អំពើ​ទារុណ​កម្ម​នៅ​កម្ពុជា​នៅ​តែ​ជា​បញ្ហា​

ការ​គោរព​សិទ្ធ​សេរី​ភាព​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​កិច្ច​កា​ររួម​ដែល​ប្រជា​ជាតិ​នៅ​ទូទាំង​សកល​លោក​ ត្រូវ​រួម​គ្នា​អរនុវត្ត​ដោយ​ប្រកាន់​ភ្ជាប់​នូវ​ការ​អត់​អោន​អធ្យា​ស្រ័យ​ចំពោះ​គ្នា មិន​ថា​ជន​នោះ​ជា​ជន​ប្រភេទ​អ្វី​ ឬ​ជា​ជន​ទុច្ចរិត​អាក្រក់​បែប​ណា​នោះ​ទេ គឺ​ត្រូវ​ទុក​ឲ្យ​ច្បាប់​ជា​អ្នក​សម្រេច​ជោគ​វាសនា​របស់​ពួក​គេ។ វា​មាន​ន័យ​យ៉ាង​ដូច្នេះ​ថា​ យើង​មិន​អាច​រំលោភ​បំពាន​ជន​ទាំង​នោះ​ដោយ​ហិង្សា ឬ​អំពើ​ទារុណ​កម្ម​កាច​សាហាវ​នោះ​ទេ។​

រូបភាពគេហទំព័រសុខភាពយើង

ប្រធាន​បទ «ការ​ស្តារ​នី​តិ​សម្បទា»​ គឺ​ជា​ប្រធាន​បទ​ចម្បង​សម្រាប់​យុទ្ធនា​ការ​ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៧​នៅ​កម្ពុជា កាល​ពីថ្ងៃ​ទី​២៦ ខែ​មិថុនា​ ឆ្នាំ​២០១២​កន្លង​ទៅ​ថ្មីៗ​នេះ។ ការ​ប្រារ​ព្ធពិធី​រំឮក​ទិវា​ជាតិ​គាំ​ទ្រ​ជន​រង​គ្រោះ​នៃ​អំពើ​ទារុណ​កម្ម​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​សាន់​វេ នៃ​ទី​ក្រុង​ភ្នំពេញ ដោយ​បាន​អញ្ជើញ​អ្នក​រស់​រាន​មាន​ជីវិត​ពី​ទារុណ​កម្ម​ចំនួន​៣​រូប​ ដើម្បី​ចែក​រំលែក​អំពី​ការ​បន្សល់​ទុក​បន្ទាប់​ពី​ផល​ប៉ះ​ពាល់​នៃ​អំពើ​ទារុណ​កម្ម​ក្នុង​ជីវិត​របស់​ពួក​គាត់។ ព្រឹត្តិ​ការណ៍​នេះ​ ត្រូវ​បាន​រៀប​ចំ​រួម​គ្នា​ដោយ​គណៈ​កម្មា​ធិ​ការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គ​ការ​សមា​គម​ការ​ពារ​សិទ្ធ​មនុស្ស​កម្ពុជា​(CHRAC)​ អង្គ​ការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធ​កម្ពុជា(CDP) សមា​គម​ការពារ​សិទ្ធ​មនុស្ស​និង​អភិវឌ្ឃន៍​នៅ​កម្ពុជា(​ADHOC)​ អង្គ​ការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌​(TPO) សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធ​មនុស្ស (LICADHO) អង្គ​ការ REDRESS​ និង​គណៈ​កម្មការ​សិទ្ធ​មនុស្ស​អាស៊ី​(AHRC)។​

លោក ធន សា​រាយ ប្រធាន​សម្រប​សម្រួល​គណៈ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម និង​ជា​ប្រធាន​សមាគម​អាដ​ហុក​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្ម​វិធី​ជួប​ជុំ​នេះ​ថា៖ «យើង​សូម​ទទួល​ស្គាល់ និង​កោត​សសើរ​នូវ​ទិវា​ដ៏​មាន​សារៈ​សំខាន់​នេះ​ ដែល​ពិភព​លោក​បាន​ខិត​ខំ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​លុប​បំបាត់​អំពើ​ទារុណ​កម្ម​ ហើយ​រដ្ឋា​ភិបាល​បាន​ផ្តល់​សច្ចាប័ន​លើ​អនុ​សញ្ញា​ប្រឆាំង​ទារុណ​កម្ម និង​ការ​ផ្តន្ទា​ទោស ឬ​ការ​ប្រព្រឹត្ត​ទាំង​ឡាយ​ណា​ដែល​ឃោ​ឃៅ​ អ​មនុស្ស​ធម៌ ឬ​ដែល​នាំ​ឲ្យ​បាត់​បង់​តម្លៃ​ជា​មនុស្ស និង​ពិធី​សារ​បន្ថែម​នៃ​អនុ​សញ្ញា​នេះ។ នៅ​ថ្ងៃ​នេះ​ ក៏​នាំ​មក​នូ​វការ​ផ្តោត​យ៉ាង​មុត​មាំទៅ​លើ​កង្វះ​ខា​ត​នៃ​ការ​វិវឌ្ឍន៍​ឈាន​ទៅ​សម្រេច​គោល​ដៅ​នេះ​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

អនុ​សញ្ញា​ប្រឆាំង​ទារុណ​កម្ម និង​ការ​ប្រព្រឹត្ត​អំពើ​ឃោ​ឃៅ អ​មនុស្ស​ធម៌ ឬ​បន្ទាប​បន្ធោក​ ឬការធ្វើ​​ទណ្ឌ​​កម្ម​ផ្សេងៗ​ទៀត​របស់​អង្គការ សហ ប្រជាជាតិ ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា អនុ​សញ្ញា​ប្រឆាំង​ទារុណ​កម្ម​ បាន​ត្រូវ​អនុម័ត​ដោយ​មហា​សន្និ​បាត​អង្គការ​សហ​ប្រជា​ជាតិ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​១៩៨៤ និង​បាន​ចូល​ជា​ធរ​មាន​នៅ​ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ឆ្នាំ​១៩៨៧​។ កាល​បរិច្ឆេទ​នោះ ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ទិវា​អន្តរ​ជាតិ​គាំ​ទ្រ​ជន​រង​គ្រោះ​នៃ​អំពើ​ទារុណ​កម្ម។ ចំណែក​ឯ ប្រទេស​កម្ពុជា​ ក៏​បាន​ផ្តល់​សច្ចា​ប័ន​លើ​អនុ​សញ្ញា​នេះ​តាំង​ពី​ឆ្នាំ​១៩៩២​ម​ក​ផង​ដែរ ក៏​ប៉ុន្តែ​អំពើ​នៃ​ទារុណ​កម្ម​នៅ​តែ​កើត​មាន​ឡើង​ និង​កាន់​តែ​រីក​រាល​ដាល​ដដែល។​

ដោយ​ឡែក ភាគ​ច្រើន​ទារុណ​កម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ច្រើន​កើត​ឡើង​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​របស់​ប៉ូលីស។​ ក្នុង​រយៈ​ពេល២៤​ម៉ោង​ដំបូង​នៃ​ការ​ឃុំ​ខ្លួន​ ជន​សង្ស័យ​ភាគ​ច្រើន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​មេធាវី​ទេ​ ហើយ​ជា​ញឹក​ញាប់​គេ​ប្រទះ​ឃើញ​នូ​វការ​ប្រព្រឹត្តបែ​បអមនុស្ស​ធម៌ ដោយ​រួ​ម​បញ្ចូល​ទាំង​អំពើ​ទារុណ​កម្ម​ឲ្យ​សារ​ភាព​ ការ​ដាក់​ខ្នោះ​ដៃ​ជើង​សម្រាប់​រយៈ​ពេល​វែង និង​ការ​បំភិត​បំភ័យ ឬ​ការ​គម្រាម​កំហែង​ចំពោះ​សាច់​ញាតិ​ជា​ដើម។ ចំណែក​ឯ អង្គការ​លី​កា​ដូ​ បាន​រាយ​ការណ៍​ថា មាន​១៣៥​ករណី នៃ​ទារុណ​កម្ម​នៅ​មន្ទីរ​ឃុំ​ឃាំង​របស់​ប៉ូលីស។ រី​ឯ​សមាគម​អាដ​ហុក បាន​រាយការណ៍​ថា​ មាន​៧៦​ករណី​នៃ​អំពើ​ទារុណ​កម្ម​ខាង​លើ​ដែល​ត្រូវ​បាន​ចង​ក្រង​ដោយ​អ្នក​ស្រាវ​ជ្រាវ​ក្នុង​ឆ្នាំ​២០១១​។ ទម្រង់​ទូទៅ​បំផុត​នៃ​ការ​បៀត​បៀន​ គឺជា​ការ​វាយ​ដំលើ​រាង​កាយ និង​ការឆក់​ខ្សែ​ភ្លើង។

​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សមាគម​ទាំង​៧ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ថា​ កម្ពុជា​នៅ​មិន​ទាន់​មាន​យន្ត​ការ​សម្រាប់​តាម​ដាន​លក្ខណ​ក្នុង​ការ​សួរ​ចម្លើយ​របស់​ប៉ូលីស​នោះ​ទេ ​ហើយ​ប៉ូលីស​រីករាយ​ជាមួយ​នឹង​និទណ្ឌ​ភាព​ពីការ​កាត់​ទោស​ដែល​បាន​រីក​រាល​ដាល។ របាយ​ការណ៍​បាន​បន្ត​ថា គុក​ និង​មណ្ឌល​ឃុំ​ឃាំង​បណ្តោះ​អាសន្ន ត្រូវ​បាន​តាម​ដាន​ដោយ​ក្រុមអង្គ​ការ​សង្គម​ស៊ីវិ​ល ​ប៉ុន្តែ​ការ​ធ្វើ​អធិការ​កិច្ច​តាម​កាល​កំណត់​មិន​តម្រូ​វឲ្យ​បរិយាយ​អ្វីៗ​ដែល​កើត​ឡើង​ក្នុង​មន្ទីរ​ពន្ធ​ធនាគារ​ដែល​បាន​បិទ​ជិត​នោះ​ទេ។​

អត្ថបទ​ដោយ ៖ សៀង​ វិរៈ​
ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative