វិធី​បំបាត់​រោមលើ​ខ្លួន

រោម​គឺជា​កោសិកា​ដែលដុះ​លើ​រាងកាយ​របស់​មនុស្ស​គ្រប់រូប។ រោម​មាន​តួនាទី​ជួយ​ការពារ​ស្បែក និងជួយ​បង្កើន​នូវសោភ័ណភាព​នៃ​ស្បែក។ ប៉ុន្ដែ​ប្រសិន​បើនៅ​លើខ្លួន​ពោរពេញ​ទៅដោយ​រោម​ដែលច្រើន​លើស​ពីសេចក្ដី​ត្រូវការ​នោះ វាក៏ជា​កង្វល់​មួយ ចំពោះសម្រស់​នៃ​រាងកាយ​ផងដែរ។ តើមាន​វិធី​សាស្ដ្រ​ណា ដែលអាច​ជួយ​ដោះស្រាយ​នូវ​កង្វល់​ទាំងនេះ​បានដែរ​ឬទេ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅពេល​នេះ ទស្សនាវដ្ដី សុខភាពយើង សូមលើក​វិធី​សាស្ដ្រ​ចំនួនពីរ​ក្នុងការ​បំបាត់​រោម​នៅលើ​ដងខ្លួន ដោយមាន​ការ​ចូល រួម​បកស្រាយ​របស់​លោកស្រី សិទ្ធិ ច័ន្ទហេង អ្នក​ជំនាញ​នៅសាលា​បង្រៀន​កែសម្ផស្ប​ថបស្ដៃយ៍។

វិធី​សាស្ដ្រ​នៃការ​បំបាត់

កាលពី​មុន​តែងតែ​និយមកោរ ឬដក​រោមនោះ​ចេញ នៅទី​កន្លែងណា​ដែលមិន​ពេញចិត្ដ។ ប៉ុន្ដែ​ការធ្វើ​បែបនេះ​នាំឱ្យ​ឈឺចាប់ ហើយ​ធ្វើឱ្យ​រោមដែល​ដុះមក​លើក​ក្រោយ​ច្រើន​ក្រាស់ជាង​មុន និងធ្វើ​ឱ្យគល់​រោមឡើង​ធំ​នាំឱ្យ​បាត់បង់​សោភ័ណភាព។ នៅ​ពេលបច្ចុប្បន្ន​នេះ មានវិធី​ទំនើប​ជាច្រើន​ដែលអាច​កម្ចាត់​រោម​នៅលើង​ដងខ្លួន​បានដោយ​ងាយ និងគ្មាន​ការ​ឈឺចាប់​ថែមទៀត​ផង។ វិធីជម្រុះ​រោម​នៅលើ​ដងខ្លួន​មាន២ គឺវិធី​បំបាត់​រោម​ដោយ​ផលិតផល​ឡេលាប និង​ជ័រកាវ។

1 . វិធី​ទី១ ឬវិធី​បំបាត់​រោម​ដោយ​ឡេលាប ៖ គេអាច​បំបាត់​រោមបាន ដោយ​គ្រាន់តែ​ប្រើនូវ​ផលិតផល​ម្យ៉ាង​ដែលមាន សណ្ឋាន​ស្រដៀង​ទៅនឹង​ឡេលាប​ស្បែក។ ដំបូង​គឺ​ចាប់ផ្ដើម​ដោយការ​លាប​នៅលើ​ស្បែក​នៅកន្លែង​ណាដែល​យើងចង់​ជម្រុះរោម​ចោល នោះ​ប្រមាណ​ជា៥ទៅ​១០នាទី​តែប៉ុណ្ណោះ។ បន្ទាប់មក​លោកអ្នក​នឹងឃើញ​យ៉ាងច្បាស់​ថា រោមដែល​លោកអ្នក​មិន​ពេញចិត្ដ​ទាំងនោះ នឹង​ជ្រុះអស់​ដូចបំណង និង​មិនមាន​ការ​ឈឺចាប់​ឡើយ។ ប៉ុន្ដែ​បន្ទាប់ពី​បានជម្រុះ​រួចរាល់​ហើយ ចាំបាច់​ត្រូវធ្វើ​ការ​ម៉ាស្សា​ទៅលើកន្លែង​ណាដែល​បានជម្រុះ​រោមនោះ ដើម្បី​ធ្វើឱ្យ​ស្បែក-ស និងទន់​រលោង។ ព្រោះតាម​ធម្មតា​ស្បែក​ត្រូវបាន​ការពារ​ពីកម្ដៅ​ថ្ងៃដោយ រោម កាល​ណាជម្រុះ​រោមចេញ​អស់វា​អាចធ្វើ​ឱ្យស្បែក​ស្ងួតបាន។ ដូច្នេះ​ពេលដែល​ជម្រុះរោម​រួចរាល់​ហើយ ចាំបាច់​ត្រូវប្រើ​ផលិតផលជំនួយ​ស្បែក ឬ​ផលិតផល​ការពារ​កម្ដៅថ្ងៃ ដើម្បី​ជួយឱ្យ​ស្បែកមាន​សំណើម។

2 . វិធី​ទី២ ឬវិធី​បំបាត់​រោម​ដោយ​ជ័រកាវ ៖ ចំពោះ​វិធីសាស្ដ្រ​ទីពីរនេះ គឺគេ​អាចប្រី​នូវ​ផលិតផល​ម្យ៉ាងទៀត​បានដែល​មានសភាព​ដូចជា​ជ័រកាវ។ ដំបូង​អ្នក​ជំនាញ​ត្រូវធ្វើ​ការសម្អាត​ស្បែក​ជាមួយ​សាប៊ូ​ដែលស្រប​ទៅតាម​ប្រភេទនៃ​ស្បែក​ជាមុន​សិន។ បន្ទាប់មក​ទើបយក​កាវ​លាប​នៅកន្លែង​ដែលចង់​បំបាត់​រោមនោះ។ ក្រោយមក​ទៀត​ទើបធ្វើ​ការកម្ដៅ​កាវដែល​លាបនៅ​លើស្បែក ដើម្បី​ឱ្យ មាន​ប្រតិកម្មរ​វាង​ជ័រកាវ​ជាមួយ​កម្ដៅ។ បន្ទាប់មក​ទៀត​គេយក​ក្រដាស​មកបិទ​ពីលើ រួចទុក​ប្រមាណជា​១៥នាទី ទើបបក​ក្រដាស នោះ​ចេញវិញ។ ពេលនោះ​លោកអ្នក​នឹងឃើញ​រោម​របស់​លោកអ្នក​ជាប់​ជាមួយ​ក្រដាស​ទាំងនោះ​ជាក់ជា​មិនខាន​ឡើយ។ ក្រោយពី​ការ បករោម​ចេញហើយ គេនឹង​ធ្វើការ​ម៉ាស្សាស្បែក​ដោយប្រើ​ផលិតផល​ការពារ​ស្បែក​ដូចគ្នា​ទៅនឹង​វិធីទី​១ដែរ។

ដំបូន្មាន​អ្នក​ឯកទេស

ដោយសារ​វិទ្យាសាស្ដ្រ​មានភាព​ជឿនលឿន លោកអ្នក​មិនចាំ​បាច់ដក ឬកោររោម​នាំតែ​មានការ​ឈឺចាប់​ទេ លោកអ្នក គ្រាន់តែ​ប្រើប្រាស់​ផលិតផល​មួយចំនួន​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ជម្រុះរោម ដោយគ្មាន​ការ​ឈឺចាប់​អ្វី​ទាំងអស់។ ប៉ុន្ដែ​អ្វីដែល​សំខាន់ជាង​នេះទៅ​ទៀតនោះ គឺត្រូវ​ជ្រើសរើស​ទីកន្លែង​ណាដែល​មាន​បទពិសោធន៍ និង​ជំនាញ​ច្បាស់លាស់​ត្រឹមត្រូវ​ក្នុងការ​ព្យាបាល ទើបជា​ការ​ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Google Analytics Alternative