ពិភព​លោក​រក​ឃើញ​វ៉ាក់​សាំង​ព្យាបាល​គ្រឿង​ញៀន​ (២០១២)

ពលករ​ឆ្លង​ដែន កុមារ​អនាថា​ កម្មករ នៅ​ក្នុង​ទី​ក្រុង និង​មួយ​ចំនួន​នៃ​ភាគ​ពាយ័ព្យ​ប្រទេស​បាន​ធ្លាក់​ខ្លួន​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ព្រោះ​តែ​ពួក​គេ​មិន​បាន​យល់​ដឹង ហើយ​ធ្លាក់​ខ្លួន​ជា​ជន​រង​គ្រោះ។ នេះ​យោង​តាម​ប្រសាសន៍​របស់​ឯកឧត្តម ស ខេង​ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃនៃ​ប្រទេសក​ម្ពុជា ដែល​បាន​ថ្លែង​នៅ​ក្នុង​ឱកាសប្រារព្ធ​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា​ឆ្នាំ​ ២០១២ នា​ពហុ​កីឡា​ដ្ឋាន​ជាតិ​អូឡាំ​ពិក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​គ្រួសារ​របស់​អ្នក​ញៀន​គ្រឿង​ញៀន​ទាំងនោះ​ ក៏​ត្រូវ​រង​គ្រោះ​ផង​ដែរ​ដោយ​អំពើ​ហិង្សា ភាព​ក្រី​ក្រ រង​ភាព​អាម៉ាស់ ព្រម​ទាំង​ធ្វើ​ឲ្យ​បាត់​បង់​កិត្តិយស​ក្នុង​សង្គម​ផង​ដែរ។​

រូបភាពគេហទំព័រសុខភាពយើង

យ៉ាង​ណា​មិញ​នា​ពេល​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា សកម្មភាព​បង្រ្កាប​និង​ទប់​ស្កាត់​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ ប្រើប្រាស់​គ្រឿង​ញៀន​ រួម​ជានឹង​មួយ​ការ​យល់ដឹង​អំពី​ឥទ្ធិពល​និង​គ្រោះ​ថ្នាក់​នៃ​គ្រឿង​នៅ​មិន​ទាន់​មាន​ភាព​ទូលំ​ទូលាយ​នៅ​ឡើយ​ផងដែរ។​

មិន​ថា​តែ​នៅ​កម្ពុជា​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​រង​គ្រោះ​ដោយ​សារ​គ្រឿង​ញៀន ប្រទេស​ជិត​ខាង​កម្ពុជា​ រួម​ទាំង​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​ក៏​រង​គ្រោះ​ផង​ដែរ​ពី​ឥទ្ធិ​ពល​របស់​គ្រឿង​ញៀន។​ ដោយ​សារ​តែ​ពិភព​លោក​មើល​ឃើញ​ពី​ឥទ្ធិ​ពល​អាក្រក់​នៃ​គ្រឿង​ញៀន​នេះ ទើប​បាន​ជា​នៅ​ពេល​ថ្មីៗ​នេះ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មួយ​នៅ​ក្នុង​ទីក្រុង​ញ៉ូយ៉ក​ (New York)​ បាន​ប្រកាស​ពី​ការ​រក​ឃើញ​វ៉ាក់​សាំង​បង្ការ​គ្រឿង​ញៀន​ស្រប​ពេល​នៃ​ការ​ប្រារព្ធ​យុទ្ធ​នាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ នៅ​ទូទាំង​ពិភព​លោក។​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឈ្មោះ Weill Cornell Medical College ដែល​ជា​ក្រុម​ស្រាវ​ជ្រាវ​ដំបូង​បង្អស់​ ដែល​បាន​សាក​ល្បង​ពិសោធន៍​វិធី​ព្យាបាល​ថ្មី ប្រឆាំង​នឹងការ​ញៀន​គ្រឿង​ញៀន​នេះ បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ គឺ​ជា​អំពើ​អបាយ​មុខ​ មួយ​នៅ​ក្នុង​សង្គម ហើយ​វា​ពិត​ជា​ពិបាក​នឹង​ទប់​ទល់។ ប្រសិន​ជា​យើង​អាច​បង្កើត​បាន​ជោគ​ជ័យ​នូវ​ វ៉ាក​សាំង​បង្ការ​គ្រឿង​ញៀន នោះស​ង្គម​ដ៏ល្អ​មួយ នឹង​ប្រាកដ​ជា​មាន​សកម្ម​ប្រសើរ​បំផុត។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បាន​សាក​ល្បង​ពិសោធន៍​ទៅ​លើ​សត្វ​កណ្តុរ និង​សត្វ​ស្វា ហើយ​លទ្ធផល​ ពួក​គេ​ទទួល​បាន​ជោគ​ជ័យ​ទៅ​លើការ​ពិសោធន៍​នេះ។ ​

ការ​ស្រាវ​ជ្រាវ​នោះ​បាន​ឲ្យ​ដឹង​បន្ត​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​ចាក់​ថ្នាំ​វីរ៉ុស​មួយ​ប្រភេទ​ចូលទៅ​ក្នុងកោសិកា​ថ្លើម​របស់​សត្វ​កណ្តុរ។ ពេល​នោះ ​បណ្តា​កោសិកា​ថ្លើម​របស់​សត្វ​កណ្តុរ បាន​ចាប់​ផ្តើម​ផលិត​ចេញ​នូវ​អង្គ​បដិ​បក្ខ ឬ​សារធាតុ ដែល​ប្រឆាំង​នឹង​មេរោគ​ ដែល​ធ្វើ​ឲ្យ​ប្រតិកម្ម​ត្រឡប់​មក​ប្រឆាំង។

​ការ​សិក្សា​នេះ ត្រូវ​បាន​ប្រកាស​ឡើង​កាល​ពីថ្ងៃទី ១៨ ខែ​មិថុនា នៅ​លើ​ទស្សនាវដ្តី Human Gene Therapy ដែល​ បាន​បង្ហាញ​លទ្ធ​ផល​ឲ្យ​ឃើញ​ថា ប្រសិទ្ធិ​ភាព​របស់​ថ្នាំវ៉ា​ក់​សាំង​នេះ​មាន​រយះ​ពេល​យ៉ាង​តិច​១៧​សប្តាហ៍។ ក្នុង​នោះ​ទៀត​សោត​ រាល់​វិធីសាស្រ្ត​ព្យាបាល គឺ​អង្គ​បដិបក្ខ ឬ​សារធាតុ​ដែល​ប្រឆាំង​នឹង​មេរោគ​ នឹង​បង្កើត​ចេញ​មក​ដោយ​ប្រភេទ​វ៉ាក់​សាំង​ដែល​ធ្វើឲ្យ​ប្រសិទ្ធិ​ភាព​របស់​វ៉ាក់​សាំង មាន​សម្ថភាព​គ្រប់​គ្រាន់​ដើម្បី​អាច​រក​ឃើញ​ថ្នាំ​ញៀន​ ហើយ​វា​បាន​ជ្រួត​ជ្រាប​ចូល​ក្នុង​ប្រព័ន្ធ​ខ្លួន ក្នុង​សភាព​លឿន​បំផុត។​

ទោះជាយ៉ាង​នេះក្តី ក្រុម​អ្នកវិទ្យា​សាស្ត្រ ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ក្រុម​មនុស្ស ដែល​ញៀន​ថ្នាំផងដែរ​ថា ​ពួក​គេនឹ​ងទិញ​ថ្នាំវ៉ាក់​សាំង​ក្នុង​ចំនួន​ច្រើន​លើសល​ប់ ដើម្បីកំ​ចាត់​ជាតិ​គ្រឿង​ញៀនឲ្យ​បាន​ឆាប់​អស់​ពីខ្លួនប្រាណ​របស់​ពួក​គេ​ ដែល​ការណ៍​នេះ វា​បាន​បង្ក​ជាហេ​តុធ្វើ ឲ្យ​វ៉ាក់សាំង​បាត់បង់​នូវ​ប្រសិទ្ធិ​ភាព​វិញ។ នា​ពេល​បច្ចុប្បន្ន​នេះ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​កំពុង​បន្ត​ពិនិត្យ​ជាតិ​ពុល​របស់​វ៉ាក់​សាំង ដែល​ពិសោធន៍​ទៅ​លើ​សត្វ​មុន នឹង​យក​វ៉ាក​សាំង​ទាំង​នោះ ទៅពិសោធន៍លើ​មនុស្ស​វិញ។ ក្រុម​ស្រាវ​ជ្រាវ​ម្នាក់​រំពឹង​ថា ពួក​គេ​នឹង​យក​វ៉ាក់​សាំង​ទាំង​នោះ ​ទៅសាក​ល្បង​ពិសោធន៍​លើ​មនុស្សនា​ដើម​ឆ្នាំខាង​មុខ​នេះ។

​អ្នក​ស្រាវជ្រាវ​មក​ពី សាកល​វិទ្យាល័យ​វេជ្ជសាស្រ្ត បេឡឺ (Baylor) លោក Thomas Kosten ដែល​មិន​បាន​ ចូល​រួម​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ បាន​មាន​ប្រាសាសន៍​ថា ទោះ​ជា​មិន​មាន​សង្ឃឹម​ច្រើន​លើកា​រសាក​ល្បងពិសោធន៍​ទៅ​លើ​មនុស្ស​ក្តី ​ក៏ប៉ុន្តែ​លោក​រំពឹង​ថា ការ​ពិសោធន៍​របស់​អ្នក​វិទ្យសាស្រ្ត​ទាំង​នោះ​នឹង​ទទួល​បាន​ជោគ​ជ័យ​នា​ថ្ងៃ​អនាគត។​

អត្ថបទដោយ​ ៖ សេង វិរ:
ចេញផ្សាយ​ ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative