ព្រៃឈើ​ធម្មជាតិ អត្ថ​ប្រយោជន៍​មហាសាល

ធនធាន​ធម្មជាតិ​មានពីរ​ប្រភេទ​ផ្សេងគ្នា គឺ​ធនធាន​កើតឡើង​វិញ និង​ធនធាន​មិនកើត​ឡើងវិញ។ ព្រៃឈើ​ត្រូវបាន​គេចាត់ ចូលជា​ធនធាន​កើតឡើង​វិញ ព្រោះ​ព្រៃឈើ​អាចកើត​ពីប្រភព​មិនចេះ​រីងស្ងួត ឬវា​កកើតជា​អចិន្ដ្រៃយ៍ ឬ​លូតលាស់​បានលឿន​បើគេ ប្រៀបធៀប​នឹង​ធនធាន​មិន​កើតឡើង​វិញ។ ព្រៃឈើ​ធម្មជាតិ​មាន​លក្ខណៈ​ដោយឡែក​ពី​ព្រៃឈើ​ដែលធ្វើ​ការ​ដាំដុះ​ឡើងវិញ ឬ​ព្រៃ ឈើ​ដែលត្រូវ​ទទួល​រងការ​បំផ្លិច​បំផ្លាញ។ សម្រាប់​កម្ពុជា ព្រៃឈើ​ធម្មជាតិ​នៅមាន​តិចបំផុត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់​លេខនេះ ទស្សនាវដ្ដី សុខភាពយើង មានក្ដី​សោមនស្ស​លើកយក​អត្ថបទ​ដែល​បង្ហាញពី​ព្រៃឈើ​ធម្មជាតិ​ជូន​ប្រិយមិត្ដ អ្នកអាន​ស្វែងយល់​បន្ថែម តាមរយៈ​ការ​ប្រឹក្សា​ជាមួយ​លោក ស៊ឹម គង់ ប្រធាន​អភិវឌ្ឍ​កម្មវិធី​នៃអង្គការ​ម្លប់បៃតង។

ព្រៃឈើ​ធម្មជាតិ

ព្រៃឈើ​ធម្មជាតិ​ត្រូវបាន​អ្នក​ជំនាញ​ផ្នែក​ព្រៃឈើ​សម្គាល់​ថា ជាព្រៃ​ដែលដុះ​ដោយ​ឯកឯង​តាំងពី​យូរយារ​មកហើយ។ ព្រៃឈើ​ធម្មជាតិ​ថែរក្សា​បាននូវ​ប្រព័ន្ធ​អេកូឡូស៊ី មិនត្រូវ​បាន​បំផ្លាញ​រេចរឹល និងមាន​ជីវចម្រុះ​ដែល​រស់នៅ​តាម​ធម្មជាតិ​របស់វា។ ព្រៃប្រភេទនេះ​ច្រើនស្ថិត​នៅតាម​តំបន់​ត្រូពិច ដែលជា​តំបន់​ក្ដៅហើយ​សើម មាន​ទំហំធំ ព្រៃ​ក្រាស់ និង​ខ្ពស់ៗ។ ជាទូទៅ​ព្រៃធម្មជាតិ​ខុសពី ព្រៃ​សហគមន៍ ដែលព្រៃ​សហគមន៍​ជាព្រៃ​ដែលធ្វើ​ការ​ដាំដុះ​ដើម្បី​រក្សាទុក​បម្រើផល​ប្រយោជន៍​សហគមន៍។ ព្រៃ​ធម្មជាតិ​ដែលឆ្លងកាត់​ការកាប់​រុករាន​បំផ្លិច​បំផ្លាញ​ដោយ​ប្រការណា​មួយ រហូត​បាត់បង់​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ទ្រទ្រង់​ព្រៃឈើ និង​បាត់បង់​ជីវចម្រុះព្រៃ នេះនឹង​លែងជា​ព្រៃធម្មជាតិ​ទៀត​ហើយ។ ប៉ុន្ដែ​បើត្រឡប់​ជាធ្វើ​ការ​ដាំដុះ ការពារ​ទុក​រាប់រយ​ឆ្នាំ​លុះព្រៃ​នោះ​កើតឡើង​វិញនូវ​ប្រព័ន្ធ អេកូឡូស៊ី​មានជីវ​ចម្រុះ ទើបព្រៃ​នោះអាច​ចាត់ថា​ជាព្រៃ​ធម្មជាតិ​ជាថ្មី​ម្ដងទៀត។

អត្ថ​ប្រយោជន៍​របស់​ព្រៃឈើ​ធម្មជាតិ

នៅលើ​ពិភព​លោកនេះ គ្រប់​ជីវសាស្ដ្រ​ទាំងអស់​ត្រូវការ​ព្រៃឈើ​ជាចាំបាច់​ណាស់។ ដូច្នេះ​គ្មានអ្វី​ដែលគ្មាន​ទំនាក់ទំនង​នឹងព្រៃ ឈើ​នោះទេ។

1 . ព្រៃឈើ​ធម្មជាតិ និង​ជីវ​ចម្រុះ ៖ ជីវ​ចម្រុះ​រស់នៅ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ព្រៃឈើ។ ក្នុងនោះ​មាន​ដូចជា​ពពួក​ថនិកសត្វ ទាំង​តូចធំ ពពួក​សត្វល្មូន ពពួក​សត្វស្លាប​ជាដើម។ សត្វ​គ្រប់ប្រភេទ​វាអាច​រស់នៅ​លាក់ខ្លួន បង្កើត​ពូជពង្ស​តាម​អំបូរ​របស់វានៅទីនោះ។ សត្វស្លាប​ទាំងឡាយ​រស់នៅ​ពឹងផ្អែក​លើ​ព្រៃឈើ អាស្រ័យ​ចំណី​ជាអនុផល​ព្រៃឈើ ឬជា​សាច់សត្វ​ដទៃ​ទៀត។ ឯ​ពពួកសត្វ​ចតុបាត​ខ្លះវាស៊ី​ស្លឹករុក្ខជាតិ ខ្លះ​ប្រហារសត្វ​ប្រភេទ​ផ្សេងស៊ី​ជាអាហារ។ យើងក៏​អាច​និយាយ​បានទៀត​ថា ពួកវា​មាន​ចំណីដ៏សម្បូរ​បែប និង​ស៊ីគ្នា មាន​លក្ខណៈ​វិលជា​ប្រព័ន្ធ​ពីតូច​ទៅធំ​ជាដើម។ ក្រៅពី​ផ្ដល់ជា​ជម្រកដ៏​ប្រសើរ​សម្រាប់សត្វ​គ្រប់ប្រភេទ វាក៏​នៅមាន​ផ្ដល់នូវ​ឧស្ម័ន​អុកស៊ីសែន​សម្រាប់​សត្វ​ទាំងនោះ​ដកដង្ហើម​ផងដែរ។

2 . ព្រៃឈើ​ធម្មជាតិ និង​បរិយាកាស ៖ ព្រៃឈើ​មាន​ចំណែក​ធំធេង​ណាស់​ក្នុងការ​ជួយឱ្យ​បរិយាកាស​មាន​សភាព​ល្អប្រសើរ។ ព្រៃឈើ​បង្កឱ្យ​មាន​ភ្លៀងធ្លាក់​ទៀងទាត់ ស្រូបយក​ឧស្ម័ន​កាបូនិច​ដែលជា​ជាតិពុល​ក្នុង​ស្រទាប់​ខ្យល់ ហើយ​បញ្ចេញ​មកវិញ​នូវ​ឧស្ម័ន អុកស៊ីសែន​(នាពេលថ្ងៃ) ដែលមនុស្ស​សត្វ​ត្រូវការ​ដកដង្ហើម​ដើម្បីរស់។ ព្រៃឈើ​បាន​ស្រូបយក​ពន្លឺ​ព្រះអាទិត្យ​(កម្ដៅ)​ធ្វើឱ្យកម្ដៅមាន​លំនឹង និងមិន​ក្ដៅខ្លាំង។ ពោល​ព្រៃឈើ​ជួយ​រក្សា​បរិយាកាស​ឱ្យ​ត្រជាក់​ជានិច្ច ព្រមទាំង​ជួយ​កាត់បន្ថយ​ការ​រំខាន​ដោយសូរ​សម្លេង ខ្យល់កខ្វក់ ឬពុល និងកាត់​បន្ថយ​បាននូវ​គ្រោះ​ធម្មជាតិ ដូចជា​ខ្យល់​ព្យុះ​ជាដើម។

3 . ព្រៃឈើ​ធម្មជាតិ និង​ធនធាន​ក្នុងដី ៖ ព្រៃឈើ​មាន​ចំណែក​ធំណាស់​ក្នុងការ​ជួយ​ទប់ស្កាត់​ការហូរ​ច្រោះដី និង​រក្សានិរន្ដរ ភាពទឹក​ក្រោមដី​ជាដើម។ ឫស​ឈើ​ដែលចាក់​ចូលយ៉ាង​ជ្រៅទៅ​ក្នុងដី បាន​ទប់ដី​មិនឱ្យ​បាក់ស្រុត​ទៀតផង។ ម្យ៉ាងទៀត​ទឹកមួយ​ផ្នែក បាន​ស្រូបយក​ដើម្បី​ចិញ្ចឹម​ដើមស្លឹក​របស់វា។ ស្លឹក និង​ផ្លែផ្សេងៗ​របស់វា​ដែល​ជ្រុះមក​លើដី​នឹង​ពុកផុយ​រលួយ​ធ្វើឱ្យ​ដីមាន​ជីជាតិ។ រីឯ ធនធាន​រ៉ែក្នុង​ដីមួយ​ចំនួន​កកើត​ឡើងដោយ​សារ​ចំណែក​រលួយ​នៃ​រុក្ខជាតិ​ដែលកប់​ក្នុងដី​រាប់ពាន់​ម៉ឺនឆ្នាំ​កន្លងមក។

4 . ព្រៃឈើ​ធម្មជាតិ និង​មនុស្ស ៖ មនុស្ស និង​ព្រៃឈើ​មាន​ទំនាក់​ទំនង​គ្នាជា​ប្រព័ន្ធ​មិនអាច​ខ្វះបាន ឬអាច​ថាជា​ផ្នែក មួយ​នៃជីវិត​មនុស្ស។ មនុស្ស​អាចទាញ​យកផល​ប្រយោជន៍​ពីព្រៃ​ធម្មជាតិ ប៉ុន្ដែ​មិនមែន​មាន​ន័យថា​ទាញយក​ផល​ប្រយោជន៍​រហូត​បាត់បង់ ទាំង​ព្រៃ បាត់បង់​ទាំង​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវ​ចម្រុះ​នោះទេ។ ព្រៃឈើ​ធម្មជាតិ​អាចជា​តំបន់​ទេសចរណ៍​ធ្វើឱ្យ​អារម្មណ៍​ជ្រះថ្លា អាចជា ប្រភព​ឱសថ​ព្យាបាល​ជម្ងឺ អាចជា​ប្រភព​អាហារ​មួយចំនួន​តាមរយៈ​ផល្លានុផល ជាផ្លែ ឬគ្រាប់​ធញ្ញជាតិ សាច់ជា​ដើម។ ប៉ុន្ដែ​មនុស្ស​ត្រូវ ចេះទាញ​យក​សក្ដានុពល​នោះឱ្យ​មាន​និរន្ដរភាព ដូចជា​ត្រូវ​កាប់ដើម​ឈើ​ដែល​គ្រប់អាយុ និង​ត្រូវដាំ​ឡើងវិញ ទើប​ព្រៃឈើ​ធម្មជាតិ នោះ​ស្ថិតស្ថេរ​បាន។ នៅមាន​ផល​ប្រយោជន៍​ជា​ប្រយោល​ច្រើនផ្សេង​ទៀត ដូចជា​ទទួលបាន​ខ្យល់​អាកាស​ល្អ កម្ដៅសមស្រប​ជាដើម។ ភាពស្រស់​បំព្រង​នៃរុក្ខជាតិ​ទាំងឡាយ គឺជា​ភាពស្រស់​បំព្រង​នៃជីវិត​របស់​មនុស្ស។ មនុស្ស​ចូលរួម​ការពារ​ព្រៃឈើ​ធម្មជាតិ គឺ​មាន​ន័យថា​មនុស្ស​ចូលរួម​ការពារ​បរិស្ថាន ហើយ​មាន​ន័យថា​ចូលរួម​ការពារ​ជីវិត​សត្វ និង​មនុស្ស​ខ្លួនឯង​ផងដែរ។

ផល​ប៉ះពាល់​នៃការ​បាត់បង់​ព្រៃឈើ​ធម្មជាតិ

មានផល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាច្រើន​មកលើ​មនុស្ស សត្វ និង​បរិស្ថាន។

  • បាត់បង់​ព្រៃឈើ​គឺ​បាត់បង់​ប្រភព​ឱសថ និង​ចំណីអាហារ
  • បាត់បង់​ជីវ​ចម្រុះ ដោយ​សារគ្មាន​ជម្រក គ្មាន​ចំណី និងមាន​ការ​បរបាញ់
  • បាត់បង់​តំបន់​ទេសចរណ៍ ដែលជា​ឧស្សាហកម្ម​គ្មានផ្សែង​អាចទាញ​យកផល​ប្រយោជន៍​មិនចេះ​រីងស្ងួត
  • ដី​បាត់បង់​ជីជាតិ​ធ្វើឱ្យ​មានផល​ប៉ះពាល់​ដល់ការ​ដាំដុះ
  • រដូវ​មិនទៀង ធ្វើឱ្យ​ផ្នែក​កសិកម្ម​ជួបផល​លំបាក
  • ងាយ​កើតឡើង​គ្រោះ​ធម្មជាតិ ដូចជា​ខ្យល់ព្យុះ ទឹកជំនន់ គ្រោះ​រាំងស្ងួត​ជាដើម
  • ការ​ហូរច្រោះ នាំ​ជាតិពុល​ទៅក្នុង​ទឹកប៉ះពាល់​ដល់ការ​ប្រើប្រាស់​ទឹក ប៉ះពាល់​ដល់​ជីវិត​ធនធាន​ក្នុងទឹក ដូចជា​មច្ឆជាតិ
  • ឡើង​កម្ដៅ​ផែនដី ព្រោះ​បាត់បង់​អ្នកស្រូប​កម្ដៅ និងមាន​វត្ដមាន​ឧស្ម័ន​ពុល​បំផ្លាញ​ស្រទាប់​អូហ្សូន​ដែល​ទប់​កម្ដៅ
  • មាន​ឧស្ម័ន​ពុលច្រើន​បំផ្លាញ​សុខភាព​មនុស្ស​សត្វ
  • កើតឡើង​វិបត្ដិ​សេដ្ឋកិច្ច​ទាំងក្នុង​គ្រួសារ និង​ជាតិ ពោលគឺ​កើនឡើង​នូវភាព​ក្រីក្រ។

ដំបូន្មាន​អ្នក​ប្រឹក្សា

មិន​ត្រឹមតែ​ត្រូវ​ចូលរួម​ថែរក្សា​ព្រៃឈើ​ធម្មជាតិ​ប៉ុណ្ណោះ​ទេ គឺ​ពលរដ្ឋ​គ្រប់រូប គ្រប់ជាតិ​សាសន៍ ទាំង​មន្ដ្រីក្នុង​ស្ថាប័នរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល មាន​តួនាទី​សំខាន់​ដូចគ្នា​ក្នុងការ​ការពារ និង​ដាំដុះ​ឡើងវិញ។ គ្មាន​នរណា​ម្នាក់មិន​ទាញយក​ផល​ប្រយោជន៍​ពី ព្រៃឈើ​នោះឡើយ។ ការជួយ​ការពារ ថែរក្សា​ទាំងព្រៃ ទាំងជីវៈ​ចម្រុះ គឺមាន​ន័យថា​បាន​ការពារ​អាយុជីវិត​ខ្លួនឯង និង​ជួយរួម​ចំណែក ធំធេង​ណាស់​សម្រាប់​ជាតិ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative