សុខភាព​ផ្លូវចិត្ដ​របស់​កុមារ ៖ សារៈប្រយោជន៍​នៃការ​គូររូប និងការ​ទទួល​ខុសត្រូវ​របស់​កុមារ(ត)

ផ្នត់គំនិត​របស់​មាតាបិតា​ទូទៅ មានតែ​ទស្សនៈ​អវិជ្ជមាន​ចំពោះ​សកម្មភាព​កុមារ​លេង​កម្សាន្ដ ដូចជា​ការ​គូររូប ការរៀនសូត្រ និងការ​រស់នៅ​របស់​កុមារ។ មាតាបិតា​មួយចំនួន​តែងតែ​ដាក់បន្ទុក និង​ប្រៀន​ប្រដៅ​ឱ្យកុមារ​ធ្វើតាម ដោយ​ពុំបាន​គិតគូរ អំពី​របៀប​លើកទឹក​ចិត្ដដែល​ធ្វើឱ្យ​កុមារ​មាន​ទំនួល​ខុសត្រូវ​នៅឡើយ។ ការ​ខិតខំ​អប់រំ​កុមារ​វាជារឿង​សំខាន់ តែ​លោកអ្នក​គួរគប្បី យល់នូវ​វិធីសាស្ដ្រ​ដែលល្អ​មកប្រើ ទើបជា​ការ​ប្រសើរ​សម្រាប់​កូនៗ​របស់​លោកអ្នក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សារៈសំខាន់​នៃ​សកម្មភាព​គូររូប​ចំពោះ​សុខភាព​ផ្លូវចិត្ដ​កុមារ

ការ​គូររូប និងការ​ផាត់ពណ៌ គឺជា​សកម្មភាព​មួយយ៉ាង​ប្រសើរ​បំផុត ជួយឱ្យ​កុមារ​អាច​អភិវឌ្ឍន៍ និង​ពង្រឹង​ផ្នែកចិត្ដ​គំនិត និង​ស្មារតី​របស់​ពួកគេ រួមទាំង​ផ្សារភ្ជាប់​នឹង​សកម្មភាព​មួយយ៉ាង​ស្ទាត់​ជំនាញ​ជាបណ្ដើរៗ​ក្នុងការ​ប្រើប្រាស់​ម្រាមដៃ ភ្នែក និងការគិតគូរ។ ការច្នៃ​ប្រឌិត ជាពិសេស​សកម្មភាព​គូររូប​គឺជា​ឱកាស​ដ៏ល្អបំផុត​ដែលបង្ក​លក្ខណៈ​ឱ្យកុមារ​បាន​បញ្ចេញ​នូវ​អារម្មណ៍ និង​គំនិត របស់​ពួកគេ តាមរយៈ​ការ​ប្រើប្រាស់​ខ្មៅដៃ​គូស​វាស​ជារូប​ផ្សេងៗ​នៅលើ​ក្រដាស​សមួយ​ផ្ទាំង។ នៅក្នុង​សហគមន៍​កម្ពុជា​យើង គេច្រើន មាន​ផ្នត់គំនិត​ថាការ​ឱ្យកុមារ​គូររូប​តាម​រូបភាព​ចម្លង​ណាមួយ ហើយ​រិះគន់​កុមារ ប្រាប់កុមារ​ថាកន្លែង​នេះខុស កន្លែង​នោះខុស និង កន្លែង​នេះផាត់​ពណ៌​អ៊‌ីចេះ កន្លែងនោះ​ផាត់ពណ៌​អ៊‌ីចុះ។ តែការ​គិតសកម្មភាព និងទង្វើ​ទាំងនេះ​មានអត្ថ​ប្រយោជន៍​ចំពោះ​កុមារ និងជួយ​ឱ្យកុមារ​មានភាព​ស្ទាត់​ជំនាញ​ក្នុងការ​គូររូប។ ការធ្វើ​នេះ​ពុំមាន​ការខុស​ឆ្គងអ្វី​ឡើយ ក៏ប៉ុន្ដែ​វាក៏​មិនមាន​សារៈ​ប្រយោជន៍​ច្រើន ដល់​ផ្លូវចិត្ដ​កុមារ​នោះទេ។ ចំពោះ​ការគូរ​រូបដោយ​សេរី​មានសារៈ​សំខាន់​យ៉ាងខ្លាំង​ចំពោះ​សុខភាព​ផ្លូវចិត្ដ​របស់​កុមារ។ ការ​គូររូប​តាម ចំណង់​ចំណូលចិត្ដ​របស់​កុមារ អាចជួយ​ឱ្យកុមារ​បញ្ចេញ​នូវអារម្មណ៍​តានតឹង​ទាំងឡាយ តាមរយៈ​ខ្មៅដៃ ខ្មៅដៃ​ពណ៌ និង​ក្រដាសស។ ទោះបី​ជាលទ្ធផល​នៃគំនូរ​នោះមាន​ភាព​ក្រវេម​ក្រវាម​មើលមិន​យល់ក៏​ដោយ ប៉ុន្ដែវា​ជាគំនូរ​មួយដ៏​ល្អបំផុត ពីព្រោះ​ថាកុមារ​បានបញ្ចេញ​ភាព​តានតឹង​របស់ខ្លួន​ក្រៅ​តាមរយៈ​គំនូរ ប្រសើរ​ជាងការ​ខ្ទប់​អារម្មណ៍​ទាំងនោះ​នៅក្នុង​ចិត្ដ។ ប្រសិនបើ​យើងមាន​ភាពប៉ិន ប្រសប់​ក្នុងការ​សន្ទនា​ជាមួយ​កុមារ​ទៀតនោះ យើងនឹង​អាចយល់​បានយ៉ាង​ច្រើន​អំពី​អារម្មណ៍​របស់​កុមារ​នៅលើ​គំនូរនោះ ជួនកាល វាជាការ​រីករាយ ការ​តានតឹង ការខ្លាច ឬការ​តក់ស្លុត​ចំពោះ​អ្វីមួយ​ដែលគេ​ធ្លាប់ឃើញ​ផ្ទាល់ភ្នែក និងឮ​តាមរយៈ​អ្វីមួយ​ជា​ប្រយោល ដែល​កុមារ​ត្រូវការ​បញ្ចេញ​អារម្មណ៍​ទាំងអស់​នោះមក​ខាងក្រៅ តាមរយៈ​សកម្មភាព​គូររូប​នេះឯង។

ការ​គាំទ្រ​កុមារឱ្យ​បណ្ដុះ​នូវភាព​ក្លាហាន និងការ​ទទួល​ខុសត្រូវ

នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់កុមារ ភាព​ក្លាហាន និងភាព​រស់រវើក​ក្នុងការ​ធ្វើសកម្មភាព​ផ្សេងៗ​បានកើតឡើង​ដោយសារ​កត្ដា វិវឌ្ឍន៍​ធំធាត់​ផ្នែក​សរីរាង្គ​កាយ និងប្រាជ្ញា​ស្មារតី​របស់កុមារ ផ្សារភ្ជាប់​ទៅនឹង​ទំនាក់ទំនង​យ៉ាងជិត​ស្និទ្ធ​ជាមួយ​បរិយាកាស​ជុំវិញ​ខ្លួន រួម​មាន​បរិយាកាស​គ្រួសារ និង​បរិយាកាស​សង្គមក្នុង​មជ្ឈដ្ឋាន​សហគមន៍​ដែល​កុមារ​រស់នៅ។ សេចក្ដី​ក្លាហាន​របស់​កុមារ​បានកើត ចេញ​អំពី​ភាពមាន​ទំនុកចិត្ដ​ចំពោះ​ខ្លួនឯង​ផ្ទាល់​របស់​កុមារ ក៏ដូចជា​ការលេង និងការ​ធ្វើ​សកម្មភាព​រួមជាមួយ​បងប្អូន មិត្ដភក្ដិ​របស់គេ ក៏​ដោយ គឺជា​កត្ដាមួយ​យ៉ាងសំខាន់​បំផុត ដែលអាច​ជួយដល់​កុមារ បណ្ដុះនូវ​ទំនុកចិត្ដ​ចំពោះ​ខ្លួនឯង និងការ​ទទួល​ខុសត្រូវ​បន្ដិចម្ដងៗ ជា​បណ្ដើរៗ ផ្អែកទៅ​តាមការ​រីកចម្រើន​នៃវ័យ​របស់​ពួកគេ។ ហើយ​ប្រការ​នេះគឺ​ជាជំហាន​ចាប់ផ្ដើម​ឈានទៅ​ដល់ការ​បណ្ដុះ​នូវភាពទទួល​ខុសត្រូវ​ចំពោះ​ខ្លួនពួកគេ​ជា​បណ្ដើរ។

ការជួយ​គាំទ្រ និង​លើក​ទឹកចិត្ដ​របស់មនុស្ស​ធំចំពោះ​កុមារ​ឱ្យហ្វឹកហាត់​ធ្វើ​សកម្មភាព និងរៀន​ដោះស្រាយ​បញ្ហា​បន្ដិចបន្ដួច ដែល​កើតឡើង​ជុំវិញ​ខ្លួន នៅពេល​ដែលកុមារ​ធ្វើ​សកម្មភាព​ផ្សេងៗ ឬការ​កម្សាន្ដ​ជាប្រការ​មួយដែល​សំខាន់​បំផុត ដែល​គាំទ្រ​ឱ្យកុមារ បណ្ដុះនូវ​ទំនុកចិត្ដ និងការ​ទទួល​ខុសត្រូវ​ចំពោះ​ខ្លួនពួកគេ​ផ្ទាល់ ក្នុង​សកម្មភាព​គ្រប់យ៉ាង និង​ឈានទៅ​មុខ ធ្វើឱ្យ​កុមារ​បង្កើននូវ​ការ ទទួល​ខុសត្រូវ​ទាំងឡាយ​របស់​ពួកគេ​នាពេល​អនាគត។

នៅពេល​ដែល​កុមារ​កំពុងលេង​កម្សាន្ដ ឬធ្វើ​សកម្មភាព​ជារឿយៗ កុមារ​តែងតែ​ជួបនូវ​បញ្ហា​ផ្សេងៗ។ ហើយ​ជាទូទៅ​កុមារ ពុំទាន់​មាន​ទំនុកចិត្ដ​លើខ្លួនឯង​ក្នុងការ​ដោះស្រាយ​ចំពោះ​បញ្ហា​ទាំងអស់​នោះទេ វាតែងតែ​ត្រូវការ​ជំនួយ​ពីមនុស្ស​ធំជានិច្ច។ នៅក្នុងករណី​នេះ បើសិនជា​ពុំចាំបាច់ យើងពុំ​គួរ​សម្រេចចិត្ដ​ជួយ​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះឱ្យ​កុមារ​ភ្លាមៗ​នោះទេ ដូចដែល​បាន​សរសេរ នៅខាង​ដើម គឺយើង​គួរលើក​ទឹកចិត្ដ​ឱ្យកុមារ​ធ្វើ​សកម្មភាព​ដោយ​ខ្លួនឯង។ នៅពេល​ដែលកុមារ​ដោះស្រាយ​បញ្ហា​នោះបាន​យ៉ាងជោគជ័យ ទោះបីជា​ពុំបាន​គ្រប់​១០០ភាគរយ​ក៏ដោយ ការលើក​សរសើរ​ជាការ​ចាំបាច់​បំផុត​ដែលកុមារ​ចង់ឱ្យ​គេទទួល​ស្គាល់នូវ​កិច្ចការ​ដែលខ្លួន​គេធ្វើ។ នៅពេល​ដែលយើង​លើកទឹកចិត្ដ​កុមារ​ឱ្យធ្វើ​សកម្មភាព​អ្វីមួយ យើងត្រូវ​ប្រុងប្រយ័ត្ន​ចៀសវាង​ការលើក​ទឹកចិត្ដ​នោះឱ្យ​ប្រែទៅជា​ការបង្ខិត​បង្ខំមួយ​ដល់កុមារ ដើម្បី​ឱ្យគេ​ធ្វើកិច្ចការ​អ្វីមួយ​ជាកិច្ចការ​ដែលកុមារ​ស្ទាក់ស្ទើរ​ក្នុងការ​ធ្វើ ពីព្រោះ​វាពុំមាន​ទំនុកចិត្ដ លើខ្លួនឯង​ក្នុងការ​ធ្វើកិច្ចការ​នោះ។ ការជំរុញ​ទឹកចិត្ដ​បែបបង្ខិត​បង្ខំឱ្យ​កុមារធ្វើ​សកម្មភាព​មួយដែល​ពុំមាន​ទំនុកចិត្ដ​ក្នុង​ការធ្វើ អាចបង្ក ឱ្យមាន​ការភ័យខ្លាច ឬ​ស្លុតចិត្ដ ឈាន​ទៅដល់​ធ្វើឱ្យ​មានការ​បាក់ស្បាត និង​បាត់បង់​ទំនុកចិត្ដ​លើខ្លួនឯង។ ទោះបីជា​កុមារ​បានធ្វើ សកម្មភាព​នោះដោយ​ជោគជ័យ​ក៏ដោយ។ ចំណែក​ឯការ​បន្ដុះបង្អាប់ ទោះបី​ជួនកាល​ក្នុង​បំណង​លេងសើច​ក៏ដោយ អាចធ្វើ​ឱ្យកុមារ​តូច ចិត្ដចំពោះ​ខ្លួនឯង បូករួម​នឹងការ​ប្រញាប់​ប្រញាល់​ជួយ​ដោះស្រាយ​បញ្ហា​កុមារ នៅពេល​កុមារ​ជួប​ឧបសគ្គ​បន្ដិចបន្ដួច​ក្នុងការ​រស់នៅ របស់​ពួកគេ គឺជា​សកម្មភាព​អវិជ្ជមាន​មួយដែល​ឈានទៅ​កាត់ផ្ដាច់​បទពិសោធន៍​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់គេផ្ទាល់ និងការរីក ចម្រើន​ផ្នែកចិត្ដ​គំនិត​របស់​ពួកគេ។ ការ​ប្រញាប់​ប្រញាល់​ជួយ​ដោះស្រាយ​បញ្ហា​របស់កុមារ អាច​និយាយ​បានថាជាកាយ​វិការ​សប្បុរស មួយ​បង្ហាញនូវ​ភាព​អាណិត​អាសូរ សេចក្ដី​ស្រឡាញ់ និងជួយ​ដល់កុមារ​ក៏ពិតមែន។ ប៉ុន្ដែ​វាជាការ​មើលស្រាល​ដល់​សមត្ថភាព​របស់ កុមារ​ដោយ​អចេតនា និង​ពុំជួយ​ធ្វើឱ្យ​កុមារ​បណ្ដុះនូវ​ទំនុកចិត្ដ​ចំពោះខ្លួន ឈានទៅ​បង្កើត​នូវភាព​ក្លាហាន និងការ​ទទួល​ខុសត្រូវ​ចំពោះពួកគេ ក្នុងការ​ដោះស្រាយ​បញ្ហា។

បណ្ដាំ​ផ្ញើ

ការ​ប្រៀន​ប្រដៅ និងការ​អប់រំ​កុមារ​ជាប្រការ​មួយ​ដែលល្អ​ប្រសើរ​សម្រាប់​មាតាបិតា​គ្រប់រូប ក៏ប៉ុន្ដែ​លោកអ្នក​ត្រូវតែ​ចេះ ស្វែងយល់​អំពី​ទឹកចិត្ដ​របស់កូន។ សូម​បង្រៀន​ពួកគេ​ដោយ​សេចក្ដី​ស្រឡាញ់ និងការ​លើក​ទឹកចិត្ដ​ចំពោះ​សកម្មភាព​វិជ្ជមាន​ទាំងឡាយ របស់​ពួកគេ ដើម្បី​ឱ្យកុមារ​មានភាព​កក់ក្ដៅ និង​ទំនុកចិត្ដ​លើ​ខ្លួនឯង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤២ ខែកក្កដា ឆ្នាំ២០០៩

Google Analytics Alternative