រលាក​ក្រពេញ​ទឹកដោះ

លោកអ្នក​ពិតជា​ធ្លាប់បាន​ឮអំពី​ជម្ងឺ​រលាក​ក្រពេញ​ទឹកដោះ​ជាមិនខាន​ឡើយ។ ជម្ងឺនេះ​កើតនៅ​លើស្ដ្រី​ពេញវ័យ និង​ស្ដ្រីវ័យ ចំណាស់​ដែលជិត​អស់រដូវ។ ជម្ងឺ​រលាក​ក្រពេញ​ទឹកដោះ​មិនមែន​ជាជម្ងឺ​ដែលចេះ​តែកើត​ឡើងដោយ​ឯកឯង​នោះទេ ហើយក៏​មិនមែន ជាជម្ងឺ​ដែលឆ្លង​ពីមនុស្ស​ម្នាក់ទៅ​មនុស្សម្នាក់​ដែរ ហើយក៏​មិនមែន​ជាជម្ងឺ​សួពូជ​ដែរ។ ស្ដ្រីដែល​ធ្វេសប្រហែស​មិនបាន​យកចិត្ដ​ទុកដាក់ ថែទាំ​សុដន់​ខ្លួនឯង អាច​ប្រឈម​មុខនឹង​ជម្ងឺនេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ អនុប្រធាន​មន្ទីរពេទ្យ​មិត្ដភាពខ្មែរសូវៀត បកស្រាយ​អំពី​ជម្ងឺ​រលាក​ក្រពេញ ទឹកដោះ​នេះ តាមរយៈ​ការជួប​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

រលាក​ក្រពេញ​ទឹកដោះ ជាអ្វី?

រលាក​ក្រពេញ​ទឹកដោះ គឺជា​ការកើត​ឫសនៅ​កន្សោម​ដោះ ធ្វើឱ្យ​ស្ដ្រីមាន​អាការក្ដៅ​ខ្លួនខ្លាំង និងមាន​សុខភាព​ទន់ខ្សោយ។ ជាញឹកញាប់​រលាក​ក្រពេញ​ទឹកដោះ​កើតនៅ​លើស្ដ្រី​ពេញវ័យ ហើយជួន​កាលស្ដ្រី​ដែលជិត​អស់រដូវ​ក៏ជួប​ប្រទះ​បញ្ហា​រលាក​ក្រពេញ​ទឹក ដោះ​នេះដែរ។ រលាក​ក្រពេញ​ទឹកដោះ​ត្រូវបាន​ចែកចេញ​ជាពីរ​ប្រភេទ គឺរលាក​ក្រពេញ​ទឹកដោះ​ពេលគ្មាន​កូន ឬក្រៅ​ការ​បំបៅកូន និង​រលាក​ក្រពេញ​ទឹកដោះ​ពេល​បំបៅកូន។

មូល​ហេតុ​រលាក​ក្រពេញ​ទឹកដោះ

មូលហេតុ​ដែលស្ដ្រី​មានការ​រលាក​ក្រពេញ​ទឹកដោះ​គឺបណ្ដាល​មកពី​មូលហេតុ​មួយចំនួន។

  • ស្ដ្រីមាន​ទឹកដោះ​ច្រើន​ហួស​តម្រូវ​ការពេក ធ្វើឱ្យ​មានការ​ច្រាល​ទឹកដោះ​ហៀរ​ចេញមក និង​រួមផ្សំ​ជាមួយ​ការហើម​សរសៃ ឈាម​សុដន់ ធ្វើឱ្យ​សុដន់​ហើមឡើង​រឹង ជាហេតុ​ធ្វើឱ្យ​ស្ដ្រីមាន​ការ​រលាក​ក្រពេញ​ទឹកដោះ។
  • ស្ដ្រីមាន​អាការ​ក្ដៅខ្លួន​ខ្លាំងពេក ដែលមាន​សីតុណ្ហភាព​ចាប់ពី​៣៩ទៅ​៤០អង្សាសេ ធ្វើឱ្យ​ស្ដ្រីមាន​ការ​ឈឺចាប់​យ៉ាងខ្លាំង សុដន់​ឡើងរឹង​តែម្ដង វាក៏ជា​មូលហេតុ​ដែលធ្វើ​ឱ្យស្ដ្រី​មានការ​រលាក​ក្រពេញ​ទឹកដោះ​ផងដែរ។
  • ស្ដ្រីមិន​បានយក​ចិត្ដទុក​ដាក់ថែ​ទាំសុដន់​ខ្លួនឯង​ឱ្យបាន​ស្អាត ធ្វើឱ្យ​មានមេរោគ​ជ្រៀតចូល​ក្នុងរន្ធ​ចុងសុដន់ រួមផ្សំ​ជាមួយ នឹងការ​ប្រេះនៅ​ចុងសុដន់ វាក៏ជា​ហេតុធ្វើ​ឱ្យស្ដ្រី​មានការ​រលាក​ក្រពេញ​ទឹកដោះ​ដែរ។

រោគ​សញ្ញា​នៃការ​រលាក​ក្រពេញ​ទឹកដោះ

រលាក​ក្រពេញ​ទឹកដោះ​អាចសម្គាល់​បានដោយ​សម្អាង​ទៅលើ​កន្លែងដែល​រលាក​ឡើងរឹង ហើយ​មានការ​ឈឺចុកចាប់​នៅជុំវិញ​សុដន់ និង​រួមផ្សំ​ជាមួយ​ការឡើង​កូនកណ្ដុរ​នៅត្រង់​ក្លៀក ហើយក្នុង​ដំណាក់​កាលនោះ​ពុំមាន​ឃើញខ្ទុះ​នៅក្នុង​ទឹកដោះ​ទេ។ មានការ​ឈឺនៅ​ចុងសុដន់​ឡើង​ខ្ទោកៗ និងមាន​ការ​រលាក​នៅសើស្បែក​សុដន់។ មានការ​ចេញឈាម​តាមរន្ធ​ចុង​សុដន់ ហើយ​​មានលក្ខណៈ​រឹងនៅ​ចុងសុដន់​ទៀតផង។ សុដន់​ឡើងរឹង ហើយមាន​ការ​ឈឺចុក​ចាប់​នៅពេល​ដែលស្ដ្រី​មាន​អាការ​ក្ដៅខ្លួន​ខ្លាំងអាច​មានសីតុណ្ហភាព​រហូតដល់​៤០អង្សាសេ។

វិធី​ព្យាបាល​រលាក​ក្រពេញ​ទឹកដោះ

ការ​ព្យាបាល​រលាក​ក្រពេញ​ទឹកដោះ ត្រូវយោង​ទៅតាម​មូលហេតុ​នីមួយៗ។ ការ​រលាក​ក្រពេញ​ទឹកដោះ​ដោយសារ​ការមិន​យកចិត្ដ​ទុកដាក់​ថែទាំ​ដោះ ធ្វើឱ្យ​មាន​មេរោគ​ជ្រៀតចូល​ក្នុងដោះ និង​ដោះឡើង​ហើម ដែល​តម្រូវឱ្យ​ព្យាបាល​ប្រើប្រាស់​ឱសថ​ដើម្បី សម្លាប់​មេរោគ​ដែល​ជ្រៀត​ចូលក្នុង​ដោះ និង​បំបាត់​ការហើម​ដោះ ដើម្បី​ឱ្យដោះ​ស្រកមក​វិញ។

ដំណាក់​កាលចុង​ក្រោយ​ពេលដែល​ស្ដ្រីមាន​ឫសដោះ​នៅកន្សោម​ដោះ ហើយធ្វើ​ឱ្យមាន​អាការក្ដៅ​ខ្លួនខ្លាំង ចុងដោះ​ឡើងឈឺ ខ្ទោកៗ មាន​រលាក​នៅសើស្បែក​ដោះ និងក្នុង​ទឹកដោះ​មានខ្ទុះ ត្រូវ​ព្យាបាល​ដោយធ្វើ​ការ​វះកាត់​ដើម្បី​បង្ហូរ​ខ្ទុះចេញ និងប្រើ​ឱសថ​ដើម្បីបំបាត់​ការ​ឈឺចាប់ និង​បញ្ចុះ​កម្ដៅ។ ចំពោះ​ទឹកដោះ​ច្រើនហួស​តម្រូវ​ការត្រូវ​ច្របាច់​ដោះ ដើម្បី​ឱ្យទឹកដោះ​ចេញ។

វិធី​បង្ការ​រលាក​ក្រពេញ​ទឹកដោះ

មិនជា​ពិបាក​ឡើយ ដើម្បី​ការពារ​ទប់ស្កាត់​ជម្ងឺ​រលាក​ក្រពេញ​ទឹកដោះ គ្រាន់តែ​ស្ដ្រី​ទូទៅ​ត្រូវយក​ចិត្ដទុកដាក់​ថែទាំ​សុដន់ ខ្លួនឯង​កុំឱ្យ​មានមេរោគ​ជ្រៀតចូល​ក្នុងរន្ធ​ចុងសុដន់។ ម្យ៉ាងទៀត​រលាក​ក្រពេញ​ទឹកដោះ​ដំណាក់​កាល​ដំបូង​ពុំបាន​ធ្វើឱ្យ​ស្ដ្រីមាន​ការឈឺ ចាប់​ខ្លាំង​នៅត្រង់​កន្លែង​ដែល​រលាក​ទេ។ ប៉ុន្ដែវា​អាចឱ្យ​យើងដឹង​ជាមុន​បាន​នៅពេល​ដែលយក​ដៃស្ទាប​សុដន់​ទៅដូចជា​រាងឈឺ​អួលតិចៗ ហើយ​សុដន់​ឡើងរឹង និង​នៅត្រង់​ក្លៀក​មានចេញ​កូនកណ្ដុរ​ដែលអាច​បញ្ជាក់ថា​កំពុងតែ​ឈានទៅ​រកជម្ង្ងឺ​រលាក​ក្រពេញ​ទឹកដោះ។ ពេលនោះ​មិនត្រូវ​បណ្ដោយ​ទៅមុខ​ទៀតទេ គឺត្រូវ​ប្រញាប់​ទៅមន្ទីរពេទ្យ ដើម្បី​ជួប​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា ហើយមិន​សូវអស់​ថវិកា​ច្រើនទៀត ព្រោះវា​ទើបតែ​ដំណាក់កាល​ដំបូង។

ផលប៉ះពាល់​នៃការ​រលាក​ក្រពេញ​ទឹកដោះ

ជម្ងឺ​រលាក​ក្រពេញ​ទឹកដោះ​មានផល​វិបាក​ច្រើន​ចំពោះ​ម្ដាយ​និងទារក ដូចជា​ធ្វើឱ្យ​ស្ដ្រីមាន​សុខភាព​មិនល្អ ឡេះឡះ ព្រោះ ក្នុង​ខ្លួនមាន​សីតុណ្ហភាព​ខ្ពស់។ មានការ​ឈឺចុកចាប់​នៅពាស​ពេញ​ផ្ទៃដោះ ជាពិសេស​ឈឺ​នៅត្រង់​ចុងដោះ​ខ្ទោកៗ​ដោយសារ​ដោះឡើង ហើម ហើយក្នុង​ទឹកដោះ​មានខ្ទុះ​ដែលជា​ហេតុធ្វើ​ឱ្យទារក​មិនអាច​បំបៅដោះ​បន្ដទៀត​បាន។ ក្នុង​ខណៈ​នោះដែរ ការមិន​បំបៅ​កូនដោយទឹកដោះ វាជំរុញ​ឱ្យស្ដ្រី​កើតជម្ងឺ​ផ្សេងៗ​ទៀត ដូចជា​មានជម្ងឺ​មហារីក​សុដន់​ជាដើម។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទារក​ដែលមិន​បានបៅ​ដោះ ធ្វើឱ្យ​ទារក​មានសុខភាព​ទ្រុឌទ្រោម​ហើយ​ងាយ​ប្រឈម​មុខនឹង​ជម្ងឺ។ ជាពិសេស​ស្ដ្រីដែល​បានកើត​រលាក​ក្រពេញ​ទឹកដោះ​ហើយ មិន អាច​ឱ្យទារក​បំបៅដោះ​បន្ដទៀត​បាន ត្រូវអស់​ថវិកា​ច្រើនក្នុង​ការព្យាបាល​ជម្ងឺ​ខ្លួនឯង​ផង និងទិញ​ទឹកដោះ​គោ​សម្រាប់​ឱ្យទារក​បៅ។

ដំបូន្មាន​អ្នក​ឯកទេស

មិនថា​តែស្ដ្រី​ពេញវ័យ ឬ​ស្ដ្រីវ័យ​ចំណាស់​ដែលជិត​អស់រដូវ​ទេ ត្រូវចេះ​យកចិត្ដ​ទុកដាក់​ថែទាំ​សុដន់​ខ្លួនឯង​កុំឱ្យមាន​មេរោគ ជ្រៀតចូល​ក្នុងរន្ធ​សុដន់ ដើម្បី​ចៀសវាង​ការកើត​រលាក​ក្រពេញ​ទឹកដោះ។ ម្យ៉ាងទៀត​ប្រសិនបើ​ដឹងថាខ្លួន​មានការ​រលាក​ក្រពេញ​ទឹក ដោះ​ត្រូវប្រញាប់​ទៅជួប​គ្រូពេទ្យ​ឱ្យបាន​លឿន​ជាទី​បំផុត ដើម្បី​ព្យាបាល​ចៀសវាង​មានផល​ប៉ះពាល់​កើតឡើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Google Analytics Alternative