ផលប៉ះពាល់​១០យ៉ាង​របស់​ថ្នាំ​គ័រទីកូអ៊ីត

មាន​មនុស្ស​មួយចំនួន​មិនបាន​ដឹងទេ​ថា ផលិត​ផល(ឱសថ លាប លេប ចាក់ និងគ្រឿង​សម្អាង) មួយភាគ​ធំដែល​កំពុង​តែប្រើប្រាស់​រៀងរាល់​ថ្ងៃនេះ​មានផ្ទុក​ទៅដោយ​ជាតិថ្នាំ​គ័រទីកូអ៊ីត ដែលមាន​ផល​ប៉ះពាល់​ចំពោះ​អ្នក​ប្រើប្រាស់​ជាច្រើន​ប្រការ។ ទោះបីជា ការ​ប្រើនោះ​ជារូបភាព​អ្វីក៏​ដោយ វានឹង​មានផល​ប៉ះពាល់​គ្រាន់តែ​យូរ ឬឆាប់ ទៅតាម​កម្រិតនៃ​ការ​ប្រើប្រាស់​ថ្នាំ​ពពួក​គ័រទីកូអ៊ីត នេះ។ លោកអ្នក​ពិតជា​មិនដឹង​ទេថា ពពួក​ថ្នាំ​គ័រទីកូអ៊ីត​នេះស្ថិត​នៅក្នុង​ថ្នាំអ្វី​ខ្លះនោះ​ទេ ហើយវា​មានផល​អាក្រក់​អ្វីខ្លះ​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅពេល​នេះ លោកអ្នក​នឹងបាន​ជ្រាបជាក់​ជាមិន​ខានឡើយ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង ដែល​ទទួល​ការ​អធិប្បាយយ៉ាង​ក្បោះក្បាយ​អំពី​លោក​វេជ្ជបណ្ឌិត ថៃ គា ឯកទេស​ជម្ងឺ​សើស្បែក និង​កាមរោគ។

គ័រទីកូអ៊ីត ជាអ្វី?

គ័រទីកូអ៊ីត ជាថ្នាំ​ប្រភេទ​អ័រម៉ូន​ម្យ៉ាង​ដែល​បញ្ចេញ​ដោយ​ក្រពេញ​សៀរ៉េណាល់​ឬក្រពេញ​លើ​តម្រង់នោម ដែល​ស្ថិតនៅ​ពី លើ​តម្រងនោម​របស់​មនុស្ស។ ហើយគេ​ផលិត​ជាឱសថ​គ័រទីកូអ៊ីត​សំយោគ​ដាក់លក់​សម្រាប់​គ្រូពេទ្យ​ប្រើប្រាស់​សម្រាប់​ជំនាញ​ចាំបាច់។ ថ្នាំដែល​ជាប្រភេទ​គ័រទីកូអ៊ីត ឬថ្នាំ​ដែលមាន​លាយ​ជាមួយ​គ័រទីកូអ៊ីត​មាន​ដូចជា ៖

  • ថ្នាំ​ចាក់ ៖ ឌិចសា​មេតាសូន កេណាគ័រ កេអ័ត ទ្រីអំមេ​ណូឡូន។ល។
  • ថ្នាំ​គ្រាប់ ៖ ប្រេនី​សូឡូន ឌិចសា ថ្នាំឈុត​៣ពណ៌ ឈុត៥​ពណ៌ ថ្នាំសញ្ញា​ព្រួញ​ជាដើម។
  • ថ្នាំ​លាប ៖ គ័រទីប៊ីយ៉ុង អ៊ិចឡែត​តូឌែម ត្រចៀកកាំ សេឡេស​លឿង សេឡេស​បៃតង….។ល។

ប្រភេទ​ថ្នាំទាំងនេះ​បើយើង​ប្រើខុស​ទិសដៅ វានឹង​បង្កនូវ​ផលប៉ះពាល់​តិច ឬច្រើន​ទៅតាម​កម្រិត និង​រយៈពេល​នៃការ ប្រើប្រាស់​របស់វា។

ផល​ប្រយោជន៍​របស់ថ្នាំ​គ័រទីកូអ៊ីត

ធម្មតា​ពាក្យថា​ឱសថ​គឺជា​អាវុធ​មុខពីរ វាអាច​សម្លាប់​យើង និងអាច​ធ្វើឱ្យ​យើង​រស់រាន​មាន​ជីវិតបាន អាស្រ័យ​ទៅលើការ ប្រើប្រាស់​របស់​មនុស្ស។ ថ្នាំ​ប្រភេទ​គ័រទីកូអ៊ីត​នេះក៏​មានផល​ប្រយោជន៍​ច្រើនយ៉ាង វាមាន​ប្រសិទ្ធភាព​ខ្ពស់ នៅពេល​ប្រើថ្នាំ​នោះ ភ្លាមៗ​ក្នុងការ​ព្យាបាល​ជម្ងឺ​អ្វីមួយ​របស់អ្នក​ជម្ងឺ​តែម្ដង។ ថ្នាំទាំង​នោះ​រួមមាន​ទាំងថ្នាំ​សម្រាប់​លាប ថ្នាំចាក់ និងជា​ប្រភេទ​ថ្នាំលេប ដែល​ភាគច្រើន​នាំចូល​ពីប្រទេស​ភាគខាង​លិច។ គ័រទីកូអ៊ីត​ដែលបាន​ផ្សំ​ជាមួយ​ប្រភេទ​ថ្នាំផ្សំ​ផ្សេងៗ​ឱ្យទៅ​ជាថ្នាំ​ផ្សេងមួយ​ទៀតនោះ មាន​ដូចជា​ថ្នាំដែល​ធ្វើឱ្យ​អ្នកជម្ងឺ​បាយបាន សម្រាន្ដ​លក់ស្រួល ថ្នាំ​ប្រភេទ​បំបាត់​ការ​ឈឺចាប់ បំបាត់​អាការ​ហើម បាត់​រមាស់ ធ្វើឱ្យស្រួល​ក្នុងខ្លួន មាន​អារម្មណ៍​ស្រស់ថ្លា​ជាដើម។ ថ្នាំ​ប្រភេទនេះ​ជាថ្នាំ​ដែលគេ​ប្រើ​សម្រាប់​លាប​លើស្បែក លាបធ្វើ​ឱ្យស្បែក​មុខ​សរលោង បំបាត់មុន​មួយ​រយៈពេល​ខ្លី បំបាត់​ការ​រមាស់ បំបាត់​ជាំលើ​ស្បែក ធ្វើឱ្យ​អ្នកលាប​ចូលចិត្ដ​លាបតទៅ​ទៀត ភាគច្រើន​មាន​ប្រភេទសារជាតិ​គ័រទីកូអ៊ីត​ទាំងអស់ ដែល​ធ្វើឱ្យ​អ្នកប្រើ​អាច​ទទួលបាន​នូវផល​អាក្រក់បាន​នៅពេល​ក្រោយការ​ប្រើប្រាស់។

ផល​ប៉ះពាល់​របស់ថ្នាំ​គ័រទីកូអ៊ីត

ប្រភេទ​ថ្នាំ​គ័រទីកូអ៊ីត​នេះ គ្រូពេទ្យ​មិនសូវ​ឱ្យអ្នក​ជម្ងឺ​ប្រើប្រាស់​ប៉ុន្មាន​ទេ ដោយវា​មាន​​​​​​ផល​ប៉ះពាល់​ច្រើន​ទៅលើ​អ្នកជម្ងឺ។ លុះ​ត្រាតែ​គ្រូពេទ្យ​ដឹង​អំពី​អាការ​រោគ​របស់អ្នក​ជម្ងឺបាន​ពិតប្រាកដ ទើប​អនុញ្ញាត​ឱ្យប្រើ ឬ​ករណី​ពិសេស​ណាមួយ​ដែល​ចាំបាច់​ត្រូវឱ្យ អ្នក​ជម្ងឺប្រើ​ដោយ​ខាន​មិនបាន​(អ្នក​ជម្ងឺជិត​អស់ជីវិត)។ តាមពិត​ផល​ប៉ះពាល់​របស់ថ្នាំ​គ័រទីកូអ៊ីត​សំយោគ វាមាន​ច្រើនជាង​១០យ៉ាង ទៅទៀត ប៉ុន្ដែ​ពេលនេះ​យើងនឹង​លើកមក​និយាយ​តែផល​ប៉ះពាល់​ដែល​សំខាន់​ប៉ុណ្ណោះ ដែល​សរុប​មកមាន​ចំនួន១០​យ៉ាងដែល​នឹងរៀបរាប់​ដូចខាង​ក្រោមនេះ។

1 . ធ្វើឱ្យ​អ្នក​ប្រើប្រាស់​ធាត់ ឡើង​ទម្ងន់ ដោយ​សារតែ​អ្នកជម្ងឺ​ពិសាបាយ​បាន គេងលក់​ស្រួល និងធ្វើ​ឱ្យដក់​ជាតិទឹក​នៅ ចន្លោះ​កោសិកា​នៅខាង​ក្រោមស្បែក​របស់​អ្នកជម្ងឺ ធ្វើឱ្យ​ស្បែកឡើង​តឹងណែន ប៉ោង មុខឡើង​មូលដូច​ជាព្រះច័ន្ទ​ជាដើម។

2 . ធ្វើឱ្យ​មាន​បម្រែ​បម្រួល​ជាតិស្ករ ជាតិ​សាច់ កាល់ស្យូម ប៉ូតាស្យូម​នៅក្នុង​ឈាម។ មានការ​ប្រែប្រួល ដូចជា​ជាតិស្ករ នៅក្នុង​ឈាម​មានការ​កើនឡើង​ច្រើន ដែលវា​ជាទិសដៅ​មួយដែល​ជំរុញ​ឱ្យអ្នក​ប្រើប្រាស់​នោះវិវឌ្ឍន៍​ទៅជា​មានជម្ងឺ​ទឹកនោម​ផ្អែម។ វាអាច​ធ្វើឱ្យ​បាត់បង់​ជាតិប៉ូតាស្យូម​នៅក្នុង​ឈាម ដែល​បណ្ដាលឱ្យ​អ្នក​ប្រើប្រាស់​មានការ​ហត់នឿយ ឆាប់អស់​កម្លាំង។ មួយវិញ​ទៀត ធ្វើឱ្យ​ខ្វះជាតិ​កាល់ស្យូម​នៅក្នុង​ឆ្អឹង ធ្វើឱ្យ​ឆ្អឹងងាយ​ពុកផុយ ងាយ​ទទួល​រងការ​បាក់បែក និង​ធ្វើឱ្យ​បង្អាក់​​ការ​លូតលាស់​របស់ក្មេង ដែល​ស្ថិតនៅ​ក្នុងវ័យ​មួយ​កំពុង​លូតលាស់​(បើក្មេង​មានការ​ប្រើប្រាស់​ប្រភេទ​ថ្នាំនេះ)។

3 . ធ្វើឱ្យ​មានផល​ប៉ះពាល់​ទៅដល់​ប្រដាប់​រំលាយ​អាហារ ធ្វើឱ្យ​ឈឺក្រពះ រលាកក្រពះ និង​ករណី​ធ្ងន់ធ្ងរ​អាចធ្វើ​ឱ្យធ្លាយ ក្រពះ ហូរឈាម​ក្នុង​ក្រពះបាន​ទៀតផង។

4 . ធ្វើឱ្យ​ខូចចិត្ដ​សាស្ដ្រ​របស់​មនុស្ស ធ្វើឱ្យ​មនុស្ស​ដែលបាន​ប្រើប្រភេទ​ថ្នាំ​គ័រទីកូអ៊ីត​នេះហើយ ទៅជា​មាន​អារម្មណ៍ សប្បាយ​រីករាយ គ្មាន​ទុក្ខព្រួយ បាត់ការ​ឈឺចាប់​ក្នុងខ្លួន​ទាំងអស់។ ប៉ុន្ដែ​អារម្មណ៍​ទាំងនោះ​ធ្វើឱ្យ​អ្នកជម្ងឺ​ភ្លេចពី​អាការ​ឈឺចាប់​ទាំង ឡាយ​នៅក្នុង​ខ្លួន ធ្វើឱ្យ​គ្រូពេទ្យ​ពិបាក​ក្នុងការ​ធ្វើរោគ​វិនិច្ឆ័យ​ចំពោះ​រោគជម្ងឺ​ដែលអ្នក​ជម្ងឺកើត ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ទៅថ្ងៃ​បន្ទាប់ ដោយ​មិនដឹង​ខ្លួន។

5 . ធ្វើឱ្យ​កើតឡើង​នៃការ​បង្ករោគ​មួយចំនួន ចំពោះ​រាងកាយ​យើងដែល​តែងតែ​មានមេរោគ​នៅជាប់​នឹងខ្លួន ដូចជា​ពពួក បាក់តេរី វីរុស​មួយចំនួន ឬពពួក​ផ្សិត​ជាដើម។ កាលណា​ប្រើពពួក​ថ្នាំដែល​មានជាតិ​គ័រទីកូអ៊ីត​នោះភ្លាម ពពួក​មេរោគ​អស់​ទាំងនោះនឹង មានការ​កកើត​ឡើង រីករាល​ដាល​កាន់តែ​ច្រើនឡើង ដោយសារ​តែជាតិ​ថ្នាំ​គ័រទីកូអ៊ីត​នោះវា​ទៅ​បំផ្លាញ​ប្រព័ន្ធ​ភាពស៊ាំ​របស់រាង​កាយ។ ញ៉ាំបាន ដេកបាន​ក៏ពិត​មែន ប៉ុន្ដែ​ធ្វើឱ្យ​ខ្លួនខ្សោយ ធ្វើឱ្យ​ប្រព័ន្ធភាព​ស៊ាំ​ចុះថយ​ជាដើម។

6 .មានផល​ប៉ះពាល់​ទៅភ្នែក​របស់​អ្នកប្រើ អាចទៅ​ជាភ្នែក​ឡើងបាយ ឬជម្ងឺ​ក្លូកូមភ្នែក​ជាដើម។

7 . ធ្វើឱ្យ​មានផល​ប៉ះពាល់​ទៅដល់​តម្រង​នោម អាចកើត​ជាក្រួស​ផ្លូវទឹក​ម៉ូត ធ្វើឱ្យ​ខ្សោយ​តម្រង​នោម។

8 . ធ្វើឱ្យ​ស្បែកឡើង​មុនច្រើន ជាពិសេស​គឺ​នៅលើ​ផ្ទៃមុខ លើខ្នង នៅតាម​ដើមដៃ រលាកស្បែក​ជុំវិញ​មាត់ និង​ស្បែកជុំ វិញ​ប្រឡង់​ភ្នែក។

9 . ធ្វើឱ្យ​ស្បែកដុះ​រោមច្រើន​នៅទីកន្លែង​ណាដែល​រាងកាយ​បាន​ប្រើថ្នាំ​ប្រភេទ​គ័រទីកូអ៊ីត​នេះ (ជា​ប្រភេទ​លាប)។

10 . កើតសង្វារ​លើស្បែក​គ្រប់​ទីកន្លែង និងអាច​បែកគ្រាប់​ឈាម​នៅក្រោម​ស្បែក​ទៀតផង។

ប្រការ​គួរ​ចៀសវាង​ក្នុងការ​ប្រើប្រាស់​ថ្នាំ​គ័រទីកូអ៊ីត

មាន​ប្រការ​មួយចំនួន​ដែល​លោកអ្នក​នាងកញ្ញា​ទាំងអស់​គួរតែ​ធ្វើ ដូចជា​ការ​ប្រើប្រាស់​ថ្នាំ​ដើម្បី​ព្យាបាល​ជម្ងឺ​អ្វីមួយ​ជាដើម ត្រូវមាន​វេជ្ជបញ្ជា​ពីគ្រូពេទ្យ​ត្រឹមត្រូវ។ ការ​ប្រើប្រាស់​ថ្នាំអ្វីមួយ​មិនត្រូវ​ចេះតែ​ប្រើតាម​គ្នានោះ​ទេ ដោយសារ​តែ​អាការ​រោគ​របស់ មនុស្សម្នាក់​មិនដូច​គ្នាទេ។

ដំបូន្មាន​អ្នក​ឯកទេស

មាន​មនុស្ស​មួយចំនួន​មិនដឹង​ថាថ្នាំ​ដែលខ្លួន​ប្រើប្រាស់​ជាប្រចាំ​នោះមាន​ជាតិអ្វី​ខ្លះក្នុង​នោះទេ មិនដឹង​ថាមាន​ជាតិ​គ័រទីកូអ៊ីត ទេ ដូច្នេះ​ការ​ប្រើប្រាស់​ថ្នាំអ្វីៗ​ទាំងអស់​ត្រូវមាន​វេជ្ជបញ្ជា​ពីគ្រូពេទ្យ​ឱ្យបាន​ត្រឹមត្រូវ។ ចៀសវាង​ការ​ប្រើប្រាស់​ប្រភេទ​ថ្នាំ​អ្វីមួយ​ដែលមិនដឹង​ពីឈ្មោះ មិនដឹង​ពីកន្លែង​ផលិត​ច្បាស់់លាស់ និងគ្មាន​ពេល​បរិច្ឆេទ​កំណត់​ត្រឹមត្រូវ​ជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative