ម៉េចមិន​យល់ចិត្ដ​ខ្ញុំ?

មនុស្សយើង​មិនមែន​ចេះតែ​មានអ្នក​យល់ចិត្ដ​យកចិត្ដ​ទុកដាក់​រហូត​នោះទេ ពេលខ្លះ​ក៏គ្មាន​អ្នកណា​ដឹងពី​ជម្រៅ​ចិត្ដរបស់ យើង​ដែរ នេះជាការ​ពិតមួយ​ដែល​មនុស្ស​តែងតែ​ជួបប្រទះ។ អ្នក​រាល់គ្នា​ចង់ឱ្យ​អ្នក​ដទៃ​ដឹងពី​ទុក្ខធុរៈ​របស់ខ្លួន ភាព​ឈឺចាប់​ទុក្ខសោក បញ្ហា​ផ្សេងៗ​ដែលមាន​នៅក្នុង​រាងកាយ ឬក្នុង​អារម្មណ៍​ចង់​បញ្ចេញ​មក​ខាងក្រៅ ដើម្បី​ឱ្យអ្នក​ដទៃ​ជួយ​ដោះស្រាយ​ទៅតាម​រូបភាព ផ្សេងៗគ្នា​តាមបែប​ផែននៃ​និស្ស័យ​របស់​មនុស្ស​ម្នាក់ៗ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​ជម្ងឺ​ផ្លូវចិត្ដ នៃមន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត​មកស្រាយ​បំភ្លឺ​ជូនមិត្ដ​អ្នកអាន​ឱ្យ បានជ្រាប តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ការ​មិនយល់​ចិត្ដគ្នា ជាអ្វី?

ការមិន​យល់ចិត្ដ​ជាភាសា​នៃអារម្មណ៍​អវិជ្ជមាន​មួយ ហើយ​អារម្មណ៍​នោះ​កើតឡើង​ពីការ​បញ្ជូន​ពីបុគ្គល​មួយទៅ​ឱ្យបុគ្គល ផ្សេង​មួយទៀត ឬ​បុគ្គល​ជាច្រើន​ដែលនៅ​ជុំវិញ​ខ្លួន។ ហើយ​បុគ្គល​ផ្សេង​មួយនោះ​នឹងធ្វើ​ការ​បញ្ជូន​សារនោះ​ត្រឡប់​ទៅកាន់​បុគ្គលទីមួយ​វិញ​តាមរយៈ​ពាក្យសម្ដី កាយវិការ និង​អារម្មណ៍។ ការមិន​យល់ចិត្ដ​ពុំមែន​មាន​ន័យថា​យើងឈាន​ទៅរក​ភាពមាន​បញ្ហា​ផ្លូវចិត្ដ ឬជម្ងឺ​ផ្លូវចិត្ដ​នោះទេ តែវា​អាស្រ័យ​ដោយ​មនុស្ស​ពីរនាក់​ដែលធ្វើ​ការផ្ទេរ​អារម្មណ៍​រវាងគ្នា និង​គ្នាតែ​ប៉ុណ្ណោះ។

កត្ដាអ្វីខ្លះ​ដែល​ធ្វើឱ្យ​មានការ​មិនយល់​ចិត្ដគ្នា?

ជាការពិត​បើខ្លួន​យើងមិន​មានអ្នក​ដែល​យល់ចិត្ដ មិនមាន​អ្នកដែល​ដឹងពី​ជម្រៅចិត្ដ ពីទុក្ខ​លំបាក​នានា អ្វីដែល​យើង​កំពុងគិត ឬកំពុង​មាននោះ ពិតជាកត្ដា​មួយដែល​ធ្វើឱ្យ​អារម្មណ៍​យើងមាន​ការលំបាក​ខ្លាំងណាស់។ វាធ្វើឱ្យ​យើង​គិតថា​យើងមាន​តែម្នាក់​ឯងឯកោ គ្មានអ្នក​គិតដល់​យើង​សូម្បី​តែម្នាក់។ គ្រួសារ បងប្អូន ឬអ្នក​ណាម្នាក់​មិនបាន​ដឹងពីទុក្ខ​របស់យើង​នោះទេ បើយើង​មិនបាន​បញ្ចេញ​ប្រាប់ ពួកគេ​ដោយ​ទង្វើ ឬពាក្យ​សម្ដី​អ្វីមួយ​ទេនោះ។ ករណី​ដែលនាំ​ឱ្យមាន​ការមិន​យល់ចិត្ដ​វាអាស្រ័យ​ទៅលើ​កត្ដា​ជាច្រើនដូចជា ៖

  • កត្ដានៃ​ការ​យល់ដឹង​របស់​បុគ្គលម្នាក់​នោះ​(ចំណេះដឹង​របស់​មនុស្សម្នាក់ៗ)
  • កត្ដា​សង្គម​វប្បធម៌​របស់​បុគ្គលនោះ
  • កត្ដាភាសា​(មាន​ទាំងសម្ដី និង​កាយវិការ​ជាដើម)
  • កត្ដា​ជនជាតិ​ជាដើម

កាលណា​បុគ្គលម្នាក់​មិនមាន​កត្ដា​ទាំងអស់នោះ ធ្វើឱ្យ​ការបញ្ជូន​សារព័ត៌​មានរបស់​គេនោះ​ទៅមិន​ដល់បុគ្គល​មួយទៀត ដែលយើង​ចង់ផ្ទេរ​សារទៅ​ឱ្យគេ​ឡើយ ជាលទ្ធផល​ធ្វើឱ្យ​ពួកគេ​ពុំយល់​ចិត្ដយើង​ឡើយ។ ជាការពិត​បុគ្គល​ដែលគ្មាន​អ្នក​យល់ចិត្ដ​គឺមាន ចិត្ដ​ចង់ឱ្យ​អ្នកដទៃ​ដឹងពី​ទុក្ខលំបាក​របស់ខ្លួន ចង់ឱ្យ​គេជួយ​រំលែក​ទុក្ខ​របស់ខ្លួន។ តែដោយ​សារតែ​ភាសា ដោយ​សារតែ​ចំណេះដឹង សង្គម និង​វប្បធម៌ ធ្វើឱ្យគេ​និយាយ​ចេញមក​អ្នកទីពីរ​ទទួលយក​មិនបាន ទទួល​ដឹងពី​អ្វីដែល​អ្នកទីមួយ​ចង់ប្រាប់​ចង់បញ្ចេញ​មកមិនបាន នេះ ហើយ​ជាបញ្ហា​ដែលអ្នក​ទីពីរ​មិនយល់​ចិត្ដអ្នក​ទីមួយនោះ។ តាមការពិត​វាជារឿង​ធម្មតា​របស់​មនុស្សទេ មិនមែន​អាចរាប់​បញ្ចូល​ជា ជម្ងឺ​ផ្លូវចិត្ដ​ឡើយ។

ករណី​មួយទៀត​គឺគាត់​មានការ​យល់ដឹង​អាចដឹង​អ្វីៗបាន វប្បធម៌​គាត់មាន ភាសា​គាត់​តែមួយ និយាយ​ស្ដាប់គ្នា​បានជាធម្មតា ប៉ុន្ដែអ្នក​ទទួល​គាត់​មិនព្រម​ទទួល​ដោយសារ​តែគាត់​មានបញ្ហា​ក្នុងអារម្មណ៍​របស់គាត់​រួចទៅ​ហើយ។ ជា​ឧទាហរណ៍​មនុស្សពីរ នាក់ អ្នក​ទីមួយ​គាត់មាន​បញ្ហា​ផ្លូវចិត្ដ ហើយអ្នក​ទីពីរ​ក៏មាន​បញ្ហា​ផ្លូវចិត្ដ​ដូចគ្នា​ដែរ ពេលអ្នក​ទី១​ធ្វើការ​បញ្ជូន​ព័ត៌មាន​ទៅឱ្យ​អ្នក​ទីពីរ នោះអ្នក​ទីពីរ​មិនអាច​ទទួល​យកបាន​ទេ ដោយសារ​តែអ្នក​ទីពីរ​ក៏មាន​បញ្ហា​ដូចជា​អ្នក​ទីមួយ​ដែរ។ អារម្មណ៍​របស់គេ​ពោរពេញ​ទៅដោយ​បញ្ហា ពេញ​ដោយ​រឿងរ៉ាវ​ផ្សេងៗ​ជាច្រើន​ទៅហើយ ដូចនេះ​គាត់មិន​រវីរវល់​អ្វីៗ​ទាំងអស់ ដែលនៅ​ជុំវិញ​ខ្លួន​របស់គាត់​ទៀតឡើយ។

ពេលខ្លះ​ប្ដីប្រពន្ធ​ពីរនាក់ ប្ដីអញ្ជើញ​ទៅធ្វើ​ការងារ​ខាងក្រៅ​ផ្ទះ ការងារ​ច្រើននៅ​កន្លែង​ធ្វើការ គាត់មាន​ភាព​តានតឹង​ចិត្ដ ពិបាក​ក្នុងការ​ដោះស្រាយ។ ចំណែក​ឯភរិយា​វិញនៅ​ឯផ្ទះ ក៏មាន​បញ្ហាច្រើន​នឹងត្រូវ​ធ្វើ ដូចជា​ការមើលថែ​ទាំកូនៗ ការងារ​ផ្ទះ​ជាដើម ធ្វើឱ្យ​គាត់ក៏​មានភាព​តានតឹង​ចិត្ដដែរ។ ពេលប្ដី​ត្រឡប់​មកដល់​ផ្ទះវិញ គាត់ចង់​ផ្ដល់​ព័ត៌មាន ឬភាព​ស្មុគស្មាញ​របស់គាត់​ទៅឱ្យ​ប្រពន្ធខ្លះ ប៉ុន្ដែ​ខាង​ប្រពន្ធ​វិញនោះ​ទទួលយក​មិនបាន​ឡើយ។ យ៉ាងណា​មិញបើ​ភរិយាយ​ចង់បញ្ជូន​សារនោះ​ទៅឱ្យ​ប្ដីនោះ​ប្ដីក៏​ទទួលយក​មិនបាន ដូចគ្នា។ ព្រោះ​អ្នកទាំង​ពីរមាន​អារម្មណ៍​តានតឹង​ចិត្ដ និងភាព​ស្មុគស្មាញ​ដូចគ្នា។ វាជា​កត្ដា​ធ្វើឱ្យ​អ្នក​ទាំងពីរ​នាក់នោះ​មិនយល់​ចិត្ដគ្នា ហើយ​អាចនឹង​ឈានដល់​បញ្ហា​គ្រួសារ និងអាច​ឈានទៅ​ដល់ការ​លះលែង​គ្នាក៏​សឹងមាន។

ករណី​មួយទៀត​មាន​មនុស្ស​ពីរនាក់​មិនយល់​ចិត្ដគ្នា​ក៏ដោយ​សារតែ​អ្នកទី១​មិនមាន​បញ្ហាអ្វី​កើតឡើង​ក្នុងអារម្មណ៍​នោះទេ ហើយចង់​ឱ្យអ្នក​ទី២​យល់ចិត្ដ​របស់ខ្លួន។ ប៉ុន្ដែអ្នក​ទី២​គាត់មាន​បញ្ហា​ជាប់នៅ​នឹងខ្លួន​ស្រាប់ទៅ​ហើយ។ ដូចនេះ​អ្នកទី២​ក៏មិន​អាចធ្វើ​ការ យល់ចិត្ដ​អ្នកទី១​បានទេ ទោះបី​បុគ្គលនោះ​មានភាសា​ដូចគ្នា ពូជសាសន៍​ដូចគ្នា​ក៏ដោយ។ ករណី​ដូចបាន​បង្ហាញ​ខាងលើ​នេះហើយ ដែល ធ្វើឱ្យ​អ្នក​ទាំងពីរ​មិនយល់​ចិត្ដគ្នា និង​​​​​​​​​​​​​ខ្វែង​គំនិតគ្នា។

ផល​ពិបាក​នៃភាព​មិនយល់​ចិត្ដគ្នា

កាលណា​បុគ្គលមួយ​មិនយល់​ចិត្ដ​ជាមួយ​បុគ្គល​មួយ​ផ្សេងទៀត យូរអង្វែង​ទៅធ្វើ​ឱ្យមាន​បញ្ហា ដូចជា​នៅក្នុង​គ្រួសារ​អាច ឈាន​ទៅរក​ភាព​បែកបាក់​គ្នា លះលែង​គ្នា ឬអាច​បណ្ដាលឱ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទៀតផង ដោយសារ​តែភាព​មិនយល់​ចិត្ដគ្នា។ បើជា​មិត្ដភក្ដិ​អាច​ប្រែក្លាយ​ជា​ប្រេះស្រាំ​សាមគ្គីគ្នា ឃ្លាត​ពីគ្នា លែងទុក​​​​ចិត្ដគ្នា មិន​ជឿជាក់​លើគ្នា មិនអាច​មើលមុខ​គ្នា​ចំជារៀងរហូត។ ចំពោះ​កត្ដាមួយ​​​ទៀតវិញ​គឺ អាចឱ្យ​អ្នកដែល​គ្មានអ្នក​យល់ចិត្ដ​នោះកើត​ជាជម្ងឺ​ផ្លូវចិត្ដ​បានយ៉ាង​ងាយបំផុត។

ក្នុងរបប​ប៉ុលពត ពួកគេ​បាន​បណ្ដុះ​ស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យមាន​ការមិន​យល់ចិត្ដ​គ្នាទៅ​វិញទៅ​មក មានការ​សង្ស័យ​ចំពោះ គ្នា​និងគ្នា ចង់ធ្វើ​អ្វីមួយ​ត្រូវតែ​ចាំមើល​គ្រប់​ជ្រុងជ្រោយ​ដោយសារ​តែភាព​មិនយល់​ចិត្ដគ្នា​របស់អ្នក​ទាំងនោះ ព្រមទាំង​ផ្ដល់កាក​សំណល់ រហូត​មកដល់​សព្វថ្ងៃ​នេះ។

វិធី​ដោះស្រាយ​បញ្ហា​ការមិន​យល់ចិត្ដ​គ្នា

ដើម្បី​ដោះស្រាយ​បញ្ហានេះ​បានទាល់តែ​យើងមាន​សង្គម​វប្បធម៌​ដូចគ្នា មានភាសា​និយាយ​ដូចគ្នា។ បើ​លោកអ្នក​ចង់យល់ចិត្ដអ្នក​ណាម្នាក់ លោកអ្នក​ត្រូវតែ​ចេះភាសា​គេ ហើយគេ​ក៏ចាំបាច់​ត្រូវតែ​ចេះភាសា​របស់​លោកអ្នក​វិញដែរ។

បើ​លោកអ្នក​មាន​បញ្ហា​ផ្លូវចិត្ដ ត្រូវរក​មនុស្ស​ដើម្បី​ពិភាក្សា ពិគ្រោះ​យោបល់ និង​ដោះស្រាយ​រាល់​រឿងរ៉ាវ​ឱ្យអស់ ដើម្បីធ្វើឱ្យ​អារម្មណ៍​ជ្រះថ្លា​ឡើងវិញ អាច​ទទួលយក​សំណូមពរ អារម្មណ៍​ពីអ្នក​ដទៃ និងចេះ​យល់ចិត្ដ​អ្នកដទៃ ពេលនោះ​លោកអ្នក​នឹង​យល់ពី ចិត្ដអ្នក​ដទៃបាន។

ទន្ទឹមនឹង​នោះដែរ អ្នកដែល​ចង់ឱ្យ​គេយល់​ចិត្ដ​របស់ខ្លួន​ទាល់តែ​ខ្លួនសម្ដែង​ចេញនូវ​ទង្វើ​របស់ខ្លួន តាម​រយៈ​ពាក្យសម្ដី កាយ វិការ ភាសា នោះទើប​អ្នកដទៃ​អាចដឹង​ពីទុក្ខ​របស់យើង និងអាច​ធ្វើការ​យល់ចិត្ដ​គ្នាបាន។ ពេលដែល​មានការ​ពិបាកចិត្ដ ត្រូវ​ប្រាប់ដល់ អ្នកដទៃ​ឱ្យគេ​បានដឹង ដូចជា​មិត្ដភក្ដិ​ដែលយើង​អាចទុក​ចិត្ដបាន ឪពុកម្ដាយ បងប្អូន​ជាដើម។ កុំគិត​តែរក្សា​រឿងនោះ​ជារឿង​សម្ងាត់ឱ្យសោះ ព្រោះ​ពេលណា​មួយបញ្ហា​មាន​កាន់តែ​ច្រើនទៅ លោកអ្នក​គិតមិន​ចេញក៏​សម្រេចចិត្ដ​ធ្វើអំពើ​ផ្ដេសផ្ដាស ធ្វើ​អត្ដឃាត ឬសម្លាប់​ខ្លួនជាដើម នេះជា​ហេតុផល​មួយដែល​អាចឱ្យ​យើងមាន​ការ​ឈឺចាប់ និង​សោកស្ដាយ​អស់មួយ​ជីវិត។

ដំបូន្មាន​អ្នក​ជំនាញ

ជា​ចុងក្រោយ​បុគ្គល​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​ក្ដី ឬមាន​ជម្ងឺផ្លូវ​ចិត្ដក្ដី កាលណា​មាន​អារម្មណ៍​អាក់អន់​ក្នុងចិត្ដ និងមាន​អារម្មណ៍ ថា គ្មានអ្នក​ទី២​យល់ចិត្ដ​ខ្លួន ឬ​ក្រុមគ្រួសារ​ទាំងអស់​មិន​យល់ចិត្ដ គួរតែ​ស្វែងយល់​ថា តើខ្លួន​បានសម្ដែង​អារម្មណ៍​ឱ្យគេ​យល់ចិត្ដ​ខ្លួន ហើយ​ឬនៅ ឬក៏​យ៉ាងណា។ បើមាន​បុគ្គល​ពីរនាក់​ដែលមិន​យល់ចិត្ដ​គ្នា ដើម្បីឱ្យ​អស់ការ​សង្ស័យថា​ខ្លួនមាន​បញ្ហា​ផ្លូវចិត្ដ ឬជម្ងឺ​ផ្លូវចិត្ដ សូមទៅ​ពិគ្រោះ និងស្ដាប់​យោបល់​ជាមួយ​អ្នកជំនាញ​ផ្នែក​ជម្ងឺ​ផ្លូវចិត្ត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative