វិធីសាស្ដ្រ​កែ​ដំណើរ​ដើរ

ចលនា​ធ្វើដំណើរ​សមសួន​ស្វាហាប់​ជាការ​រួមចំណែក​មួយយ៉ាង​សំខាន់ ដើម្បី​ធ្វើឱ្យ​សម្រស់​កើនបាន​មួយ​កម្រិត​បន្ថែម​ទៀត ។ ប្រសិនបើ​លោកអ្នក​មាន​ដំណើរ​ខុសពី​ធម្មតា លោកអ្នក​ពិតជា​ទទួលបាន​នូវ​ប្រតិកម្ម​ភ្លាមៗ​ពីសំណាក់​អ្នកនៅ​ជុំវិញ​ខ្លួន។ មានការ​លំបាក​បន្ដិច​ក្នុងការ​កែ​ដំណើរ ព្រោះ​ស្ទើរតែ​ក្លាយទៅ​ជាទម្លាប់​ដែលមិន​អាចកែ​បានទៅ​ហើយ។ ក៏ប៉ុន្ដែ​បើមាន​ការ​ព្យាយាម និង​ការតាំងចិត្ដ​យ៉ាងមុត​មាំនោះ ឧបសគ្គ​មិនជា​បញ្ហាចោទ​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ចម្ងល់​ទាំងនេះ​លោកអ្នក​អាច​ស្វែងយល់​បានតាម​រយៈ​ទស្សនាវដ្ដី សុខភាពយើង ដោយមាន​ការ​បកស្រាយ​ពី​លោកស្រី សាពណ៌ នាយិកា​សាលា​បង្ហាញ​ម៉ូតសាពណ៌។

ដំណើរ​ដែល​សក្ដិសម

ប្រសិនបើ​លោកអ្នក​មានរូប​សម្បត្ដិ​សក្ដិសម​ស្រស់ស្អាត គួរតែ​ធ្វើឬ​ដើរ​ដំណើរ​ឱ្យមាន​លក្ខណៈ​សមសួន គួរជា​ទីទាក់ទាញ​ពី មជ្ឈដ្ឋាន​ខាងក្រៅ។ លោកអ្នក​គួរ​ដើរឱ្យ​មើលទៅ​មានភាព​ស្វាហាប់ ដោយបោះ​ជំហាន​ឱ្យអស់ និង​លឿនមិន​ទុយមុយ។ ដើរមើល​ទៅមុខ​ដោយភាព​ក្លាហាន មិនត្រូវ​ឈ្ងោកមើល​ក្រោម។ ជាពិសេស​ត្រូវដើរ​ដោយ​រក្សាជើង​ឱ្យត្រង់​នៅរាល់​ពេល​បោះជំហាន​ម្ដងៗ មិនត្រូវដើរ​ជើងកែក ឬជើង​ទាកាប៉ា​ឡើយ ព្រោះអាច​ធ្វើឱ្យ​ដំណើរ​មិនស្អាត ធ្វើឱ្យ​អ្នកនៅ​ជុំវិញ​រិះគន់​ដោយ​ប្រការ​ណាមួយ។

មូលហេតុ​នៃការ​កែ​ដំណើរ

ប្រសិនបើ​លោកអ្នក​នាងមាន​ដំណើរ​មិន​ប្រក្រតី ដូចជា​ដំណើរ​ជើង​ទាកាប៉ា ជើងកែក ដើរមួយៗ​ជាដើម លោកអ្នក​អាច ប្រឈម​ទៅនឹង​ការ​រិះគន់​ពីមជ្ឈដ្ឋាន​ខាងក្រៅ។ ឧទាហរណ៍​លោកអ្នក​ទៅដាក់​ពាក្យ​ធ្វើការ​នៅកន្លែង​ណាមួយ ស្រាប់តែ​លោកអ្នក​នាងធ្វើ​ដំណើរ​មួយៗ​បែប​ទុយមុយ អៀនខ្មាស និងមិន​ស្វាហាប់។ ដូច្នេះ​លោកអ្នក​នាងអាច​នឹងត្រូវ​គេ​រិះគន់​ថា ជាមនុស្ស​ដែល​ធ្វើការ យឺតយ៉ាវ​មិន​រហ័ស​រហួន។ ជួនកាល​គេអាច​នឹងមិន​យក​លោកអ្នក​នាង​ធ្វើការ ដោយមើល​ទៅតាម​ដំណើរ ហើយ​ប៉ាន់ស្មាន​ថាលោក អ្នក​នាង​ជាមនុស្ស​មិន​ឆ្លាតវៃ មិនអាច​ធ្វើការ​បាន។ ជាហេតុ​ធ្វើឱ្យ​លោកអ្នក​នាង​ចាញ់ការ​ប្រកួត​ដោយ​មិនទាន់​បានឡើង​សង្វៀន​ផង។ ការ​ប្រឈម​ទាំងនេះ​ជាហេតុ​ផល​មួយ​ដែល​លោកអ្នក​គួរធ្វើ​ការកែ​សម្រួល​ដំណើរ​ឱ្យមាន​លក្ខណៈ​មួយដែល​មើលទៅ​សមរម្យ ឬ​អាច និយាយ​បានថា​កែ​ដំណើរ​យ៉ាងណា​ឱ្យដើរ​ទៅដូច​គេដូច​ឯង​កុំឱ្យ​ដូចពាក្យ​ចាស់មួយ​ពោលថា “មួយស្រុក​មានតែ​មួយ”។

វិធី​សាស្ដ្រ​កែ​ដំណើរ

ការកែ​ដំណើរ​អាចធ្វើ​បានមិន​ប្រកាន់ថា​ក្មេង​ឬចាស់ ប្រុសឬ​ស្រីនោះ​ទេ ឱ្យតែ​មានការ​ព្យាយាម និងអត់​ធ្មត់​ប្រាកដ​ជាអាច ធ្វើបាន​ដោយ​ជោគជ័យ។ លោកអ្នក​អាចកែ​ដំណើរ​បានដោយ​ចំណាយ​ពេលវេលា​ត្រឹមតែ​ពី១ទៅ​២ខែតែ​ប៉ុណ្ណោះ។ អ្វីដែល​ចាំបាច់ ក្នុងការ​រៀនឱ្យ​មាន​ប្រសិទ្ធភាព​នោះ គឺការ​កាត់ផ្ដាច់​នូវទម្លាប់​ដើរពី​មុនចោល ហើយយក​របៀប​ដើរថ្មី​មក​អនុវត្ដន៍​វិញម្ដង។ លោកអ្នក អាច​ស្វែងយល់​ពីរបៀប​កែ​ដំណើរ​៣ប្រភេទ ដែល​ឧស្សាហ៍​ឃើញ​ញឹកញាប់​ជាងគេ​ក្នុង​ជីវភាព​រស់នៅ។

1 . ដំណើរ​ដើរ​ទុយមុយ ៖ ជា​ទូទៅ​អ្នកដែល​ដើរដំណើរ​ប្រភេទ​នេះ ច្រើនតែ​ខ្វះភាព​ក្លាហាន អឹមអៀន​ខ្វះទំនុក​ចិត្ដលើខ្លួនឯង។ ដូច្នេះ​ទាមទារ​ឱ្យអ្នក​ទាំងនោះ បង្កើនភាព​ក្លាហាន​ដោយ​ត្រូវ​បោះជំហាន​ឱ្យ​អស់ជើង ត្រូវដើរ​ឱ្យលឿន ឬ​ស្វាហាប់ និង​មើលទៅមុខឱ្យ​ចំទិសដៅ​ដែល​លោកអ្នក​បម្រុង​នឹងទៅ។

2 . ដំណើរ​ដើរ​ដូចជើង​ទាកាប៉ា ៖ ធម្មតា​ដំណើរ​ប្រភេទនេះ​ច្រើនតែ​ដើរជើង​ទាំង២​ចេញក្រៅ ធ្វើឱ្យ​ដំណើរ​របស់​លោក​អ្នក មើលទៅ​រាងកន្ធែកៗ​ជើង ជាដំណើរ​មើលទៅ​មិនស្អាត​ទាល់តែ​សោះ ដែល​លោកអ្នក​គួរ​ចៀសវាង​ឱ្យខាង​តែបាន។ ដូច្នេះ​គួរតែដើរ​ដោយ​មានការ​បង្រួម​ជើង​ទាំង២​ចូលក្នុង​មកវិញ ដើម្បី​កាត់​បន្ថយ​ការកន្ធែក​ជើង។ សូម​ព្យាយាម​អនុវត្ដ​ឱ្យបាន​ជាប្រចាំ​ហើយបញ្ឈប់​នូវទម្លាប់​ចាស់ចោល លោកអ្នក​ប្រាកដ​ជាអាច​មាន​ដំណើរ​មួយដ៏​ប្រសើរ។

3 . ដំណើរ​ដើរជើង​កែក ៖ ដើម្បីកែ​ដំណើរ​ប្រភេទនេះ​លោកអ្នក​គួរដើរ​ដោយ​បោះជើង​មួយទៅ​មុខឱ្យ​ត្រង់។ បន្ទាប់មកបោះ​ជំហាន​ទៅមុខ​មួយទៀត ដោយ​ជើងទាំងពីរ​ស្របគ្នា។ លោកអ្នក​គួរ​ចៀសវាង​ដើរធ្វើ​ជើងចូល​ក្នុង ព្រោះ​មិនអាច​លុប​បំបាត់ ដំណើរ​ជើងកែក​បានទេ។

អត្ថ​ប្រយោជន៍​នៃការ​កែ​ដំណើរ

ប្រសិនបើ​លោកអ្នក​អាចកែ​ដំណើរ​ខុសឆ្គង​ដូច​រៀបរាប់​ខាងលើ​នេះហើយ ឬ​សម្រាប់​អ្នកដែល​មាន​ដំណើរ​សមរម្យ​ស្រាប់ ក៏​គួរធ្វើ​ការកែ​ប្រែ​លក្ខណៈ​មួយចំនួន​បន្ថែម​ទៀត ជាពិសេស​ចំពោះ​សុភាព​ស្ដ្រីដើម្បី​បង្កើន​ភាព​សិចស៊ី​មួយ​កម្រិតទៀត។ នៅរាល់​ពេល ធ្វើ​ដំណើរ​ដើរ គួរតែ​ដើរឱ្យ​ឆ្អឹង​ខ្នងត្រង់ និង​ពើងដើម​ទ្រូង​ទៅមុខ ព្រោះ​អាចធ្វើ​ឱ្យគូទ​ទយស្អាត។ ការដើរ​បែបនេះ​មិន​ត្រឹមតែ​ធ្វើឱ្យរាង​កាន់តែ​ស្អាតនោះ​ទេ តែថែមទាំង​ធ្វើឱ្យ​ឆ្អឹងខ្នង​រឹងមាំ កាត់​បន្ថយ​ការកោង​ខ្នង​នៅពេល​ចាស់​ជរា​តាម​រយៈការ​ទម្លាប់​ដើរ ឬ​អង្គុយ​នូវឥរិយាបថ​មួយ​ត្រឹមត្រូវ។

ដំបូន្មាន​អ្នក​ប្រឹក្សា

បើ​លោកអ្នក​ដឹងថា​ខ្លួនមាន​ដំណើរ​មិន​សមរម្យ​ហើយនោះ គួរកុំ​បណ្ដែត​បណ្ដោយ​ឱ្យរឿង​ទាំងនោះ​កើត​លើខ្លួន​របស់​អ្នកត ទៅទៀត។ នៅពេល​ដែល​លោកអ្នក​មាន​រូបរាង​ស្រស់ស្អាត​ហើយ​តែអន់​ដំណើរ​នោះ គឺ​ប្រាកដ​ជាធ្វើ​ឱ្យ​លោកអ្នក​បាត់បង់​នូវ​ភាពស្រស់ស្អាត​មួយកម្រិត។ លោកអ្នក​អាចកែ​ប្រែបាន ដោយ​គ្រាន់តែ​រក​គ្រូជំនាញ​បង្ហាត់​បង្រៀន​នូវវិធី​កែដំណើរ​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្ដែ​អ្វីៗ អាស្រ័យ​ទៅលើ​ខ្លួន​របស់​លោកអ្នក​នាង​ផងដែរ ព្រោះ​ត្រូវមាន​ការ​ព្យាយាម ការ​យកចិត្ដ​ទុកដាក់​រៀនសូត្រ និងការ​លះបង់​នូវ​ទម្លាប់ដើរ​ចាស់ចោល ទើប​ជំរុញ​ឱ្យការ​កែប្រែ​ទាំងនោះ​ទទួល​បាននូវ​ជោគជ័យ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Google Analytics Alternative