បច្ចេកទេស​ដើម្បី​បានកូន​ប្រុស​កូនស្រី​តាម​ចំណង់

លោកអ្នក​មានកូនស្រី​៣នាក់​ហើយ តែចង់​បានកូន​ប្រុស​ម្នាក់ទៀត តើត្រូវ​ធ្វើម្ដេច​ទៅ? ពិតហើយ ពិតជាមាន​បច្ចេកទេស វិទ្យាសាស្ដ្រ ឬ​ចម្លែកៗ។ កលល្បិច​ដើម្បី​បានកូន​ប្រុស ឬកូនស្រី​ដូចបំណង​នេះ ឈរលើ​គោលការណ៍​មួយចំនួន ដូចជា​កាលបរិច្ឆេទ​នៃការ​រួមភេទ របប​អាហារ​ទទួលទាន​ជាដើម។ តើវិធី​ទាំងនេះ​ពិតជាមាន​ប្រសិទ្ធភាព​មែនដែរ​ឬទេ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

សុបិនដ៏​ចំណាស់​មួយនេះ គឺការ​ចង់បាន​កូនប្រុស ឬកូនស្រី​តាម​ចំណង់។ តាំងពី​យូរយារ​ណាស់​មកហើយ មនុស្ស​តែងស្រមៃ សុបិន​ចង់បាន​កូនដែល​មាន​ភេទប្រុស ឬស្រី​តាមតែ​ការ​ប៉ងប្រាថ្នា​របស់​ពួកគេ។ ទោះបីជា​បច្ចេកទេស​មួយចំនួន​ត្រូវបាន​ទទួល​ស្គាល់ជា​លក្ខណៈ​វិទ្យាសាស្ដ្រ​ក្ដី ប៉ុន្ដែ​ត្រូវចងចាំ​ក្នុងចិត្ដ​ថា មិនមាន​បច្ចេកទេស​ណាមួយ​ដែលអាច​ទុកចិត្ដ ឬមាន​ប្រសិទ្ធភាព​១០០%​នោះទេ។ ដើម្បីជា​ជំនួយ​សម្រាប់​លោកអ្នក​អាន ខ្ញុំសូម​លើកយក​វិធីសាស្ដ្រ​ពីរបី​យ៉ាង ដើម្បី​ទទួលបាន​កូនប្រុស​ឬកូនស្រី​តាម​ចំណង់មក​ជម្រាប ជូនគឺ​កាលបរិច្ឆេទ​នៃការ​រួមភេទ របប​អាហារ​ទទួលទាន និង​កម្រិត​ស៊កបញ្ចូល​លិង្គ​ពេលធ្វើការ​រួមភេទ។

តើត្រូវ​រួមភេទ​ពេលណា?

តាមការ​ស្រាវជ្រាវ​បានបង្ហាញ​ថា បើចង់​បានកូន​ប្រុស ប្រសើរ​បំផុត​ត្រូវ​ចាប់ផ្ដើម​រួមភេទ​នៅពេល​មានធ្លាក់​មេជីវិត ឬពីរ បី​ថ្ងៃក្រោយ ប៉ុន្ដែបើ​ចង់បាន​កូនស្រី​ត្រូវ​រួមភេទ​មុនធ្លាក់​មេជីវិត​ពីរបីថ្ងៃ ឬអាច​មុន៥ថ្ងៃ​ជាដើម។ បែបនេះ​ជាបច្ចេកទេស​នៃការ​ចង់ បាន​កូនប្រុស ឬ​កូនស្រី ដោយផ្អែក​ទៅលើ​កាលបរិច្ឆេទ​នៃការ​រួមភេទ។ តើផ្អែក​ទៅលើ​អ្វីទៅបាន​ជាមាន​ការលើក​ឡើងបែប​នេះ?

បើសិនជា​មិនចម្លែក​ពេកទេ បុរាណ​ភាសិតនេះ​ឈរលើ​មូលដ្ឋាន​អត្ដសញ្ញាណ​រូបសាស្ដ្រ​នៃទឹករំអិល​មាត់ស្បូន។ ព្រោះ​ថាទឹករំអិល​ដែលបញ្ចេញ​មកមាន​សភាព​សថ្លា និងអន្ធឹលៗ​នេះ ជួយ​សម្រួល​ដល់ការ​រំកិលខ្លួន​ចូលទៅ​ក្នុងស្បូន​បានយ៉ាង​ងាយ។

ពេញមួយ​វដ្ដរដូវ​ជារៀង​រាល់ខែ កំហាប់នៃ​ទឹករំអិល​មាត់ស្បូន​នេះ​ប្រែប្រួល។ មុនពេល​ធ្លាក់មេជីវិត​អូវុល ស្បៃនៃ​ទឹករំអិលមាត់​ស្បូននេះ ធ្វើជា​រនាំង​ទប់ស្កាត់​ស្ពែមម៉ាតូសូអ៊ីដ មានតែពួក​ស្ពែមម៉ាតូ​សូអ៊ីដ​ដែលធន់​ប៉ុណ្ណោះ ដែលអាច​ឆ្លងកាត់​រនាំងនេះ​បាន។ ពេលដែល​មេជីវិត​អូវុល​កំពុងធ្លាក់ ពេលនោះ​ស្ថានភាព​រនាំង​មាន​សភាព​រលា ហើយរាល់​ស្ពែមម៉ាតូសូអ៊ីដ​ដែលមាន​នៅក្នុង​ទឹកកាម អាច​ឆ្លងកាត់​រនាំងនោះ​បាន​ទាំងអស់។ អាច​និយាយ​បានថា ស្ពែមម៉ាតូសូអ៊ីដ​ទាំងតូច​ទាំងតាច ដែលមាន​លក្ខណៈ​មិនដូច​គ្នាក្ដី​សុទ្ធតែអាច​ហែលចូល​បាន​ទាំងអស់។

ស្ពែមម៉ាតូសូអ៊ីដ​ដែលមាន​ក្រូម៉ូសូមអ៊ិច ដែលអាច​ផ្ដល់​កំណើត​ជាទារក​ភេទស្រី មាន​ដំណើរ​យឺត និងធន់ជាង​ស្ពែមម៉ាតូ សូអ៊ីដ​ដែលមាន​ក្រូម៉ូសូមអ៊ីក្រិច។ ហេតុនេះ​ប្រភេទ​ឬលក្ខណៈ​របស់​ស្ពែមម៉ាតូសូអ៊ីដ​ជាអ្នក​កំណត់​ភេទរបស់​ទារក ឬ​អំប្រ៊ីយ៉ុង។ លក្ខណៈ​ពិសេស​របស់​កាម៉ែត​ទាំងនេះ​ជាអ្នក​សម្រេច និង​កំណត់​ភេទ។

ស្ពែមម៉ាតូសូអ៊ីដ ដែលមាន​ក្រូម៉ូសូមអ៊ីក្រិច ដែលមាន​ល្បឿនលឿន មាន​សន្ទុះស្ទុះ​ឡើង​នៅពេល​រួមភេទ​ដែលធ្វើ​ឡើង ក្រោយ​ពេលមេជីវិត​អូវុលធ្លាក់។ ដោយឡែក​ស្ពែមម៉ាតូសូអ៊ីដ​ដែលផ្ទុក​ក្រូម៉ូសូមអ៊ិច មានសន្ទុះ​នៅពេល​រួមភេទ​មុនមេជីវិត​អូវុលធ្លាក់។

ដូច្នេះ​បើតាម​ការពន្យល់​ខាងលើ អ្វីដែល​ត្រូវធ្វើ​សម្រាប់​លោកអ្នក​គឺកំណត់​ឱ្យបាន​នូវពេល​វេលា​ធ្លាក់​មេជីវិត​អូវុលពិតប្រាកដ។ វិធី​វាស់វែង​ការធ្លាក់​មេជីវិត​អូវុល​ត្រូវធ្វើ​ទៅតាម​ក្រាហ្វិក​សីតុណ្ហភាព ឬការ​ធ្វើតេស្ដ​វិភាគ​ទឹកនោម ដែលជា​វិធីមួយ​ដែលអាច​ជឿជាក់​បានបំផុត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

របបអាហារ​ទទួលទាន បែបណា​ទៅ?

ដើម្បី​ទទួល​បានកូនស្រី អនាគត​ម្ដាយត្រូវ​មាន​របបអាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម និង​មិនសូវ​មាន​អំបិល (សាប)។ ផ្ទុយទៅ​វិញ​បើចង់​បានកូនប្រុស ត្រូវ​ទទួលទាន​ប្រៃ និងគ្មាន​ជាតិ​ប៉ូតាស្យូម។ តើ​វិធីសាស្ដ្រ​ដែល​ពឹងផ្អែក​លើរបប​ចំណី អាហារ​បែបនេះ មាន​ប្រភពពី​ណាមក?

ពេលនេះ​ខុសពី​ករណី​ទាក់ទង​នឹងកាល​បរិច្ឆេទនៃ​ការរួមភេទ គឺជា​លក្ខណៈ​អត្ដសញ្ញាណ​គីមីសាស្ដ្រ​(មិនមែន​លក្ខណៈ​រូប សាស្ដ្រ) នៃ​ទឹករំអិល​មាត់ស្បូន​ដែលត្រូវ​គិតគូរ ឬយក​ជាគោលដៅ។ ស្ថានភាព​ប៉េហាស់​(pH) មានលក្ខណៈ​អាស៊ីដ​ក្រៅ​ដំណាក់​កាលធ្លាក់​មេជីវិត​អូវុល ហើយ​ប៉េហាស់​នេះក្លាយ​ជាបាស​ក្នុង​រយៈពេល​វដ្ដរដូវ​ប៉ុន្មាន​ថ្ងៃនោះ ពេលនោះ​ហើយ​ដែលជា​ឱកាស​ជំរុញ​ឱ្យមានការ​រត់ចូល​នៃ​ស្ពែមម៉ាតូសូអ៊ីដ​ទៅក្នុង​ស្បូន​ដែលឈាន​ទៅការ​បង្ក​កំណើត​បាន​យ៉ាងងាយ។

ចំណី​អាហារ​ពិសេស​ណាមួយ​របស់ស្ដ្រី​ជាម្ដាយ​អាចធ្វើ​ឱ្យមាន​ការ​ប្រែប្រួល​ប៉េហាស់​នេះបាន​ខ្លះ និងជួយ​សម្រួល​ដល់​ដំណើរ រត់ចូល​របស់​ស្ពែមម៉ាតូសូអ៊ីដ​ប្រភេទ​ណាមួយ​បាន។ របប​អាហារ​ដែលមិន​សូវមាន​ជាតិអំបិល​(សាប) និង​សម្បូរ​ជាតិ​កាល់ស្យូម អាច ធ្វើឱ្យ​ទឹករំអិល​មាត់ស្បូន​មាន​លក្ខណៈ​អាស៊ីដ ដែលផ្ដល់​ឱកាស​ឱ្យតែ​ស្ពែមម៉ាតូសូអ៊ីដ ឬ​កាម៉ែត​ដែលផ្ទុក​ក្រូម៉ូសូមអ៊ិច ដែលមាន សភាព​ធន់ អាច​ឆ្លងកាត់​បានតែ​ប៉ុណ្ណោះ។ ដូច្នេះ​បើចង់​បាន​កូនស្រី សូមទទួល​ទាន​ចំណី​អាហារ​ប្រភេទ​ទឹកដោះ បន្លែ​បៃតង សាច់ត្រី និង​ស៊ុត។ ចំណី​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​អំបិល(ប្រៃ) និងជាតិ​ប៉ូតាស្យូម ធ្វើឱ្យ​ប៉េហាស់​ប្រែប្រួល​តិចតួច​បំផុត។ ក្នុង​បរិស្ថានប៉េហាស់​នេះ មានតែ​ស្ពែមម៉ាតូសូអ៊ីដ​ទេដែល​ទ្រាំទ្រ​ស្ថានភាព​បាស ឬ​អាល់កាឡាំង​នៅក្នុង​ទ្វារមាស និង​ស្ពែមម៉ាតូសូអ៊ីដ​ដែល​មានល្បឿនលឿន​ជាងគេ​ប៉ុណ្ណោះ ដែលអាច​រត់ចូល​ទៅធ្វើ​ការ​បង្ក​កំណើត​បាន។ ដូច្នេះ​បើចង់​បាន​កូនប្រុស សូម​ទទួលទាន​ចំណី​អាហារប្រភេទ​សាច់​រាងឆៅ សាច់សត្វ និងសាច់​ត្រីអាំង ឬឆ្អើរ ឬដុត។

ចុះកម្រិត​ស៊កបញ្ចូល​លិង្គក្នុង​ពេល​រួមភេទ?

ក្រៅពី​កាលបរិច្ឆេទ​នៃការ​រួមភេទ និងរបប​ចំណី​អាហារ កម្លាំងឬ​កម្រិត​ស៊កបញ្ចូល​លិង្គ​ក្នុងពេល​រួមភេទ​ក៏ដើរ​តួនាទី​សំខាន់ផងដែរ។ ការ​ស៊កបញ្ចូល​លិង្គ​ទៅក្នុង​ទ្វារមាស​មិនសូវ​ជ្រៅ(រាក់)​នៅពេល​រួមភេទ ក្នុង​ដំណាក់​កាលធ្លាក់​មេជីវិត​អូវុល អាចសម្រួល​ឱ្យតែ​ស្ពែមម៉ាតូសូអ៊ីដ​រត់ចូល​បានវែង​ឆ្ងាយ ដោយ​មិនអស់​កម្លាំង។ នៅក្នុង​លក្ខខណ្ឌ​នេះ ស្ពែមម៉ាតូសូអ៊ីដ​ដែលផ្ទុក​ក្រូម៉ូសូមអ៊ិច ហើយដែលធន់​ជាងគេ អាចទៅ​ជួប​មេជីវិត​អូវុល សម្រាប់​បង្ក​កំណើត​ជាមួយ​គ្នាបាន​ប្រសើរ។ ផ្ទុយ​ទៅវិញ ការស៊ក​បញ្ចូលលិង្គ​ទៅក្នុង​ទ្វារ មាសក្នុង​កម្រិត​ធម្មតា ឬ​រាងជ្រៅ​ផ្ដល់ឱកាស​ឱ្យមាន​ផ្ទៃពោះ ឬ​គភ៌​ជាកូនប្រុស​ច្រើនជាង។

បណ្ដាំ​ផ្ញើ ៖ លោកអ្នក​បានជ្រាប​ហើយ​អំពី​បច្ចេកទេស​ដែលអាច​ផ្ដល់​កំណើត​ជា​កូនប្រុស និង​កូនស្រី​តាម​ចំណង់។ ទោះជា​ក្នុង​ករណីណាក្ដី សូមកុំ​ភ្លេចថា​គ្មានវិធី​ណាមួយ​ដែលផ្ដល់​ប្រសិទ្ធភាព​១០០%​នោះទេ ហើយ​ទារក​ឬបុត្រធីតា​ដែលផ្ដល់​សុភមង្គល​ដល់គ្រួសារ លោកអ្នក​មិនមែន​ចាំតែ​កូនប្រុស ឬ​កូនស្រី​នោះទេ។

នៅពេល​ខាងមុខ ទស្សនាវដ្ដី សុខភាពយើង នឹងបន្ដ​ស្រាវជ្រាវ និង​លើកយក​បទពិសោធន៍ ចំណេះ​ដឹង និងការ​ស្រាវជ្រាវថ្មីៗ​ទៀត ទាក់ទង​នឹងការ​ចង់បាន​កូនប្រុស និង​កូនស្រី​នេះ មក​ជម្រាប​ជូនជា​បន្ដទៅ​ទៀត។
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Google Analytics Alternative