បារី​បំផ្លាញ​មហិទ្ធិឫទ្ធិ​ផ្លូវភេទ​បុរស

នៅក្នុង​ទសវត្សរ៍ទី​១៩៥០ បារី​ជាធាតុ​ផ្សំ​សំខាន់​សម្រាប់​ភាពសង្ហា និង​មន្ដស្នេហ៍​របស់​វីរបុរស​ហូលីវូដ។ ជក់​បារី​ស្ដែងឡើង នូវ​លក្ខណៈ​បុរសភេទ មោទនភាព និង​អំណាច។ នៅ​ប្រទេស​កម្ពុជា​យើងក៏​បានចម្លង​នូវ​វប្បធម៌“បារីជា​មន្ដស្នេហ៍” បុរស​មាន​បារីជក់ឡូយ​ណាស់។ ប៉ុន្ដែថ្មីៗ​នេះបារី​បានក្លាយ​ទៅជា​អ្នកជាប់​ចោទ​អំពីការ​បង្ក​ឧក្រិដ្ឋកម្ម​ជាជម្ងឺ​តម្កាត់​ជាច្រើន។ ទស្សនាវដ្ដី សុខភាព យើង ធ្លាប់បាន​លើកមក​ជម្រាប​ជូនហើយ អំពី​បារី​បង្ក​វិបត្ដិ​ផ្លូវភេទ រហូត​អាចធ្វើ​ឱ្យលិង្គ​ងាប់​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជក់បារី​ជាមោទនៈភាព​ដ៏​មហិមា​របស់​បុរស​ភេទថា​ឡូយ និងជា​កូនប្រុស​ដើមទ្រូង​ប្រាំ​ហត្ថពិតៗ។ នេះជា​ការយល់​ខុសធ្ងន់ធ្ងរ​ណាស់។ ព្រោះថាជក់​បារីអាច​ធ្វើឱ្យ​មាន​អារម្មណ៍​ឬផ្លូវចិត្ដ​តានតឹង ធ្មេញ​ពណ៌លឿង និងក្លិន​មាត់​អាក្រក់​ទៅវិញ​ទេ។ បើបែប នេះ​មែនជក់​បារី​ប្រៀប​ដូចជា​កំពុង​ដុត​ខ្លួនឯង​អ៊‌ីចឹង។

បារី​កាត់បន្ថយ​មហិទ្ធិឫទ្ធិ​ផ្លូវភេទ

ថ្នាំជក់​ឬបារី ក៏​ដូចជា​កត្ដា​បង្ក​ផ្សេងៗ​ទៀត ជាតិខ្លាញ់​កូឡេស្ដេរ៉ុល ជម្ងឺ​សួពូជ ឬជម្ងឺ​លើសឈាម សុទ្ធតែ​អាចបង្ក​ជាជម្ងឺ សរសៃ​ឈាម​អាកទែរ ដែល​ទីបំផុត​ឈានទៅ​រក​វិបត្ដិ​ផ្លូវភេទ។ ប៉ុន្ដែ​តើវា​អាចជា​កត្ដាបង្ក​គ្រោះថ្នាក់ ធ្វើឱ្យ​លិង្គងាប់​ដែរឬទេ?

ការសិក្សា​ជាច្រើន​បាន​ធ្វើឡើង​ដើម្បី​ឆ្លើយ​តបទៅនឹង​ចម្ងល់​មួយនេះ។ នៅខែ​វិច្ឆិកា ឆ្នាំ២០០១ ការ​វិភាគ​អំពី​ការសិក្សា ស្រាវជ្រាវ​ទាំងឡាយ​ដែលបាន​បោះពុម្ព​ផ្សាយ​អំពី​ប្រធាន​បទនេះ បាន​ធ្វើឡើង​ក្នុង​គោល​បំណង​ស្វែងរក​ការពិត។ លទ្ធផល​នៃក្រុម ការងារ​នេះបាន​បង្ហាញថា ការ​ញៀន​បារី​បង្ក​ឥទ្ធិពល​អវិជ្ជមាន​ជាជម្ងឺ​សរសៃ​ឈាមកូរូនែ​(សរសៃឈាម​ទៅចិញ្ចឹម​សាច់បេះដូង) និង ជម្ងឺ​លើសឈាម​ទៅលើភាព​អាចឱ្យ​លិង្គឡើង​រឹងបាន​ល្អ និង​រក្សាភាព​រឹងបាន​យូរ។ ទំនួល​ខុសត្រូវ​ពិតប្រាកដ​របស់ថ្នាំ​ជក់ត្រូវ​បន្ដស្រាវជ្រាវ ដើម្បី​កំណត់​តទៅ​ទៀត។ ប៉ុន្ដែ​ថ្នាំជក់​អាចមាន​សកម្មភាព​ពាក់ព័ន្ធ​ដោយផ្ទាល់​ទៅលើ​ស្រទាប់​អង់ដូតេលីយ៉ូម​របស់​សរសៃឈាម ដោយ​បញ្ចេញ​សារធាតុ​ពង្រីក​សរសៃ​យ៉ាង​សកម្ម​ទៅលើ​បាតុភូត​ធ្វើឱ្យ​លិង្គឡើង​រឹង។ ដូច្នេះ​ទោះបីជា​គ្មានដំបៅ​សរសៃ​ឈាមក្ដី ក៏អ្នកជក់​បារីអាច​មានវិបត្ដិ​លិង្គមិន​ឡើងរឹង​ផងដែរ។

នៅខែ​មីនា ឆ្នាំ​២០០២ បុរស​ដែលមាន​អាយុច្រើន​ជាង១៨​ឆ្នាំ ចំនួនជាង​២០០០នាក់​ត្រូវបាន​សាកសួរ​សម្ភាស​នៅក្នុង​ក្រប ខ័ណ្ឌ​ការសិក្សា​មួយរបស់​អ៊ីតាលី។ លទ្ធផល​បាន​បង្ហាញ​ថា កំណើតនៃ​វិបត្ដិលិង្គ​មិនឡើងរឹង​នេះមាន​អត្រាខ្ពស់​ដល់ទៅ​៧០%​ក្នុង ចំណោម​អ្នក​កំពុង​ជក់បារី ហើយ​និង៦០%​ក្នុងចំណោម​អ្នកដែល​ធ្លាប់​ជក់បារី។ លើសពី​នេះទៅ​ទៀត ការ​ញៀនបារី​បង្កើន​ឡើងនូវ ឥទ្ធិពល​ទៅលើការ​ឡើងរឹង​នៃលិង្គ ដោយ​សារជម្ងឺ​បេះដូង​សរសៃ​ឈាម ជម្ងឺ​ប្រព័ន្ធ​ប្រសាទ ឬជម្ងឺ​ទឹកនោម​ផ្អែម។

អត្រាលិង្គ​ងាប់​មាន​កំណើន​ខ្ពស់ក្នុង​ចំណោម​អ្នកជក់​បារី

ទោះបីជា​ជម្ងឺ​លើស​ឈាម និងការ​ញៀនបារី​ត្រូវបាន​ចោទ​ប្រកាន់​ថា ជាកត្ដា​បង្ក​វិបត្ដិ​មុខងារ​លិង្គ​មិនឡើង​រឹងក្ដី ក៏សព្វថ្ងៃនេះ​មិនទាន់​មានការ​សិក្សា​ស្រាវជ្រាវ​ណាមួយ​ដែលបាន​កំណត់​អំពី​ឥទ្ធិពល​របស់បារី​ទៅលើ​អ្នកដែល​មានជម្ងឺ​លើសឈាម​នៅឡើយ​ទេ។ លោក ចន ស្ពែនហ្គល និងក្រុម​ការងារ​របស់គាត់​មកពី​សកលវិទ្យាល័យ​វកហ្វូរ៉េស បាន​សាកសួរ​អ្នកជម្ងឺ​ចំនួន​៥៩នាក់ អំពីអនាម័យ ជីវិត​រស់នៅ។ ក្នុង​ចំណោម​មនុស្ស​គំរូ​ទាំងនោះ មានអ្នក​ជម្ងឺ​១៥នាក់​បានធ្វើ​រោគវិនិច្ឆ័យ​ឃើញមាន​វិបត្ដិ​មុខងារ​លិង្គ​មិនឡើង​រឹង។ ក្នុង​ចំណោម​ពួកគាត់​ទាំងនោះ អត្រា​អ្នក​ជក់បារី និង​អ្នក​ធ្លាប់​ជក់បារី​មាន​បរិមាណ​ខ្ពស់បំផុត។ ជា​អាទិលទ្ធ​ផលនៃ​ការស្រាវជ្រាវ​នេះ គឺ័

  • អ្នកជក់​បារីមាន​អត្រា​កំណើន​គ្រោះថ្នាក់​បង្ក​ជាវិបត្ដិ​មុខងារ​លិង្គ​មិនឡើង​រឹងដល់​ទៅ២៧​ដងឯ​ណោះ
  • អតីត​អ្នក​ជក់បារី​មាន​អត្រា​កំណើន​ទាបជាង បើ​ប្រៀបធៀប​ជាមួយ​អ្នកជក់​បារី ប៉ុន្ដែ​ក៏មាន​អត្រា​កំណើន​ខ្ពស់ដល់ទៅ១១ ដង​ផងដែរ បើ​ប្រៀបធៀប​ជាមួយ​អ្នកមិន​ជក់បារី។

នៅ​ប្រទេស​បារាំង មានបុរស​ប្រមាណ​ជា១០%​មានកើត​វិបត្ដិ​មុខងារ​លិង្គ​មិនឡើង​រឹង។ គ្រាន់តែ​វិបត្ដិ​មុខងារ​លិង្គមិន​ឡើងរឹង​នេះ ច្រើនតែ​កើតមាន​ឡើងដោយ​ដើមហេតុ​ចម្រុះ ឬកត្ដា​ជាច្រើន។ សូម​បញ្ជាក់ថា​ផល​ប៉ះពាល់​វែងឆ្ងាយ​ដែល​បណ្ដាល​មកពី​បារី នេះអាច​បង្កជា​វិបត្ដិ​នៃការ​បន្ដពូជ​(ការមាន​កូន)ផងដែរ។

បណ្ដាំ​ផ្ញើ ៖ សូម​សម្រេច​ចិត្ដ​ដោយ​ខ្លួនឯង តើគួរ​ជ្រើសរើស​យកបារី​ឬ​សុខភាព ជាពិសេស​សុខភាព​ផ្លូវភេទ? មានតែ​លោកអ្នក​ទេ ដែលត្រូវ​អនុវត្ដ​ដើម្បី​ខ្លួនឯង។ ទស្សនាវដ្ដី សុខភាពយើង នឹងបន្ដ​លើកនូវ​រឿងរ៉ាវ​ផ្សេងទៀត ដែល​ទាក់ទង​នឹង​សុខភាព​បុរស និង​សុខភាព​ផ្លូវភេទ​របស់​បុរស​នៅលេខ​ក្រោយៗ​ទៀត។ តែបើ​ចង់ដឹង​ព័ត៌មាន​លម្អិត​អំពី​បញ្ហាលិង្គ​មិនឡើង​រឹងនេះ សូម​សួររក​អាន សៀវភៅ “លិង្គងាប់ បញ្ហា​បុរស រឿងរ៉ាវ​គ្រួសារ” និពន្ធ​ដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ។ វាជា​សៀវភៅ​អប់រំ​សុខភាព​ផ្លូវភេទ​ដំបូងគេ​នៅកម្ពុជា ដែលមាន​លក្ខណៈ​អប់រំ និង​វិទ្យាសាស្ដ្រ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative