ឡេង មុន្នីរចនា សម្រស់ និងសុខភាពដើរទន្ទឹមគ្នា

ឡេង មុន្នីរចនា ជាតារា​ចម្រៀង​មួយដែល​មានរូប​សម្ផស្ស​ស្រស់ស្អាត និងមាន​ទេពកោសល្យ​ខ្ពស់ក្នុង​ការសម្ដែង​កាយវិការ ក្រមិច​ក្រមើម នៅពេល​ដែលនាង​ឡើងលើ​ឆាកម្ដងៗ។ មាន​ទស្សនិកជន​មួយចំនួន​នាំគ្នា​និយាយ​ថា នាងជា​តារា​ចម្រៀង​មួយដែល ស្រស់ស្អាត សម្លេង​ពីរោះ និងមាន​កាយវិការ​គួរឱ្យ​ស្រឡាញ់។ ឯមតិ​មួយចំនួន​ទៀតយល់​ថា នាងជា​តារា​ចម្រៀង​ដែល​ស្រស់ស្អាត ហើយ​សិចស៊ី​ថែម​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​កាន់តែ​ច្បាស់​អំពី​អាថ៌កំបាំង​ក្នុងការ​ថែរក្សា​សម្ផស្ស​របស់​មុន្នីរចនា ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​ការ​សម្ភាសន៍ ជាមួយ​នាងផ្ទាល់​តែម្ដង អំពី​ចំណុច​ពិសេស​មួយចំនួន​ដែលអាច​ធ្វើឱ្យ​នាងមាន​រូបរាង ក៏ដូចជា​សម្រស់​ស្រស់ស្អាត​ដូចនេះ។

ប្រវត្ដិ​មុនចូល​សិល្បៈ

មុនពេល​នាងចូល​សិល្បៈ រចនា​បានរៀន​នៅវិទ្យាល័យ​បាក់ទូក។ ដោយ​មានការ​ពេញចិត្ដ​វិស័យ​សិល្បៈ រចនា​ក៏បាន​ដាក់ ពាក្យ​ប្រឡង​ចម្រៀង​នៅស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ៥ ក្នុង​កម្មវិធី​ពន្លកតារា​នៅក្នុង​ឆ្នាំ១៩៩៨។ បន្ទាប់ពី​ការ​ប្រឡង​ជាប់នៅ​ក្នុងកម្ម​វិធីនោះមក រចនា​ក៏បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ នាងបាន​ចេញទៅ​ច្រៀង​តាម​រង្គសាល​នានា​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា និង បានចូល​បម្រើ​ការងារ​នៅក្នុង​ផលិតកម្ម​មួយចំនួន​ទៀងផង។ នៅពេល​បច្ចុប្បន្ន​នេះ មុន្នីរចនា​បានច្រៀង​ប្រចាំ​នៅ​ភោជនីយដ្ឋាន ទន្លេសាប និង​រង្គសាល​ណាវីឡុងប៊ិក។

ក្រៅអំពី​អាជីព​ជាតារា​ចម្រៀង​មួយរូប​ហើយនោះ រចនា​ក៏ជា​ម្ចាស់ហាង​លក់​សម្លៀក​បំពាក់​មួយកន្លែង​ផងដែរ ដែល​មានទី តាំង​នៅផ្សារ​បឹងត្របែក​ថ្មី។

វិធី​ថែរក្សា​សម្រស់

ការ​ថែរក្សា​សម្រស់​វិញនោះ មុន្នីរចនា​មាន​អាថ៌កំបាំង​បន្ដិចបន្ដួច​ក្នុងការ​រក្សានូវ​រូបសម្ផស្ស​របស់ខ្លួន​ឱ្យ​មើលទៅ​ស្រស់ស្អាត និង​មានភាព​ក្មេងជាង​វ័យ។ ខាងក្រោម​នេះជាការ​ប្រតិបត្ដិ​របស់​មុន្នីរចនា ដែលអាច​ធ្វើឱ្យ​នាង​ស្រស់ស្អាត​ចាប់តាំង​តែពីចុង​សក់ដល់ ចុងជើង​ផងដែរ។

  • ការ​ថែរក្សា​សក់ ៖ ចំពោះ​បញ្ហា​សក់វិញ​នោះ វាមាន​សារៈសំខាន់​ណាស់​សម្រាប់​ស្ដ្រីទូទៅ។ ស្ដ្រីមួយ​ចំនួ​ន​តែងតែ​ចង់បាន នូវ​សរសៃសក់​ស្អាតទន់​រលោង គួរ​ជាទី​គយគន់​របស់អ្នក​ដទៃ។ ចំណែក​រចនា​វិញនោះ កក់សក់​មួយថ្ងៃ​រំលង​មួយថ្ងៃ ក្រោយ​ពេល កក់សក់​រួចហើយ រចនា​ប្រើជា​ក្រែម​បន្ទន់សក់ ដើម្បី​កុំឱ្យសក់​ជំពាក់គ្នា និងធ្វើ​ឱ្យសក់​ទន់រលោង​ងាយស្រួល​សិត​ទៀតផង។ ក្នុងមួយ សប្ដាហ៍​នាង​តែងតែ​អប់សក់​ចំនួន​ពីរដង ដើម្បី​ធ្វើឱ្យ​សក់មាន​ទម្ងន់ និងជួយ​ថែរក្សា​សក់​មិនឱ្យ​ជ្រុះ​ជាដើម។ នៅពេល​ដែលធ្វើ​សក់ម្ដងៗ រចនា​មិនសូវ​ប្រើសាប្រាយ​បាញ់សក់​ប៉ុន្មានទេ ព្រោះវា​អាចធ្វើ​ឱ្យសក់​ជ្រុះ និងងាប់​សរសៃសក់​បាន។
  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ភាគច្រើន​រចនា​តែងតែ​ពាក់រោម​ភ្នែក មិនសូវ​ជា​ប្រើប្រាស់​រោមភ្នែក ខ្លួនឯង​ទេ ដោយសារ​ខ្លាច​រោមភ្នែក​ធម្មជាតិ​នោះជ្រុះ។ ម្យ៉ាងវិញ​ទៀតនោះ​ការប្រើ​រោមភ្នែក​ក្លែងក្លាយ អាចធ្វើ​ឱ្យ​រចនា​បន្ថែម​ភាព ស្រស់ស្អាត​បាន​ទៀតផង និងឃើញ​កែវភ្នែក​ស្អាត។ ចំណែក​ឯចិញ្ចើម​វិញនោះ គឺគូស​ទៅតាម​ការ​ផាត់មុខ និង​សម្លៀក​បំពាក់។ បបូរមាត់​រចនា​ច្រើនប្រើ​ពណ៌ធម្មតា មិនប្រើ​ពណ៌ណា​ដែលដិត​ពេកទេ និងប្រើ​ក្រែម​រលោង​បន្ថែម​ពីលើ។
  • ការ​ថែរក្សា​ធ្មេញ ៖ សុខភាព​មាត់ធ្មេញ​ជាកត្ដា​មួយ​សំខាន់​ណាស់​ចំពោះ​មនុស្ស​ទូទៅ ដោយសារ​តែមនុស្ស​គ្រប់រូប​ត្រូវ និយាយ​ស្ដី​ទៅកាន់​អ្នកដែល​នៅជុំវិញ​ខ្លួន។ រចនា​ដុសធ្មេញ​មួយថ្ងៃ​៣ដង គឺ​នៅពេល​យប់មុន​ពេលចូល​គេង ពេលភ្ញាក់​ពីដំណេក និង​នៅ ពេល​ដែលញ៉ាំ​អាហារ​ហើយ រចនា​ក៏មាន​ប្រើ​ជាទឹកខ្ពុរ​មាត់​ផងដែរ។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង

  • ការ​ថែរក្សា​ស្បែកមុខ ៖ ចំពោះ​ផ្ទៃមុខ​វិញនោះ រចនា​មិនទម្លាប់​ប្រើម្សៅ​ស្អិតទេ​នៅពេល​ដែលមាន​ការផាត់​មុខម្ដងៗ ដោយសារ​តែផ្ទៃ​មុខនាង​មិនមាន​ស្នាមអ្វី និង​គ្មានមុន។ ម្យ៉ាងទៀត​នោះការ​ប្រើម្សៅ​ស្អិតអាច​ធ្វើឱ្យ​មុខ​ប្រតិកម្ម​បាន និងអាច​ធ្វើឱ្យ មុខជាំ​ទៀតផង។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ រចនា​ប្រើសាប៊ូ​ការពារ​ស្បែក​គ្រប់ពេល​ដែលបាន​ជម្រះខ្លួន ដើមី្ប​ឱ្យ​ស្បែកស និងម៉ត់​រលោង។ បន្ទាប់ពី​ការងូត​ហើយនោះ នាងបាន​ប្រើជាឡេ​ការពារស្បែក​មួយមុខ​ទៀត។ មុន្នីរចនា​ប្រើប្រាស់​ឡេ​ទៅតាម​កាលវេលា ដូចជានៅពេល​ដែលចេញ​ទៅ​ខាងក្រៅ​ត្រូវប្រើ​ឡេ​សម្រាប់​ការពារ​កម្ដៅថ្ងៃ​ឡេដែល​ប្រើ​ពេលថ្ងៃ។ ចំណែក​ឯ​ពេលយប់ នាងមាន​ឡេប្រើ សម្រាប់​ពេលយប់ ទើបធ្វើ​ឱ្យស្បែក​រចនា​ម៉ត់ទន់​រលោង ភ្លឺ និងមាន​ពណ៌​ជម្ពូ​ទៀតផង។
  • ការ​ថែរក្សា​ក្រចក​ដៃជើង ៖ ជាអ្នក​សិល្បៈ​ត្រូវមាន​ការ​តុបតែង​ខ្លួនឱ្យ​មានភាព​ស្រស់ស្អាត ជាពិសេស​គឺក្រចក​ដៃជើង ត្រូវធ្វើ​ឱ្យស្អាត និងកាត់​តម្រឹម​កុំឱ្យមើល​ទៅវែង​ពេក។ ចំណែក​ឯពណ៌​ក្រចក​វិញនោះ​លាបឱ្យ​សមទៅ​នឹង​ទីកន្លែង និង​សម្លៀក​បំពាក់ ផងដែរ។

ការ​ថែរក្សា​សុខភាព​រាងកាយ

ទោះបី​ជាការងារ​មានការ​មមាញឹក​យ៉ាងណា​ក៏ដោយ ក៏រចនា​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​នៅផ្ទះ​ជានិច្ច។ មុន្នីរចនា​គិតថា​ការ ហាត់​ប្រាណ​អាចជួយ​ឱ្យមាន​សុខភាព​ល្អ និងអាច​ជួយកាត់​បន្ថយការ​ឡើង​ទម្ងន់​បាន​ទៀតផង។ ទោះបីជា​ការហាត់​ប្រាណ​នោះ​មិនបាន ជារៀងរាល់​ថ្ងៃ​ក៏ដោយ ក៏រចនា​នៅតែ​ខិតខំ​ប្រឹងប្រែង​ឆ្លៀត​ពេលវេលា​ដើម្បី​អនុវត្ដ​វាជានិច្ច​ជាកាល។

បំណង​ទៅថ្ងៃ​អនាគត

ចំពោះ​បំណង​ថ្ងៃអនាគត​វិញនោះ រចនា​នៅមិនទាន់​មានភាព​ច្បាស់លាស់​នៅឡើយ​ទេ ដោយនាង​គិតថា​អនាគត​នាងនៅ វែងឆ្ងាយ​តទៅទៀត និងមាន​ការ​ផ្លាស់ប្ដូរ។

បណ្ដាំ​ផ្ញើរបស់ ឡេង មុន្នីរចនា

សម្រស់ និង​សុខភាព​ត្រូវដើរ​ទន្ទឹមគ្នា​ជានិច្ច មិនអាច​អត់មួយ​ណាបាន​ទេ។ ដូច្នេះ​លោកអ្នក​ត្រូវរំលែក​ពេលវេលា​សម្រាប់ ការ​ថែរក្សា​សម្ផស្ស ថែរក្សា​សុខភាព​រាងកាយ​ជាដើម ដើម្បី​ទទួលបាន​នូវភាព​ស្រស់ស្អាត​សម្រាប់​ខ្លួនឯង។
ការ​រៀបរាប់​ជូនខាង​លើនេះ ជាការ​យល់ឃើញ និងជាការ​អនុវត្ដ​របស់​អ្នកនាង ឡេង មុន្នីរចនា តែ​ប៉ុណ្ណោះ។ សូមលោក ស្រី​អ្នកនាង​កញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អ​ត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បានហើយ។

ប្រវត្ដិ​រូបសង្ខេប

  • ឈ្មោះ ៖ ឡេង មុន្នីរចនា
  • អាយុ ៖ ២៥ឆ្នាំំ
  • កម្ពស់ ៖ ១,៦៥​ម៉ែត្រ
  • ទម្ងន់ ៖ ៥៣​គីឡូក្រាម
  • ទំហំ​ទាំងបី ៖ ៣៦ ២៧ ៣៤
  • បងប្អូន ៖ ជាកូន​ទោល
  • កម្រិត​វប្បធម៌ ៖ បញ្ចប់​ថ្នាក់​បាក់ឌុប
  • អាជីព​ពេល​បច្ចុប្បន្ន ៖ តារា​ចម្រៀង
  • ទីកន្លែង​កំណើត ៖ ទីក្រុង​ភ្នំពេញ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative