មហារីក​បំពង់​អាហារ​អាចជា​ឃាដករ

គ្រាន់តែ​ឮពាក្យ​ថា​មហារីក ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់ទុក​ថា ជាជម្ងឺ​មិន​ធម្មតា​គួរឱ្យ​ភ័យខ្លាច។ ជម្ងឺនេះ​ជាជម្ងឺ​ដែល គ្មាន​នរណាម្នាក់​អាចមើល​ស្រាលបាន​ឡើយ។ ព្រោះវា​ជាជម្ងឺ​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិន​បើធ្វើ​ការ​ព្យាបាល​មិនទាន់​ពេល វេលា។ នៅ​ប្រទេស​កម្ពុជា គេសង្កេត​ឃើញថា​ជម្ងឺ​មហារីក​បំពង់​អាហារ​ច្រើនកើត​នៅលើ​បុរស​ច្រើនជាង​ស្ដ្រី ដោយ​សារតែ​បុរស​បានអនុវត្ដ​នូវកត្ដា​មួយចំនួន​ដែលជា​មូលហេតុ​បង្កឱ្យ​កើតមាន​ជម្ងឺ​មហារីក​បំពង់​អាហារ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បាន​អញ្ជើញ​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ព្យាបាល​ជម្ងឺ​មហារីក​នៃ​មន្ទីរពេទ្យ មិត្ដភាពខ្មែរសូវៀត​ធ្វើការ​បកស្រាយ​បំភ្លឺនូវ​ប្រធានបទ​ស្ដីពី​ជម្ងឺ​មហារីក​បំពង់​អាហារ​ជូន​ប្រិយមិត្ដ​អ្នកអាន​ឱ្យបាន​ស្វែងយល់។

ជម្ងឺ​មហារីក​បំពង់​អាហារ ជាអ្វី?

មហារីក​បំពង់​អាហារ​គឺជា​ដុំសាច់​ដែលដុះ​រីកធំ​ឡើងៗ ហើយមាន​ការវិវត្ដន៍​លឿនខុស​ប្រក្រតី​កើតនៅ​លើបំពង់​អាហារ បណ្ដាល​ឱ្យជិត​បំពង់​អាហារ បង្កើតជា​មហារីក​បំពង់​អាហារ។

មូលហេតុ​បង្កម​ហារីក​បំពង់​អាហារ

គេសង្កេត​ឃើញថា ជម្ងឺ​មហារីក​បំពង់​អាហារ​ច្រើនកើត​នៅលើ​បុរសច្រើន​ជាងស្ដ្រី។ មូលហេតុ​ដែលនាំ​ឱ្យកើត​មានជម្ងឺ​នេះ ដោយ​សារតែ​កត្ដា​មួយចំនួន​ដូចតទៅ។

  • បារី និងស្រា ៖ ការ​ជក់បារី​ផង និង​ក្រេបសុរា​ផង ធ្វើឱ្យ​កើតជម្ងឺ​មហារីក​បំពង់​អាហារ​ក្នុង​អត្រាខ្ពស់
  • ឈឺ​ក្រពះ ៖ ការឈឺ​ក្រពះ​ដែល​ចាប់ផ្ដើម​ដំបូង​មាន​អាការភើ ដោយសារ​ទឹកអាស៊ីត​ចេញពី​ក្រពះ​ឡើងមក​ក្រៅតាម​បំពង់ អាហារ​ដែលមាន​ក្លិនជូរ ហើយ​ភើជា​ញយដង មិនព្រម​ទៅធ្វើ​ការ​ព្យាបាល​ដោយ​ចាត់ទុក​ថា ភើនេះ​ជាភើ​ធម្មតា។ រួចក៏​ទុកភើនេះរាប់ ខែ​រាប់ឆ្នាំ នាំឱ្យ​ទឹកអាស៊ីត​ក្រពះហូរ​កាត់តាម​បំពង់​អាហារ​ញយដង ធ្វើឱ្យ​បំពង់​អាហារ​មានការ​រលាក​រ៉ាំរ៉ៃ​កើតទៅ​ជាជម្ងឺមហារីក​បំពង់​​អាហារ។
  • បំពង់​អាហារ​មិន​ប្រក្រតី​តាំងពី​កំណើត ៖ អ្នកខ្លះ​កើតមក​មានភាព​បម្រែបម្រួល​មិន​ប្រក្រតី​ខាង​បំពង់​អាហារ ដោយសារបំពង់​អាហារ​មិនសូវ​ធ្វើចលនា ជាហេតុ​ធ្វើឱ្យ​បំពង់​អាហារ​កើតជម្ងឺ​មហារីក
  • ភាព​បម្រែបម្រួល​ហ្សែន ៖ ដោយសារ​តែហ្សែន​មាន​បម្រែបម្រួល​មិន​ប្រក្រតី​នៅក្នុង​ខ្លួន ធ្វើឱ្យ​ការ​លូតលាស់​ធ្វើ​ចលនា មិន​ធម្មតា​មាន​តាំងពី​ចាប់​កំណើត​នៅក្នុង​ផ្ទៃ ជា​ហេតុងាយ​កើតជម្ងឺ​មហារីក​បំពង់​អាហារ។
  • ចំណី​អាហារ ៖ ការ​ទទួលទាន​ត្រីងៀត ឬត្រី​ប្រឡាក់​ផ្សេងទៀត និង​ត្រីឆ្អើរ​ក៏បណ្ដាល​ឱ្យកើត​ជម្ងឺ​មហារីក​បំពង់អាហារដែរ។ ដោយសារ​ត្រីប្រឡាក់ ឬត្រីងៀត​ទាំងនោះ​ផ្សំឡើង​ពី​អំបិល និង​ប្រូតេអ៊ីន​សាច់ត្រីហាល​ថ្ងៃ បានចាប់​យក​វីតាមីនឌី​ពីកាំរស្មី​ព្រះអាទិត្យ បណ្ដាល​ទៅជា​សារធាតុ​គីមី​ដែលមាន​ឈ្មោះ​នីត្រូហ្សាមីន ដែលងាយ​ធ្វើឱ្យ​បំពង់​អាហារ ក្រពះ និង​ពោះវៀន​ធំកើត​ជម្ងឺមហារីក។

រោគ​សញ្ញា​មហារីក​បំពង់​អាហារ

នៅ​ដំណាក់​កាលដំបូង ជម្ងឺ​មហារីក​បំពង់​អាហារ​មិនបាន​បញ្ចេញ​នូវអាការ ឬរូបភាព​ណាមួយ​ឱ្យ​លោកអ្នក​បានដឹង​ទេ។ ប៉ុន្ដែ​ជម្ងឺនេះ​បានលេច​ធ្លោនូវ​រោគសញ្ញា​មួយចំនួន​ដែលស្ថិត​នៅក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ​ទៅវិញ។ រូបភាព​ដែលស្ដែង​ចេញនោះ មានដូច ជា ៖

  • ទទួលទាន​បាយ ឬ​ទទួលទាន​ចំណី​អាហារ​ណាដែល​រឹង មានការ​អួលរហូត​ធ្វើឱ្យ​អួល​របស់រាវ ដូចជា​ទឹកជាដើម
  • មានការ​ចុកអួល​នៅខាង​ក្រោយ​សន្ទះទ្រូង
  • ទទួលទាន​អាហារ​អ្វីចេះ​តែក្អួត
  • និងអាច​មានការ​ក្អួត​ចេញឈាម។

ផល​ប៉ះពាល​នៃ​មហារីក​បំពង់​អាហារ

ប្រសិនបើ​លោកអ្នក​កើតមាន​ជម្ងឺ​មហារីក​បំពង់​អាហារ ប្រាកដ​ជាធ្វើឱ្យ​លោកអ្នក​មាន​រាងកាយ​ស្គមស្គាំង ព្រោះ​ស្រកទម្ងន់ ដោយសារ​តែញ៉ាំ​អ្វីមិនបាន ធ្វើឱ្យ​ទឹកមុខ​ស្លេកស្លាំង គ្មាន​កម្លាំង​កំហែង។ ម្យ៉ាងទៀត បើបំពង់​អាហារ​មានជម្ងឺ​អាចមាន​ការរីករាល ដាលទៅ​ដល់សួត​ដែលស្ថិត​នៅសងខាង​បំពង់​អាហារ បណ្ដាល​ឱ្យមាន​ក្អួតធ្លាក់​ឈាម និង​ឆាប់ហត់។ មិនតែ​ប៉ុណ្ណោះ​មានការ​រីករាល ដាលទៅ​ដល់ថ្លើម ជា​ហេតុធ្វើ​ឱ្យខូច​មុខងារ​នៃថ្លើម រួចក៏​បណ្ដាល​ឱ្យ​មនុស្សស្លាប់។ ថ្លើមមាន​មុខងារ​ប្រៀប​ដូចទៅ​នឹងក្រសួង​ហិរញ្ញ​វត្ថុ ដែលជា​អ្នក​បែងចែក​ថាមពល​អាហារ​ទៅឱ្យ​កោសិកា​ទាំងអស់។ ដូចនេះ​បើមុខងារ​នៃ​ថ្លើមខូច ធ្វើឱ្យ​កោសិកា​ទាំងអស់មិនបាន​ទទួល ចំណី​អាហារ ហើយ​ជាតិពុល​មានពេញ​នៅក្នុង​ឈាម បណ្ដាល​ឱ្យមនុស្ស​ស្លាប់។

វិធី​បង្ការ​មហារីក​បំពង់​អាហារ

ដូចដែល​បាន​រៀបរាប់​ជូនខាង​លើ​រួចមក​ហើយថា ការ​ជក់បារី និង​ក្រេបសុរា ជា​មូលហេតុ​បង្កឱ្យ​បំពង់​អាហារ​មានជម្ងឺមហារីក។ ដូចនេះ​ប្រសិន​បើលោក​អ្នក​កុំជក់​បារី និង​ក្រេបសុរា គឺជា​វិធី​ទប់ស្កាត់​ដ៏ប្រសើរ​មួយមិន​ឱ្យកើត​មានជម្ងឺ។ បើមាន​អាការភើ​វិញ ត្រឹម២ ឬ៣ដង​ក្នុង១​ថ្ងៃ ត្រូវ​ប្រញាប់ទៅ​មន្ទីរពេទ្យ​ភ្លាម ដើម្បី​ធ្វើការ​ព្យាបាល ព្រោះវា​ជារោគ​សញ្ញា​ដំបូង​របស់​ជម្ងឺ​ក្រពះ។ ព្រោះកាល​ណាលោក​អ្នក​បណ្ដោយ​ឱ្យភើ​នេះកើត​ឡើងជា​ញឹកញាប់ យូរៗ​ទៅធ្វើ​ឱ្យ​បំពង់​អាហារ​ទៅជា​រលាករ៉ាំរ៉ៃ​កើតជា​ជម្ងឺមហារីក​បំពង់អាហារ។ មធ្យោបាយ​ដ៏ល្អ​មួយទៀត គឺ​លោកអ្នក​គួរ​ឧស្សាហ៍​ទៅ​មន្ទីរពេទ្យ​ឱ្យបាន​ញឹកញាប់ ដើម្បី​ឆ្លុះមើល​បំពង់​អាហារ​ខ្លាចមាន បញ្ហា។ ទោះបីជា​គ្រូពេទ្យ​ពិនិត្យ​ឃើញថា កើតមាន​ជម្ងឺ​មែនក៏​អាច​ស្ថិតនៅ​ដំណាក់​កាល​ដំបូងដែរ ហើយ​មានសង្ឃឹមច្រើន​ក្នុងការ ព្យាបាល​សង្គ្រោះ​ជីវិត។

ការ​ព្យាបាល​ជម្ងឺ​មហារីក​បំពង់​អាហារ

បើសិនជា​ជម្ងឺ​មហារីក​បំពង់​អាហារ​ចាប់ផ្ដើម​កើតតិចៗ រួចអ្នក​ជម្ងឺ​ប្រញាប់​មក​មន្ទីរពេទ្យ នោះ​គ្រូពេទ្យ​អាចធ្វើ​ការព្យាបាល​ជាសះស្បើយ​បាន​១០០ភាគរយ។ ប៉ុន្ដែ​មហារីក​បំពង់​អាហារ​ចាប់ផ្ដើម​កើត​ដំណាក់​កាល​ដំបូង ពុំបង្ហាញ​អាការ​ណាមួយ​ឱ្យអ្នក ជម្ងឺបាន​ដឹងទេ។ ដូចនេះ​ទម្រាំតែ​អ្នកជម្ងឺ​បានដឹង​ថាខ្លួន​កើតមាន​ជម្ងឺ​នេះនោះ មានការ​ហួសពេល​ទៅហើយ ព្រោះ​ជម្ងឺនេះ​ស្ថិតនៅដំណាក់​កាល​ធ្ងន់ធ្ងរ។ គ្រូពេទ្យ​ត្រូវ​ព្យាបាល​ដោយស្អំ ដោយ​កាំរស្មី និងប្រើ​ថ្នាំគីមី ដើម្បី​ឱ្យ​ដុំសាច់​រាប និងកូន​កណ្ដុរ​ដែលនៅ​ជុំវិញ​បំពង់អាហារ​ឱ្យរាប​អស់សិន។ បន្ទាប់​មកទើប​ធ្វើការ​វះកាត់​បំពង់​អាហារ​ចេញ ហើយយក​ពោះវៀន​យកទៅ​តធ្វើ​ជាបំពង់​អាហារ។ ការ​ព្យាបាល​នេះ​ភាគច្រើន​គ្រាន់តែ​ពន្យារ​ជីវិត​អ្នកជម្ងឺ​តែ​ប៉ុណ្ណោះ មានតែ​២០ភាគរយ​ប៉ុណ្ណោះ​អាចជា​សះស្បើយ។

ដំបូន្មាន​អ្នក​ឯកទេស

ប្រភេទ​ជម្ងឺ​មហារីក​ជាជម្ងឺ​កាចសាហាវ ដែល​គ្រូពេទ្យ​កម្រធ្វើ​ការ​ព្យាបាល​បាន​ជោគជ័យ​ណាស់។ ដូច្នេះ​លោកអ្នក​គួរតែ ឧស្សាហ៍​ទៅ​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​សុខភាព​ឱ្យបាន​ញឹកញាប់ ចៀសវាង​សុខភាព​មានបញ្ហា ដូចជា​កើតមាន​ជម្ងឺផ្សេងៗ។ ការ​ធ្វើបែប នេះជា​មធ្យោបាយ​ដ៏ល្អប្រសើរ​ចំពោះ​លោកអ្នក ព្រោះមាន​តែរក​ជម្ងឺ​មហារីក​បំពង់​អាហារ​ឃើញនៅ​ដំណាក់​ដំបូងៗ​ទេ ដែល​អាច ព្យាបាល​បានជា​សះស្បើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative