មូលហេតុ​៧យ៉ាង​បង្កការ​លែងលះ

នៅពេល​មនុស្ស​ចាប់ផ្ដើម​ស្រឡាញ់​គ្នា ក៏បាន​រៀបការ​បង្កើតជា​គ្រួសារ​ឡើង។ ការ​កសាង​គ្រួសារ​ជារឿង​ដែល​លំបាក ហើយមាន​មនុស្ស​មិនតិចទេ​ដែល​បរាជ័យ​នៅក្នុង​រឿងនេះ។ ការចង​ចំណង​អាពាហ៍ពិពាហ៍​ជារឿង​ពិបាក​មួយទៅ​ហើយក្នុង​ការរកមនុស្ស​ដែលខ្លួន​ពេញចិត្ដ​បាន តែការ​រក្សា​ចំណង​នេះឱ្យ​បាន​​​​​គង់វង្ស​វារឹតតែ​ពិបាក​ថែមទៀត។ គូស្វាមី​ភរិយា​មិនតិច​ទេ ដែល​ទីបំផុត បាន​រំដោះខ្លួន​ចេញពី​នឹម​អាពាហ៍ពិពាហ៍​ដោយការ​លែងលះ។ មាន​ហេតុផល​ជាច្រើន​ដែលធ្វើ​ឱ្យ​លោកអ្នក​ទ្រាំរស់នៅ​ជាមួយ​គ្នាតទៅ ទៀតលែង​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្ដីប្រពន្ធ​ជាបុគ្គល​ពីរនាក់​ដែលមាន​ទំនាក់ទំនង​គ្នាយ៉ាង​ស៊ីជម្រៅ ដែល​ចំាបាច់​ត្រូវតែ​គោរព​សិទ្ធិគ្នា​ទៅវិញ​ទៅមក ឬចេះ​ឱ្យ តម្លៃគ្នា​កុំឈ្លាន​ពានគ្នា។ ចំពោះ​គូស្វាមី​ភរិយា​ដែល​កំពុង​ស្រឡាញ់​គ្នា ស្រាប់តែ​ថ្ងៃមួយ​ពួកគេ​ព្រោះតែ​គ្រួសារ​គេបាន​ជំពាក់​នឹងអ្វី​មួយ មិនអាច​អធ្យាស្រ័យ​ឱ្យគ្នា​បាន។ ទស្សនាវដ្ដី សុខភាពយើង សូម​លើកយក​ហេតុផល​ដែលនាំ​ឱ្យថ្នាំង​ថ្នាក់នេះ ៧ប្រការ​មក​ជម្រាប​ជូន។

1 . ខ្វះភាព​ស្មោះត្រង់​នឹងគ្នា

ការ​លាក់លៀម​មិន​ស្មោះត្រង់​នឹងគ្នា បញ្ហាហិរញ្ញ​វត្ថុ មានការ​លាក់​កំបាំង ការមិន​គោរព​ពាក្យសច្ចៈ ការបិត​កំបាំង​មិនឱ្យ ស្គាល់ភាព​លម្អៀង​ជាដើម។ ទាំងនេះ​សុទ្ធតែជា​រឿង​ដែលមិន​អាច​លើកលែង​ឱ្យបាន ព្រោះជា​ប្ដីប្រពន្ធ​នឹងគ្នា​មិនគប្បី​មាន​អាថ៌កំបាំង ជាមួយ​គ្នាឡើយ។ ភាព​ស្មោះត្រង់​ជាសសរ​គ្រឹះយ៉ាង​រឹងមាំ​សម្រាប់​ជីវិត​ប្ដីប្រពន្ធ។

2 . ប្ដីប្រពន្ធ​មានគំនិត​មិនល្អ​ចំពោះគ្នា

អាចផ្សំ​គ្នា​កើតឡើង​បណ្ដាលមក​ពីអ្នក​ទាំងពីរ​ពុំចុះសម្រុង​នឹងគ្នា ឬអ្នក​ទាំងពីរ​ពុំ​សក្ដិសម​គ្នា ឬមកពី​អ្នក​ទាំងពីរ​មាន​គំនិត​មិន​ដូច​គ្នា ឬរបៀប​រស់នៅ​ខុសគ្នា ដូចជា​ប្រពន្ធ​ចូលចិត្ដ​តែងខ្លួន ប្ដីពុំ​ចូលចិត្ដ​ជាដើម។ ប្រពន្ធ​មាន​របៀប​ប្ដីឥត​របៀប ប្រពន្ធ​ស្លៀកពាក់ស្អាត ប្ដី​គគ្រិច​រញ៉េរញ៉ៃ ការ​រស់នៅ​ដោយ​ចែកផែនដី​ម្ខាងម្នាក់ និង​សេពគប់​មនុស្ស​ក្នុងសង្គម​ខុសគ្នា ទាំងនេះ​ជាកត្ដា​ឈានទៅ​រកការបែក​បាក់គ្នា។

3 . មិនលើក​តម្កើង​គំនិតគ្នា

ជាប្ដីប្រពន្ធ​និងគ្នា​ចំាបាច់​ត្រូវតែ​មានការ​គោរព​គ្នា​ទៅវិញ​ទៅមក ស្គាល់​តួនាទី​រៀងៗ​ខ្លួន ពុំចាំបាច់​ទាមទារ​ឱ្យអ្នក​ណាមាន សិទ្ធ​អំណាច​លើនរណា​នោះទេ។ បើប្ដី​ចេញទៅ​ធ្វើ​ការងារ​រកប្រាក់​ចំណូល​ចូលផ្ទះ ស្ដ្រីជា​ប្រពន្ធ​ត្រូវមាន​ភារកិច្ច​ចាត់ចែង​រៀបចំ​ផ្ទះ សម្បែង ទោះបីជា​ការងារ​ទាំងនេះ​មិនអាច​វាស់វែង​ជាទឹក​ប្រាក់បាន​ក៏ដោយ ក៏បុរស​ជាប្ដី​មិនត្រូវ​បន្ទាប​បន្ថោក​ការងារ​ទាំងនេះ​ដែរ ចាំបាច់​ត្រូវតែ​ឱ្យតម្លៃ ហើយជួយ​កិច្ចការ​ទាំងនេះ​ដោយ​មិនត្រូវ​មើលនឹង​ភ្នែកទេ។ ធ្វើ​ដូចនេះ​ទើបរឿង​វិវាទ​មិនកើត​មានឡើង​បាន។

4 . រវាង​អ្នក​ទាំងពីរ​ចាយវាយ​ពុំត្រូវ​គោលដៅ

បញ្ហានេះ ភាគច្រើន​តែងធ្លាក់​ទៅលើ​នារី​ភេទ​ជាចម្បង ព្រោះស្ដ្រី​ជាអ្នក​ចំណាយ​សព្វបែប​យ៉ាងចំពោះ​គ្រួសារ នេះជា​បញ្ហា មួយ​ដែលស្ដ្រី​ធ្វើក៏ខុស ពុំធ្វើ​ក៏ខុស។ ដូច្នេះ​តើស្ដ្រី​ត្រូវធ្វើ​ដូចម្ដេច​កុំឱ្យខុស? បញ្ហានេះ​ត្រូវធ្វើ​ឡើង​ដោយយើង​ត្រូវមើល​ចំណូល​ជាប្រចាំ របស់​គ្រួសារ(មធ្យម តិច ច្រើន)។ សុភាពស្ដ្រី​ត្រូវចេះ​លៃលក​ទិញដូរ​ទុកដាក់​ទៅតាម​កម្រិត​ដែលមាន កុំឃ្លាន​ចង់ទិញ​តាមអ្នក​មាន នាំ​ឱ្យវ័ណ្ឌក​ដល់​ខ្លួនឯង បង្កើតជា​បំណុល​ឱ្យគ្រួសារ​កើតក្ដីក្ដៅ​ក្រហាយ មាត់ធំ​មាត់តូច​ដាក់គ្នា ច្បាស់ជា​ឈានដល់​ការ​លែងលះ​ជាពុំខាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

5 . រឿង​លើគ្រែ

ក្នុង​ស្ថានភាព​គ្រួសារ​របស់​ប្ដីប្រពន្ធ រឿង​លើគ្រែ​ជាបញ្ហា​សំខាន់​បំផុត ការងារ​នេះ​បើយើង​យល់ព្រម​ជាការ​ងាយ តែបើ​ផ្ទុយ ទៅវិញ​ងាយនឹង​ក្លាយជា​គ្រោះថ្នាក់​ចំពោះ​មនោសញ្ចេតនា​ប្ដីប្រពន្ធ​ណាស់។ ជាធម្មតា​ការរួមរ័ក​ស្នេហា បុរសច្រើន​មានចំណង់​ជាងស្ដ្រី ព្រោះ​ធម្មជាតិ​បាន​តាក់តែង​មកយ៉ាង​ដូច្នេះ។ ចំណុចនេះ​ហើយ​ដែល​ទាមទារ​ឱ្យភរិយា​យោគយល់​ឱ្យបាន​ច្រើន​អំពី​បញ្ហានេះ។ ការ​មិន ចេះ​យល់​ទុក្ខធុរៈ​គ្នា ពេលខ្លះ​អាចក្លាយ​ទៅបញ្ហា​ដែលបង្ក​ឱ្យមាន​ការ​លែងលះ​បាន។

6 . ទំនាក់ទំនង​ចំពោះ​ញាតិមិត្ដ

មិនមែន​គោលដៅ​អាច​ចំពោះតែ​ឪពុកម្ដាយ​ខាងប្ដី ហើយមិន​រវល់​ដល់​ឪពុកម្ដាយ​បងប្អូន​ខាង​ប្រពន្ធ​ឡើយ។ មនុស្ស​នៅជុំវិញ​លោកអ្នក​និង​ក្លាយជា​របង​ការពារ​គ្រួសារ​ឱ្យ​រឹងមាំ ត្រូវចេះ​យកចិត្ដ​ទុកដាក់​ចំពោះ​ញាតិមិត្ដ​ដែលនៅ​ជុំវិញ កុំមើល​រម្លង ហើយស្មាន​ថាគេមិន​ស្មើយើង នោះជា​ការខុស​ទាំងស្រុង។ ការ​រស់នៅ​ក្នុងសង្គម ភាព​ឯកោ​មិនមែន​បាន​សេចក្ដី​ថា​លោកអ្នក​បានសុខ​ឡើយ ថ្ងៃណា​មួយ​លោកអ្នក​ជួបនឹង​ឧបសគ្គ មានតែ​ញាតិនោះ​ឯងដែល​តែងជួយ​គ្រួសារ​លោកអ្នក​ឱ្យចាក​ផុតពី​ទុក្ខវេទនា។

7 . អំពើ​ហិង្សា​ក្នុង​គ្រួសារ

នេះជា​ទង្វើ​ដែលមិន​អាចអត់​ឱនឱ្យ​បានទេ ព្រោះ​បើកាលណា​ប្ដីប្រពន្ធ​ដាច់ចិត្ដ​លើកដៃ​វ៉ៃគ្នា​ហើយ បាន​ន័យថា​ពួកគេ​លែង មាន​មនោសញ្ចេតនា​ការ​ស្រឡាញ់​ចំពោះគ្នា​ទៀតហើយ ស្នេហា​របស់​ពួកគេ​បានស្លាប់​រលត់​ទៅហើយ។ ប្ដីប្រពន្ធ​ជាមនុស្ស​ពីរនាក់​ដែល ស្និទ្ធស្នាល​និងគ្នា​ជាងនរណា​ទាំងអស់ ទោះជា​ឪពុកម្ដាយ​ក៏នៅ​តិចជាង​ដែរ ហេតុនេះ​មិនគួរ​ព្រោះតែ​កំហឹង​ធ្វើឱ្យ​បាត់បង់​នោះទេ។ អំពើហិង្សា​មិនតែ​មិនគប្បី​ចំពោះ​មនុស្ស​ដែល​លោកអ្នក​ស្រឡាញ់​នោះទេ ថែមទាំង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ច្បាប់​ទៀតផង។

អ្វីដែល​លើកមក​ជម្រាប​ជូនខាង​លើនេះ គ្រាន់តែ​ជាចំណុច​មួយចំនួន​តែ​ប៉ុណ្ណោះ នៅមាន​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀតដែល សុទ្ធតែ​ជារឿង​ផ្ទៃក្នុង​របស់​បុគ្គលម្នាក់ៗ ដូចពាក្យ​ដែលថា ចង្កៀង​ផ្ទះ​នរណា​ភ្លឺផ្ទះ​អ្នកនោះ។ មាន​គូស្វាមី​ភរិយា​មិនតិច​ទេ ដែល​អ្នក ជិតខាង​មិនបាន​ឮសូរ​សម្លេង​ឈ្លោះ​ប្រកែក​គ្នា ឬក៏​សញ្ញានៃ​ការលែងលះ​នោះ ស្រាប់តែ​ពួកគេ​ដឹកដៃ​គ្នាទៅ​តុលា​ការ​លែងលះ​គ្នាតែម្ដង។ ទាំងនេះ​អាចបញ្ជាក់​ថា​ពួកគាត់​ប្រាកដជា​មានរឿង​អ្វីដែល​មិនអាច​ទ្រាំរស់​ជាមួយ​គ្នាតទៅ​បានហើយ។ ក្រៅពី​នេះក៏​នៅមាន​ប្ដី ប្រពន្ធ​ខ្លះឈ្លោះ​គ្នា​រាល់ថ្ងៃ វាយដំ​គ្នា​បែកក្បាល​ហូរឈាម​ក៏នៅតែ​លែងគ្នា​មិនដាច់ នេះបាន​ពិតជា​កម្មពារ​មែនហើយ។

បណ្ដាំ​ផ្ញើ

ជីវិត​ប្ដីប្រពន្ធ​ប្រៀប​ដូចជា​សម្ល​មួយឆ្នាំង ទាល់តែ​ចុងភៅ​ប្រសប់ផ្សំ​គ្រឿង​ទើបមាន​រសជាតិ​ឆ្ងាញ់។ ហេតុនេះ​ជាការ​ពិត ហើយ​ដែលអ្នក​ទាំងពីរ​ត្រូវតែ​រួមគ្នា​ឱ្យអស់​ពីលទ្ធភាព ដើម្បី​សុភមង្គល​នេះ។ ប្រសិនបើ​មាន​ចំណុច​ណាមួយ​ដែលនាំ​ឱ្យអាក់អន់​ស្រពន់ចិត្ដចំពោះ​គ្នា គប្បី​ប្រញាប់​និយាយ​ដោះស្រាយ​គ្នាភ្លាមៗ ការ​គុំគួន​ទុកក្នុង​ចិត្ដ​នាំឱ្យ​អារម្មណ៍​មួម៉ៅ បណ្ដាល​ឱ្យមាន​ជម្លោះ​កាន់តែ​ខ្លាំង ឡើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative