វិធី​ថែរក្សា​វ៉ែនតា

វ៉ែនតា​ដែល​លោកអ្នក​ប្រើប្រាស់​ជាប្រចាំ គឺមាន​សារៈ​សំខាន់​ណាស់​ក្នុងការ​មើលវត្ថុ​ផ្សេងៗ។ លោកអ្នក​មួយចំនួន​ចេះតែការ​ប្រើប្រាស់​ប៉ុណ្ណោះ ចំណែក​ឯការ​ថែរក្សា​វិញនោះ​មិនសូវ​ជាដឹង​ប៉ុន្មាន​ទេ ដែលជា​ហេតុធ្វើ​ឱ្យ​លោកអ្នក​ត្រូវ​ផ្លាស់ប្ដូរ​វ៉ែនតា​ជាញឹកញាប់។ លោកអ្នក​ខ្លះទៀត​ដឹងពី​ការ​ថែរក្សា​ហើយ តែមិន​បានធ្វើ​ការ​ថែរក្សា​ឱ្យ​ត្រឹមត្រូវ ឬគ្មាន​ពេលវេលា​គ្រប់គ្រាន់​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅលេខ​នេះ ទស្សនាវដ្ដី សុខភាពយើង នឹងធ្វើ​ការជួប​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត អេង គឹមបូរិទ្ធ ឯកទេស​ចក្ខុរោគ​នៃ មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ភ្នំពេញ អំពីការ​ថែរក្សា​វ៉ែនតា​ឱ្យបាន​ល្អ និង​រក្សា​បាន​រយៈពេល​យូរ។

វិធី​ថែរក្សា​កញ្ចក់​វ៉ែនតា

លោកអ្នក​ត្រូវយល់​ដឹងថា វ៉ែនតា​ដែល​ប្រើប្រាស់​រាល់ថ្ងៃ​ជា​ប្រចាំ​នេះ វាមាន​ប្រយោជន៍​ចំពោះភ្នែក​របស់​លោកអ្នក​ខ្លាំងណាស់។ ពេលណា​ដែល​កញ្ចក់​វ៉ែនតា​របស់​លោកអ្នក​មានការ​ឆ្កូត ស្រអាប់ ឬមាន​ធូលី​ដីហុយ នោះ​លោកអ្នក​នឹងមាន​អារម្មណ៍​ថា ពិបាក​ក្នុងការ​សម្លឹង​មើលអ្វីៗ​ផ្សេងៗ ឬមើល​មិនឃើញ​ច្បាស់​ជាដើម។ នេះហើយ​ជាផល​ពិបាក​មួយដែល​លោកអ្នក​ចាំបាច់​ត្រូវតែ ថែរក្សា​ចំពោះ​វត្ថុ​ប្រើប្រាស់​មួយនេះ។

កញ្ចក់​វ៉ែនតា​ដែល​ប្រើប្រាស់​រាល់ថ្ងៃ​នេះ ភាគច្រើន​គឺ​ផលិត​ឡើងពី​ជាតិជ័រ និងពី​ជាតិកែវ។ ទោះបី​ជាយ៉ាង​ណាក៏​ដោយ ក៏ការ​ថែរក្សា និងការ​យកចិត្ដ​ទុកដាក់​របស់វា​គឺ​ប្រហាក់​ប្រហែល​គ្នាតែ​ប៉ុណ្ណោះ។ លោកអ្នក​ត្រូវ​ថែរក្សា​វ៉ែនតា​ឱ្យបាន​ល្អ ដោយ​អនុវត្ដ​ តាមវិធីខ្លះៗ​ដូចខាង​ក្រាមនេះ។

  • មុននឹង​ជូត​កញ្ចក់​វ៉ែនតា ត្រូវ​សម្អាត​ធូលី​ដីចេញ​ពីកញ្ចក់​ជាមុន​សិន ជាមួយ​ទឹកធម្មតា
  • ត្រូវយក​ក្រណាត់​ទន់ស្អាត​មកជូត ដោយ​ប្រើ​កម្លាំង​ដៃថ្នមៗ
  • ពេល​ប្រើប្រាស់​រួចហើយ គួរតែ​យកវា​ដាក់ក្នុង​ប្រអប់​វាវិញ ចៀសវាង​ការធ្លាក់​បែក ឬធូលី​ដីហុយ

ប្រការ​គួរ​ចៀសវាង​ពេល​ប្រើប្រាស់​វ៉ែនតា

អ្នក​ប្រើប្រាស់​វ៉ែនតា​ភាគច្រើន​មិនសូវ​យកចិត្ដ​ទុកដាក់ និង​ថែទាំ​កញ្ចក់​វ៉ែនតា​ប៉ុន្មានទេ ពេលដែល​ឃើញ​វ៉ែនតា​ប្រឡាក់ ដីនោះតែងតែ​យកមក​ជូតនឹង​អាវ ឬ​ក្រណាត់​កខ្វក់​ជាដើម។ ហើយក៏​ឃើញមាន​ការធ្វេស​ប្រហែស​ចំពោះ​ការទុក​ដាក់ក៏​ដូចជា​ការពាក់ ឬ​ដោះវ៉ែនតា​ជាដើម។ មាន​ប្រការ​មួយចំនួន​ដែលយើង​គួរយល់​ដឹង​ទាំងអស់​គ្នា។

  • ពេលពាក់ ឬដោះ​វ៉ែនតា​នោះ លោកអ្នក​គួរតែ​ប្រើដៃ​ទាំងពីរ​តែម្ដង​ទើបជា​ការល្អ ចៀសវាង​ការប្រើ​ដៃតែ​ម្ខាងដោះ ឬពាក់វ៉ែនតា វាអាច​ធ្វើឱ្យ​វៀចដង​វ៉ែនតា ឬអាច​ឱ្យបាក់​ដងតែ​ម្ដងក៏​មានដែរ។
  • មិនត្រូវ​ជូត​កញ្ចក់​វ៉ែនតា​ទៅនឹង​អាវ ឬ​ក្រណាត់​ណាដែល​មិនស្អាត​ល្អ ឬដោយ​ដៃនោះ​ទេ
  • មិនត្រូវ​ដាក់វ៉ែនតា​ផ្កាប់ទៅ​នឹងតុ ឬទៅ​ក្នុង​ហោប៉ៅអាវ​ឬខោ ដោយ​មិនដាក់​ក្នុង​ប្រអប់​ឡើយ។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​នាងកញ្ញា​ទាំងអស់​ដែលបាន​ប្រើប្រាស់​វ៉ែនតា គួរតែ​អនុវត្ដ​នូវវិធី​ដូចបាន​ជម្រាប​ប្រាប់​ខាងលើ ព្រោះនេះ​ជាវិធីមួយ​ងាយស្រួល​ជាទី​បំផុត​ក្នុងការ​អនុវត្ដ និងយក​តម្រាប់​តាមជា​ប្រចាំ។ ទង្វើអស់​ទាំងនោះ​អាចជួយ​លោកអ្នក​ពីការ​ខូចបង់​វ៉ែនតា និង​ជួយសន្សំ​សំចៃ​ថវិកា​បានមួយ​កម្រិត​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Google Analytics Alternative