ទឹកដោះ​ម្ដាយ​ជាឱសថ​សក្ដិសិទ្ធិ​ជួយ​ការពារ​ជម្ងឺ​ដល់កូន

ទឹកដោះ​ម្ដាយ​ជាអាហារ​មួយដ៏​ប្រណិត និងមាន​សារៈសំខាន់​បំផុត​សម្រាប់​ទារក​តាំងតែ​ពីប្រសូត​មកភ្លាម រហូត​ទៅដល់ អាយុ៦​ខែដំបូង។ ម្ដាយ​តែងតែ​ផ្ដល់​ទឹកដោះ​របស់ខ្លួន​ទៅឱ្យ​កូន ក្នុង​គោល​បំណង​ចង់ឱ្យ​កូនមាន​ការ​លូតលាស់ ធំធាត់ និងមាន​សុខភាពល្អ។ ទឹកដោះ​ម្ដាយ​ពោរពេញ​ទៅដោយ​សារធាតុ​ចិញ្ចឹម​ប្រូតេអ៊ីន​ជាច្រើន​ប្រភេទ ដើម្បី​ផ្ដល់ទៅ​ឱ្យកូន។ មិនតែ​ប៉ុណ្ណោះ​ទេ ទឹកដោះ​ម្ដាយ​ថែមទាំង​ជួយ​ការពារ​ជម្ងឺ​មួយចំនួន​ដល់កូន​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​ការ​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ហ៊យ គឹមហេង ឯកទេស​រោគកុមារ​នៃមន្ទីរពេទ្យកុមារ​ជាតិ ទាក់ទង​នឹងសារៈ​សំខាន់​នៃទឹកដោះ​ម្ដាយ។

ទឹកដោះ​ម្ដាយ​មានសារៈ​សំខាន់​អ្វីខ្លះ​ដល់កូន?

ម្ដាយ​ចាប់ផ្ដើម​មាន​ទឹកដោះ​តាំងតែ​ពីកូន​នៅក្នុង​ផ្ទៃមក​ម្ល៉េះ ដើម្បី​ត្រៀម​បំបៅ​ទារក​ពេលដែល​សម្រាល​មក។ ពេល​ដែល ម្ដាយ​សម្រាល​ភ្លាម រយៈពេល​មួយម៉ោង​ក្រោយមក​គ្រូពេទ្យ​តែងតែ​យក​ទារក​ឱ្យទៅ​បៅដោះ​ម្ដាយ ដែលគេ​ហៅថា​ជាទឹកដោះ​ដំបូង នោះឯង។ ទារក​ដែល​កើតមក​ភ្លាម មិនអាច​ទទួលទាន​អ្វីក្រៅ​អំពី​ទឹកដោះ​ម្ដាយតែ​មួយមុខ​គត់បាន​ទេ។ ដូច្នេះ​ទឹកដោះ​ជា​សារជាតិ ចិញ្ចឹម​សំខាន់​បំផុត​សម្រាប់​ទ្រទ្រង់​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ដ​របស់​ទារក​ដ៏មាន​ប្រសិទ្ធភាព​បំផុត ថែមទាំង​អាច​ជួយការ ពារ​ជម្ងឺជា​ច្រើនយ៉ាង​ដល់កូន​បានទៀត​ផង។

ទឹកដោះ​ម្ដាយជួយ​ជម្ងឺ​អ្វីខ្លះ​ដល់កូន?

នៅក្នុង​ទឹកដោះ​ម្ដាយ​ពោរពេញ​ទៅដោយ​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ ដែល​អាចធ្វើ​ឱ្យទារក​រស់រាន​មានជីវិត​បានយ៉ាង​ល្អ ប្រសើរ​ជាង​អាហារ​បំប៉ន​ផ្សេងៗ​ដែល​គេយក​មកផ្សំ​ឱ្យទារក​បៅ។ ទឹកដោះ​ម្ដាយមាន​សារជាតិ​ច្រើនយ៉ាង​ដែល​ចាំបាច់​សម្រាប់​ទារក ក្នុងការ​ធ្វើឱ្យ​ខ្លួនគេ​វិវឌ្ឍន៍​កាន់តែ​ឆាប់រហ័ស ជាមួយ​នឹងការ​ចម្រើននៃ​ប្រព័ន្ធ​ប្រសាទ ការ​លូតលាស់​មានការ​រីកចម្រើន​ទៅមុខ​បាន យ៉ាង​មាន​ប្រសិទ្ធភាព។ ពិសេស​ជាងនេះ​ទៅទៀត ទឹកដោះ​ម្ដាយ​អាច​ការពារ​ទារក​ពីជម្ងឺ​រាករូស​បានទៀត​ផង។ ទារកណា​ដែលបាន បំបៅ​ដោយ​ទឹកដោះ​ម្ដាយតែ​មួយមុខ​គត់ នោះ​ទារក​មិនសូវ​ជាមាន​ជម្ងឺ​រាករូស​ប៉ុន្មាន​ទេ។ ភាគច្រើន​ទារក​ដែល​បំបៅ​ដោយ​ទឹកដោះ ម្ដាយនឹង​មានការ​លូតលាស់​ឆាប់​រហ័ស ប្រព័ន្ធ​ខួរក្បាល​មានការ​រីកចម្រើន​ប្រសើរ​ឡើង​ជាង​ទារក​ដែល​បំបៅ​ដោយ​ទឹកដោះ​គោ ឬសារជាតិ​ផ្សំផ្សេងៗ ដូចជា​ទឹកបបរ បន្លែ​ផ្លែឈើ​ជាដើម​ដែលយក​ទៅឱ្យ​ទារក​បៅ។

មូលហេតុ​ដែល​ទឹកដោះ​ម្ដាយ​ការពារ​ជម្ងឺ​ដល់កូន

ទឹកដោះ​ម្ដាយ​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​ជាច្រើន​មុខ ដែលជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​​​​​​​​ការ​​លូតលាស់ តាំងពី​វ័យ​ដំបូង រហូត​ដល់ពេល​ធំឡើង។ សារជាតិ​ទាំងនោះ​មាន​ដូចជា​ប្រូតេអ៊ីន​ចម្រុះសាច់ ស្ករ ខ្លាញ់ ជាតិទឹក និង​បន្លែផ្សេងៗ ដែល​ម្ដាយបរិភោគ ជា​រៀងរាល់​ថ្ងៃ។ ចំណី​អាហារ​ទាំងនោះ​បានបំប្លែង​ជាសារធាតុ​មួយចំនួន​ដែល​សំខាន់​បំផុត​សម្រាប់​ទារក​​​​​ក្នុងការ​លូតលាស់ និង​ប្រាជ្ញា ឆ្លាតវៃ​របស់ទារក ហើយ​សារធាតុ​ទាំងនោះ​សម្បូរ​បំផុត​គឺនៅក្នុង​ទឹកដោះ​ម្ដាយ។ តាមពាក្យ​ស្លោកមួយ​បាន​ពោលថា “ទឹកដោះ​ម្ដាយ គឺជា​ឈាម” ពាក្យនេះ​គឺចង់​សំដៅ​ទៅលើ​ទឹកដោះ​ម្ដាយ​គ្រប់ដំណក់ គឺជា​ឈាម​ម្ដាយ​គ្រប់ដំណក់​ដូចគ្នា​ដែល​ម្ដាយ​បានផ្ដល់​ទៅឱ្យកូន ទាំងក្ដី​ព្រួយបារម្ភ ទាំងក្ដី​ស្រឡាញ់ អាណិត និងភាព​យកចិត្ដ​ទុកដាក់​ថែរក្សា​ខ្ពស់​បំផុត​ចំពោះកូន។

ស្ដ្រី​គួរធ្វើ​បែបណា​ពេល​បំបៅកូន

គ្រប់ស្ដ្រី​ដែលជា​ម្ដាយ​ទាំងអស់​គួរផ្ដល់​ទឹកដោះ​របស់ខ្លួន​ទៅឱ្យ​កូនបៅ​ទើបជា​ការល្អ។ កូន​ចាំបាច់​ត្រូវ​ទទួល​ទឹកដោះ​ម្ដាយ តាំងតែ​កើតមក​រហូត​ដល់ពេល​គេមាន​អាយុ៦ខែ ទើបម្ដាយ​អាចផ្ដល់​អាហារូបត្ថម្ភ​ផ្សេង​​​ទៀត​ដល់កូន​បានក្រៅ​អំពី​ទឹកដោះ​ម្ដាយ។ តែ មិនមែន​មានន័យថា​ផ្ដាច់ដោះ​ទារក​នោះទេ ទឹកដោះ​ម្ដាយ​នៅតែ​ផ្ដល់​ដដែល​ទាល់តែ​ទារក​មានអាយុ​២ខួប គ្រាន់តែ​ផ្ដល់​អាហារ​បន្ថែម ឱ្យទារក​តែ​ប៉ុណ្ណោះ។ អាហារ​ទាំងនោះ​មានដូចជា​បបរ​កិនឱ្យ​ម៉ត់ អាចដាំ​លាយ​ជាមួយ​បន្លែ សាច់ ជាតិខ្លាញ់​បន្ដិច និង​អំបិល​បន្ដិច ហើយ​យកទៅ​ឱ្យ​ទារក​បរិភោគ​ឱ្យបាន​មួយថ្ងៃ​៣ទៅ​៤ដង ឬអាច​យកចេក​ណាំវ៉ា​ទុំកោស​ឱ្យម៉ត់​ឱ្យទារក​បរិភោគ​ក៏បាន​ដែរ។ នេះជាអាហារ​មួយ​ប្រភេទ​ដែលជួយ​ទារក​ក្នុងការ​លូតលាស់ និងអាច​ជួយឱ្យ​ទារក​បន្ទោរ​បង់បាន​ងាយស្រួល មិនធ្វើ​ឱ្យលាមក​ទារក​រឹងទៀតផង។ ស្ដ្រី​ទាំងឡាយ​ត្រូវ​បំបៅ​ដោះ​កូនឱ្យ​បាន​ត្រឹមត្រូវ គឺត្រូវ​ឱ្យទារក​បៅឱ្យ​អស់​ទឹកដោះ​មួយ​ចំហៀង​សិន ទើប​ប្ដូរឱ្យ​គេ​បៅមួយចំហៀង​ទៀត​(បើសិន​កូនបៅ​មិនទាន់​ឆ្អែត)។

ផល​វិបាក​ចំពោះ​ការមិន​ឱ្យកូន​បៅដោះ

ស្ដ្រីមួយ​ចំនួន​ទៀត​នោះមិន​ព្រមឱ្យ​កូន​បៅដោះ​របស់ខ្លួន​ទេ ដោយសារ​ពួកគាត់​យល់ថា​ទឹកដោះ​គោ​ល្អជាង​ទឹកដោះ​ម្ដាយ។ ហើយ​ម្យ៉ាងវិញ​ទៀតនោះ​គាត់មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ដោយគាត់​ត្រូវទៅ​បំពេញ​ធ្វើ​ការងារ​ជាដើម។ ស្ដ្រីមួយ​ចំនួន​ទៀត យល់ថា ទឹកដោះ​គោ និង​ទឹកដោះ​ម្ដាយ​មានគុណ​ប្រយោជន៍​ដូចគ្នា មានសារ​ជាតិ​ចិញ្ចឹម​ដូចគ្នា នេះជាការ​គិតខុស។ គេមិន​អាច យក​ទឹកដោះ​ម្ដាយ​ទៅ​ប្រៀបធៀប​ជាមួយ​ទឹកដោះ​គោបាន​ទេ។ ចំណែក​ឯស្ដ្រី​មួយចំនួន​ទៀតនោះ​មិន​អនុញ្ញាត​ឱ្យកូន​បៅទេ ដោយ គាត់​ស្រឡាញ់​ដើមទ្រូង​របស់គាត់​ជាង​ស្រឡាញ់​កូន គាត់ខ្លាច​ដើម​ទ្រូង​គាត់​ធ្លាក់យារ ប្រែជា​មិនស្អាត​នៅពេល​កូនបៅ​ជាដើម។ ដូច្នេះហើយ​ទើបគាត់​សម្រេច​ចិត្ដឱ្យ​កូនគាត់​បៅ​ទឹកដោះ​គោ​ជំនួស​វិញ។ ទង្វើ​បែបនេះ​ជាការ​គិតខុស​មួយ​ចំពោះ​ស្ដ្រី​ជាម្ដាយ។ ទឹកដោះម្ដាយអាច​ប្រៀប​ដូចជា​ឱសថ​មួយដ៏​ស័ក្ដិសិទ្ធិ ដែលគ្មាន​អ្វីមក​ជំនួស​បានឡើយ ហើយវា​ថែមទាំង​ធ្វើឱ្យ​កូន​លោកអ្នក​មាន​សុខភាព​ល្អ។

ដំបូន្មាន​អ្នក​ជំនាញ

ស្ដ្រី​ជាម្ដាយ​គ្រប់រូប​ទាំងអស់​ចាំបាច់​ត្រូវតែ​ផ្ដល់​ទឹកដោះ​ដល់កូន ព្រោះវា​ជាអាហារ​មួយ​សំខាន់​បំផុត​សម្រាប់​ការ​លូតលាស់ ដល់​សុខភាព​ទារក និង​អាចឱ្យ​ទារក​ចៀសផុត​ពីជម្ងឺ​បានមួយ​ភាគធំ​ទៀតផង។ អាហា​រូបត្ថម្ភ​ក្រៅក៏​ជាចំណី​អាហារ​មួយ​ប្រភេទ​ប្រសើរ សម្រាប់​ទារកផង​ដែរក្នុង​ការបន្ថែម​ពី​លើទឹក​ដោះម្ដាយ។ ទឹកដោះ​ម្ដាយ​មានគុណ​ប្រយោជន៍​ទ្វេ​ចំពោះ​បុត្រធីតា​របស់​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative