ម៉ាស៊ីន​សម្រាប់​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​មាននៅ​ស្រុកខ្មែរ​ហើយ

ដើម្បី​ចៀសវាង​នូវការ​វិវឌ្ឍន៍​ទៅរក​ផលវិបាក​ធ្ងន់ធ្ងរ ចំពោះ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម ការ​តាមដាន​កម្រិត​ជាតិស្ករ​ក្នុង​ឈាម ដោយ​ខ្លួនឯង​ដើរ​តួនាទី​សំខាន់​ណាស់ ប្រយោជន៍​ដឹងថា​កម្រិត​ជាតិស្ករ​ក្នុងឈាម​របស់​លោកអ្នក​មានការ​កើនឡើង​ខ្ពស់ ឬនៅ​សភាព ធម្មតា។ ការ​តាមដាន​កម្រិត​ជាតិស្ករ​ក្នុងឈាម​ដោយ​ខ្លួនឯង​ជាមួយ​ម៉ាស៊ីន​ធ្វើ​តេស្ដ​ជាតិស្ករ អាចធ្វើ​ឡើង​ចំពោះ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម ប្រភេទ​ទី២។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​តាមដាន​កម្រិត​ជាតិស្ករ​ដោយ​ខ្លួនឯង​បាន លោកអ្នក​ចាំបាច់​ត្រូវយល់​ដឹង​អំពី​អត្ថ​ប្រយោជន៍​របស់​ម៉ាស៊ីន​ក៏ដូចជា​វិធី ប្រើប្រាស់​វា​ផងដែរ។ សូម​ស្វែងយល់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង តាមរយៈ​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ទូច ឃុន ឯកទេស​ជម្ងឺ​ទឹកនោម​ផ្អែម នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ។

អត្ថ​ប្រយោជន៍​នៃម៉ាស៊ីន​វាស់​ជាតិស្ករ

ការធ្វើ​ឱ្យកម្រិត​ជាតិស្ករ​ស្ថិតនៅ​កម្រិត​ប្រហាក់​ប្រហែល​គោលដៅ​ធម្មតា​ជាការ​សំខាន់​បំផុត បន្ទាប់ពី​ធ្វើការ​ព្យាបាល ដោយ​ឱសថ​ដោយធ្វើ​នូវ​របប​អាហារ​ឱ្យបាន​ត្រឹមត្រូវ​គួបផ្សំ​នឹងការ​ហាត់ប្រាណ។ ពោលគឺ​ធ្វើយ៉ាង​ណាឱ្យ​កម្រិត​ជាតិស្ករ​ក្នុងឈាម​ស្ថិត នៅ​ត្រឹមចន្លោះ​ពី៨០​ទៅ១២០​មីលីក្រាម​/ដេស៊ីលីត្រ មុន​បរិភោគ​អាហារ និងចន្លោះ​ពី១២០​ទៅ១៨០​មីលីក្រាម​/ដេស៊ីលីត្រ ក្រោយ​ពីបរិភោគ​អាហារ​២ម៉ោង។

បច្ចុប្បន្ននេះ​ការ​តាមដាន​កម្រិត​ជាតិស្ករ​ក្នុងឈាម​ដោយ​ខ្លួនឯង​ឱ្យបាន​ទៀងទាត់​ជាមួយ​នឹង​ម៉ាស៊ីន​ធ្វើ​តេស្ដជាតិ​ស្ករនៅតាម​ផ្ទះ គឺត្រូវ​បានគេ​ណែនាំ​ទៅដល់​អ្នកជម្ងឺ​ទឹកនោម​ផ្អែម ជាពិសេស​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី២ ដែល​ត្រូវការ​ចាក់ថ្នាំ អាំងស៊ុយ​លីន។

តម្រូវ​ការ​ប្រើប្រាស់​នូវ​ម៉ាស៊ីន​ធ្វើតេស្ដ​ជាតិស្ករ គឺត្រូវ​ចាំបាច់​ត្រូវ​អនុវត្ដ​នៅពេល​ចាប់ផ្ដើម​ធ្វើការ​ព្យាបាល​ជាលើក​ដំបូង ចំពោះ​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​ដែលមាន​កម្រិត​ជាតិស្ករ​ក្នុងឈាម​ឡើងខ្ពស់ ជាពិសេស​ចំពោះ​អ្នកជម្ងឺ​ដែលត្រូវ​ប្រើពពួក​ថ្នាំ​ស៊ុយហ្វាមីត នៅពេល​ដែល​គ្រូពេទ្យ​ធ្វើការ​ផ្លាស់ប្ដូរ​កម្រិត​ប្រើនៃ​ថ្នាំ។

វិធី​ប្រើប្រាស់​ម៉ាស៊ីន​វាស់​កម្រិត​ជាតិស្ករ

ការ​ពិនិត្យ​មើលជាតិ​ស្ករក្នុង​ឈាម​ដោយ​ខ្លួនឯង គឺអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​អាចធ្វើ​តេស្ដ​ជាមួយ​ម៉ាស៊ីន​មើលជាតិ​ស្ករ​ដោយ​ខ្លួន ឯង​នៅតាម​ផ្ទះ​រៀងៗខ្លួន។ ដោយ​គ្រាន់តែ​ជួសយក​ឈាម​នៅចុង​ម្រាមដៃ​មួយ​តំណក់​តូចដាក់​ទៅលើ​បន្ទះ​នៃម៉ាស៊ីន រីឯ​លទ្ធផល​នឹង ទទួល​បានក្នុង​រយៈពេល​ពី៥ទៅ​២០វិនាទី ទៅតាម​ភាព​ទំនើប​នៃម៉ាស៊ីន​នីមួយៗ។ នេះជា​របៀប​ទំនើប ដើម្បី​តាមដាន​ជម្ងឺ​ទឹកនោម ផ្អែម​ដែលគេ​ធ្វើស្ទើរ​តែទូទៅ។

ការ​ណែនាំ​ពីសំណាក់​គ្រូពេទ្យ​ចំពោះ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី២ ឱ្យ​តាមដាន​កម្រិត​ជាតិស្ករ​ក្នុងឈាម​ដោយ​ខ្លួនឯង គឺវា​អាស្រ័យ​ទៅតាម​អ្នកជម្ងឺ​ម្នាក់ៗ។ ប្រសិនបើ​គ្រូពេទ្យ​ពិនិត្យ​ឃើញថា កម្រិត​ជាតិស្ករ​ក្នុងឈាម​របស់​អ្នកជម្ងឺ​មានការ​ឡើងខ្ពស់ ហើយ​គ្រូពេទ្យ​ត្រូវការ​ផ្លាស់ប្ដូរ​នូវ​កម្រិត​ថ្នាំ​ប្រើប្រាស់ ពេលនោះ​គ្រូពេទ្យ​បាន​ណែនាំ​ឱ្យអ្នក​ជម្ងឺ​ធ្វើការ​តាមដាន​រាល់ថ្ងៃ​ជាប់ៗ​គ្នា។ បើឃើញ​ថាកម្រិត​ជាតិស្ករ​ក្នុងឈាម​ធ្លាក់មក​នៅសភាព​ប្រហាក់​ប្រហែល​ធម្មតា​ហើយ​នោះ អ្នកជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី២​អាចមើល ជាតិស្ករ​១សប្ដាហ៍​ម្ដងឬ​១ខែម្ដង។ ប៉ុន្ដែ​ត្រូវ​ពិនិត្យ​២ថ្ងៃ​ជាប់គ្នា​ដោយធ្វើ​តេស្ដ​៦ដងក្នុង​១ថ្ងៃ​បើអាច​ធ្វើទៅ​បាន ពេលវេលា​ដែលអាចធ្វើតេស្ដ​ឈាម​ទៅបាន​គឺមុន​ពេល​ទទួលទាន​អាហារ និង២​ម៉ោង​ក្រោយពេល​ទទួលទាន​អាហារ ទាំង៣​ពេល​(អាហារ​ពេលព្រឹក អាហារពេល​ថ្ងៃត្រង់ និង​អាហារ​ពេលល្ងាច)។

ប៉ុន្ដែ​ចំពោះអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី២​ដែលត្រូវ​ប្រើថ្នាំ​អាំងស៊ុយលីន​ចាក់​បន្ថែម គឺត្រូវ​តាមដាន​ជាតិស្ករ​ក្នុង​ឈាមរាល់ថ្ងៃ ដូច​ករណី​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទទី​១ដែរ។

សូម​បញ្ជាក់​ថា ការ​តាមដាន​កម្រិត​ជាតិស្ករ​ក្នុងឈាម​២ម៉ោង​ក្រោយ​អាហារ​ជាការ​សំខាន់ ជាពិសេស​ចំពោះ​អ្នកដែល​មាន កម្រិត​ជាតិស្ករ​ក្នុងឈាម នៅពេល​មិនទាន់​បរិភោគ​អាហារ​មិនឡើង​ខ្ពស់ ប៉ុន្ដែHbA1C​ឡើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative