ជម្ងឺ​ថ្មី​កំពុង​សម្លាប់​កុមារ​កម្ពុជា​

នៅ​ក្នុង​ឆ្នាំ​២០១២​នេះ ជម្ងឺ​កាច​សាហាវ​ជា​ច្រើន​បាន​ចូល​មក​ឆក់​ជីវិ​តកុមារ​កម្ពុជា​អស់​ជា​ច្រើន​នាក់​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ផ្ទុះ​ឡើង​នូវ​ជម្ងឺ​ ដែល​គេ​មិន​ទាន់​ស្គាល់​ឈ្មោះ​ច្បាស់​លាស់​នោះ​ បាន​​សម្លាប់​កុមារ​ចំនួន​៦០​នាក់​រួច​មក​ហើយ​នៅ​កម្ពុជា​ក្នុង​អំឡុង​ពេល​៣​ខែ​មក​នេះ​ ដោយ​គិត​ចាប់​ពី​ខែ​មេសា​មក។​

រូបភាពគេហទំព័រសុខភាពយើង

លោក​ នីម៉ា អាសហ្ការី (Nima Asgari) ដែល​ជា​វេជ្ជ​បណ្ឌិត​ជំនាញ​សុខ​ភាព​សាធា​រណៈបម្រើ​ការ​នៅ​អង្គការ​សុខ​ភាព​ពិភព​លោក​ WHO​ បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​បារាំងA​FP កាល​ពី​ថ្ងៃ​អង្គារ ទី​០៤ ខែ​មិថុនា ម្សិល​មិញ​ថា៖​ «ចំនួន​ស្លាប់​មាន​៦០​ករណី​ហើយ។ ហើយ​ពួក​គេ​សុទ្ធ​តែ​ជា​កុមារ​តូច»។ លោក​វេជ្ជ​បណ្ឌិត នីម៉ា អាស​ហ្ការី​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ករណី​ដំបូង​បាន​កើត​ឡើង​នៅ​ក្នុង​ខែ​មេសា ហើយ​រហូត​ដល់​ពេល​នេះ​ មេរោគ​ដែល​ធ្វើ​អោយ​កុមារ​ស្លាប់​នៅ​មិន​ទាន់​គេ​ស្គាល់​នៅ​ឡើយ​ទេ។​

នៅ​ពេល​នេះ​អង្គការ​សុខ​ភាព​ពិភព​លោក​កំពុង​តែ​ធ្វើ​ការ​ជាមួយ​ក្រសួង​សុខា​ភិបាល​ ដើម្បី​ឈាន​ទៅ​កំណត់​មូល​ហេតុ​ដែល​ធ្វើ​អោយ​កុមារ​ស្លាប់ និង​មូល​ហេតុ​នៃ​ការ​រីក​រាល​ដាល​នៃ​មេរោគ​នេះ។​ ប៉ុន្តែ​ការ​អង្កេត​រក​ប្រភេទ​មេរោគ​នេះ គឺ​កំពុង​ស្ថិត​នៅ​ចំនុច​ចាប់​ផ្តើម​នៅ​ឡើយ​ ហើយ​វា​ក៏​មាន​ការ​លំបាក​ក្នុង​ការ​កំណត់​អាការៈ​រោគ​នៃ​អ្នក​ជម្ងឺ​ផង​ដែរ ដូច​ជា​កម្តៅឡើ​ង​ខ្លាំង ឈឺ​ទ្រូង​ខ្លាំង​ និង​សញ្ញា​នៃ​ការ​ទាក់​ទង​នឹង​ប្រព័ន្ធ​ប្រសាទ​ជា​ដើម។ រហូត​មក​ដល់​ពេល​នេះ មេរោគ​ដែល​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​នេះ​ មាន​៦១​ករណី​ហើយ ដែល​ជម្ងឺ​នេះ​មាន​តែ​កុមារ​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​នៅ​មាន​ជីវិត។ ពួក​គេ​មាន​អាយុ​៧​ឆ្នាំ និង​មាន​អាយុ​ក្រោម​នេះ។​ សារ​ព័ត៌​មាន​បារាំង AFP បាន​ឲ្យ​ដឹងបន្ថែម​ទៀត​ថា រហូត​មក​ដល់​​ពេល​នេះ​ មិន​ទាន់​មាន​សញ្ញា​នៃ​ការ​ឆ្លង​រាល​ដាល​ដល់​អ្នក​ដែល​មាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​អ្នក​ជម្ងឺ​នៅ​ឡើយ​នោះ​ទេ។​

ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក​វេជ្ជ​បណ្ឌិត ប៊ីត រីច​នើរ (Beat Richner) ក៏​បាន​ប្រកាស​អាសន្ន​ផង​ដែរ​អំពី​ការ​បាត់​បង់​ជីវិត​កុមារ​កម្ពុជា​យ៉ាង​ទាន់​ហន់​នៃ​ជម្ងឺ​ថ្មី​ប្លែក​នេះ​ផង​ដែរ​ នៅ​ក្នុង​លិខិត​មួយ​ដែល​ផ្ញើ​ជូន​ទៅ​ឯក​ឧត្តម​ ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​នៃ​ប្រទេស​កម្ពុជា។ លោក​វេជ្ជ​បណ្ឌិត​ ប៊ីត​ រីច​នើរ​ (Beat​ Richner) ស្ថាប​និក​នៃ​មន្ទីរ​ពេទ្យ​កុមារ​គន្ធ​បុប្ផា បាន​លើក​ឡើង​ថា ជម្ងឺ​នេះ​មិន​ដែល​ធ្លាប់​ជួប​ប្រទះ​ទេ​ ក្នុង​ពេល​វេលា​២០​ឆ្នាំចុ​ងក្រោ​យនេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​ឲ្យ​ដឹង​ថា «ពួក​គេ បាន​រលាក​ខួរ​ក្បាល​ ហើយ​ក្នុង​រយៈ​ពេល​៦​ម៉ោង​ចុង​ក្រោយ​ពួក​គេ​កើត​រោគ​រលាក​សួត​ធ្ងន់​ធ្ងរ​បំផុត»។ លិខិត​នោះ​បាន​បន្ត​ថា ” កាំ​រស្មី​X Ray និង​ ស្កេន​CT បាន​បង្ហាញ​ថា ថង់​នៅ​ក្នុង​សួត​ដែល​ប្ដូរ​ខ្យល់​អុក​ហ្សីហ្សែន​ត្រូវ​បាន​បំផ្លាញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ មុន​ពេល​អ្នក​ជម្ងឺ​ស្លាប់”។​ លោក​ ប៊ីត រីច​នើរ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជម្ងឺ​នេះ បាន​ធ្វើ​ឲ្យ​កុមារ​៤៧​នាក់​ស្លាប់។ ១៣​ថ្ងៃ​ក្រោយ​មក​មាន​កុមា​រ១​៣នាក់​ថែម​ទៀត​ បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ព្រម​ទាំង​មាន​ចំនួន​កុមារ​បាន​បន្ត​បាត់​បង់​ជីវិត​ជា​បន្ត​បន្ទាប់។​

អត្ថ​បទ​ដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នំ២០១២

Google Analytics Alternative