កុមារ​លូតលាស់​ប្រក្រតី

សុខភាព​កុមារ​គឺ​សំខាន់​បំផុត​សម្រាប់​ការ​រីក​លូតលាស់ និង​វិវឌ្ឍន៍​ទៅមុខ​ទាំង​សុខភាព​រាងកាយ និងសតិ​បញ្ញា​ស្មារតី ផ្សេងៗ​ជាច្រើនទៀត​របស់​កុមារ។ ដូច្នេះ​ហើយ​មាតាបិតា​គ្រប់រូប​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ឱ្យកូនៗ​របស់​លោកអ្នក​ទទួលបាន​នូវ​សុខភាព ល្អ មានការ​លូតលាស់​ល្អ និងទៅតាម​ក្រឹត្យក្រម​នៃការ​លូតលាស់​ជាធម្មតា​របស់​កុមារ​ទូទៅ។ ការរីក​លូតលាស់​របស់​កុមារ​វា​អាស្រ័យ ទៅតាម​អាយុកាល​របស់​កុមារ គ្រាន់តែ​ពេល​កើតមក​ភ្លាម​មានការ​លូតលាស់​ខុសគ្នា និងពេល​ដែល​កុមារ​មានអាយុ​ច្រើនតែ​ប៉ុណ្ណោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​ការ​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ហ៊យ គឹមហេង ឯកទេស​រោគ​កុមារ​នៃ​មន្ទីរពេទ្យកុមារ​ជាតិ មកធ្វើ​ការ​បកស្រាយ​យ៉ាង​ក្បោះក្បាយ​អំពី​បញ្ហាការ​លូតលាស់​ប្រក្រតី​របស់​កុមារ។

ការ​លូតលាស់​ប្រក្រតី​របស់កុមារ

ការ​លូតលាស់​ប្រក្រតី​របស់​កុមារ ជាការរីក​លូតលាស់​យ៉ាង​ត្រឹមត្រូវ​មួយ​របស់​កុមារ​ទៅតាម​អាយុកាល ចាប់តាំង​តែពី ពេលកើត​រហូត​ដល់​ពេលមាន​អាយុ​ពេញវ័យ។ ការ​លូតលាស់​នេះវា​អាស្រ័យ​ទៅដោយ​ការយក​ចិត្ដទុក​ដាក់មើល​ថែរក្សា​របស់​មាតា បិតា​ផងដែរ ត្រូវមាន​អនាម័យ និងផ្ដល់​ចំណី​អាហារ​ឱ្យបាន​គ្រប់គ្រាន់ នេះជា​កត្ដា​មួយ​សំខាន់​សម្រាប់​អាណា​ព្យាបាល​គ្រប់រូប ដែលបាន​ផ្ដល់ឱ្យ​កូន​គ្រប់ៗរូប។

កុមារ​ត្រូវមាន​ការ​លូតលាស់​យ៉ាងដូច​ម្ដេចខ្លះ?

កុមារ​គ្រប់រូប​មានការ​លូតលាស់​មិន​ដូចគ្នា​ទេ មាន​កុមារ​ខ្លះមាន​ការរីក​លូតលាស់​ឆាប់​រហ័ស​លឿនជាង​ធម្មជាតិ។ ឯ​កុមារ ខ្លះទៀត​មានការ​រីក​លូតលាស់​យឺត​ជាង​ធម្មតា និងមាន​កុមារ​មួយ​ចំនួនទៀត​នោះរឹតតែ​មាន​ការ​លូតលាស់​យឺត​មែនទែន ស្ទើរតែ​គ្មាន ការ​លូតលាស់​ទាល់តែ​សោះ។ ការ​លូតលាស់​របស់​កុមារ​មានជា​ដំណាក់ៗ ទៅតាម​អាយុ​កាល​របស់គេ។

1 . ទារក​អាយុចាប់​ពី១ខែ​ដល់២ខែ ៖ គេមាន​កម្លាំង​រាងកាយ​ពេញ​បរិបូរ ដែលអាច​ជំរុញ​ឱ្យគេ​អាចងើប​ក្បាលរួច នៅពេល​ដែលអ្នក​ម្ដាយ​ដាក់គេ​ឱ្យដេក​ផ្កាប់ ថែមទាំង​ចេះក្ដាប់​ដៃនៅ​ពេលដែល​យើង​ដាក់វត្ថុ​អ្វីមួយ​ចូលទៅ​ក្នុងដៃ​របស់គេ។ គេចេះសម្លឹងមើល​អ្វីៗ ដែលមាន​បញ្ចេញ​សម្លេង ឬអ្វី​ដែលគេ​មិនធ្លាប់​បានឃើញ និង​ស្ដាប់​ពីមុន ជាពិសេស​គឺ​សម្លេង។

2 . ទារក​អាយុ​៣ខែ​ដល់៤ខែ ៖ គេចេះ​អង្គុយ​ត្រង់ក្បាល ចេះ​ញញឹម ចេះចាប់​កាន់​របស់​នានាបាន ខំប្រឹង​ស្ដាប់ពេលដែល មាន​សម្លេងអ្វី​មួយមក​ក្បែរ។ គេចេះ​និយាយ​ពាក្យ​ពីរម៉ាត់​ជាប់ៗ​គ្នាដូចជា​ម៉ាក់ម៉ាក់ ឬប៉ាប៉ា ស្គាល់ពី​សមាជិក​គ្រួសារ ចេះចំណាំ​មនុស្សក្នុង​គ្រួសារ ជាពិសេស​គឺ​ឪពុកម្ដាយ។

3 . កុមារ​អាយុ៦ខែ ៖ គេដុះ​ធ្មេញ​ដំបូង​ដែលគេ​ហៅថា​ជាធ្មេញ​ទឹកដោះ ហើយ​ធ្មេញនេះ​បើដុះ​គ្រប់នោះ​វាមាន​ចំនួនដល់ទៅ២០​ធ្មេញ រយៈពេល​នៃការ​ដុះធ្មេញ​ទឹកដោះ​នោះមាន​ចំនួន៣០​ខែឯណោះ។

4 . កុមារ​អាយុ​១ឆ្នាំ ៖ គេចេះ​ដើរបាន​ដោយមាន​អ្នកជួយ​កាន់ដៃ​គេ ប៉ុន្ដែ​ចំពោះ​កុមារ​ខ្លះទៀត​គេអាច​ដើរបាន​ដោយមិន ចាំបាច់​មានអ្នក​ជួយដឹក​ដៃទេ។ គេចេះ​ជួយ​ខ្លួនឯង​បានដោយ​ពេលខ្លះ​មិន​ចាំបាច់​ពឹងម្ដាយ​របស់​គេទេ ថែមទាំង​ចេះធ្វើ​ត្រាប់តាម​យើង ទៀតផង ហើយ​ចេះបោះ​របស់​របរ​ផ្សេងៗ​ចោល និងចេះ​ប្រើពាក្យ​បីម៉ាត់​ជាប់ៗគ្នា​ថែមទៀត​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការរីក​លូតលាស់​នៃ​រាងកាយ​កុមារ

  • ធ្មេញ ៖ ធ្មេញ​ជាប់លាប់​ជាធ្មេញ​ដែលមាន​ចំនួន​២៨ធ្មេញ និងបន្ថែម​ចំនួន៤​ធ្មេញទៀត​ដែលជា​ធ្មេញ​ថ្គាម តែវា​មិនស្ថិតស្ថេរ​ទេ វាអាច​នឹងបាក់​ទៅវិញ​នៅថ្ងៃ​ណាមួយ។
  • ទំហំ​ក្បាល ៖ ជាធម្មតា​ក្បាល​របស់​កុមារ​មានទំហំ​ត្រឹមតែ​៣០សង់​ទីម៉ែត្រ​ប៉ុណ្ណោះ នៅពេល​ដែល​កុមារ​កើតមក​ភ្លាម។ ពេលដែល​គេមាន​អាយុ​បាន៦ខែ ទំហំ​ក្បាល​របស់គេ​អាច​កើនឡើង​ដល់៤៣​សង់ទីម៉ែត្រ និង​នៅពេល​ដែលគេ​មានអាយុ​១ឆ្នាំ ការរីក លូតលាស់​របស់គេ​ក៏មាន​ការ​ប្រែប្រួល​ទៅតាម​អាយុ​កាល​របស់គេ​ដែរ ធ្វើឱ្យ​ទំហំ​ក្បាល​របស់គេ​ឡើងដល់​៤៥​សង់ទីម៉ែត្រ។ ហើយ រហូត​ទៅដល់​គេឈាន​ដល់វ័យ​ចំណាស់ ការរីក​លូតលាស់​មិនសូវ​ជាមានការ​ប្រែប្រួល​ប៉ុន្មានទេ​គឺត្រឹមតែ​៥៥​សង់ទីម៉ែត្រ​តែ​ប៉ុណ្ណោះ។
  • កម្ពស់​កុមារ ៖ នៅពេល​ទើបនឹង​កើតមក​ភ្លាម គេមាន​កម្ពស់​ប្រមាណ​ជា៥០​សង់ទីម៉ែត្រ ហើយមាន​ការ​រីកលូតលាស់ ២.៥សង់ទីម៉ែត្រ​ទៀតក្នុង​មួយខែ ក្នុង​ដំណាក់​កាល៦​ខែដំបូង។ នៅពេល​គេមាន​អាយុចាប់​ពី៦ខែ​ឡើងទៅ​ដល់អាយុ​១ឆ្នាំ គេមានការលូតលាស់​តែ២សង់​ទីម៉ែត្រ​ប៉ុណ្ណោះ​ក្នុងមួយខែ។ ពេល​អាយុ​ចាប់ពី​១ឆ្នាំ​ទៅដល់៩​ឆ្នាំ គេ​លូតលាស់​បានតែ​១សង់ទីម៉ែត្រ​ទេក្នុងមួយខែ។
  • ទម្ងន់ខ្លួន​របស់កុមារ ៖ ជាធម្មតា​ចំពោះ​កុមារ​ដែលមាន​អាយុ៥ខែ គេត្រូវ​មាន​ទម្ងន់ខ្លួន​ស្មើនឹង​២ដង​នៃទម្ងន់​ខ្លួនពេល កើត។ បើគេ​មានអាយុ​១ឆ្នាំនោះ គេត្រូវ​មានទម្ងន់​ស្មើនឹង​៣ដង​នៃទម្ងន់​កើត ហើយ​នៅពេល​ដែលគេ​មានអាយុ​ពី២ឆ្នាំ​ទៅ៣ឆ្នាំ គេមាន​ទម្ងន់៤ដង​នៃទម្ងន់​កើត និងជា​ចុងក្រោយ​គឺគេ​មានអាយុ​ចាប់ពី៦​ទៅ៧ឆ្នាំ គេមាន​ទម្ងន់​ស្មើនឹង​៦ដង​នៃទម្ងន់​កើត។

ប្រការ​គួរ​ចៀសវាង​ចំពោះ​កុមារ

កុមារ​ភាគច្រើន​តែងតែ​ធ្វើអ្វី​មួយទៅ​តាមចិត្ដ​ខ្លួនដែល​ចង់ធ្វើ ពេលខ្លះ​ទង្វើ​ទាំងអស់​នោះអាច​ប៉ះពាល់​សុខភាព​គេក៏​ថាបាន។ ដូចនេះ​អាណា​ព្យាបាល​មិនត្រូវ​បណ្ដែត​បណ្ដាយ​កូន​ជ្រុលពេក​ទេ ត្រូវ​ព្យាយាម​តាមដាន​កូន​គ្រប់ពេល​វេលា​ទាំង​របប​ចំណី​អាហារ និង អនាម័យ។ ណែនាំ​កូន​កុំឱ្យ​លេងច្រើន​ពេក ត្រូវ​ខិតខំ​ព្យាយាម​ប្រាប់គេ​ឱ្យ​បរិភាគ​អាហារ​ដែលមាន​សារជាតិ​ចិញ្ចឹម​ដល់​សារពាង្គកាយ គេ និងអាច​ធ្វើឱ្យ​គេមាន​ការ​លូតលាស់​ល្អ សុខភាព​រាងកាយ​ល្អ​ជាដើម។

ដំបូន្មាន​អ្នក​ជំនាញ

ការ​លូតលាស់​របស់​កុមារ​មានសារៈ​សំខាន់​ខ្លាំងណាស់ លោកអ្នក​ជា​អាណា​ព្យាបាល​ត្រូវតែ​យកចិត្ដ​ទុកដាក់​ចំពោះ​រឿង នេះ។ បើការ​លូតលាស់​របស់​កូន​លោកអ្នក​មិន​ប្រក្រតី​ទេនោះ លោកអ្នក​អាចនាំ​យកកូន​មកកាន់​មន្ទីរពេទ្យ ដើម្បី​ពិគ្រោះ​យោបល់រក ចំណុច​ណាមួយ​ដែលសម​ហេតុផល​បំផុត​សម្រាប់​កូនៗ​របស់​លោកអ្នក។

បណ្ដាំ​ផ្ញើ ៖ ទាក់ទង​នឹងការ​លូតលាស់​ខុស​ប្រក្រតី​របស់​ទារក ទស្សនាវដ្ដី សុខភាពយើង នឹងបន្ដ​លើកយក​មកជម្រាប​ជូននៅ​លេខ ក្រោយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative