ជម្ងឺ​គ្រុន​ចាញ់​សម្លាប់​ពល​រដ្ឋ​កម្ពុជា​២៧​នាក់ និង​មាន​២៩ ៥១០​ករណី​នៅ​ដើម​ឆ្នាំ​២០១២​

នៅ​ក្នុង​ឆ្នាំ​២០១១ កម្ពុជា​មាន​អ្នក​កើត​រោគ​គ្រុន​ចាញ់ ៦២ ៦៩០​ករណី និង​បាន​សម្លាប់​ពលរដ្ឋ​កម្ពុជា​អស់​ចំនួន​៩៨​នាក់។ កាល​ពី​ចុង​ខែ​
មិថុនា​ឆ្នាំ​២០១២​ថ្មីៗ​នេះ ព័ត៌​មាន​បាន​ចេញ​ផ្សាយ​ថា កម្ពុជា​មាន​អ្នក​ស្លាប់​ដោយ​សារ​រោគ​គ្រុន​ចាញ់​ចំនួន​២៧​នាក់ និង​មាន ២៩​ ៥១០​ករណី។​

រូបភាពគេហទំព័រសុខភាពយើង

មជ្ឈ​មណ្ឌល​បរាសិត​សាស្ដ្រ និង​ត្រួត​ពិនិត្យ​ជម្ងឺ​គ្រុន​ចាញ់​ជាតិ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃអ​ង្គារ​ម្សិល​មិញ​ថា របាយ​ការណ៍​អ្នក​ស្លាប់​ដោយសារ​
រោគគ្រុន​ចាញ់ មាន​ចំនួន​២៧​នាក់ និង​មាន​២៩ ៥១០​ករណី បើ​គិត​ចាប់​ពី​៥​ខែដើ​ម​ឆ្នាំ​កន្លង​មក​នេះ។​ របាយ​ការណ៍​បាន​បង្ហាញ​ឱ្យ​ដឹង​បន្ត​ថា ចំនួន​អ្នក​កើត​រោគ​គ្រុន​ចាញ់​នៅ​កម្ពុជា​ មាន​ការ​ធ្លាក់​ចុះ​១១​ភាគ​រយ បើ​ធៀប​ទៅ​នឹង​អំឡុង​ពេល​ដូច​គ្នាកាល​ពី​ឆ្នាំ​មុន។ ទន្ទឹម​នឹង​នេះ​ដែរ​ អ្នក​រង​គ្រោះដោយ​សារ​រោគ​មួយ​នេះ​នៅ​រក្សា​ចំនួន​ដដែល។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ិន​ហួរ។​

លោក ​ចរ ម៉េង​ឈួ នាយក​មជ្ឈ​មណ្ឌល​បរា​សិត និង​ត្រួ​តពិនិត្យ​ជម្ងឺ​គ្រុន​ចាញ់​ជាតិ បាន​មាន​ប្រសាសន៍​ឲ្យ​អ្នក​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ដឹងថា
ដោយ​មាន​យុទ្ធ​នាកា​រ​ល្អ​ប្រសើរ​ដែល​ធ្វើ​ឱ្យ តួ​លេខ​នៃ​អ្នក​កើត​រោគនេះ​បាន​ថយ​ចុះ​ ហើយ​មន្ដ្រី​សុខា​ភិបាល​ក៏​បាន​បែង​ចែក​មុង​សុវត្ថិ​ភាព ការពារ​សត្វ​មូស​ខាំ ទៅកា​ន់ក្រុម​ប្រឈម​មុខ​នឹង​រោគ​នេះ ឲ្យ​ដំណើរ​ការ​ល្អ​ប្រសើរ​ផង​ដែរ ។​ បើ​យោង​តាម​របាយការណ៍​របស់​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុន​ចាញ់​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​ជម្ងឺ​គ្រុន​ចាញ់​ភាគ​ច្រើន​ គឺ​កើត​ឡើង​ចំពោះ​មនុស្ស​នៅ​ចន្លោះ​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ទៅ​៤៩​ឆ្នាំ ហើយ​ខេត្ត​ដែល​មាន​អាត្រា​អ្នក​កើត​ជម្ងឺ​គ្រុន​ចាញ់​ខ្ពស់ គឺ​ខេត្ត​ក្រចេះ​ ឧត្តរ​មាន​ជ័យ សៀម​រាប និង​ខេត្ត​រតន​គីរី។​

ភាគ​ច្រើន​ជម្ងឺ​គ្រុន​ចាញ់ កើត​ឡើង​នៅ​រដូវ​ភ្លៀង​ ពោល​គឺ​ចន្លោះ​ពី​ខែ​ឧសភា​ដល់​ខែ​ឆ្នូ។ ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ណែ​នាំ​ថា ប្រជា​ពល​រ​ដ្ឋ​ ដែល​ស្ថិត​ក្នុង​តំបន់​ប្រឈម​នឹង​ជម្ងឺ​នេះ គួរ​តែ​ស្ថិត​នៅ​ក្នុង​មុង​នៅ​ចន្លោះ​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​៦​ព្រឹក ពី​ព្រោះ​ជម្ងឺ​នេះ​​ ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដោយ​សារ​មូស​ដែក​គោល​ញី​ខាំ​ ហើយ​មូស​នេះ​ភាគ​ច្រើន​ខាំ​នៅ​ចន្លោះ​ពី​ម៉ោង​៦​ល្ងាច​ទៅ​ដល់​ម៉ោង​៦​ព្រឹក។ ចំណុច​សំខាន់​នៃ​ការ​បង្ការ​
ជម្ងឺ​គ្រុន​ចាញ់ គឺ​ក្រសួង ក៏​ដូច​ជា​រាជ​រដ្ឋា​ភិបាល​កម្ពុជា ត្រូវ​អប់រំ​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជាជន​កម្ពុជា យល់​ដឹង​អំពី​មូល​ហេតុ​នៃ​ជម្ងឺ​គ្រុន​ចាញ់។​ ហើយ​ចំពោះ​ការ​ព្យាបាល​ជម្ងឺ​គ្រុន​ចាញ់​នេះ គឺ​ការ​ណែ​នាំ​គាត់​ឲ្យ​ទៅ​រក​កន្លែង​ព្យាបាល​ដែល​ត្រឹម​ត្រូវ ដូច​ជា​នៅ​តាម​មណ្ឌល​សុខ​ភាព​ និង​ពិគ្រោះ​ជាមួយ​អ្នក​ស្ម័គ្រ​ចិត្ត​ភូមិ​ជា​ដើម។ មួយ​វិញ​ទៀត ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អប់​រំ​សុខ​ភាព​ផ្សព្វ​ផ្សាយ​តាម​រយៈ​វិទ្យុ ទូរ​ទស្សន៍ និង​នៅ​សហគមន៍​តាម​មន្រ្តី​ ភូមិ​ ឃុំ-សង្កាត់ ក៏​ជា​ប្រសិទ្ធ​ភាព​ដ៏​ល្អ​ប្រសើរ​ផង​ដែរ​ដើម្បី​ចូល​រួម​ផ្សព្វ​ផ្សាយ​ និង​បញ្ជៀប​ចំណេះ​ដឹង​ដល់​ប្រជាពល​រដ្ឋ​ទាក់​ទិន​ទៅ​នឹង​ជម្ងឺ​គ្រុន​ចាញ់។​

កម្ពុជា បាន​ដាក់​គោលដៅ​មួយ ដោយ​កម្ចាត់​រោគ​គ្រុន​ចាញ់​ឲ្យ​បាន​នៅ​ឆ្នាំ២​០២៥ ហើយ​ក៏​សូម​ធ្វើ​ការ​អំពាវ​នាវ​ស្វែង​រក​ថវិកា សម្រាប់​ទ្រទ្រង់​គម្រោង​ការ​លុប​បំបាត់​ជម្ងឺ​គ្រុន​ចាញ់​នេះ ដែល​ក្នុង​មួយ​ឆ្នាំ​ត្រូវ​ការ​ទឹក​ប្រាក់​ប្រមាណ​២០​លាន​ដុល្លារ។​ បើតាម​ប្រសាសន៍​របស់​ឯក​ឧត្តម​ ម៉ម ប៊ុន​ហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល កាល​ពី​សន្និ​សីទ​សារព័ត៌​មាន​នា​ឆ្នាំ​២០១១​កន្លង​ទៅ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ប្រទេស​កម្ពុជា​នឹង​អាច​លុប​បំបាត់​ជម្ងឺ​គ្រុន​ចាញ់​បាន​ទាំង​ស្រុង​នៅ​ឆ្នាំ​២០២៥។​

ជម្ងឺ​គ្រុន​ចាញ់​គឺ​ជា​ជម្ងឺ​ដ៏​ប្រល័យ​មួយ​នៅ​ទូទាំង​ពិភព​លោក ជា​ពិសេស​នៅ​ទ្វីប​អាហ្វ្រិក។ នៅ​ឆ្នាំ​២០០៩​ ក្នុង​ពិភព​លោក​មាន​អ្នក​ស្លាប់​ដោយ​សារ​ជម្ងឺ​នេះ​ចំនួន​ជាង​៧៨​ម៉ឺន​នាក់។ គួរ​បញ្ជាក់​ថា​ បើ​យោង​តាម​តួលេខ​របស់​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុន​ចាញ់​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០០​ ប្រទេស​កម្ពុជា​មាន​អ្នក​ជម្ងឺ​គ្រុន​ចាញ់​ចំនួន​១២៩ ១៦៧​នាក់ ហើយ​អាត្រា​នេះ បាន​ធ្លាក់​ជា​បន្ត​បន្ទាប់​រហូត​ដល់​ចំនួន​៥៦ ២១៧​នាក់​ នាឆ្នាំ​២០១០។ រី​ឯ​នៅឆ្នាំ​២០១១​កន្លង​ទៅ​នេះ មាន​ជម្ងឺ​គ្រុន​ចាញ់ចំនួន​៦២ ៦៩០​ករណី និង​បាន​សម្លាប់​ពល​រដ្ឋ​កម្ពុជា​អស់​ចំនួន​៩៨​នាក់​ ហើយ​នៅ​ដើម​ឆ្នាំ​២០១២​នេះ ​ជម្ងឺ​គ្រុនចាញ់​បាន​សម្លាប់​ពលរដ្ឋ​កម្ពុជា​២៧​នាក់ មាន​២៩ ៥១០ករណី។​

អត្ថបទ​ដោយ ៖ សៀង​ វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative