តែ ឬក៏​កាហ្វេ​ដែលធ្វើ​ឱ្យរាករូស។

គុណវិបត្ដិ​ខ្លះៗ​បន្ទាប់ពី​ការបញ្ចុះ​ទម្ងន់គ្មាន​ក្បួនខ្នាត​ត្រឹមត្រូវ ក៏មាន​ជាច្រើន​សន្ធឹក​មិនខ្វះ​ដែរ គឺ

  • ធ្វើឱ្យ​បាត់បង់​ទម្លាប់​ធម្មជាតិ​របស់​សរីរាង្គកាយ
  • ធ្វើឱ្យ​បាត់បង់​សុខភាព​ស្បែក និងសក់
  • ឬអាច​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ទៀតផង។

ប្រការ​គួរ​ប្រតិបត្ដិ​ដើម្បី​សម្រករាង

លោកអ្នក​ដែលចង់​បានទម្ងន់​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​នោះ ពុំចាំបាច់​ទៅចំណាយ​ប្រាក់ឥត​ប្រយោជន៍​ទៅលើការ​ទិញឱសថ ដែល​មិនមាន​ទំនុកចិត្ដ​គ្រប់គ្រាន់ ឬ​តាមរយៈ​ការនិយាយ​តគ្នា​នោះទេ។ សូម​លោកអ្នក​អនុវត្ដ​តាមវិធី​មួយចំនួន​ដែល​ទស្សនាវដ្ដី សុខភាពយើង បាន​ជម្រាប​ជូន​លោកអ្នក​កាលពី​លេខមុន​ស្ដីអំពី​វិធី​គ្រប់គ្រង​ទម្ងន់ នោះ​លោកអ្នក​នឹងបាន​រាងកាយ​សមសួន​តាម ដែល​លោកអ្នក​ចង់បាន។ ប៉ុន្ដែ​អ្វីៗ​ទាំងអស់​ក៏អាស្រ័យ​លើការ​ព្យាយាម​របស់​លោកអ្នក​ផងដែរ។

ដំបូន្មាន​អ្នក​ជំនាញ

ប្រសិនបើ​លោកអ្នក​ចង់​សម្រកទម្ងន់ ឬ​សម្រករាង ហើយ​លោកអ្នក​ពុំមាន​ចំណេះដឹង និង​ចំណេះ​ធ្វើលើ​បញ្ហានេះ សូម​លោកអ្នក​ទៅរក​អ្នក​ឯកទេស ដើម្បី​ជួយ​លោកអ្នក​បាន​សម្រេច​មិនខាន​ឡើយ។ ម្យ៉ាងវិញ​ទៀត​សូម​លោកអ្នក​ព្យាយាម​ជួយ​ខ្លួនឯង​ឱ្យបានច្រើន​បំផុត ដើម្បី​ទទួល​បាន​ជោគជ័យ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Google Analytics Alternative