សុខភាព​ស្ដ្រី​តាមវ័យ ៖ ពេលមាន​ផ្ទៃពោះ(ត)

ជា​រៀងរាល់​ឆ្នាំមាន​ស្ដ្រី​ប្រហែល​៥១៥.០០០នាក់​បានស្លាប់​ដោយសារ​បញ្ហា​ដែល​ទាក់ទង​ទៅនឹង​ការមាន​ផ្ទៃពោះ និង​ការសម្រាល​កូន។ ហេតុនេះ​នៅពេល​ដែលស្ដ្រី​ទាំងអស់​បាន​ពិនិត្យ​ច្បាស់លាស់​អំពី​ការមាន​ផ្ទៃពោះ​ហើយ​នោះ អ្វី​ដែលត្រូវ​ធ្វើជា​បន្ដនៅ ក្នុង​កំឡុង​នោះ​គឺការ​ថែរក្សា​សុខភាព​របស់ខ្លួន​ក៏ដូចជា​ទារក​ក្នុងផ្ទៃ​ដែរ។ ជាមួយ​គ្នានេះអាហារ​ដែល​សម្បូរ​ទៅដោយ​ជីវជាតិ​ចិញ្ចឹម ដើម្បីការ​លូតលាស់​របស់​ទារក​ជារឿង​ចាំបាច់​ដែល​ម្ដាយ​គ្រប់រូប​ត្រូវ​ព្យាយាម​បំពេញ​បន្ថែម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​លេខមុន​លោកអ្នក​នាង​ទាំងអស់​បានជ្រាប​រួចហើយ​អំពី​ចំណុច​មួយចំនួន​ដែលជា​​ការ​ប្រែប្រួល​នៅពេល​មាន​ផ្ទៃពោះ នៅពេល​នេះ​សូមបន្ដ​ជ្រាប​អំពីការ​ថែទាំ​សុខភាព​របស់ស្ដ្រី​នៅពេល​មាន​ផ្ទៃពោះ​ជាបន្ដ​ទៅទៀត។

សុខភាព​របស់​ស្ដ្រីមាន​ផ្ទៃពោះ

វេលានេះ​អាចចាត់​ទុកជា​ពេល​ដែលត្រូវ​មានការ​ថែទាំ​សុខភាព​ប្រកប​ដោយការ​យកចិត្ដ​ទុកដាក់ ជាពិសេស​សម្រាប់​ស្ដ្រី ដែល​កំពុង​ត្រៀមធ្វើ​ជា ម្ដាយ​របស់គេ​នៅពេល​ប៉ុន្មាន​ខែខាង​មុខនេះ។ ហេតុនេះ​គ្រប់ស្ដ្រី​ទាំងអស់​នៅពេល​សង្ស័យថា​ខ្លួនមាន​ផ្ទៃពោះ ត្រូវ​ប្រញាប់​ទៅពិនិត្យ​សុខភាព​នៅតាម​មណ្ឌល​សុខភាព​ដែលនៅ​ជិតផ្ទះ ដើម្បី​ឱ្យយ៉ាង​ប្រាកដ​ថា ខ្លួន​កំពុងមាន​ផ្ទៃពោះ​ពិត​ប្រាកដមែន។ បន្ទាប់ពី​នោះ ការ​តាមដាន​សុខភាព​ជា​ប្រចាំ​ចាំបាច់​ត្រូវធ្វើ​ឱ្យបាន​ទៀងទាត់ ដោយផ្ដោត​សំខាន់​ទៅលើ​ប្រការ​មួយចំនួន​ដូចខាងក្រោម។

1 . ការ​ថែទាំ​សុខភាព​គួរទៅ​មន្ទីរពេទ្យ ៖ នៅពេល​ទៅដល់​មន្ទីរពេទ្យ ស្ដ្រីនឹង​ទទួល​បានការ​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពីសំណាក់​គ្រូពេទ្យ​ជំនាញ​នូវបញ្ហា​មួយចំនួន។

  • ពិនិត្យភាព​លូតលាស់​ផ្ទៃពោះ កម្ពស់​ស្បូន​សមស្រប​ជាមួយ​អាយុនៃ​គភ៌
  • ពិនិត្យ​តាមដាន​នូវ​សញ្ញា​គ្រោះថ្នាក់​ទាំងឡាយ​ដែលអាច​កើតមាន​នៅពេល​សម្រាល ដើម្បីជា​ព័ត៌មាន​​ឱ្យស្ដ្រី​អាចទៅ​មន្ទីរ ពេទ្យ​ទាន់ពេល​វេលា
  • ពិនិត្យ​មើល​សម្ពាធ​ឈាម ទឹកនោម​ដែលអាច​ជាសញ្ញា​គ្រោះថ្នាក់​ទាំងម្ដាយ និង​ទារក
  • ពិនិត្យ​ជម្ងឺខ្វះ​ឈាម​ក្រហម ព្រមទាំង​ការផ្ដល់​ថ្នាំ​គ្រាប់ជាតិ​ដែក
  • ពិនិត្យ​រកការ​ឆ្លងនៃ​ជម្ងឺ​ណាមួយ​ក្នុងពេល​មាន​ផ្ទៃពោះ ជាពិសេស​ជម្ងឺ​រលាក​តម្រងនោម និងជម្ងឺ​កាមរោគ ដើម្បី​ព្យាបាលឱ្យ​ទាន់​ពេលវេលា
  • ចាក់ថ្នាំ​វ៉ាក់សាំង​ការពារ​ជម្ងឺ​តេតាណូស ដើម្បី​បង្ការ​ម្ដាយ និង​ទារក​ដែលទើប​នឹងកើត​ពីជម្ងឺ​តេតាណូស។

ការ​តាមដាន​សុខភាព​ជាប្រចាំ​នេះ គ្រប់ស្ដ្រី​មាន​ផ្ទៃពោះ​ទាំងអស់​គួរតែ​អនុវត្ដ​ឱ្យបាន​យ៉ាង​តិចណាស់​ពីរដង ឬក៏​គោរព​ទៅ តាម​ការណាត់​ជួបរបស់​គ្រូពេទ្យ។ ប្រសិន​បើមាន​ករណី​ណាមួយ​មិន​ប្រក្រតី សូម​ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ ទោះបី​មិនមាន​ការណាត់ ជួបក៏​ដោយ។

2 . ការ​ថែទាំ​សុខភាព​ដោយ​ចំណី​អាហារ ៖ នៅពេល​មាន​ផ្ទៃពោះ​ស្ដ្រី​ត្រូវការ​ជាចាំបាច់​នូវ​អាហារ​ដែល​ល្អបំផុត ដែល​អាចរកបាន ដូចជា​ទឹកដោះគោ ផ្លែឈើ បន្លែ សាច់ត្រី ស៊ុត គ្រាប់​ធញ្ញជាតិ និង​សណ្ដែក។ អាហារ​ទាំងអស់​នេះមាន​សុវត្ថិភាព សម្រាប់ បរិភោគ​នៅពេល​មាន​ផ្ទៃពោះ។ ស្ដ្រីមាន​អារម្មណ៍​ថាមាន​កម្លាំង និងមាន​សុខភាព​ល្អជាង​មុន​នៅពេល​មាន​ផ្ទៃពោះ ប្រសិន​បើស្ដ្រី ទាំងនោះ​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិដែក និង​អាស៊ីត​ហ្វូលិក។ អាហារ​ដែលមាន​ជីវជាតិ​ទាំងនោះ មាន​ដូចជា​សាច់ត្រី ស៊ុត បន្លែ ដែលមាន​ស្លឹក​ពណ៌​បៃតង និង​ផ្លែឈើ​ពណ៌​ទឹកក្រូច ឬ​ពណ៌លឿង និង​បន្លែផ្សេងៗ ដើម្បី​ការពារ​ឬ​ព្យាបាល​ជម្ងឺ​ស្លេកស្លាំង។ ស្ដ្រីមាន​ផ្ទៃពោះ​អាច​បំផ្លាញ​សុខភាព​ខ្លួនឯង និង​សុខភាព​ទារក​ក្នុងផ្ទៃ​ដោយការ​ជក់បារី ឬក៏ការ​រស់នៅ​ក្នុង​បរិស្ថាន​អ្នក​ជក់បារី ដែលអាច​ឱ្យទារក​ដែលកើត​មកមាន​ទម្ងន់មិន​គ្រប់ទម្ងន់ ថែមទាំង​ប្រឈម​មុខនឹង​ជម្ងឺក្អក ផ្ដាសាយ រោគ​រលាក​បំពង់ក រោគ​រលាកសួត ឬក៏មាន​បញ្ហាផ្លូវ​ដង្ហើម​ជាដើម។ ម្យ៉ាងទៀត​ការ​ទទួលទាន​គ្រឿង​ស្រវឹង ការ​ប្រើប្រាស់​ថ្នាំគ្មាន​វេជ្ជបញ្ជា ក៏អាច​ធ្វើឱ្យ​មានគ្រោះថ្នាក់​ដល់​ទារក​ផងដែរ។

3 . ការ​តាមដាន​ការ​លូតលាស់​របស់​ទារក​ក្នុងផ្ទៃ ៖ រយៈពេល​មាន​ផ្ទៃពោះ​គ្រប់ស្ដ្រី​​ទាំងអស់​ត្រូវមាន​ការស្វែង​យល់​ក៏ដូចជា​សិក្សា​បន្ថែម​ទៀត​ពីសំណាក់​គ្រូពេទ្យ​ជំនាញ​អំពី​ប្រការគួរ​ប្រតិបត្ដិ​ផ្សេងៗ ជាពិសេស​ការយល់​ដឹង​អំពី​ការវិវឌ្ឍន៍​និងការ​ប្រែប្រួល របស់​ទារក​ក្នុង​ផ្ទៃពោះ។ ជាទូទៅ​នៅពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​ដំបូង ស្ដ្រីខ្លះ​អាចមាន​អាការ​ចាញ់កូន​តែម្ដង ខ្លះ​ទៀត​អាច​ដល់ខែទី២ ឬទី៣​ទើបចាញ់ ឬក៏អ្នក​ខ្លះ​មិនចាញ់​តែម្ដង។ រយៈពេល​នៃការ​ចាញ់កូន​អាចមាន​យ៉ាងយូរ​ត្រឹមតែ​ខែទី៥​ប៉ុណ្ណោះ ជាករណី​កម្រដែល ស្ដ្រីខ្លះ​ចាញ់កូន​ដល់ពេល​សម្រាល​នោះ។ ពេលឈាន​ដល់ខែ​ទី៤ ឬទី៥ ទារក​ក្នុងផ្ទៃ​អាចផ្ដើម​កម្រើក ប្រសិនបើ​ទារក​ក្រកម្រើក ពេលនោះ​ស្ដ្រី​ជាម្ដាយ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ក្រែង​ទារក​មានបញ្ហា​មិន​ប្រក្រតី។ ដោយឡែក​នៅខែ​ទី៦ ឬទី៧ ទារក ចាប់ផ្ដើម​បង្វិល​ក្បាល​ចុះក្រោម​ដើម្បី​ត្រៀម​សម្រាល​(ការសម្រាល​ទារក​ចេញ​ក្បាល​មកមុន)។ ខណៈ​នេះដែរ អ្នកម្ដាយ​ត្រូវ​ទៅមន្ទីរពេទ្យ ដើម្បី​ពិនិត្យ​មើលថា​តើទារក​បានបង្វិល​ក្បាល​ត្រឹមត្រូវ​ហើយ​ឬនៅ។ បើមិន​បង្វិល​ទេនោះ ទារកនឹង​សម្រាល​ដោយ​ច្រាសជើង (សម្រាល​ក្បាល​ចេញមក​តាមក្រោយ)។ សុករបស់​ទារក​ប្រក្រតី​ឬអត់? ព្រោះ​អាចមាន​ករណី​សុកញំង​មាត់ស្បូន ដែល​ចាំបាច់​ត្រូវតែ មានការ​សង្គ្រោះ​ពីគ្រូពេទ្យ​ជំនាញ។ មួយ​វិញ​ទៀត បរិមាណ​នៃ​ទឹកភ្លោះ​ក៏ជារឿង​សំខាន់​ដែលត្រូវ​មានការ​ត្រួតពិនិត្យ​ផងដែរ។ ជាមួយ​គ្នានេះ សញ្ញា​នៃការ​សម្រាល​មុនខែ​របស់​ទារក​ក៏ត្រូវតែ​តាមដាន។

បណ្ដាំ​ផ្ញើ

បញ្ហា​ទាំងអស់​ដែលលើក​មក​ជម្រាប​ជូនខាង​លើនេះ ទស្សនាវដ្ដី សុខភាពយើង សង្ឃឹមថា​នឹងក្លាយ​ចំណុច​ពញ្ញាក់​អារម្មណ៍ របស់ស្ដ្រី​ទាំងឡាយ​ដែលមាន​បំណង​ចង់​ក្លាយជា​ម្ដាយ​របស់គេ​ឱ្យមាន​ការ​ថែទាំ និង​តាមដាន​សុខភាព​ជាប្រចាំ។ ព្រោះថា​នៅក្នុង ដំណាក់​កាលនេះ​ទារក​ក្នុងផ្ទៃ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការ​ប្រតិបត្ដិ​របស់​លោកស្រី​អ្នកនាង​ជាម្ដាយ។ សូម​រងចាំ​អាននូវ​ប្រការ​មួយ ចំនួន​ទៀត ចាំបាច់​សម្រាប់​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​នៅលេខ​ក្រោយទៀត។
(សូម​បន្ដអាន​នៅលេខ​ក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤២ ខែកក្កដា ឆ្នាំ២០០៩

Google Analytics Alternative