វិធី​កែខៃថង់​ក្រោមភ្នែក​ដោយការ​វះកាត់

ស្ដ្រី​តែងតែ​មាន​បញ្ហា​ត្រង់ថង់​ក្រោមភ្នែក នៅពេល​ដែលខ្លួន​មាន​អាយុ​ចាប់ពី​៣០ឆ្នាំ​ឡើងទៅ។ ប៉ុន្ដែ​ពេលខ្លះ​ទៀតនោះ​ក៏ មានស្ដ្រី​ដែលមាន​អាយុតិច​ក៏មាន​បញ្ហា​នេះដែរ តែវា​ជាករណី​កម្រ​បំផុត។ ស្ដ្រី​ពិបាកចិត្ដ នៅពេល​ដែលមាន​ភ្នែក​មិនស្អាត វា​ជាកត្ដា​មួយ​ដែលធ្វើ​ឱ្យផ្ទៃមុខ​មើលទៅ​មិន​ស្រស់ស្អាត​ថែមទៀត​ផង។ ម្យ៉ាងវិញ​ទៀត ពេលខ្លះ​វាធ្វើ​ឱ្យ​លោកអ្នក​នាងមាន​អារម្មណ៍​ថា ចុករោយ​ភ្នែកមើលមិន​ច្បាស់​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូម​លើកយក​មក​បរិយាយ​នៅក្នុង​ទំព័រ​ថែទាំ​សម្រស់​នៅលេខ​នេះ តាមរយៈ​ការជួប​សម្ភាស ជាមួយ​លោកស្រី សុ ផានមុំ ជាម្ចាស់​ហាងកែ​សម្ផស្ស ម៉ិញ តាំ និង​អ៊ុតសក់​ដាវី​អារីយ៉ា ធ្វើការ​បកស្រាយ​នូវ​ប្រធានបទ​ខាងលើ​នេះ។

មូលហេតុ​វះកាត់​ថង់ក្រោម​ភ្នែក

ជាធម្មតា​ថង់​ក្រោមភ្នែក​នេះ​កើតឡើង​ជា​ធម្មជាតិ ដែល​ភាគច្រើន​វាកើត​ចំពោះ​ស្ដ្រី​ដែលមាន​អាយុ​ចាប់ពី​៣០ឆ្នាំ​ឡើងទៅ និង​ស្ដ្រី​ដែលមាន​វ័យ​ចំណាស់។ ថង់​ក្រោមភ្នែក​នេះពេល​ដែលវា​កើត​ហើយ​នោះ មិនអាច​បំបាត់​ការធ្លាក់​យារ​របស់វា​បានទេ បើយើង​មិន​ធ្វើការ​វះកាត់​យកខ្លាញ់​ចេញ និង​ដោយការ​ទាញយក​ស្បែក​ដែល​ធ្លាក់យារ​ឱ្យមាន​សភាព​តឹងរាប​ស្មើ​ឡើងវិញ។ វិធីកែ​ខៃថង់ ក្រោម​ភ្នែកនេះ​មានតែ​ការ​វះកាត់​ប៉ុណ្ណោះ ទើបធ្វើ​ឱ្យ​ផ្ទៃមុខ​លោកអ្នក​នាង​ស្រស់ស្អាត​ឡើងវិញ​បានដូច​ធម្មជាតិ។ មាន​លោកអ្នក​នាង មួយចំនួន​បាន​ប្រើប្រាស់​ផលិតផល​ច្រើន​ប្រភេទ ដើម្បី​ទប់ស្កាត់​ការធ្លាក់​យារនេះ តែ​ផលិតផល​ទាំងនោះ​គ្រាន់តែ​ជាធាតុ​រួមផ្សំ​តែប៉ុណ្ណោះ វាមិនអាច​បំបាត់​ការយារ​ធ្លាក់​ទាំងស្រុង ឬស្បែក​ដែល​ជ្រីវជ្រួញ​ទាំងនោះ​បានទេ។

ផល​ប៉ះពាល់​ដែល​បណ្ដាល​មកពី​ថង់ក្រោម​ភ្នែក​ធ្លាក់យារ

ចំពោះ​ស្ដ្រីខ្លះ​ទៀត​មានអាយុ​ត្រឹមតែ​២០ឆ្នាំ ឬ​ច្រើនជាង​នេះបន្ដិច​ក៏មាន​បញ្ហា​ថង់ក្រោម​ភ្នែក​នេះដែរ តែវា​ជារឿង​ដែលមិន សូវ​ជួបទេ យូរៗ​ទើប​ប្រទេះ​ឃើញ​ម្ដង។ ថង់​ក្រោមភ្នែក​នេះធ្វើ​ឱ្យ​លោកអ្នក​នាង​កើតនោះ​មាន​អាការ​ដូច​ខាងក្រោម។

  • ធ្ងន់ភ្នែក
  • មើលអ្វីៗ​មិនសូវ​ច្បាស់
  • មានការ​ចុកស្រពន់​ភ្នែក
  • ធ្វើឱ្យ​ភ្នែកធ្លាក់ មើលទៅ​មិនសូវ​ស្អាត ភ្នែក​រាងតូច
  • អាចកើត​ជាប្រែង​ចាក់ភ្នែក ធ្វើឱ្យ​រលាក​កែវភ្នែក​ជាដើម។
  • អត្ថ​ប្រយោជន៍​នៃការ​វះកាត់​ថង់​ក្រោម​ភ្នែក

ការ​វះកាត់​នេះធ្វើ​ឱ្យ​លោកអ្នក​នាង​មានអាយុ​ក្មេង​ជាងវ័យ ទោះបី​មានអាយុ​ច្រើន​ក៏ដោយ។ ព្រោះថា​ថង់ភ្នែក​លោកអ្នក​នាង​នៅតែ​ស្រស់ស្អាត​មិនយារ​ធ្លាក់ ធ្វើឱ្យ​ភ្នែក​មើលទៅ​ស្រឡះ និង​មិនមាន​ភាព​ជ្រីវជ្រួញ ឬមាន​ផ្ទុកខ្លាញ់​នៅក្នុង​ថង់​ក្រោមភ្នែកឡើយ។ ពេល​បច្ចុប្បន្ន​នេះ មានស្ដ្រី​ជាច្រើន​ដែលមាន​បញ្ហានេះ​កើតឡើង ប៉ុន្ដែ​ពួកគាត់​បានគិត​ថាវា​ត្រូវ​ចំណាយ​អស់​ថវិកា​ច្រើន និងផល​ប៉ះពាល់​ផ្សេងៗ​ទៀត ក្រោយការ​វះកាត់។

ដំបូន្មាន​អ្នក​ជំនាញ

ប្រសិនបើ​លោកអ្នក​នាង​មាន​បញ្ហា​ថង់ក្រោម​ភ្នែក ចូរកុំ​បង្អង់​យូរឱ្យ​សោះ ត្រូវ​ប្រញាប់​ប្រញាល់​ទៅរក​អ្នក​ជំនាញ​ដែល លោកអ្នក​នាង​ទុកចិត្ដ មាន​សមត្ថភាព និង​បទពិសោធន៍​ច្រើន​ក្នុងការ​វះកាត់ ដែលអាច​ជួយ​លោកអ្នក​នាង​ឱ្យ​ស្រស់ស្អាត​បាន​ដូចជា ធម្មជាតិ។ លោកអ្នក​ត្រូវតែ​មាន​សេចក្ដី​ក្លាហាន​ក្នុងការ​ទៅជួប​អ្នក​ឯកទេស ដើម្បី​ភាព​លេចធ្លោ​របស់​លោកអ្នក​នាង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Google Analytics Alternative