ក្តី​កង្វល់​ជុំ​វិញ​បញ្ហា​បន្ទុះ​ជម្ងឺ​គ្រុន​ឈាម​នៅ​កម្ពុជា​

បច្ចុ​ប្បន្ន តំបន់​ដែល​មាន​ជម្ងឺ​នេះ​ផ្ទុះ​ឡើង​ច្រើន​ជាង​គេ គឺ​នៅ​តំបន់​ជាយ​ទី​ក្រុង​ភ្នំពេញ​ និង​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ដោយ​សារ​តែ​តំបន់​​ទាំង​​​នោះ​​នៅ​មាន​ការ​ប្រើ​ប្រាស់​ទឹក​ពាង ឬ​អាង​ទឹក​ច្រើន​ ហើយ​ស្ថាន​ភាព​បរិស្ថាន​ជុំ​វិញ​លំនៅ​ឋាន​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ។ នៅ​ក្នុង​ឆ្នាំ​នេះ មន្ត្រី​ជំនាញ​ និង​មន្ត្រី​សុខា​ភិបាល​ជា​ច្រើន​រូប​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​បន្ទុះ​ជម្ងឺ​គ្រុន​ឈាម​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

រូបភាពគេហទំព័រសុខភាពយើង

បើ​យោង​តាម​ប្រសាសន៍​របស់​មន្ត្រី​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុន​ចាញ់ និង​ជម្ងឺ​គ្រុន​ឈាម នៃ​ក្រសួង​សុខា​ភិបាល​ អំពាវ​នាវឲ្យ​ប្រជា​ពល​រដ្ឋ​ចូល​រួម​ទប់​ស្កាត់​ជម្ងឺ​គ្រុន​ឈាម​តាម​រយៈ​ការ​សម្អាត​បរិស្ថាន​ជុំ​វិញ​ផ្ទះ​សម្បែង​ តាម​ដាន​អាការៈ​ជម្ងឺ​របស់​កូនៗ​ និង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ បើ​សង្ស័យ​ថា​កូន​ឈឺ​នោះ។ ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​ ដោយ​សារ​មន្ត្រី​ជំនាញ​ខាង​សុខ​ភាព​សង្កេត​ឃើញ​ថា​ ស្ថាន​ភាព​ជម្ងឺ​គ្រុន​ឈាម​កំពុង​គំរាម​កំហែង​លើ​កុមារ​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ដើម​រដូវ​វស្សា​នា​ឆ្នាំ​២០១២​នេះ។​ មន្ត្រី​ជាន់​ខ្ពស់​នៃ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុន​ចាញ់ និង​កម្ម​វិធី​ជាតិ​ប្រយុទ្ធ​ជម្ងឺ​គ្រុនឈាម​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​រយៈ​ពេល​២៤​សប្ដាហ៍​ដើម​ឆ្នាំ២​០១២នេះ ជម្ងឺ​គ្រុន​ឈាម​បាន​កើន​ឡើង​ជាង​ឆ្នាំ​២០១១កន្លង​ទៅ។​

លោក​វេ​ជ្ជ​បណ្ឌិត ច ម៉េង​ចួ នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុន​ចាញ់ (ប៉ារ៉ា​ស៊ីត​សាស្ត្រ បាណក​សាស្ត្រ)​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២​នេះ​ថា ក្នុង​រយៈ​ពេល​ប្រមាណ​៦​ខែ​ដើម​ឆ្នាំ​២០១២​នេះ​ គេ​បាន​រក​ឃើញ​ជម្ងឺ​គ្រុន​ឈាម​ដែល​កើត​មាន​ទូទាំង​ប្រទេស​ មាន​ចំនួន​ជិត​៩ពាន់​នាក់​ និង​មាន​អ្នក​ស្លាប់​ដោយសារ​ជម្ងឺ​នេះ​ចំនួន​៣៨​នាក់។ លោក​វេជ្ជ​បណ្ឌិត ច ម៉េង​ចួ បាន​បន្ត​ថា៖ «៣​ខែ​កន្លះ​ដើម​ឆ្នាំ វា​កើន​ជិត​ទៅ​៤​ដង​ ៣៩០% ឥឡូវ​ហ្នឹង​២៤​សប្ដាហ៍​នេះ វា​កើន​២៤៨% ហើយ​យើង​បាន​ពិនិត្យ​ការ​វិវឌ្ឍន៍​របស់​វា​ប្រចាំ​សប្ដាហ៍ ពី​សប្ដាហ៍​ទី៨​ដល់​សប្ដាហ៍​ទី​១៦​ វារត់​តាម​កន្លង​ឆ្នាំ​២០០៧ ហើយ​យើង​បារម្ភ​ដែរ​ខ្លាច​វា​រត់​ទៅ​ទៀត»។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​អាស៊ី​សេរី។​

កាល​ពី​ឆ្នាំ​២០១១ ជម្ងឺ​គ្រុន​ឈាម​មាន​ចំនួន ២ ៥៣២​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន១២​នាក់។ ប៉ុន្តែ កាល​ពី​ឆ្នាំ​២០០៧​ មាន​ករណី​ផ្ទុះ​នូវ​ជម្ងឺ​គ្រុនឈាម​ខ្លាំង​ជាង​គេ គឺ​មាន​ចំនួន​ជាង​១​ម៉ឺន​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​១៦៨​នាក់។ ស្ត្រី​មេ​ផ្ទះ​ម្នាក់ ឈ្មោះ​ ស្រី​នាង រស់​នៅ​សង្កាត់​និរោធ ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា​ ជម្ងឺ​គ្រុន​ឈាម​ឆ្នាំ​នេះ​បាន​គម្រាម​កំហែង​ធ្ងន់​ធ្ងរ​ជាង​សព្វ​ដង ដោយ​កូន​គាត់​២​នាក់ ម្នាក់​អាយុ​៩​ឆ្នាំ​ និង​ម្នាក់​ទៀត​៥ឆ្នាំ​ បាន​កើត​ជម្ងឺ​នេះ​ផ្ទួន​គ្នា ហើយ​គាត់​កំពុង​មាន​ក្តី​បារម្ភ​ចំពោះ​បញ្ហា​នេះ។ តែ​ទោះ​យ៉ាង​ណា​ គាត់​បាន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ការ​ពារ​ជម្ងឺ​នេះ ដោយ​ឲ្យ​កូន​គេង​ក្នុង​ម៉ុង​ជា​ប្រចាំ។ ស្ត្រី​មេ​ផ្ទះ ស្រី​នាង បាន​បន្ថែម​ថា៖​ «នឹង​ខំ​ការពារ​ចាប់​ពី​ថ្ងៃ​នេះត​ទៅ​ រឹត​តែ​ប្រយ័ត្ន​ខ្លាំង​ជាង​មុន​ថែម​ទៀត ប្រយ័ត្ន​ទីមួយ​សម្រាម ទឹក​ដក់​អ៊ី​ចឹង កាប់​ព្រៃ​ មាន​ថ្នាំ​លាប​ការពារ អុច​ធូប​មូស​អ៊ី​ចឹង ពេល​ដែល​គេង​ត្រូវ​ដាក់​មុង»។​

លោក​វេជ្ជ​បណ្ឌិត ច ម៉េង​ចួ បាន​ពន្យល់​ថា ការ​​កើន​ឡើង​នៃ​ជម្ងឺ​គ្រុន​ឈាម​នេះ ដោយ​សារ​កម្រិត​ទឹក​ភ្លៀង​កើន​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១២​ នេះ។ តំបន់​ដែល​មាន​ជម្ងឺ​នេះ​ផ្ទុះ​ឡើង​ច្រើន​ជាង​គេ គឺ​នៅ​តំបន់​ជាយ​ទីក្រុង​ភ្នំពេញ និង​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។​ ដោយ​សារ​តំបន់​ទាំងនោះ​នៅ​មាន​ការ​ប្រើ​ប្រាស់​ទឹក​ពាង ឬ​អាង​ទឹក​ច្រើន​ ហើយ​ស្ថាន​ភាព​បរិស្ថាន​ជុំវិញ​លំ​នៅ​ឋាន​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ។ លោក​បន្ត​ថា អ្នក​ដែល​ងាយ​ទទួល​រង​គ្រោះ​ដោយ​ជម្ងឺ​នេះ​ ភាគ​ច្រើន​ជា​កុមារ​ដែល​មាន​អាយុ​ក្រោម​អាយុ​១៥​ឆ្នាំ។​

អ្នក​ជំនាញ​បាន​បង្ហាញ​ថា ប្រការ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បង្ការ និង​ទប់​ស្កាត់​នោះ គឺ​ចាំ​បាច់​ត្រូវ​សម្អាត​បរិស្ថាន​ជុំ​វិញ​ផ្ទះ​ បំផ្លាញ​ជម្រក​មូស​ខ្លា ដែល​ជា​ប្រភព​ចម្លង​ជម្ងឺ​គ្រុន​ឈាម ប្រើ​ថ្នាំ​អាប៊ែត​ដាក់​ក្នុង​ពាង និង​អាង​ទឹក​ ដើម្បី​កម្ចាត់​ដង្កូវ​ទឹក​ដែល​ជា​ប្រភព​នាំ​ឲ្យ​កើត​មូស​ខ្លា។ លោក​វេជ្ជ​បណ្ឌិត ច ម៉េងចួ​ បន្ត​ទៀត​ថា៖ «មូស​​ខាំ​មួយ​សប្ដាហ៍ ចាប់​ផ្ដើម​ក្តៅ​ខ្លួ​ន​ ហើយ​ភ្លាម​អត់​ដឹង​ទេ វា​អាច​ច្រឡំ​ជាមួយ​ជម្ងឺ​រលាក​បំពង់​កសព្វ​បែប​យ៉ាង​ទាំង​អស់ ផ្តាសាយ​ក៏​ច្រឡំ​ដែរ ​គឺមាន​តែ​ទៅ​ពេទ្យ​ទេ​ ទើប​ដឹង​ថា​មាន​គ្រុន​ឈាម​អត់ ព្រោះត្រូវ​មើល​ឈាម សំខាន់​កុំ​ចាំ​ពេទ្យ​ទៅ គឺ​ត្រូវ​បញ្ជូន​មក​ពេទ្យ​បាន​លឿន​តែ​ខំ​យឺត​ពេល​ហើយ»។​

គួរ​បញ្ជាក់​ថា ស្រប​ពេល​គ្នា​នេះ​ក្រសួង​សុខា​ភិបាល គ្រោង​នឹង​បើក​យុទ្ធ​នាការ​ចែក​ថ្នាំ​អាប៊ែត​ប្រមាណ​១៤០​តោន​ជា​ថ្មី​ទៀត​ នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ខាង​មុខ​នេះ ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មូស​ខ្លា៕

អត្ថបទ​ដោយ ៖ សៀង​ វិរៈ​
ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative