ចា រិទ្ធី កាន់​តែ​​ចាស់ កាន់​តែ​សង្ហា

បើគិត​​មកដល់​​ពេល​​បច្ចុប្បន្ន​​នេះ លោក ចា រិទ្ធី បានចូល​​ប្រឡូក​​នៅក្នុង​​អាជីព​​ជាតារា​​សម្ដែង​​ខ្សែ​ភាពយន្ដ​​អស់រយៈ​ពេល​ប្រមាណ​ជា២០​ឆ្នាំ​មក​ហើយ។ វ័យ​ក៏​កាន់​តែ​​ជ្រេ​បន្ដិច​​ដែរ ប៉ុន្ដែ​​សាច់​ឈាម និង​​សម្រស់​​នៅតែ​​ស្រស់​សង្ហា​​ដូច​កាល​ពី​ទសវត្សរ៍ ទី៨០​​ដដែល។ បើ​​ប្រៀបធៀប​​ជាមួយ​​យុវជន​​ជំនាន់​​ក្រោយ​​ក្នុងពេល​​បច្ចុប្បន្ន​​នេះ អាច​​និយាយ​​បានថា​លោក​នៅតែ​អាចឈរ​នៅលំដាប់​ជួរមុខ​ដដែល។ តើលោក​មាន​រូបមន្ដ​ថែរក្សា​សម្រស់​រូបរាង​ពិសេស​ឬយ៉ាងណា បានជា​ជាង២០ឆ្នាំ​ហើយ​នៅតែ​សង្ហា​ដូច្នេះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

បើតាម​​សម្ដី​របស់​លោក ចា រិទ្ធី ដែលបាន​​ជជែក​​ជាមួយ​​អ្នក​យក​​ព័ត៌មាន​​របស់​​ទស្សនា​វដ្ដី សុខភាពយើង កាលពី​​ពេល​កន្លង ទៅថ្មីៗ​នេះបាន​​ឱ្យ​ដឹង​​ថា តាម​ការ​ពិត​លោក​​មិនមាន​​វិធី​​សាស្ដ្រ ឬ​រូបមន្ដ​​អ្វីដែល​​អស្ចារ្យ​​នោះទេ ដោយ​​រាល់ថ្ងៃ​​លោក​​តែងតែ​​អនុវត្ដ​​នូវ វិធី​ខ្លះៗ​​ដូចដែល​​បាន​​រៀបរាប់​​ជូនខាង​​ក្រោមនេះ​​តែ​ប៉ុណ្ណោះ។

ការ​ថែ​រក្សា​​ស្បែក​មុខ

ស្បែកមុខ​​គឺជា​​រឿង​​សំខាន់ និងគួរ​​យកចិត្ដ​​ទុកដាក់​​បំផុត​​សម្រាប់​​រូប​លោក​​ដែល​ជា​តារា។ ចំពោះ​​ស្បែកមុខ​​ដ៏សម៉ដ្ឋ​​របស់ លោក​មិនមាន​អ្វីដែល​ជា​អាថ៌កំបាំង​នោះទេ ដោយ​រាល់ថ្ងៃ​លោកគ្រាន់​តែទទួល​ទាន​ទឹកឱ្យបាន​ច្រើន និងសម្អាត​មុខដោយ​ប្រើផលិតផល​លាងមុខ​ជាប្រចាំ ជាពិសេស​ក្រោយពេល​ដែលលោក​ធ្វើដំណើរ​ទៅឆ្ងាយ​ម្ដងៗ ដើម្បី​សម្អាត​ផ្ទៃមុខ​ក្នុង​គោលបំណង​បញ្ចៀស​ពីការកើត​មុន និង​ស្បែកមុខ​ជ្រីវជ្រួញ​តែ​ប៉ុណ្ណោះ។

ការថែ​រក្សាស្បែក​ដងខ្លួន

ស្បែកមាន​សំណើមម៉ដ្ឋស​រលោង គឺជាលទ្ធ​ផល​ដែលទទួល​បានមក​ពីការ​បរិភោគទឹក​ច្រើន គួបផ្សំ​ជាមួយ​នឹងការ​ប្រើប្រាស់ ផលិតផល​ដែល​សក្ដិសម​ជាមួយ​ប្រភេទស្បែក។ ថ្វីត្បិត​តែលោក​មិនសូវ​ជាឧស្សាហ៍​ទៅធ្វើការ​ម៉ាស្សាស្បែក ឬត្រាំ​ទឹកដោះគោ បក ស្បែក​ដូចជាតារា​មួយចំនួន​យ៉ាងណា​ក៏ដោយ ប៉ុន្ដែ​លោក​តែងតែ​ឧស្សាហ៍​អនុវត្ដ​ទៅតាម​ដំបូន្មាន​របស់​អ្នញជំនាញ​ដែលបាន​ផ្ដល់​ដល់លោក។ ជា​រៀងរាល់​ថ្ងៃ លោក​តែងតែ​ប្រើសាប៊ូ​ដុសខ្លួន​ធម្មតា​នៅពេល​ងូតទឹក ជា​ពិសេសលោក​មិនដែល​បោះបង់​ចោល​នូវការ បរិភោគ​ផ្លែឈើ​ឡើយ។

ការ​ថែរក្សា​សក់

នៅ​ក្នុងនាម​ជាតារា​សម្ដែង មិន​អាចចៀស​ផុត​ពីការ​ប្រើប្រាស់​នូវផលិតផល​លាបសក់​មួយ​ចំនួន ដើម្បី​ជាជំនួយ​ដល់​ការតុបតែង​ម៉ូតសក់​ទេ។ ប៉ុន្ដែ​ទោះបីជា​យ៉ាងនេះ​ក្ដី ក៏សក់​របស់លោក ចា រិទ្ធី នៅតែ​មានសុខភាព​ល្អ និង​មាន​សភាព​ភ្លឺរលោង​ជាប់​ជា​និច្ច។ នេះ​ក៏ដោយ​សារ​តែលោក​កក់សក់​ជាមួយ​សាប៊ូ​ដែលមាន​គុណប្រយោជន៍​សម្រាប់​សរសៃ​សក់ ជួយចិញ្ចឹម​សក់ និង​ការពារ​សុខភាព​ស្បែក​ក្បាល។ ម្យ៉ាង​វិញទៀត​លោកតែង​តែ​កក់​សក់​រៀង​រាល់​២ថ្ងៃម្ដង ជាពិសេស​នៅក្រោយពី​ត្រឡប់​មកពី​សម្ដែង ឬចូល​រួម នៅក្នុង​កម្មវិធី​ផ្សេងៗ​។

ការថែ​រក្សា​សុខភាព​មាត់ធ្មេញ

ចំពោះបញ្ហា​សុខភាព​មាត់ធ្មេញ​គឺជារឿង​សំខាន់​ខ្លាំងណាស់​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ពីព្រោះ​វាជា​គន្លឹះមួយ​ដែល​អាច​សម្រួល​នៅ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ប្រព្រឹត្ដ​ទៅបាន​ល្អ និង​កាន់តែ​មានភាព​ស្និទ្ធស្នាល ជា​ពិសេសស​ម្រាប់​រូបលោក​ជា​តារា និង​សិល្បករ។ ហេតុ​ដូច្នេះ​ហើយ ទើប​រូបលោក​តែងតែ​មានការ​យកចិត្ដ​ទុកដាក់​ទៅលើការ​ថែរក្សា​សុខភាព​មាត់ធ្មេញ​ជាប្រចាំ។ ទោះបីជា​រូបលោក​មានភាព​មមាញឹក​ជាមួយ​ការងារ​យ៉ាងណា​ក៏ដោយ ក៏លោក​មិនដែល​បំភ្លេច​ចោល​នូវ​ការ​សម្អាត​មាត់ធ្មេញ​ដែរ។ រាល់​ថ្ងៃលោក​តែងតែ​ធ្វើការ​សម្អាតមាត់ធ្មេញ​យ៉ាងតិច​ចំនួន​៣ដង ជា​ពិសេស​ក្រោយពេល​ដែលទទួល​ទាន​អាហារ​ជាប្រចាំ។ លើស​ពីនេះ​ទៅទៀត​លោកតែងតែ​ឆ្លៀត​ពេល​ទំនេរ​ទៅពិនិត្យ​សុខភាព​មាត់ធ្មេញ និង​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ពីវិធី​ថែរក្សា។

ការថែ​រក្សាភ្នែក

ភ្នែក​មានសារៈ​សំខាន់​ណាស់​ចំពោះ​មនុស្ស​គ្រប់រូប ដែល​តម្រូវ​ឱ្យមានការ​យកចិត្ដដាក់​ខ្ពស់​បំផុត។ រាល់​ពេលធ្វើ​ដំណើរ​ចេញ​ទៅក្រៅ ​ទោះ​ទីជិត​ឬទី​ឆ្ងាយ លោកបាន​ជ្រើសរើស​យកនូវវិធី​សាស្ដ្រ​មួយ គឺ​ការពាក់​វ៉ែនតា​ការពារពន្លឺ​ព្រះអាទិត្យ ដើម្បី​ជួយ​សម្រួល ដល់ការ​បើកបរ និង​ជួយការពារ​ភ្នែកមិន​ឱ្យមាន​បញ្ហា។ មាន​ពេលខ្លះ​ដែល​ទំនេរ​ពីការងារ លោក​តែងតែ​ឆ្លៀត​ប្រើថ្នាំ​បន្ដក់ភ្នែក។ លើស​ពីនេះ​ទៅទៀត លោក​ក៏ឧស្សាហ៍​ទៅគ្លីនិក​ដើម្បីធ្វើ​ការពិនិត្យ និង​សម្អាត​កញ្ចក់​ភ្នែករៀងរាល់​៣ខែម្ដង។

ការទទួល​ទាន​ចំណីអាហារ

សុខភាពល្អ រាងកាយមាំមួន និងសម្រស់ស្រស់ស្អាត មួយចំណែក​ធំគឺបាន​មកពីការ​បរិភោគចំណី​អាហារ​គ្រប់គ្រាន់ និង​មានផ្ទុក​ទៅដោយ​សារធាតុ​ចិញ្ចឹម សម្បូរ​ទៅដោយ​វីតាមីន​ជាច្រើន​ប្រភេទ។ សម្រាប់​រូបលោក ចា រិទ្ធី ដែល​ជាតារា​សម្ដែង ជើងចាស់ និង​ជាអ្នកគ្រប់​គ្រង​កម្មវិធី​នៅស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ៥ គឺមាន​ភាពមមាញឹក​ជាមួយ​ការងារ​យ៉ាងខ្លាំង ដែល​ធ្វើឱ្យការ ទទួល​ទាន​អាហារ​របស់លោក​មិនសូវ​ជាទៀង​ពេលនោះទេ។ ប៉ុន្ដែ​បើទោះ​ជាយ៉ាង​នេះក្ដី ក៏លោក​នៅមាន​របបអាហារ​បន្ថែម​ពេលយប់ ដើម្បី​បង្គ្រប់ ឬ​ជួនកាល​លោក​ទទួល​ទាន​ទឹកជំនួស​វិញ ចៀសវាង​កុំឱ្យកើត​មានបញ្ហាជម្ងឺ​ឈឺក្រពះ។ លោក​មិនមាន​ការតម ឬរើស ប្រភេទ​អាហារ​នោះទេ គ្រាន់​តែភាគ​ច្រើនលោក​ទទួលទាន​បន្លែច្រើន​ជាងសាច់​តែប៉ុណ្ណោះ។

ការទទួលទាន​ដំណេក

បើ​និយាយ​ពីការទទួល​ទានដំណេក​វិញ ចំពោះ​មុខងារ​ជាអ្នក​បង្កើត និង​គ្រប់គ្រង​កម្មវិធី​ដូចជា​រូបលោក ចា រិទ្ធី ភាគច្រើន គឺមិនបាន​គ្រប់គ្រាន់​នោះទេ។ ប៉ុន្ដែលោក​បាន​ជ្រើសរើស​នូវវិធីសាស្ដ្រ​គេងបង្គ្រប់​នៅពេល​ទំនេរ​ពីការងារ និង​មានការ​ធ្វើលំហាត់​ប្រាណ បន្ដិច​បន្ដួច ដើម្បី​ពង្រឹង​សុខភាព​របស់លោក។

ការ​ហាត់​កីឡា

បើនិយាយ​ពីការធ្វើ​លំហាត់ប្រាណ​វិញ លោក ចា រិទ្ធី ក៏​ជាកីឡាករ​បាល់ទាត់​មួយរូប​ដែរ។ រាល់​ថ្ងៃលោក​តែងតែ​ចំណាយពេល​៣០នាទី​ទៅមួយម៉ោង​ធ្វើលំហាត់​ប្រាណ ដើម្បី​បញ្ចេញញើស​សារធាតុ​ពុល​ចេញពី​រាងកាយ និង​ធ្វើឱ្យសុខភាព​របស់ លោកកាន់​តែ​មាំមួន។​

បណ្ដាំផ្ញើ​របស់​លោក ចា រិទ្ធី

ការទទួលទាន​ចំណីអាហារ ការទទួល​ទានដំណេក និង​សម្រស់​ស្រស់ស្អាត គឺ​ជារឿង​សំខាន់ចំពោះ​មនុស្ស​គ្រប់វ័យ​គ្រប់រូប។ ប៉ុន្ដែការ​ធ្វើលំហាត់​ប្រាណ​រឹតតែ​សំខាន់​ទៅទៀត​ចំពោះ​សុខភាព និង​ជីវភាព​ប្រចាំថ្ងៃ។ សុខភាព​ល្អ រាងកាយ​មាំមួន និង​កម្លាំង ប​រិបូរណ៍ គឺជាប្រការ​មួយដែល​មនុស្ស​គ្រប់រូប​ត្រូវតែយក​ចិត្ដទុក​ដាក់។ ដូច្នេះ​បើចង់​ឱ្យរូបរាង​ស្រស់សង្ហា និង​មានសុខភាព​ល្អ រាងកាយ​មាំមួន គួរ​គប្បីគិត​ទៅដល់​អនាម័យ ទាំង​ចំណីអាហារ ទាំង​ការរស់​នៅប្រចាំថ្ងៃ ជាពិសេស​ជាងនេះទៅទៀត ត្រូវ​ឆ្លៀត ពេល​វេលាដើម្បី​លំហាត់​ប្រាណទើបជាការ​ប្រសើរ។

ប្រវត្ដិ​រូបសង្ខេប

  • ឈ្មោះ ៖ ចា រិទ្ធី
  • អាយុ ៖ ៤១ឆ្នាំ
  • កម្ពស់ ៖ ១,៧៣ម៉ែត្រ
  • ទម្ងន់ ៖ ៧០គីឡូក្រាម
  • ឪពុកឈ្មោះ ៖ ចា ប៊ុនលី
  • ម្ដាយឈ្មោះ ៖ អ៊ំ ខន
  • ប្រពន្ធឈ្មោះ ៖ សុខ លីនណា
  • កូន ៖ ចំនួន២នាក់ ប្រុស១នាក់ និងស្រី១នាក់
  • បងប្អូនបង្កើត ៖ ចំនួន៥នាក់ ស្រី៤នាក់ ប្រុស១នាក់(លោកជាកូនពៅ)
  • កម្រិតវប្បធម៌ ៖ បញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
  • អាជីពបច្ចុប្បន្ន ៖ អ្នកគ្រប់គ្រងកម្មវិធីនៃស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Google Analytics Alternative