សីល​ធម៌​សង្គម​នៅ​កម្ពុជា​កំពុង​ស្រុត​ចុះ​

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ គេ​សង្កេត​ឃើញ​ថា យុវវ័​យ​កម្ពុជា កំពុង​តែ​មាន​ភាព​លេច​ធ្លោ​នូវ​រឿង​រ៉ាវ​គ្រោះ​ថ្នាក់​ចម្លែកៗ​ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ស្រុត​ចុះ​នៃ​សីល​ធម៌​សង្គម និង​កិត្តិ​យស​របស់​ប្រទេស​ជាតិ។ បញ្ហា​ទាំង​នោះ​មាន​ដូច​ជា​ អំពើ​កាប់​ចាក់​បាញ់​ប្រហារ ចាប់​ចង កាប់​សម្លាប់​គ្នា​ដោយ​សារ​រឿង​ស្នហា អំពើ​ផិត​ក្បត់ អំពើ​លួច​ប្លន់ ការ​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​ និង​អ្នក​បើក​បរ​ក្រោម​ឥទ្ធិ​ពល​គ្រឿង​ញៀន គ្រឿង​ស្រវឹ​ងដែល​បង្ក​គ្រោះ​ថ្នា​ក់ដល់​ជីវិត​ខ្លួន​ឯង​និង​អ្នក​ដទៃ​ជា​ដើម។​

រូបភាពគេហទំព័រសុខភាពយើង

អំពើ​ និង​សកម្ម​ភាព​ទាំង​ឡាយ​ដែល​បាន​បង្ហាញ​ជូន​លោក​អ្នក​ខាង​លើ​នេះ សុទ្ធ​សឹង​តែ​ជា​សកម្ម​ភាព​ដែល​គេ​បាន​ឃើញ​ និង​បាន​ឮ​ជា​រៀង​រាល់​ថ្ងៃ តាម​រយៈ​ទំព័រ​កាសែត​ក្នុង​ស្រុក គេហ​ទំព័រ​សារ​ព័ត៌​មាន និង​ជា​ពិសេស​តាម​បណ្តាញ​សង្គម​ ហ្វេស​ប៊ុក(Facebook)ផង​ដែរ។ បញ្ហា​អស់​ទាំង​នេះ ​បាន​បង្ហាញ​ពីកា​រ​ស្រុត​ចុះ​នៃ​សីល​ធម៌​សង្គម​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​ទាម​ទារ​ឲ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​អស់​គ្នា​ ចូល​រួម​កែ​ប្រែ​ស្ថាន​ការណ៍​ជា​បន្ទាន់​ដើម្បី​បញ្ចៀស​សង្គម​ចេញ​ពី​គ្រោះ​ថ្នាក់។​

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នៅ​ពេល​ដែល​គេ​បើក​ទំព័រ​កា​សែត​ឡើង​ គ្រប់​កាសែត​ក្នុង​ស្រុក​ និង​បណ្តាញ​ផ្សាយ​ព័ត៌​មាន​ផ្សេងៗ​តែង​តែ​លើក​យក​បញ្ហា​ដែល​គេ​ឃើញ​ញឹក​ញាប់​និង​មុន​គេ​នោះ​គឺ បញ្ហា​សន្តិ​សុខ​សង្គម​នេះ​តែ​ម្តង។​ មាន​រឿង​ចម្លែកៗ​ជា​ច្រើន​ប្រភេទ ដែល​រឿង​ខ្លះ​មិន​គួរ​ឲ្យ​ជឿ​បាន​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ ឪពុក​រំលោភ​កូន បង​សម្លាប់​ប្អូន​ កូន​វាយ​ឳពុក​ម្តាយ ប្តី​វាយ​ធ្វើ​បាប​ឬ​សម្លាប់​ប្រពន្ធ ការ​លោត​ទឹក​សម្លាប់​ខ្លួន​ដោយ​សារ​ស្នេហា​ស្មោះ​ស្ម័គ្រ ឬ​ដោយ​សារ​ស្នេហា​ត្រី​កោណ​ គ្រោះ​ថ្នាក់​ចរាចរណ៍ ការ​ស្លៀក​បំពាក់​ខ្លី​និយម​តាម​ស្តាយ​អរិយ​ប្រទេស ឬ​ដែល​គេ​ស្គាល់​និង​ល្បី​ក្នុង​ស្រុក​ខ្មែរជាង​គេ គឺ​យក​ស្តាយ​កូរ៉េ​ជា​ដើម​ ដែល​បញ្ហា​ទាំង​នេះ​សុទ្ធ​តែ​ជា​រឿង លែង​ចម្លែក​ទៀត​ហើយ​នៅ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។ ​

ក្រៅ​ពី​នេះ ការ​អួត​អាង​អំណាច ដោយ​វាយ​ធ្វើ​បាប​អ្នក​ទុន​ខ្សោយ​ពី​សំណាក់​មន្ត្រី​មាន​បុណ្យ​ស័ក្តិ​មួយ​ចំនួន​ ក៏​កំពុង​តែ​បន្ថែម​ទម្ងន់​ទៅ​លើ​បញ្ហា​រាប់​រយ​ជំពូក ដូច​ជា​អំពើ​លួច​ប្លន់ កាប់​សម្លាប់​គ្នា​តាម​ផ្លូវ​ និង​ការ​បើក​បរ​មិន​ទទួល​ខុស​ត្រូវ​ក្រោម​ឥទ្ធិ​ពល​ជាតិ​ស្រវឹង​ដែល​សម្លាប់​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ ​កំពុង​តែ​ធ្វើ​ឲ្យ​បរិយា​កាស​សង្គម​បាត់​ភាព​ផូរ​ផង់ និង​សីល​ធម៌​សង្គម​រស់​នៅ​របស់​ប្រជា​ជន​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ កាន់​តែ​ធ្លាក់​ចុះ​ដុន​ដាប​ទៅៗ​ផង​ដែរ។​

ស្រប​ពេល​ប្រទេស​កម្ពុជា​លូត​លាស់​សេដ្ឋ​កិច្ច​សន្សឹមៗ​ទៅ​មុខ​នោះ គេ​សង្កេត​ឃើញ​ថា ​យុវវ័យ​ខ្មែរ​មួយ​ចំនួន​បាន​បោះ​បង់​ពេល​វេលា​សិក្សា​ដ៏​មាន​តម្លៃ​របស់​ខ្លួន ដោយ​យក​ម៉ោង​សិក្សា​ទាំង​នោះ​ទៅ​ដើរ​លេង​កម្សាន្ត​ជាមួយ​ភក្តិ​ ឬ​សង្សារ​ជា​ដើម​ទៅ​វិញ តួ​យ៉ាង​ដូច​ករណី​នៃ​ការ​ស្លាប់​របស់​យុវតី សោម​ ចាន់​រស្មី វ័យ​១៧​ឆ្នាំ​ ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍​រហូត​ដល់​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​២៨​មិថុនា​ថ្មីៗ​នេះ​ជា​ដើម។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​ ដែល​បាន​ធ្វើ​ឲ្យ​មហា​ជន​គ្រប់​ស្រទាប់ មាន​ការ​ភ្ញាក់​ផ្អើល និង​សម្តែង​អារម្មណ៍​ក្តុក​ក្តួល​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ឃើញ​រូបភាព​ និង​ឮ​ដំណឹង​នេះ​នៅ​តាម​បណ្តាញ​សារព័ត៌​មាន​ផ្សេងៗ និង​ជា​ពិសេស​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុឃ​ជា​ដើម។ ជា​មួយ​គ្នា​នេះ មាន​យុវ​នារី​ និង​ស្ត្រី​ខ្មែរ​មួយ​ចំនួន ប្រព្រឹត្ត​ខ្លួន​ដូច​ជា​មនុស្ស​ប្រុស ដើរ​លេង​ដល់​យប់​ជ្រៅ ឬ​ជួន​កាល​មិន​ចូល​ដេក​ផ្ទះ​ក៏​មាន។​

ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ គេ​មិន​គួរ​ឱប​ដៃ​មើល​នោះ​ទេ។ ក្រុម​អ្នក​វិភាគ​ស្ថាន​ការណ៍​សង្គម​កម្ពុជា​បាន​មើល​ឃើញ​ថា ​ការ​លើក​កម្ពស់​តម្លៃ​សីលធម៌​សង្គម​​គឺជា​ការងា​រចាំ​បាច់​មួយ​ដែល​មិន​អាច​មើល​រំលង​បាន​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​នៅ​ពេល​នេះ ​គឺត្រូ​វដល់​ពេល ដែល​យើង​ជា​ជន​ជាតិ​ខ្មែរ​នាំ​គ្នា តម្រង់​ទិស​សង្គម​រួម​គ្នា និង​ត្រូវ​ចាប់​ផ្តើម​ធ្វើ​សកម្ម​ភាព​ឡើង​ហើយ។​ ការ​បង្ហាញ​គំរូ​ល្អៗ​ពី​សំណាក់​អ្នក​មាន​ឥទ្ធិ​ពល​ក្នុង​សង្គម​ រាប់​ទាំង​អ្នក​មាន​អំណាច និង​មាន​ប្រាក់ គឺ​ជា​ប្រការ​ទី១​ដែល​ត្រូវ​ធ្វើ​ តាម​រយៈ​ការ​គោរព​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់ និង​ការ​បង្ហាញ​សីល​ធម៌ ឥរិយា​បទថ្លៃ​ថ្នូរ​ដល់​ប្រជាពល​រដ្ឋ​សាម​ញ្ញ។ ក្រៅ​ពី​នោះ​ អ្នក​មាន​ឥទ្ធិ​ពល​ និង​មាន​លទ្ធ​ភាព​ទាំង​ឡាយ​គួរ​រួម​សហការ​គ្នា​បង្កើត​យុទ្ធ​នាការ​លើក​ស្ទួយ​សីល​ធម៌​សង្គម​តាម​គ្រប់​រូប​ភាព​ដែល​អាច​ធ្វើ​បាន​ ដូច​ជា​តាម​រយៈ​ប្រពន្ធ័​ផ្សព្វ​ផ្សាយ ឬ​តាម​រយៈ​សិល្បៈ​ជា​ដើម។ មិន​ត្រឹម​តែ​អ្នក​មាន​ឥទ្ធិ​ពល​នោះ​ទេ​ ប្រជា​ជន​ទូទៅ​ក៏​ត្រូវ​នាំ​គ្នា​ចូល​រួម​ឲ្យ​បាន​សកម្ម​ខ្លាំង​ផង​ដែរ​ក្នុង​បញ្ហា​ដូច​គ្នា​ខាង​លើ​នេះ។ ការ​សាប​ព្រោះ​វប្បធម៌​អហិង្សា​ និង​សន្តិភាព​ក្នុង​ចំណោម​អ្នក​មាន​អំណាច​នៅ​ក្នុង​សង្គម រាប់​ដល់​ប្រជាពល​រដ្ឋ​សាមញ្ញ ក៏​ជា​រឿង​សំខាន់​មួយ​ទៀត​ផង​ដែរ​ ក្នុង​ការ​បណ្តុះ​ផ្តត់​ផ្នត់​គំនិត​សន្តិ​ភាព​សង្គម​ និង​សន្តិ​ភាពផ្លូវ​ចិត្ត​ជូន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ចូរ​ចង​ចាំ​ថា​ មនុស្ស​កើត​មក​គ្មាន​យក​អ្វី​មក​ជាមួយទេ ហើយ​ពេល​​ស្លាប់​ទៅ​វិញ ក៏​ពុំ​អាច​យក​អ្វី​ទៅ​បាន​ផង​ដែរ។​

ដូ​ច្នេះ មនុស្ស​មិន​ចាំ​បាច់​ត្រូវ​ការ​ធ្វើ​សកម្ម​ភាព​អស​កម្ម អម​នុស្ស​ធម៌​ទាំង​អស់​នោះ​ទេ។​ ដើម្បី​ចូល​រួម​ចំណែក​អប់​រំ​សីល​ធម៌​សង្គម​នៅ​កម្ពុជា គេហ​ទំព័រ​សុខ​ភាព​កម្ពុជា នឹង​ចូល​រួម​ផ្សាយ​មតិ​យោបល់​និង​ព័ត៌​មាន​ស្ថាប​នានា​នា។​

អត្ថបទ​ដោយ​ ៖ សៀង ​វិរៈ​
ចេញផ្សាយ ៖​ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative