តើអ្នក​ជម្ងឺ​ជា​កុមារ​កម្ពុជា​នឹង​ទៅ​ជា​យ៉ាង​ណា បើ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ត្រូវ​បិទ​ទ្វារ?​

នៅ​ខែមិថុនា ឆ្នាំ​២០១២​នេះ មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ជា​ច្រើន​ បានពោល​ដោយ​សេច​ក្តី​ខ្វល់​ខ្វាយ​ថា​ប្រសិន​បើ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បិទ​ទ្វារ​នោះ តើ​នឹង​ឲ្យ​ពួក​គាត់​រត់​ទៅ​ពឹង​ពាក់​អ្នក​ណា​ ឬ​មន្ទីរ​ពេទ្យ​ណាប​ន្ត​ទៀត បើ​សេវា​កម្ម និង​ការ​ព្យបាល​រវាង​ពេទ្យ​ដទៃ​មាន​សភាព​ខុស​គ្នា​ឆ្ងាយ​យ៉ាង​ដូច្នេះ?​ មិន​ថា​តែ​កូន​អ្នក​ក្រី​ក្រ​នោះ​ទេ​ដែល​ទៅ​ព្យា​បាល សូម្បី​តែ​កូន​អ្នក​មាន​ជីវ​ភាព​ធូរ​ធារ​ក៏​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នោះ​ផង​ដែរ។​

រូបភាពគេហទំព័រសុខភាពយើង

ជាង​ម្ភៃ​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា បាន​បើក​ទ្វារ​ឡើង​វិញ​ក្រោយ​ពី​សង្រ្គាម​ស៊ីវិល មន្ទីរ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​នេះ​ បាន​ក្លាយ​ទៅ​ជា​មណ្ឌល​ព្យាបាល​មួយ​សម្រាប់​កុមារ​កម្ពុជា​មក​ពី​គ្រប់​ស្រទាប់។ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​មាន​សាខា​ចំនួន​ប្រាំ នៅ​ទី​ក្រុង​ភ្នំពេញ​ និង​នៅ​ខេត្ត​សៀម​រាប។ មន្ទីរ​ពេទ្យ​នេះ ទទួល​បាន​អ្នក​ជម្ងឺ​ជា​កុមារ​ មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ ជាក់​ស្តែង​បើ​ប្រៀប​ធៀប​ខែ​មិថុនា ឆ្នាំ​២០១២​នេះ ទៅ​នឹង​ឆ្នាំក​ន្លង​ទៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា គេ​សង្កេត​ឃើញ​ថា​ អ្នក​ជម្ងឺ​មាន​ការ​កើន​ឡើង​ចំនួន​៣០​ភាគ​រយ។ ពោល​គឺ​កុមារ​មាន​ជម្ងឺ​ដែល​ចូល​មក​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ បាន​កើន​ពី​ជាង​៦,០០០​នាក់​ ដល់​ជាង ៩,៤៤០​នាក់ ក្នុង​រយៈ​ពេល ១៧​ថ្ងៃ។​

កំណើន​អ្នក​​ជម្ងឺ​ជា​កុមារ​នេះ បាន​ធ្វើ​ឲ្យ​លោក​វេជ្ជ​បណ្ឌិត ប៊ីត រិចនែ (Beat Richner) នាយក​មន្ទីរ​ពេទ្យ​នេះ​មាន​កង្វល់៖ ​«នេះ​គឺ​ជា​ស្ថាន​ភាព​មួយ​ដែល​ធ្ងន់​ធ្ងរ​សម្រាប់​មន្ទីរ​ពេទ្យ​មួយ ដែល​គ្មាន​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​ណា​ ឬ​កន្លែង​ណា​ក្នុង​ពិភព​លោក​ដែល​មាន​អ្នក​ជម្ងឺ​ចូល​មក​សម្រាក​ព្យាបាល​ក្នុង​មន្ទី​រពេទ្យ​ដ៏​ច្រើន​លើស​លប់​ដូច​នេះ​ ក្នុង​រយៈ​ពេល​បែប​នេះ​នោះ​ទេ។ នៅ​ក្នុង​ខែ​មិថុនា​នេះ បើ​សិន​គ្មាន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ជា​ទេ​នោះ យើង​អាច​ព្យាករណ៍ថា​​ កុមារ​ប្រមាណ​ជា៧,០០០​នាក់ អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត»។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​សារ​ព័ត៌​មាន​វិទ្យុ​វី​អូអេ​។

​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ធ្លាប់​មាន​វត្ត​មាន​នៅ​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​១៩៧០ ហើយ​ត្រូវ​បាន​បិទ​ទ្វារ​ទៅ​វិញ​ នៅពេល​ពួក​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច។ មន្ទីរ​ពេទ្យ​នេះ​ចាប់​ដំណើរ​ការ​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩២​ ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​ព្រះបាទ​នរោត្តម សី​ហនុ និង​លោក​វេជ្ជ​បណ្ឌិត ប៊ីត រិចនែ ជា​ជន​ជាតិ​ស្វីស។​ កុមារ​កម្ពុជា​បាន​មក​សម្រាក​ព្យាបាល​ ក្នុង​មន្ទីរ​ពេទ្យ​នេះ ដែល​ភាគ​ច្រើន​មក​ពី​គ្រួសារ​ក្រី​ក្រ​ជា​មធ្យម​ចំនួន​១២​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។​ ភាគ​ច្រើន​នៃ​កុមារ​ទាំង​នោះ​ មាន​សភាព​ធ្ងន់​ធ្ងរ​ដែល​ងាយ​ស្លាប់​បាន ដូច​ជា​កុមារ​មាន​ជម្ងឺ​គ្រុន​ឈាម រលាក​ខួ​រក្បាល​ របេង​ និង​បេះដូង​ប្រហោង​ពី​កំណើត​ជា​ដើម។​

ចំពោះ​ការ​កើន​ឡើង​របស់​អ្នក​ជម្ងឺ​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ជា​នេះ លោក​វេជ្ជ​បណ្ឌិត ប៊ីត រិច​នែ ​បាន​បញ្ជាក់​ថា​ដោយ​សារ​តែ​សេវា​សុខា​ភិបាល​នៅ​កម្ពុជា​មាន​កម្រិត​ទាប​នៅ​ឡើយ ពី​ព្រោះសេ​វា​ឯក​ជន​នៅ​តាម​គ្លី​និក​មួយ​ចំនួន​ ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ​ដោយ​ប្រើ​ថ្នាំ​ខុស បន្តោក​សេរ៉ូមច្រើន​ពេក​ដែល​​បណ្តាល​​ឲ្យ​​អ្នក​ជម្ងឺ​ពុល។ រី​ឯ​ការ​ព្យាបាល​មាន​តម្លៃ​ខ្ពស់​ ហើយ​កុមារ​ប្រហែល​ជា​៩០​ភាគ​រយ​ ដែល​ទទួល​បាន​ការ​ព្យាបាល​ពី​គ្លីនិក​ឯក​ជន​មាន​សភាព​ធ្ងន់​ធ្ងរ​នៅ​ពេល​បាន​មក​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ជា។ ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ​ លោក​ ប៊ីត រិចនែ អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ឲ្យ​ផ្តល់​ថវិកា​ជំនួយ​ទ្វេឡើ​ង​ថែម​ទៀត។​ ហើយ​​លោក​ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​ដែល​មាន ជីវ​ភាព​ធូរ​ធារ​និង​មាន​ឆន្ទៈ​ ក្នុង​ការ​បរិច្ចាក​ថវិកា​ផ្ទាល់​ខ្លួន​សម្រាប់​កុមារ​នៅ​កម្ពុជា​ផង​ដែរ។ លោក​វេជ្ជ​បណ្ឌិត​បាន​បន្ត​ឲ្យ​ដឹង​ថា​ «រាជ​រដ្ឋា​ភិបាល​គួរ​តែ​ជួយ​ដល់​មូល​និធិ ៤​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ដើម្បី​ជួយ​ផ្គត់​ផ្គង់​ការ​ចំណាយ​នៃ​ការ​ព្យាបាល​កុមារ​ក្រី​ក្រ​ ពីព្រោះ​អ្ន​កក្រីក្រ​ប្រហែល​ជា​៨០​ភាគ​រយ​បាន​មក​ទទួល​សេវា​នៅ​ទី​នេះ។ ខ្ញុំ​សង្គេត​ឃើញ​ថា នៅ​កម្ពុជា​សព្វ​ថ្ងៃ​ អ្នក​ដែល​មាន​ជីវភាព​ធូរ​ធារ​ច្រើន ហើយ​អ្នក​ទាំង​នោះគួ​រតែ​ចូល​រួម​វិភាគ​ទាន​ក្នុងការ​ផ្តល់​ថវិកា​ខ្លះៗ ឲ្យ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ជា។​ បើ​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​ គឺ​ប្រជាពលរដ្ឋ​ស្វីស​ ដែល​ផ្តល់​វិភាគ​ទាន​មួយ​ចំនួន​មាន​ជីវភាព​ទាប​ជាង​អ្នក​មាន​ជីវភាព​ធូរធារ​នៅ​កម្ពុជា​ផង»។​

ជា​រៀង​រាល់​ព្រឹក នៅ​ក្បែររ​បងមន្ទីរ​ពេទ្យ​គន្ធ​បុប្ជា​ក្រុង​ភ្នំពេញ​ ប្រជាពល​រដ្ឋ​ដែល​មាន​កូន​ឈឺ​មក​ស្ទើរ​ពី​គ្រប់​ខេត្ត​ក្រុង​នៅក​ម្ពុជា​ដែល​ប្រហែល​ជា​ជិត​១,០០០នាក់​ មក​អង្គុយ​តម្រង់​ជួរ​គ្នា​ជា​២​ជួរ​យ៉ាង​វែង​រង់​ចាំ​ចូល​ឲ្យ​គ្រូ​ពេទ្យ​ពិនិត្យ​ព្យាបាល។ ​អ្នក​ខ្លះ​មក​រង់​ចាំ​តាំង​ពី​ម៉ោង​២​ ភ្លឺ​រហូត​ដល់​ម៉ោង​ ៦និង​៣០នាទី​ព្រឹក ទើប​មន្ទីរ​ពេទ្យ អនុ​ញ្ញាត​ឲ្យ​ចូល​ពិនិត្យ​ជម្ងឺ​តាម​លេខ​រៀង។​

អ្នក​ស្រី អ៊ុ​ន ម៉ុន មក​ពី​ស្រុក​ពា​រាំង ខេត្ត​ព្រៃ​វែង ដែល​កំពុង​អង្គុយសម្លឹង​មើល​កូន​ស្រី​របស់​គាត់​អាយុ​១២​ឆ្នាំ​ និង​ដែល​មាន​ជម្ងឺ​គ្រុន​ឈាម​សម្រាក​នៅ​លើ​គ្រែ​នៃ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា បាន​ឲ្យ​ដឹង​ថា៖ «បើ​គ្មាន​កន្លែង​នេះ យើង​ពិបាក​មែន​ទែន​តែ​ម្តង​ បើ​សិន​ជា​យើង​ទៅ​ពេទ្យ​ផ្សេង​ទៀត យើង​មិន​សូវ​មាន​ថវិកា​មើល​កូន បើ​អញ្ចឹង​បាន​ជា​រូត​មក​ពេទ្យ​ទេវតា បើ​ខុស​ពី​ពេទ្យ​គន្ធ​បុប្ជា​នោះ​គឺ​ ទាល់​តែ​រាប់​លាន​រាប់​ពាន់​បាន​មើល​ជា។ មាន​តែ​ពេទ្យ​នេះ​ទេ យើង​ទី​ទាល់​ក្រ យើង​មក​ពឹង​ពាក់​ពេទ្យ​បាន បើ​សិន​ជា​មិន​មាន​ពេទ្យ​នេះ ​គឺយើង​ងាប់ លទ្ធភាពយើង​អត់​មាន​លុយ អត់​មាន​លុយ​មើល​កូន។ ពេទ្យ​នេះ​មើល​ការ​ខុស​ត្រូវ​ចេញ​ចូល​តាម​ដាន​ជម្ងឺ​គ្រប់​ជំហាន​ គ្រប់​ម៉ោង គ្រប់​វិនាទី​ទាំង​អស់​នេះ ហើយ​ជាក់​ស្តែង​ផ្ទាល់​តែ​ម្តង»។​

ជាមួយ​គ្នានេះ​ផង​ដែរ អ្ន​កស្រី​ទុយ សា​ម៉ុល រស់​នៅ​សង្កាត់​ទន្លេ​បាសាក់​ ក្រុង​ភ្នំពេញ កំពុង​បី​ចៅ​ស្រី​ប្រហែល​ជា​៥ខែ​ នៅ​ក្នុង​ដៃ​អង្គុយ​រង់​ចាំនៅជួ​រមុខ​គេ នៅ​ក្រៅរ​បង​មន្ទី​រពេទ្យ​គន្ធ​បុប្ជា បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​អត់​យក​ចូល​ឯក​ជន​ទេ​ ពីព្រោះ​ខ្លាចមាន​គ្រោះថ្នាក់​អី​ទៅគង់​តែ​ចូល​មក​រដ្ឋ​ដដែល អញ្ចឹង​ខ្ញុំ​យក​មក​ពេទ្យ​រដ្ឋ​តែ​ម្តង។ មក​ពី​ខ្ញុំ​ទុក​ចិត្ត​ នឹក​ឃើញ​មក​វា​កប​កូន​ខ្ញុំ​ជា។ ទៅ​ពេទ្យ​ផ្សេង​ទៅ​កូន​ខ្ញំ អត់​ជា គឺ​ខ្ញុំ​ស្តាយៗ​ អស់​មួយ​ជីវិត ហើយ​បើ​មក​ពេទ្យ​នេះ​ បើ​សិន​ជា​កូន​ខ្ញុំ​មាន​បញ្ហា​អី ខ្ញុំ​អត់​ស្តាយ​ទេ​គឺ​ថា​គេ​មើល​កូន​យើង​អស់​ពី​សមត្ថភាព​របស់​គេ»។​

លោក​វេជ្ជ​បណ្ឌិត ច ម៉េង ចួ ប្រធានមជ្ឈ​មណ្ឌល​ជាតិប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុន​ចាញ់ ប៉ារ៉ា​ស៊ីត​សាស្រ្ត និង​បាណក​សាស្រ្ត ក៏​យល់​ដូច​គ្នា​ដែរ​ថា​ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​សុខាភិ​បាល​នៅ​កម្ពុជា​ ពី​ព្រោះ​ជា​មន្ទីរ​ពេទ្យ​ដែល​បាន​ផ្តល់​សេវា​ព្យាបាល​កុមារ​កម្ពុជាបា​នយ៉ាង​ច្រើន​បំផុត​ជា​ពិសេស​កុមារ​ដែល​មាន​ជម្ងឺ​គ្រុន​ឈាម​ និង​គ្រុន​ចាញ់។ លោក​វេជ្ជ​បណ្ឌិត​បាន​ឲ្យ​ដឹង​ថា៖ «អ្នក​ជម្ងឺ​គ្រុន​ឈាម​ភាគ​ច្រើន​សម្រាក​នៅ​គន្ធ​បុប្ជា និង​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័​ន​ ជួយ​រួម​ចំណែក​ច្រើន​ណាស់​កន្លង​មក​ជួយ​ព្យាបាល​ជម្ងឺ​គ្រុន​ចាញ់ គ្រុន​ឈាម»។​

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​រដ្ឋាភិបាល​កម្ពុជា នឹង​សម្រេច​យ៉ាង​ណា​ចំពោះ​សំណើ​សុំ​ជំនួយ​ថវិកា​បន្ថែម​ពី​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​នោះ​ទេ​ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។ រីឯ​ឯក​ឧត្តម ម៉ម ប៊ុន​ហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​មិន​ផ្តល់​អត្ថា​ធិប្បាយ​ណាមួយ​ទេ ដោយ​ លោក​សំអាង​ថា លោក​ជាប់​រវ​ល់ប្រជុំ។​

គួរបញ្ជាក់​ថា ជារៀង​រាល់​ឆ្នាំ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទាំង​ប្រាំ ត្រូវ​ការ​ថវិកា​ចំនួន​៣៦​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ប្រតិបត្តិ​ការ​របស់​ខ្លួន។​ ក្នុង​នោះ​រដ្ឋា​ភិបាល​ប្រទេស​ស្វីស​ជួយ​ចំនួន​៣​លាន​ដុល្លារ រដ្ឋា​ភិបាល​កម្ពុជា​ជួយ​ចំនួន​៣​លាន​ដុល្លារ​ហើយ​ក្រៅ​ពីនោះ​ គឺ​ជា​ជំនួយ​ពី​សប្បុ​រស​ជន ដែលលោ​កវេ​ជ្ជប​ណ្ឌិត ប៊ីត រិចនែ រ៉ៃ​អង្គាស​ជាពិសេស​តាម​រយៈ​ការ​លេង​សែ​ឡូ។​ រយៈ​ពេល​ជាង​២០​ឆ្នាំ​កន្លង​មក​នេះ មន្ទីរ​ពេទ្យ​គន្ធ​បុប្ជា​បាន​ទទួល​ការ​ព្យាបាល​កុមារ​ចំនួន​ ១.១៧​លាន​នាក់​ និង​ពិគ្រោះ​ជម្ងឺ​ចំនួន​ជាង​១១​លាន​នាក់ ដោយ​បាន​ចំណាយថ​វិកា​អស់​ចំនួន ៤១០​លាន​ដុល្លារ​អាមេរិក។
លោក​ ប៊ីត​ រិច​នែ​ បញ្ជាក់​ថា​នៅ​រយៈ​ពេល​១៧​ថ្ងៃ នៅ​ក្នុង​ខែមិ​ថុនា​នេះ មាន​កុមារ​មាន​ជម្ងឺ​គ្រុន​ឈាម​ចំនួន​ ៣.០៧៣នាក់​ ដែល​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​របស់​លោក។​

អត្ថបទ​ដោយ ៖ សៀង​ វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative