របៀប​ថែរក្សា​សក់​តាម​ធម្មជាតិ

ស្ដ្រី​ទាំងឡាយ​តែងតែ​ប្រាថ្នា​ចង់បាន​សរសៃ​សក់ទន់​ល្មើយ ស្រស់ស្អាត ងាយស្រួល​សិត។ ដើម្បី​សម្រេច​បាននូវ​បំណង​ប្រាថ្នា​ទាំងនេះ លោកអ្នក​ជាពិសេស​សុភាព​នារី​ត្រូវផ្ដោត​ជាសំខាន់​ទៅលើ​ការថែរក្សា​និងការ​ផ្ដល់​ចំណី​អាហារ​ល្អដល់​សក់។ ការ​ថែទាំ សរសៃ​សក់​ឱ្យបាន​ដិតដល់​ជាប់ជា​ប្រចាំនោះ មិនមែន​មានន័យ​លោកអ្នក​ត្រូវរក​ផលិតផល​ល្អៗមាន​តម្លៃ​ថ្លៃៗមក​ថែរក្សា​ទាំងស្រុង នោះទេ ព្រោះថា​បើមិន​ដូច្នោះ​អ្នកដែល​គ្មានប្រាក់​ប្រាកដ​ជាគ្មាន​ឱកាស​នឹងបាន​សក់ស្អាត​នោះឡើយ។ ការ​ថែរក្សា​សក់តាម​ធម្មជាតិ ឬដោយ​ផលិតផល​ធម្មជាតិ នឹងធ្វើ​ឱ្យ​លោកអ្នក​នាង​ចំណេញ​ទាំង​ពេលវេលា និងប្រាក់​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូមចូល​រួមតាម​ដាន​ទស្សនាវដ្ដី សុខភាពយើង នៅក្នុង​លេខនេះ លោកអ្នក​ជាពិសេស​មិត្ដនារី​ទាំងអស់​នឹងបាន​យល់​អំពីវិធីថែរក្សា​សក់តាម​ធម្មជាតិ​មួយចំនួន តាមរយៈ​ការ​បកស្រាយ​របស់​លោកស្រី គង់ កូលីន អ្នក​ជំនាញ​នៅ​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល វិជ្ជាជីវៈ​សុជាតិ។

ការ​ថែរក្សា​សក់តាម​ធម្មជាតិ

ការប្រើ​ផលិតផល​ធម្មជាតិ​ដើម្បី​ថែរក្សា​សក់គឺ​សំដៅ​ដល់ការ​ប្រើបន្លែ ផ្លែឈើ​ជាដើម ដើម្បីបំប៉ន​ជំនួយ​ដល់​សរសៃសក់​ឱ្យ​រឹងមាំ​ទន់​រលោង​ងាយស្រួល​សិត​ជាដើម។ ការប្រើ​ផលិតផល​ធម្មជាតិ​ទាំងនេះ មិន​ត្រឹមតែ​ធ្វើឱ្យ​លោកអ្នក​ស្រស់ស្អាត​បានដូច បំណង​នោះទេ ថែមទាំង​ជួយ​សន្សំ​សំចៃ​ថវិកា​របស់​លោកអ្នក​មួយចំនួន​ក្នុងការ​ទៅទិញ​ផលិតផល​ដែលមាន​ផ្ទុក​សារធាតុ​គីមី​ទៀត ផង។ ខាងក្រោម​នេះជា​វិធី​មួយចំនួន​ដែលអាច​ជួយឱ្យ​សរសៃសក់​លោកអ្នក​ស្រស់ស្អាត​បាន ៖

1 . សក់ស្អាត​ដោយ​ចេកអំបូង ៖ វិធីនេះ​លោកអ្នក​គ្រាន់តែ​យកចេក​អំបូងមួយ​ផ្លែកិន​ឱ្យម៉ដ្ដ បន្ទាប់​មកយក​ប្រេង​អូលីវ២ ស្លាបព្រា​កាហ្វេ​ដាក់ចូល ហើយ​ច្របល់​ឱ្យសព្វ​សាច់មួយ។ រួចយក​ល្បាយនេះ​មកលាប​លើសក់​ឱ្យសព្វ ចាប់ពី​គល់រហូត​ដល់ចុង ផ្អាប់​​​ទុក​រយៈពេល​ប្រហែល​២០នាទី​សឹមកក់​សក់លាង​សម្អាត​វាចេញ​ដោយទឹក​ត្រជាក់​ធម្មតា នោះ​លោកអ្នក​នឹងបាន​សរសៃ​សក់ទន់ ល្មើយ​ជាមិនខាន។

2 . សក់ស្អាត​ដោយ​ទឹកដោះគោ ៖ ការ​បំប៉ន​សរសៃសក់​ដោយ​ទឹកដោះ​គោជូរ​នោះមិន​មានអ្វី​ពិបាក​នោះទេ គ្រាន់តែ​លោកអ្នក​យក​ទឹកដោះ​គោជូរ​រសជាតិ​សាប​ចំនួន៥​ស្លាបព្រា​បាយ​លាយ​ជាមួយ​ពងមាន់​១គ្រាប់ និង​ទឹកឃ្មុំ​១ស្លាបព្រា​បាយមក​កូរលាយ​បញ្ចូលគ្នា។ រួចហើយ​យកវា​មកលាប​ឱ្យសព្វ​លើសរសៃ​សក់​ក្រោយពេល​កក់រួច ដោយផ្អាប់​ទុកចោល​១៥ទៅ២០​នាទី​ទើបលាង​សម្អាត​ចេញ។ វិធីនោះ​អាចជួយឱ្យ​សរសៃសក់​លោកអ្នក​មាន​សំណើម ធ្វើឱ្យ​សក់មាន​ទម្ងន់ និង​ងាយស្រួល​សិត ព្រមទាំង​អាចជួយ​កែបញ្ហា​សក់​ចំពាក់ កណ្ដាញ់ រលើប​រលោង​ទៀតផង។

3 . សក់ស្អាត​ដោយ​ស្រាបៀរ ៖ សម្រាប់​វិធីនេះ លោកអ្នក​គ្រាន់តែ​យក​ស្រាបៀរ​ចាក់នៅលើ​ក្បាល​ក្រោយពេល​កក់សក់​រួចហើយ​ប្រើម្រាម​ដៃញី​ឱ្យសព្វ​សរសៃ​សក់។ នៅពេល​ដែលញី​រួចទុក​ចោល​ប្រហែល​១០នាទី ឬអាច​រកស្បោង​ប្លាស្ទិក​មករុំ​សក់ក្បាល​ឱ្យជិត។ ដល់ពេល​គ្រប់នាទី​កំណត់​ហើយ លាងទឹក​ចេញឱ្យ​ស្អាត​ដោយមិន​ត្រូវជូត​វានោះ​ទេ គឺទុក​ឱ្យស្ងួត​តាមធម្មជាតិ​ទៅចុះ។ ប៉ុន្ដែ​បើក្នុង​ករណី​លោកអ្នក​ប្រញាប់​អាចប្រើ​ម៉ាស៊ីន​ផ្លុំ ដើម្បី​ផ្លុំសម្ងួត​បានតែ​ត្រូវប្រើ​ខ្យល់​ត្រជាក់​ច្រើនជាង​ខ្យល់ក្ដៅ។ លោកអ្នក​ប្រើវិធី​នេះឱ្យបាន​១ឬ២ដង​ក្នុងមួយ​សប្ដាហ៍ នោះសក់​របស់​លោកអ្នក​នឹងបាន​ល្អប្រសើរ​ឡើងវិញ ព្រោះ​វិធីនេះ​អាចជួយ​បំប៉ន​សរសៃសក់​ដែលស្ដើងឱ្យ​មើលទៅ​ឃើញ​ក្រាស់ និងធ្វើ​ឱ្យសក់​មាន​សុខភាពល្អ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

4 . សក់ស្អាត​ដោយ​ពងមាន់ ៖ ពងមាន់​មិន​ត្រឹមតែ​ផ្ដល់គុណ​ប្រយោជន៍​ចំពោះ​ស្បែក​ប៉ុណ្ណោះទេ តែវា​នៅមាន​ប្រយោជន៍ ចំពោះសក់​ថែមទៀត​ផង។ លោកអ្នក​គ្រាន់តែ​យកពង​មាន់ផ្នែក​ក្រហម​មកលាយ​ជាមួយ​ប្រេងលាប​សក់ចំនួន​២ស្លាបព្រា​កាហ្វេ ឬ​ក៏ អាច​លាយទឹក​ដោះគោជូរ​ក៏បាន ដោយ​បន្ថែម​ទឹកក្រូច​ឆ្មារបន្ដិច​ផង ហើយយក​មកលាប​ឱ្យសព្វ​សរសៃសក់។ រងចាំ​រហូតដល់​១៥នាទីក្រោយ ទើបលាង​សម្អាត​ចេញដោយ​ទឹកត្រជាក់​ធម្មតា។

អ្វីដែល​រៀបរាប់​ជម្រាប​ជូន​លោកអ្នក​នៅខាង​លើនេះ គ្រាន់តែ​ជាវិធី​មួយ​ចំនួន​ប៉ុណ្ណោះ ដើម្បី​ជំនួយដល់​លោកអ្នក​ឱ្យ​ទទួលបាន​សរសៃសក់​ស្រស់ស្អាត ទន់រលោង​ដូចបំណង។

វិធី​គួរប្រតិបត្ដិ​ដើម្បី​ថែរក្សា​សក់

ក្រៅពីការ​ផ្ដល់​អាហារ​ជំនួយដល់​សរសៃ​តាមអ្វី​ដែល​រៀបរាប់​ខាងលើ​នោះហើយ ក៏​លោកអ្នក​ចាំបាច់​ត្រូវ​អនុវត្ដនូវ​គន្លឹះខ្លះៗ មួយចំនួ​ន​ទៀត ដើម្បី​ថែរក្សា​សរសៃសក់​ឱ្យទន់​ល្មើយ។

  • មិនគួរ​សិតសក់​នៅពេល​ដែលសក់​ទទឹក ៖ ប្រការដែល​លោកអ្នក​ចូលចិត្ដ​សិតសក់​នៅពេល​ដែល​សរសៃសក់​ទទឹក​នៅ ឡើយ​នោះ គឺជាការ​បំផ្លាញ​សរសៃសក់​ខ្លួនឯង​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។ ព្រោះវា​ធ្វើឱ្យ​សក់បែក​ចុង ឬដាច់​បានដោយ​ងាយ ដោយសារ​តែក្នុងខណៈ​ដែល​សរសៃសក់​ទទឹក​នោះមាន​ស្ថានភាព​ស្អិតរមួល​ចូលគ្នា ហេតុនេះ​លោកអ្នក​ក៏ត្រូវ​ប្រើកម្លាំង​ដៃខ្លាំង​ដើម្បី​សិតបំបែក ដែលជាដើម​ហេតុធ្វើ​ឱ្យសក់​ខូច។ ប្រសិនបើ​មានការ​ចាំបាច់​ត្រូវសិត លោកអ្នក​គួរប្រើ​ក្រាស់ដែល​មានធ្មេញ​រង្វើល ឬផ្លុំ​សក់ឱ្យ​ស្ងួតទើប​សិតតាម​ក្រោយ។
  • មិនត្រូវ​ឧស្សាហ៍​ផ្លុំ ឬគាប​សក់ ៖ ប្រសិនបើ​លោកអ្នក​ស្រឡាញ់​សក់ លោកអ្នក​មិនត្រូវ​ផ្លុំសក់​ញឹកញាប់​ពេកទេ ព្រោះការផ្លុំ​សក់អាច​ធ្វើឱ្យ​សក់​របស់​លោកអ្នក​បែកចុង​បាន ដោយសារ​កម្ដៅ​របស់​ម៉ាស៊ីន​ផ្លុំ ឬគាប។
  • ការពារ​សក់ពី​កម្ដៅថ្ងៃ ៖ កាំរស្មី​ព្រះអាទិត្យ​អាចបំផ្លាញ​ដល់​បណ្ដូល​សក់បាន ធ្វើឱ្យ​សក់​បែកស្ងួត មាន​ពណ៌ស្លេក។ ដូច្នេះនៅពេល​ដែល​លោកអ្នក​បណ្ដោយ​ឱ្យ​សរសៃសក់​ត្រូវកម្ដៅ​ថ្ងៃ​ញឹកញាប់​ពេកទេ បើចៀស​មិនបាន គួរប្រើ​ក្រែម​ដើម្បី​ការពារ​កម្ដៅដល់សក់។

ដំបូន្មាន​អ្នក​ជំនាញ

ប្រសិនបើ​លោកអ្នក​ចាប់​អារម្មណ៍​ឃើញថា សក់​របស់​លោកអ្នក​ចាប់ផ្ដើម​មានបញ្ហា​ហើយនោះ លោកអ្នក​ចាំបាច់​ត្រូវតែរកវិធានការ​ទប់ស្កាត់​ជាបន្ទាន់ មិនត្រូវ​បណ្ដែត​បណ្ដោយ​នោះទេ។ ព្រោះ​សរសៃសក់​មានការ​ពាក់ព័ន្ធ​យ៉ាងខ្លាំង​ទៅនឹង​សម្រស់​របស់ លោកអ្នក។ បើពេល​វេលា​របស់​លោកអ្នក​មិន​គ្រប់គ្រាន់ លោកអ្នក​អាច​ស្វែងរក​សេវាដែល​គួរទុកចិត្ដ ដើម្បី​ជួយ​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Google Analytics Alternative