ផ្ទះស្អាត​បង្កការ​ជួបជុំ

ពេលវេលា​រស់នៅ​ជុំគ្នា ជាធាតុ​ដ៏សំខាន់​ក្នុងការ​សាង​សុភមង្គល​គ្រួសារ។ ក្រោយពី​បំពេញ​ការងារ​ប្រកប​អាជីវកម្ម និង​កា សិក្សា ការបង្ក​នូវភាព​ស្និទ្ធស្នាល​រវាង​ប្ដីប្រពន្ធ និង​កូនៗ​ជាចំណែក​មួយដ៏​ចាំបាច់​បំផុត។ ដូច្នេះ​លំនៅ​ដ្ឋាន​របស់​លោកអ្នក​ជាទីកន្លែង ដែល​បង្កើត និង​ចងក្រង​អនុស្សាវរីយ៍​គ្រប់យ៉ាង ទាំងភាព​ផ្អែមល្អែម និងភាព​រកាំ​រកូស​ខ្លះផង។ ផ្ទះបាន​រួមចំណែក​ក្នុងការ​រស់នៅរបស់លោកអ្នក​ទាំង​សេចក្ដីសុខ និង​ទុក្ខ។ ទោះបីជា​យ៉ាងណា​ផ្ទះស្អាត​ការ​រៀបចំ​មាន​របៀប​ជាបច្ច័យ​មួយធ្វើ​ឱ្យ​លោកអ្នក​មាន​អារម្មណ៍​ថា គ្មាន​ទីណា​មាន​សេចក្ដីសុខ​សុវត្ថិភាព​ជាងផ្ទះ​របស់​លោកអ្នក​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លេខថ្មី​នេះ ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកនូវ​ចំណុច​គួរ​ពិចារណា​ខ្លះៗនៃ​សារៈសំខាន់​របស់​គេហដ្ឋាន ដែល​ជា ចំណែក​មួយក្នុង​ការ​ទាក់ទាញ​សមាជិក​គ្រួសារ។

លំនៅ​ដ្ឋាន​សំខាន់​យ៉ាងណា​ខ្លះ?

បច្ចុប្បន្ននេះ​មានផ្ទះ​ឈើតូច​ធំ សំណង់​ផ្ទះថ្ម ផ្ទះល្វែង ផ្ទះវីឡា និងវិមាន បង្ហាញ​ម៉ូដថ្មី​ល្អប្លែកៗ ពិសេស​នៅតាម​ទីក្រុង។ ទោះស្ថិត​នៅក្នុង​លំដាប់​ថ្នាក់ណា​ក៏ដោយ ផ្ទះជា​ជម្រក​ដ៏ប្រសើរ​របស់​មនុស្ស​គ្រប់គ្នា ដើម្បី​រស់នៅ​បាន​សមរម្យ​ថ្លៃថ្នូរ។ ផ្ទះជាកន្លែង​រួមសុខ​រួមទុក្ខ​រាល់ថ្ងៃ​នៃគ្រួសារ ផ្ដល់នូវ​ភាព​កក់ក្ដៅ អោប​ក្រសោប​សមាជិក​គ្រួសារ​ឱ្យស្ថិត​ក្រោម​ដំបូល​សុភមង្គល ជួយ​បិទបាំង​រាល់សកម្មភាព​ទាំងឡាយ​ពី​គំហើញ​របស់​មនុស្ស​ដទៃ រក្សា​ទុកនូវ​ទ្រព្យសម្បត្ដិ និងអាថ៌​កំបាំង​ក្នុង​គ្រួសារ បញ្ចៀស​ពី​ធម្មជាតិ ខ្យល់ កម្ដៅ ព្យុះភ្លៀង​ជាដើម។ ផ្ទុយ​ទៅវិញ​នៅពេល​លោកអ្នក​ត្រូវការ​ចូលផ្ទះ តែបែរ​ជាមិន​ចង់ចូល ដោយសារ​តែផ្ទះ​គ្មាន​អនាម័យ គ្មាន​សណ្ដាប់ធ្នាប់។ ប៉ុន្ដែ​លោកអ្នក​ធ្លាប់​ចង់ចូល​ផ្ទះ​នរណា​ម្នាក់ ឬផ្ទះ​ខ្លួនឯង​ផ្ទាល់​ដោយសារ​តែក្នុង​ផ្ទះនោះ​មាន​សោភ័ណភាព មាន បរិយាកាស​ប្រកប​ដោយ​ផាសុកភាព។

លំនៅដ្ឋាន​ដែលមាន​ការ​ទាក់ទាញ

ទីលំនៅ​មាន​គ្រប់លំដាប់​ថ្នាក់ សាងសង់​តាម​លទ្ធភាព សមត្ថភាព​នៃសេដ្ឋកិច្ច​របស់​បុគ្គល​នីមួយៗ។ មាន​លំនៅដ្ឋាន​ធំថ្មីល្អ ស្អាតពិត​ជាសំណាង​មួយផ្នែក​នៃជីវិត។ អ្នកខ្លះ​មាន​លំនៅដ្ឋាន​មិនធំ​ស្កឹមស្កៃ​ទេ ប៉ុន្ដែ​ក៏គួរ​ឱ្យ​រស់នៅ​មាន​សេចក្ដីសុខ។ ដូចនេះ​ការបំពេញ​ភារៈ​ដើម្បី​ឱ្យ​លំនៅដ្ឋាន​មាន​សោភ័ណ​ជានិច្ច ជាកត្ដា​ចាំបាច់​យ៉ាងពិសេស​ក្រៅពីការ​មាន​ទឹកចិត្ដ​ល្អនៃ​សមាជិក​គ្រួសារ។

1 . លំនៅដ្ឋាន​ដែលមាន​ការ​តុបតែង ៖ មិនថា​ផ្ទះតូច​ឬធំ ចាស់ឬ​ថ្មីនោះទេ បើម្ចាស់​គេហដ្ឋាន​ចេះរចនា​ក្បូរក្បាច់​តុបតែងលម្អ មាន​របងព័ទ្ធ ធ្វើ​សួនបែប​គ្រួសារ​ដោយមាន​ដាំផ្កា រុក្ខជាតិ​ហូបផ្លែ​ខ្លះតាម​ទីធ្លា​ទំនេរ​ឱ្យ​ស្រស់បំព្រង នោះពិត​ជាមាន​ការ​ទាក់ទាញណាស់។ បើមាន​ផ្ទះធំ​ស្អាត តែដី​មានកន្លុក​គ្រហិក​គ្រហុក សម្រាម​ស្អេកស្កះ នោះផ្ទះ​នឹង​បាត់បង់​នូវ​សោភ័ណភាព។ ចំពោះ​ផ្ទះល្វែង​គេអាច​បង្កើន​សោភ័ណ​ដោយ​ដាំផ្កា រុក្ខជាតិ​លម្អ​ដាក់ផើង ឬថូ របៀប​ជាអចលន​វត្ថុ។ យើងអាច​ផ្លាស់ប្ដូរ​ទីកន្លែង ឬប្ដូរ​ជំនួស​នូវរបស់​ណា ដែលអាច​ផ្លាស់ប្ដូរ​បាន ដូចជា​ប្ដូរ​ទីតាំង​ទូសៀវភៅ ទូរទស្សន៍ ផើងផ្កា ទីតាំង​គ្រែដេក​ជាដើម ដើម្បី​ឱ្យថ្មី​ប្លែកភ្នែក។ ទីកន្លែង ដែលស្អាត លោកអ្នក​ប្រាកដជា​មិនចង់​ចាកចេញ ចង់​រស់នៅ​ទីនោះ​ជានិច្ច និងគ្មាន​អារម្មណ៍​ធុញទ្រាន់​នោះទេ។

2 . គេហដ្ឋាន​ដែលមាន​សណ្ដាប់​ធ្នាប់ល្អ ៖ ការបោះ​ជំហាន​ចូលផ្ទះ​ស្របពេល​ដែល​កំពុង​នឿយហត់​ក្រោយមក​ពីសិក្សា ឬ បំពេញ​ការងារ​ផ្សេងៗ​នោះ បុគ្គល​គ្រប់រូប​ពិតជា​មិនចង់​ឃើញនូវ​ភាពគ្មាន​សណ្ដាប់ធ្នាប់​ក្នុងផ្ទះ​ទេ។ បើមាន​បញ្ហានេះ​កើតឡើង លោកអ្នក​ពិតជា​ចង់​ចាកចេញ​ទៅវិញ​មួយ​រំពេច។ ដូច្នេះការ​រៀបចំ​ផ្ទះឱ្យ​មាន​របៀប​ទៅតាម​ប្រភេទ​នៃសម្ភារ​ប្រើប្រាស់ ដូចជា​ឧបករណ៍ ផ្នែក​ចង្ក្រាន​ជើងឆ្នាំង សៀវភៅ​អាន​ជាដើម។ ក្នុង​បន្ទប់ដេក​ស្អាត និងមាន​សណ្ដាប់​ធ្នាប់ ក៏ជា​ចំណែក​ដ៏សំខាន់​មួយ​ផ្សេងទៀត​ដើម្បីឱ្យ លោកអ្នក​មាន​អារម្មណ៍​ថា ចង់ចូល​ទៅ​សម្រាក គួរឱ្យ​ចង់​រស់នៅ ចង់អាន​សៀវភៅ​នៅទីនោះ និង​ចង់សាង​អនុស្សាវរីយ៍​ផ្អែមល្ហែមជាដើម។

3 . លំនៅដ្ឋាន​ដែលមាន​បរិយាកាស និង​អនាម័យល្អ ៖ ការ​សម្រាក​ផ្លូវ​កាយក្ដី ប្រព័ន្ធ​ខួរក្បាល​ក្ដី ត្រូវការ​ជាចាំបាច់ នូវទីកន្លែង​ដែលមាន​ផាសុកភាព មានខ្យល់​អាកាស​ចេញចូល ពុំមាន​ក្លិនខារ ក្លិនស្អុយ​ផ្សេងៗ និងមាន​អារម្មណ៍ថា​ទើសមុខ ទើស ក្រោយ ពិសេស​បន្ទប់​ដំណេក។

ថ្វីបើ​សោភ័ណភាព​នៃ​គេហដ្ឋាន​ជា​ចំណែក​តូចមួយ ប៉ុន្ដែបាន​រួមចំណែក​យ៉ាង​សំខាន់​ដើម្បី​បង្កការ​ជួបជុំ​នៃ​សមាជិក​គ្រួសារ មាន​សណ្ដាប់​ធ្នាប់ល្អ រស់នៅ​ជាមួយ​គ្នាយ៉ាង​ស្និទ្ធស្នាល ស្របនឹង​ពាក្យមួយ​ឃ្លាទៀត​ថា“ទេវតា​នឹងនៅ​ថែរក្សា​ផ្ទះណា​ដែលស្អាត ឱ្យ មាន​សេចក្ដី​សុខ​ចម្រុង​ចម្រើន”។ លើសពី​នេះក៏​អាចបង្ក​ឱ្យមាន​ការ​ស្រឡាញ់​រាប់រក​ទៅមក​នៃញាតិ​មិត្ដ​ផងដែរ។

ផល​ប៉ះពាល់​នៃ​លំនៅដ្ឋាន​កខ្វក់

បើ​លំនៅដ្ឋាន​ខ្វះ​សោភ័ណ គ្មាន​សណ្ដាប់​ធ្នាប់ គ្មាន​អនាម័យ និង​មានក្លិន​មិនល្អ​ពី​របស់​របរ​ប្រើប្រាស់ ដូចជា​ក្លិនផ្អាប់​នៃ ក្រណាត់ ខោអាវ ស្បែកជើង បន្ទប់ទឹក សម្រាម និង​កាកសំណល់​ផ្សេងៗ ដែលវា​ងាយបង្ក​ឱ្យមាន​ជម្ងឺ​ឈឺក្បាល និងងាយ​ឆ្លងជម្ងឺផ្សេងទៀត តាមរយៈ​ការចម្លង​នៃ​សត្វល្អិត ដូចជា​មូស រុយ កន្លាត កណ្ដុរ​ជាដើម។ ម្យ៉ាងទៀត​ក៏ងាយ​ធ្វើឱ្យ​លំនៅដ្ឋាន​ឆាប់ចាស់ឆាប់ ពុកផុយ​ដែរ។ គ្មាន​នរណា​ម្នាក់​ពេញចិត្ដ​នឹង​រស់នៅ​ជាមួយ​ភាពស្មោក​គ្រោក ភាព​រញ៉េរញ៉ៃ និងឥត​សណ្ដាប់​ធ្នាប់​នោះទេ។ កត្ដា​ទាំងនេះ នឹង​នាំឱ្យ​សមាជិក​គ្រួសារ​ដើរចេញ​ក្រៅផ្ទះ មាន​គម្លាត​នៃការ​ជួបជុំ ភាព​ស្និទ្ធស្នាល និង​កក់ក្ដៅ។ ការចេញ​ក្រៅផ្ទះ​ច្រើន អាច​ជាមូលហេតុ​នៃការ​ប្រព្រឹត្ដ​អំពើ​មិនល្អ ងាយធ្លាក់​ចូលក្នុង​ការ​អូសទាញ និងងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ជាយ​ថាហេតុ។

បណ្ដាំ​ផ្ញើ

“ទឹកត្រជាក់​ត្រីកុំ”ន័យធៀប​នៅក្នុង​ឃ្លានេះ​ក្រៅពី​កត្ដា​បង្កការ​ជួបជុំ​ដោយ​ផ្លូវចិត្ដ ក្ដី​ស្រឡាញ់ និង​មនោ​សញ្ចេតនា ទីកន្លែង ជួបជុំ ក៏ជា​មូលហេតុ​រួមផ្សំ​មួយដែរ។ ជាទូទៅ​គេ​តែងចង់​បង្ក​រាល់ការ​ជួបជុំ​នៅទីកន្លែង​ដែលមាន​សោភ័ណ​ស្រស់ស្អាត បរិយាកាស​ល្អ និងមាន​អនាម័យ​ល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Google Analytics Alternative