បារី​ផ្តាច់​ជីវិត​ប្រជា​ពល​រដ្ឋ​កម្ពុជា​១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ និង​ក្នុង​មួយ​ថ្ងៃ​៣០​នាក់​

បើទោះ​បី​ជា​ប្រជាពល​រដ្ឋ​កម្ពុជា ក៏​ដូច​ជា​ពិភព​លោក​បាន​ដឹង​អំពី​ផល​ប៉ះ​ពាល់​នៃ​ការ​ជក់​បារី​ក៏​ដោយ​ ក៏​អត្រា​នៃ​អ្នក​ស្លាប់​ដោយ​សារ​ថ្នាំ​ជក់ ឬ​ការ​ជក់​បារី​នៅ​មាន​ចំនួន​ច្រើន​នៅ​ឡើយ។ ការ​ជក់​បារី​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​តែ​ប៉ុណ្ណោះ​ទេ​តែ​ក៏​បណ្តាល​ឲ្យ​បាត់​បង់​លំនឹង​ថវិការ ឬ​ប្រាក់​ចំណូល​គ្រួសារ​ដោយ​សារ​អ្នក​ជក់​ផង​ដែរ។ យោង​តាម​ទិន្ន​ន័យ​តួ​លេខ​របស់​អង្គការ​សុខភាព​ពិភព​លោក​ (WHO) បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឱ្យ​ដឹងថា​ការជក់​បារី​បាន​ឆក់​យក​ជីវិត​ប្រជាពល​រដ្ឋ​កម្ពុជា​ដល់​ទៅ​ចំនួន​មួយ​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។​

រូបភាពគេហទំព័រសុខភាពយើង

ប្រជា​ពល​រដ្ឋ​ខ្មែរ​ទូទៅ​អ្នក​ដែល​មិន​ចេះ​ជក់​បារី​ភាគ​ច្រើន ​គឺ​ជា​អ្នក​នៅ​ទី​ក្រុង និង​នៅ​តាម​ទី​ប្រជុំ​ជន​នានា​ ចំណែក​ឯ​ប្រជា​ពល​រដ្ឋ ឬប្រជា​កសិករ​នៅ​តាម​តំបន់​ជន​បទ​ស្រុក​ស្រែ​ចម្ការ​​ភាគ​ច្រើន សុទ្ធ​តែ​ជក់​បារី​ ដែល​វា​បានក្លាយ​ទៅ​ជា​ទម្លាប់​ របស់​ពួកគា​ត់​ទៅ​ហើយ ។ មាន​អ្នក​ខ្លះនៅ​ពេល​ញៀន​បារី​ខ្លាំង​ពេក ពួក​គាត់​សុខ​ចិត្ត​អត់​បាយ​វា​ប្រសើរ​ជាង​មិន​បាន​ជក់​បារី ​។

ការ​ជក់​បារី​ស្ទើរ​ទៅ​ក្លាយ​ទៅ​ជា​ទម្លាប់​របស់​មនុស្ស​ទៅហើយ​នៅ​លើ​ពិភព​លោក។ បើ​យើង​សង្កេត​មើល​របាយ​ការណ៍​នៃ​ការ​ស្លាប់​ដោយ​សារ​ការ​ជក់​បារី​នៅ​ទូទាំង​ពិភព​លោក នៅ​មិន​ទាន់​មាន​ការ​ថយ​ចុះ​ច្រើន​នៅ​ឡើយ គឺ​កាន់​តែ​មាន​ការ​កើន​ឡើយ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ទៅ​វិញ មិន​ថា​ប្រទេស​នោះ​ជា​ប្រទេស​អ្នក​មាន ឬ​ប្រទេស​អ្នក​ក្រ​ខ្សត់​ក្តី​នោះទេ។ ការ​ជក់​បារី​​បាន​បណ្តាល​ឲ្យ​អ្នក​ជក់​មាន​បញ្ហា​សុខ​ភាព​ និង​ជម្ងឺ​ដូច​ជា៖​

1 . ជ្រុះ​សក់ (Hair Lools)
2 . ភ្នែក​ឡើង​បាយ (Cataracts)
3 . ស្បែក​ជ្រួញ (Wrinkling)​
4 . ការ​ស្តាប់​ថយ​ចុះ (Hearing Lools)
5 . មហា​រីក​ស្បែក (Skin Cancer)
6 . ពុក​ធ្មេញ (Tooth Decay)​
7 . ហើម​សួត (Emphysema)
8 . ពុក​ឆ្អឹង (Osteoporosis)
9 . កើត​ជម្ងឺ​បេះ​ដូង (Heart Disease)
10 . ដំបៅ​ក្រពះ (Stomatch Ulcer)
11 . ម្រាម​ដៃ​មាន​ពណ៌​មិន​ល្អ (Discoloured Fingers)
12 . មហា​រីក​ស្បូន និង​រលូត​កូន (Uterine Cancer and Miscarriage)
13 . ខូច​ទឹក​កាម (Sperm Deformed)
14 . កើត​ត្រជុះ​មាន់ ( Psoriasis)
15 . ដំបៅ​រលួយ ​(Gargerene)
16 . មហា​រីក (Cancer)

បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​ដែល​ហៅ​កាត់​ជា​ភាសា​អង់​គ្លេស​ថា (WHO)ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​នៅ​លើ​​ពិភព​លោក​មាន​មនុស្ស​ស្លាប់​ដោយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ មាន​ចំនួន​ប្រាំ​មួយ​លាន​នាក់ និងប្រាំ​មួយ​សែន​នាក់​ផ្សេង​ទៀត បាន​ស្លាប់ដោយសារ​ការ​ស្រូប​ផ្សែង​បារី​ពី​គេ ។ ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា​ មាន​មនុស្ស​ស្លាប់​ចំនួន​មួយ​ម៉ឺន​នាក់ ហើយ​ថា​ការ​ជក់​បារី​ធ្វើ​ឱ្យ​កើត​ជម្ងឺ​មហា​រីក​សួត ជម្ងឺ​លើស​ឈាម ជម្ងឺ​បេះ​ដូង ហើម​សួត រលាក​ទង​សួត និង​ជម្ងឺ​គ្រោះ​ថ្នាក់​ដល់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ជា​ដើម។ របាយ​ការណ៍​ដដែល​នេះ​បាន​បន្ត​ថា ប្រជា​ពល​រដ្ឋ​កម្ពុជា​ម្នាក់ៗ​បាន​ចំណាយ​ប្រាក់​ចំនួន​មួយ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ដើម្បី​ព្យា​បាល​ជម្ងឺ​ដែល​បង្ក​ឡើង​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ ។ ហើយ​នា​បច្ចុប្បន្ន​នេះ មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ចំនួន​ពីរ​លាន​នាក់​ជា​អ្នក​ជក់​បារី និង​ប្រើ​ប្រាស់​ថ្នាំ​ជក់ ក្នុង​នោះ​មាន​បុរស​ចំនួន​៤២.៥ ភាគ​រយ ស្ត្រី​ជក់​បារី​ចំនួន​៣.៥ ភាគ​រយ និង​អ្នក​ចុក​ថ្នាំ​ចំនួន​ប្រហែល​១៤​ភាគ​រយ។ រី​ឯ​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ជក់​ទាំង​អស់​នោះ មាន​អាយុ​ចាប់​ពី​ដប់​ប្រាំ​បី​ឆ្នាំ​ឡើង​ទៅ។​

បើ​ទោះ​បី​ជា​មាន​អង្គការ​សុខ​ភាព​មួយ​ចំនួន​បាន​ទៅ​ផ្សព្វ​ផ្សាយនៅ​​តាម​តំបន់​ជន​បទ​ស្រុក​ស្រែ​ចម្ការ ដើម្បី​ពន្យល់​ ឬ​ហាម​ប្រាម​ប្រជា​ពល​រដ្ឋ​មិន​ឱ្យ​ជក់​បារី​ដែល​នាំ​ឱ្យ​ខូច​សុខ​ភាព​យ៉ាង​ណា​ក្តី ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​នៅ​តាម​ជន​បទ​ភាគ​ច្រើន​ មិន​បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ឈប់​ជក់​បារី​ឡើយ។ ពួក​គាត់​បាន​និយាយ​ថា ចាស់ៗ​នៅ​ក្នុង​ស្រុក​ភូមិ​គាត់​មួយ​ចំនួន​បាន​ជក់​បារី​រហូតដល់​​អាយុ​ចិត​សិប​ទៅ​ប៉ែត​សិប​ឆ្នាំ​ហើយ​នៅ​តែ​មិន​ឃើញ​ពួក​គាត់​មាន​ជម្ងឺ​តម្កាត់​អ្វី​ផង ឃើញ​តែ​សុខ​ភាព​របស់​ពួក​គាត់​នៅ​រឹង​មាំ​ដដែល​ មិន​ដែល​ឃើញ​មាន​ជម្ងឺ​អ្វី​កើត​ឡើង​ដល់​ពួក​គាត់​ផង។ ការយល់ឃើញ​យ៉ាង​ដូច្នេះ បានបន្តក្តីបារម្ភ និងកត្តា​គ្រោះ​ថ្នាក់ជាច្រើនដល់បញ្ហាសុខភាពរបស់ប្រជា​ពល​រដ្ឋ​កម្ពុជា ដែល​មាន​ទំនៀម​ទម្លាប់​នេះ​ជាប់​រហូត​មក​ដល់​បច្ចុប្បន្ន និង​នៅ​មិន​ទាន់​សាប​រលាប​នៅ​ឡើយ។

​កាល​ពី​ឆ្នាំ​២០១១ បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា​ ចំនួន​មនុស្ស​ដែល​ស្លាប់​ដោយ​សារ​ការ​ជក់​បារី​មាន​ដល់​ទៅ​ជាង​៥​លាន​នាក់​ឯ​ណោះ។ ជម្ងឺ​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​​ស្លាប់​យ៉ាង​ច្រើន​ដោយ​សារ​ការ​ជក់​បារី​និង​ការ​ទទួល​ស្រូប​យក​ផ្សែង​បារី​ដោយ​ពុំ​ដឹង​ខ្លួន​ពីគេ មាន​​ដូច​ជា​ជម្ងឺ​បេះ​ដូង ជម្ងឺ​ដាច់​សសៃ​ឈាម​ខួរ​ក្បាល ជម្ងឺ​មហា​រីក ជម្ងឺ​ថ្លើម និង​ជម្ងឺ​ផ្សេងៗ​ទៀត។ ក្នុង​នោះចំ​​នួន​១ភាគ​៤ ​ឬ​ស្មើ​នឹង​៦០​ម៉ឺន​នាក់ ជា​កុមារ​បាន​ស្លាប់​ដោយ​សារ​ការ​រង​នូវ​ផល​ប៉ះ​ពាល់ ដោយ​ការ​ស្រូបផ្សែ​ងបា​រីពី​អ្នក​ជក់​បារី។​

លោក​វេជ្ជ​បណ្ឌិត យ៉ិល ដារ៉ា​វុធ នាយក​គ្រប់​គ្រង​កម្ម​វិធី​ផ្តួច​ផ្តើម​គ្មាន​ថ្នាំ​ជក់ និង​ការ​លើក​កម្ពស់​សុខ​ភាព​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​ ​ធ្លាប់​​បាន​លើក​ឡើង​ប្រាប់​ដល់​អ្នក​សារព័ត៌​មាន​ក្នុង​ស្រុក​មួយ​យ៉ាង​ដូច្នេះ​ថា“ការ​ជក់​បារី​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​យ៉ា​ងធ្ងន់​ ដូច​ជា​កើត​ជម្ងឺ មហា​រីក​សួត ជម្ងឺ​ហើម​សួត ជម្ងឺ​រលាក​ទង​សួត និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល។ ក្នុង​មួយ​ថ្ងៃៗ​

យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា ចំនួន​សាម​សិប​នាក់​បាន​ស្លាប់​ដោយ​សារ​ជម្ងឺ​មក​ពី​ការ​ជក់​បារី និង​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់។​ អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​តែ​ជម្ងឺ​កើត​មក​ពី​ការជក់បារីនោះ គឺ​មាន​អាយុ​ចាប់​ពី​សាម​សិប​ឆ្នាំ​ឡើង​ទៅ”។​

ថ្នាំ​​ជក់ ឬ​​បារី គឺ​ជា​បុព្វ​ហេតុ​ដ៏​ចម្បង​មួយ​នៃ​មរណភាព​នៅ​លើ​ពិភព​លោក ពោល​គឺ​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​១០​នាក់​ មាន​ម្នាក់​ស្លាប់​ព្រោះ​ឥទ្ធិ​ពល​បារី។ ក្នុង​មួយ​ឆ្នាំៗ ជម្ងឺ​បង្ក​មក​ពី​បារី​និង​ផ្សែង​បារី​ បាន​សម្លាប់​​មនុស្ស​ជិត​៦​លាន​នាក់ នៅ​លើ​ពិភព​លោក​ ក្នុង​នោះ​ជាង​កន្លះ​លាន​នាក់ ជា​មនុស្ស​ស្រូប​ផ្សែង​បារី​ពី​អ្នក​ជក់​បារី។ ដោយ​ឡែក​ចំនួន​នៃ​ជន​រង​គ្រោះ​ អាច​នឹង​កើន​ឡើង​ដល់​៨​លាន​នាក់​ពី​ពេល​នេះ​ដល់​ឆ្នាំ​២០៣០។ ក្នុង​នោះ​ជន​រង​គ្រោះ​ជាង​៨០% ជា​ប្រជាជន​រស់​នៅ​ក្នុង​ប្រទេស​ក្រី​ក្រ ឬ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដែល​មាន​ប្រាក់​ចំណូល​តិច និង​មធ្យម។​

អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative