មតិ​ជុំវិញ​ការ​អនុវត្ដន៍​ច្បាប់​ចរាចរណ៍​ថ្មី

មាន​ប្រជាពលរដ្ឋ​មិនតិច​ទេ ដែល​សម្ដែង​នូវការ​មិនពេញ​ចិត្ដ​ចំពោះការ​អនុវត្ដន៍​ច្បាប់​ចរាចរណ៍​ថ្មី ជាពិសេស​ទង្វើ​របស់ បណ្ដាមន្ដ្រី​ប៉ូលិស​ចរាចរណ៍​មួយចំនួន ដែលធ្វើ​ប្រតិបត្ដិការណ៍​ចុះផាក​ពិន័យ​ជាប្រាក់​ចំពោះ​បណ្ដា​យានយន្ដ​ទាំងឡាយ​ណាដែល​អនុវត្ដ ខុសពី​ការចែង​នៅក្នុង​ច្បាប់​ថ្មីនេះ។

រូបភាពទស្សនាវដ្ដីសុខភាបយើង

បន្ទាប់ពី​បានចេញ​សេចក្ដី​ប្រកាសឱ្យ​ប្រើប្រាស់ និង​អនុវត្ដនូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មីដែល​អនុម័ត​ដោយអង្គ​ប្រជុំ​គណៈរដ្ឋ មន្ដ្រី កាលពីថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ២០០៥ រដ្ឋសភា​អនុម័ត​នៅថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០០៦ ព្រឹទ្ធសភា​យល់ព្រម​ស្របតាម​ទម្រង់​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៧ និង​ព្រះរាជក្រម​ប្រកាសឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧ រួចមក គេសង្កេត​ឃើញថា​អត្រានៃ ការរង​របួស និងការ​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បានថយ​ចុះមួយ​កម្រិត។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​ភារកិច្ច​សម្របសម្រួល ប្រមូល​កម្លាំង និង​បង្កើន​សហការ រវាងក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​ឯកជន​ផ្សេងទៀត ដើម្បី​ចាត់​វិធានការ​កាត់បន្ថយ​គ្រោះ ថ្នាក់​ចរាចរណ៍​ក្នុង​ទិសដៅ​ការពារ​អាយុជីវិត​ប្រជាជន ការពារ​ការ​ខូចខាត​ទ្រព្យសម្បត្ដិ​រដ្ឋ-ឯកជន និង​ធានា​ឱ្យបាន​រឹងមាំ​នូវ​សន្ដិសុខ សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅតាម​ផ្លូវថ្នល់ ដូចជា​តម្រូវ​ឱ្យ​យានយន្ដ​(ម៉ូតូ)ដាក់កញ្ចក់ ហើយអ្នក​បញ្ជា​យានយន្ដ ត្រូវបំពាក់​ខ្សែក្រវាត់ និងមួក​សុវត្ថិភាព។
ទោះបីជា​យ៉ាងណាក្ដី ការ​អនុវត្ដន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មីនេះ​នៅមាន​កម្រិត​នៅឡើយ។ វិធានការ​ដែលធ្វើ​ការបណ្ដឹង ទៅលើ​ការ​អនុវត្ដន៍ និង​គោរពច្បាប់​ថ្មីនេះ​ឱ្យមាន​តម្លាភាព គេសង្កេត​ឃើញថា​អង្គភាព​បាន​បណ្ដាក់​កម្លាំង​ប៉ូលិស​ចរាចរណ៍​នៅតាម គោលដៅ​មួយចំនួន ដូចជា​ម្ដុំ​កាច់ជ្រុង​ភ្លើងស្ដុប​ជាដើម ដើម្បី​ត្រួតពិនិត្យ និងធ្វើការ​ផាកពិន័យ​ទៅលើ​យានយន្ដ​ទាំងឡាយ​ណាដែល មិនបាន​គោរព និងអនុវត្ដ​ទៅតាម​គោលការណ៍​ដូចដែល​មានចែង​នៅក្នុង​និតិបញ្ញត្ដិ​ច្បាប់​ថ្មីនេះ។

ស្របពេល​ជាមួយគ្នា​ដែលមាន​កម្លាំង​ប៉ូលិស​ឈរចាំ​ត្រួតពិនិត្យ និង​ស្ទាក់ចាប់​យានយន្ដ​ដែលមិន​បានគោរព​ទៅតាម​ច្បាប់ថ្មី នេះ មានមតិ​ប្រជាពលរដ្ឋ​មួយចំនួន​ដែលបាន​ធ្វើការ​រិះគន់​ទៅលើ​សកម្មភាព​ខុសក្រមសីលធម៌​របស់​មន្ដ្រីប៉ូលិស​មួយចំនួន ដែលធ្វើ​ការ ទាមទារ​ផាកពិន័យ​ខុសពី​លក្ខខណ្ឌច្បាប់​ដែលបាន​ចែង។ យោងតាម​លិខិត​មួយច្បាប់​ដែលបាន​ផ្ញើមកកាន់​អង្គភាព​ទស្សនាវដ្ដី សុខភាព យើង បានឱ្យ​ដឹងថា លោក ឌី សុខណា ជា​សាស្ដ្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយដែល​មានទីតាំង​នៅក្នុង​ខណ្ឌ​ទួលគោក រាជ ធានីភ្នំពេញ​បាន​សរសេរថា ខ្ញុំមាន​ការសោកស្ដាយ​យ៉ាងខ្លាំង​ដែលអស់​លោក​មន្ដ្រីប៉ូលិស​មួយចំនួន ដែលបាន​ឆ្លៀតយក​ឱកាស​បំពេញ បេសកកម្ម​ធ្វើជាការ​រកប្រាក់​ចំណូល​ចូលហោប៉ៅ​ផ្ទាល់ខ្លួន​ទៅវិញ។ នៅក្នុង​លិខិតនោះ​បាន​សរសេរ​ទៀតថា ខ្ញុំបាទ​មានការ​ងឿងឆ្ងល់ ណាស់​ថា តើចំនួន​ទឹកប្រាក់​នៅក្នុង​ការផាក​ពិន័យ​មួយ​ករណី​ស្មើប៉ុន្មាន បើ​គ្រាន់តែ​ម៉ូតូខ្ញុំ​មិនមាន​ដាក់កញ្ចក់ រួមទាំង​ខ្ញុំមិន​បានពាក់​មួក សុវត្ថិភាព អស់លោក​មន្ដ្រីប៉ូលិស​ផាកពិន័យ​ខ្ញុំ​រហូតដល់​ទៅមួយ​ម៉ឺនរៀល។ ខ្ញុំមិន​យល់ទាល់​តែសោះ បើសិន​ជាផាកខ្ញុំ​ចំនួនពីរ​ករណី តើមួយ​ករណី​ប៉ុន្មាន? ជាពិសេស​នៅពេល​ផាកពិន័យ​ខ្ញុំ ខ្ញុំសុំឱ្យ​មន្ដ្រីរូប​នោះចេញ​នូវប័ណ្ណ​ផាកពិន័យ​ឱ្យខ្ញុំមួយ​សន្លឹក(រ៉ឺស៊ុយ) តែបែរជាមន្ដ្រី​ប៉ូលិស​រូបនោះ​ឆ្លើយយ៉ាង​ព្រហើន​ផ្ទុយពី​ក្រមសីលធម៌​ថា “ចាំទៅ​យកនៅ​នាយកដ្ឋាន”ទៅវិញ។ ជា​សំណូមពរ​រូបខ្ញុំ​សូមឱ្យ​គ្រប់ មន្ដ្រីប៉ូលិស​ទាំងអស់​កុំយក​ឱកាស​ការងារ​មកធ្វើ្វ​ជាអាជីវកម្ម​រកប្រាក់​ចំណូល​ចូលហៅប៉ៅ ហើយបើ​ធ្វើការ​ផាកពិន័យ​ម្ចាស់​យានយន្ដ​ក៏ សូមមេត្ដា​ជួយចេញ​ប័ណ្ណ​ផាកពិន័យ​ឱ្យ​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ល្ងិតល្ងង់​ផងចុះ។

រូបភាពទស្សនាវដ្ដីសុខភាបយើង

ចំណែក​ឯលោក សាមឿន ជាអាជីវករ​លក់សាច់​ជ្រូក​នៅផ្សារ​អូរឫស្សី​បាននិយាយ​ទាំងទឹកមុខ​ងឿងឆ្ងល់​ថា “ខ្ញុំឆ្ងល់​ណាស់ ថាហេតុ​អ្វីបាន​ជាអស់​លោកប៉ូលិស​ដែលឈរ​ប្រចាំ​ការស្ទាក់​ហៅម៉ូតូ​នៅតាម​ដងផ្លូវ បញ្ចេញ​សកម្មភាព​មើលទៅ​ដូចជា​គ្មាន​សុជីវធម៌ ទាល់​តែសោះ”។ លោកបាន​បន្ដទៀត​ថា “ខ្ញុំបាន​ឃើញផ្ទាល់​ភ្នែក នៅពេល​ដែលលោក​ប៉ូលិស​ហៅអ្នក​បញ្ជា​យានយន្ដ​ឱ្យឈប់ តែ​អ្នក បញ្ជា​យានយន្ដ​នោះមិន​ឈប់ ស្រាប់តែ​លោកប៉ូលិស​រូបនោះ​បានយក​ដំបងវាយ​ទៅលើ​បុគ្គលនោះ”។ ម្យ៉ាងវិញ​ទៀត នៅពេល​ដែល ស្ទាក់ចាប់​បានម៉ូតូ​ដែលគ្មាន​កញ្ចក់ បែរជា​ឃើញម្ចាស់​ម៉ូតូ​ជាមួយ​មន្ដ្រីប៉ូលិស​ធ្វើការ​តថ្លៃគ្នា​ទៅលើ​ចំនួនលុយ​ដែលធ្វើ​ការផាក​ពិន័យ ទាំងនោះ ហាក់បី​ដូចជា​តម្លៃទំនិញ​ក្នុងផ្សារ​ទៅវិញ។

ដោយឡែក​អ្នកស្រី ស៊ីណា ជា​អាជីវករ​លក់​សម្លៀក​បំពាក់​នៅក្នុង​ផ្សារអូឡាំពិក មាន​ប្រសាសន៍​ឱ្យដឹង​ផងដែរ​ថា អ្នក​ស្រីរីករាយ​ណាស់ដែល​បាន​ប្រើប្រាស់​នូវច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មីនេះ ហើយសូម​សរសើរ​ផងដែរ​ចំពោះ​អស់លោក​មន្ដ្រីប៉ូលិស​ដែល ប្រចាំការ​ចាំស្ទាក់​ចាប់ម៉ូតូ​ដែលមិន​បាន​អនុវត្ដ​ទៅតាម​អ្វីដែល​ច្បាប់បាន​ចែង ទោះបី​មេឃក្ដៅ​យ៉ាងណា​ក៏ដោយ​នោះ។ ប៉ុន្ដែ​អ្វីដែល អ្នកស្រី​មិនពេញ​ចិត្ដគឺ​ការផាក​ពិន័យដ៏​លើសលប់ ហើយ​នៅពេល​ដែលអ្នក​ស្រីប្រកែក​មិនព្រម​ឱ្យ ស្រាប់តែ​ប៉ូលិស​នោះសួររក​ប័ណ្ណ សម្គាល់​ម៉ូតូ។ ប៉ុន្ដែអ្នក​ស្រីប្រាប់​ថា មិនបាន​យកជាប់​មក​ជាមួយ​នោះទេ ភ្លាមនោះ​មាន​មន្ដ្រីប៉ូលិស​ម្នាក់​បានដក​ហូតសោរ​ម៉ូតូ ហើយប្រាប់​ថា “បើចង់​បានម៉ូតូ​ត្រូវបង់​ថ្លៃផាក​ពិន័យ ហើយយក​ប័ណ្ណ​សម្គាល់​យានយន្ដ​មកបង្ហាញ​ទើបព្រម​ប្រគល់​ម៉ូតូ​ជូនវិញ។ អ្នកស្រី​បន្ដទៀត​ថា នៅពេល​ដែល​យល់ព្រម​បង់ថ្លៃ​ផាកពិន័យ​ទៅតាម​ចំនួន​ដែល​អស់លោក​ប៉ូលិស​ទាមទារ​រួចហើយ អ្នកស្រី​សុំឱ្យ​ចេញប័ណ្ណ​ផាកពិន័យ ស្រាប់តែ​មាន​ប៉ូលិស​ម្នាក់​និយាយថា “អាញ៉េអាញ៉ៃ​មែន មិនបាច់​និយាយ​ច្រើនទេ ចាំឱ្យ​ទៅយក​ម៉ូតូនៅ​កន្លែងទៅ​(នាយកដ្ឋាន ចរាចរណ៍​ផ្លូវគោក)”។

ទាក់ទង​ទៅនឹង​បញ្ហា​ទាំងអស់​នេះ លោក ទិន ប្រសើរ ប្រធាន​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ក្រុងភ្នំពេញ​បានមាន​ប្រសាសន៍​ថា ការ​អនុវត្ដន៍ និង​គោរព​ទៅតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែលបាន​អនុម័ត​ថ្មីនេះ គឺក្នុង​គោល​បំណង​រក្សា​សុវត្ថិភាព និងការពារ​ទ្រព្យ សាធារណៈ និង​ឯកជន។ លោកបាន​មាន​ប្រសាសន៍​បន្ដទៀត​ថា “ការដាក់​កម្លាំង​ចម្រុះចុះ​ត្រួតពិនិត្យ និង​ឃាត់យានយន្ដ​ដែល​បានប្រព្រឹត្ដ​ខុសពី​ច្បាប់ថ្មី​នេះ គឺដើម្បី​រឹតបន្ដឹង​ឱ្យ​ប្រជាពលរដ្ឋ​ដែលជា​អ្នកបញ្ជា​យានយន្ដ​គ្រប់ប្រភេទ​គោរព​តាមច្បាប់ និងធ្វើ​ឱ្យច្បាប់​មាន តម្លា​ភាព។ ទាក់ទង​ទៅនឹង​ការ​ផាកពិន័យ​ទៅលើ​យានយន្ដ​ខុសច្បាប់ គឺមាន​ការកំណត់​ចំនួនយ៉ាង​ច្បាស់លាស់ ជាក់ស្ដែង​ការ​ផាកទៅ លើការ​មិនដាក់​កញ្ចក់ មិនពាក់​មួក​សុវត្ថិភាព ក្នុងមួយ​ករណី​ចំនួន​៤០០០រៀល​(បួនពាន់រៀល) ហើយ​មន្ដ្រី​ប៉ូលិស​ចរាចរណ៍​ត្រូវ​មាន ចេញ​ប័ណ្ណ​ផាកពិន័យ​ជូនដល់​ម្ចាស់​យានយន្ដ​ដែល​ប្រព្រឹត្ដខុស។ ក្នុង​ករណី​ដែល​មន្ដ្រីប៉ូលិស​មិនបាន​ចេញប័ណ្ណ​ផាកពិន័យ​ជូនម្ចាស់​យាន យន្ដ​ដែលត្រូវ​បានធ្វើ​ការផាក​ពិន័យ​នោះ វាគឺជា​ទង្វើមួយ​ដែល​ខុសច្បាប់”។ លោកបាន​បន្ដទៀត​ថា“រាល់ថ្ងៃ​នេះ ថ្នាក់លើ​បានធ្វើ​ការ រឹតបន្ដឹង​ជានិច្ច​ទៅលើ​មន្ដ្រីប៉ូលិស​ណាដែល​បាន​ប្រព្រឹត្ដ​ខុសពីច្បាប់”។ លោកបាន​កោត​សរសើរ​ដល់ពលរដ្ឋ​ទាំងអស់​ដែលបាន​គោរព​ទៅ តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ហើយសូម​សរសើរ​ដល់គ្រប់​មន្ដ្រីប៉ូលិស​ចរាចរណ៍​ទាំងអស់ ដែលបាន​បំពេញ​ការងារ​យ៉ាងសកម្ម មិន គិត​ពីការ​នឿយហត់ ទាំងការ​ត្រួត​ពិនិត្យ​យានយន្ដ ទាំងការ​ជួយ​សម្រួល​ចរាចរណ៍។

លោក ទិន ប្រសើរ ប្រធាន​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ក្រុងភ្នំពេញ​បានធ្វើ​ការ​សំណូមពរ​ដល់ម្ចាស់​យានយន្ដ​ទាំងអស់ ត្រូវ គោរព និង​អនុវត្ដ​ទៅតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មីនេះ ដើម្បី​ក្នុងគោល​បំណង​រក្សាសុខ​សុវត្ថិភាព ទ្រព្យសម្បត្ដិ​ខ្លួនឯង និង សាធារណៈ។ ហើយ​សូមឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​សហការ​ជួយ​រាយការណ៍ ផ្ដល់​ព័ត៌មាន​ទៅអង្គភាព​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ក្រុង ចំពោះសកម្មភាព​របស់​មន្ដ្រី​ប៉ូលិស​ចរាចរណ៍​រូបណា​ដែល​ប្រព្រឹត្ដខុស​ពី​ក្រមសីលធម៌ ខុសពីច្បាប់​ដែលបាន​ចែង ដើម្បី​ចាត់វិធានការ និង​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​ដូចដែល​បានចែង​នៅក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅក្នុង​មាត្រា​ទី៥៩។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Google Analytics Alternative