ជម្ងឺ​ធ្មេញ​ស្រៀវ

នៅពេល​ដែល​លោកអ្នក​មាន​អារម្មណ៍​ថាស្រៀវ​ធ្មេញ នោះជា​អាការ​មិន​ប្រក្រតី​របស់​ធ្មេញ។ លោកអ្នក​មួយ​ចំនួន​មិនទាន់បានយល់​ច្បាស់​នៅឡើយ​ពីបញ្ហា​ស្រៀវ​ធ្មេញ។ ការ​ស្រៀវ​របស់​ធ្មេញ​មាន​មូលហេតុ​បង្កជា​ច្រើនយ៉ាង ហេតុនេះ​ហើយ​ទើបទាម​ទារឱ្យ​លោកអ្នក​បែងចែក​ឱ្យបាន​ច្បាស់​រវាង​ធ្មេញ​ស្រៀវ និងជម្ងឺ​របស់​ធ្មេញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ស្វែងយល់​ពីលក្ខណៈ​ស្រៀវនៃ​ធ្មេញ​របស់​លោកអ្នក តាមរយៈ​ការ​ណែនាំ​របស់​លោក​ទន្ដបណ្ឌិត ឃុត មី នាយក​គ្លីនិកធ្មេញ​អន្ដរជាតិ ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ធ្មេញ​ស្រៀវ​ជាអ្វី?

មនុស្ស​មួយចំនួន​និយាយ​ថា​ពួកគេ​ជួប​ប្រទះ​បញ្ហា​ធ្មេញ​ស្រៀវនោះ មាន​ន័យថា​ពួកគេ​មាន​អារម្មណ៍​ឈឺចាប់ ឬក៏​មានអារម្មណ៍​មិនមាន​ផាសុកភាព​ទាល់តែ​សោះ​ចំពោះ​ធ្មេញ​របស់​ពួកគេ នៅក្នុង​ស្ថានភាព​ជាក់លាក់​ណាមួយ។

រោគ​សញ្ញា​ជម្ងឺ​ធ្មេញ​ស្រៀវ

លោកអ្នក​អាចដឹង​ថាមាន​ជម្ងឺធ្មេញ​ស្រៀវ​បាន​នៅពេល​ដែល​លោកអ្នក​មានការ​ឈឺចាប់ ឬក៏មាន​អារម្មណ៍​ថាស្រៀវ​ក្នុង ពេល​ដែល​លោកអ្នក​ធ្វើអ្វី​មួយជាអាទិ ៖

  • ពិសានូវ​ភេសជ្ជៈ ឬអាហារ​ដែល​ត្រជាក់ ក្ដៅ ឬផ្អែម
  • មានការ​ប៉ះទង្គិច​ពីធ្មេញ​មួយទៅ​ធ្មេញ​ផ្សេងទៀត ឬក៏ប៉ះ​ជាមួយ​អណ្ដាត
  • ជួនកាល​ទៀត​សូម្បីតែ​ធ្មេញ​របស់​លោកអ្នក​ប៉ះនឹង​ខ្យល់ត្រជាក់​ក៏មាន​អារម្មណ៍​ថាស្រៀវ​ដែរ។

មូលហេតុ​បណ្ដាលឱ្យ​ធ្មេញ​ស្រៀវ

ធ្មេញស្រៀវ​កើតឡើង​នៅពេល​ដែល​ស្រទាប់​ក្រោមនៃ​ធ្មេញ ប្រែជា​លេចឡើង​ដោយសារ​តែមាន​ការសឹក​រេចរឹល​នៃជាលិកាធ្មេញ​ដែលជា​ស្រទាប់​ការពារ​នៅលើ​ឫសធ្មេញ។ ឫសធ្មេញ​ដែល​មិនបាន​គ្រប​ដណ្ដប់​ដោយកាចារឹង​មាននូវ​បំពង់​តូចៗ​ជាច្រើន រាប់ពាន់​ឆ្ពោះទៅ​កាន់​បណ្ដូល​ធ្មេញ។ បំពង់​តូចៗ​ទាំងនេះ​អនុញ្ញាត​ឱ្យមាន​ភាព​ងាយស្រួល​ក្នុងការ​ភ្ញោច​ជាមួយ​នឹងអាហារ​ដែល​ផ្អែម ត្រជាក់ ឬក្ដៅ​ជាដើម ទៅកាន់សរសៃ​វិញ្ញាណ​នៃធ្មេញ​របស់​លោកអ្នក ដែលជា​លទ្ធផល​វា​បណ្ដាលឱ្យ​លោកអ្នក​មាន​អារម្មណ៍​ឈឺចាប់ ឬក៏​មាន​អារម្មណ៍​ថាស្រៀវ​ពិបាក​នឹងទ្រាំ។ កត្ដា​​​​​​​​មួយចំនួន​ដែលនាំ​ឱ្យធ្មេញ​របស់​លោកអ្នក​ស្រៀវមាន​ដូចជា ៖

  • ដុសធ្មេញ​ដោយ​ប្រើកម្លាំង​ខ្លាំងពេក
  • អញ្ចាញ​ធ្មេញសឹក
  • មានជម្ងឺ​អញ្ចាញ​ធ្មេញ
  • មានការ​បែក ឬប្រេះ​ធ្មេញ
  • សង្កៀត​ធ្មេញជា​ញឹកញាប់
  • ប្រើប្រាស់​ថ្នាំដុស​ធ្មេញដែល​គ្មាន​គុណភាព
  • ប្រើប្រាស់​ថ្នាំខ្ពុរមាត់​ដែល​មិនល្អ
  • បរិភោគ​អាហារ​ដែលមាន​ជាតិ​អាស៊ីតខ្ពស់
  • ឬក៏អាច​បណ្ដាលមក​ពីការ​ព្យាបាល​ធ្មេញ​របស់​ទន្ដបណ្ឌិត​មិនបានល្អ
  • អាយុ​របស់​លោកអ្នក ៖ ធ្មេញ​ស្រៀវ​ភាគច្រើន​បំផុត​កើតឡើង​នៅអាយុ​ចន្លោះ​ពី២៥ទៅ​៣០ឆ្នាំ។

វិធី​ការពារ​ជម្ងឺ​ធ្មេញ​ស្រៀវ

ដើមី្ប​ការពារ​កុំឱ្យ​ធ្មេញ​របស់​លោកអ្នក​ស្រៀវ លោកអ្នក​អាចអនុវត្ដ​វិធី​សាស្ដ្រ​គន្លឹះ​មួយចំនួន​ដូចជា ៖

  • រក្សានូវ​តំហែ​ទាំមាត់​ធ្មេញ​ឱ្យបាន​ល្អ
  • ប្រើច្រាស​ដុសធ្មេញ​ដែលមាន​សរសៃ​ទន់ៗ
  • ប្រើថ្នាំ​ដុសធ្មេញ​ដែលមាន​គុណភាព
  • ត្រូវត្រួត​ពិនិត្យ​នូវ​របប​អាហារ​ដែល​លោកអ្នក​ពិសា
  • ប្រើនូវ​ផលិតផល​សម្រាប់​ធ្មេញ​ដែលមាន​ជាតិ​ផ្លអូរ៉ាយដ៏
  • ចៀសវាង​ការ​សង្កៀត​ធ្មេញ
  • ទៅជួប​ជាមួយ​ទន្ដបណ្ឌិត​តាម​ពេលវេលា​កំណត់។

ការ​ព្យាបាល​ជម្ងឺ​ធ្មេញ​ស្រៀវ

ជាការ​ពិតណាស់​លោកអ្នក​ពិតជា​មិនចង់​ឱ្យ​មាត់ធ្មេញ​របស់​លោកអ្នក​ជួបនូវ​បញ្ហា​នោះទេ ប៉ុន្ដែ​ជួនកាល​ក៏មិន​អាច​ចៀសផុត​ពីបញ្ហា​នោះបាន។ ក្នុង​ករណី​ដែល​លោកអ្នក​មានជម្ងឺ​ធ្មេញ​ស្រៀវនោះ លោកអ្នក​អាចប្រើ​នូវវិធី​សាស្ដ្រ​មួយចំនួន ដូចជា​ប្រើប្រាស់ នូវ​ថ្នាំ​ដុសធ្មេញ​ដែលមិន​ធ្វើឱ្យ​ធ្មេញ​របស់​លោកអ្នក​ស្រៀវ ដោយវា​អាចជួយ​បិទកុំ​ឱ្យមាន​ការ​បញ្ជូន​នូវ​ញាណ​រំញោច​ពីផ្ទៃ​ធ្មេញ​របស់ លោកអ្នក​ទៅកាន់​​​​​​​​​​​​​​សរសៃ​វិញ្ញាណ។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​ពុំគួរ​ពិសា​នូវ​អាហារ​ដែលក្ដៅ​ពេក ឬ​ត្រជាក់​ពេក​នោះទេ ព្រោះ​ធ្មេញ​របស់​លោកអ្នក​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាពមួយ​ដែល​ស្រៀវ វាអាចឱ្យ​លោកអ្នក​ទទួល​រងនូវ​ការឈឺចាប់​កាន់តែ​ខ្លាំងឡើង។ ដើម្បី​ឱ្យរឹតតែ​មាន​ប្រសិទ្ធភាព​ទៀតនោះ លោក អ្នក​គួរតែ​ទៅជួប​ពិគ្រោះ​ជាមួយ​ទន្ដបណ្ឌិត​ជំនាញ​ពិតប្រាកដ ដើម្បី​ជួយ​លោកអ្នក​ដោះស្រាយ​បញ្ហា​បានយ៉ាង​ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤២ ខែកក្កដា ឆ្នាំ២០០៩

Google Analytics Alternative