វិធី​សង្គ្រោះ​មនុស្ស​បាត់បង់​ស្មារតី

មនុស្ស​យើង​ម្នាក់ៗ​មិនមាន​នរណា​អាច​ធានា​ថាខ្លួនឯង​មាន​សុខភាព​ល្អ​គ្រប់ពេល​នោះដែរ។ នៅពេល​ណាមួយ​នោះ លោកអ្នក​អាចមាន​បញ្ហា​អ្វីមួយ​ដែល​មិនអាច​ដឹងមុន​បាន។ លោកអ្នក​ប្រហែល​ជាធ្លាប់​បានដឹង​អំពី​អាការ​របស់លោកអ្នក​មួយចំនួន​ដែល បាត់បង់​ស្មារតី​នៅពេល​ណាមួយ ជួនកាល​នៅពេល​ដេកលក់​ក៏មាន​ដែរ។ អាការ​នេះអាចបង្ក​គ្រោះថ្នាក់​រហូតដល់​បាត់បង់​ជីវិត​ទៀតផង ប្រសិនបើ​សង្គ្រោះ​មិនទាន់​ពេល​វេលា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អ្វីទៅ​ជាការ​បាត់បង់​ស្មារតី?

មនុស្សម្នាក់​សន្លប់​បាត់បង់​ស្មារតី គឺជា​មនុស្ស​ដែល​ហាក់​ដូចជា​ដេកលក់ ប៉ុន្ដែមិន​ឆ្លើយតប​នៅពេល​គេសួរ​ជា​សំណួរ និង​នៅ ពេល​គេសុំ​ឱ្យធ្វើ​កាយ​វិការ​ងាយៗ។ មនុស្សម្នាក់​សន្លប់បាត់​ស្មារតី​បណ្ដាល​ឱ្យថប់​ដង្ហើម ដោយសារ​ការធ្លាក់​អណ្ដាត​របស់គាត់​ទៅបិទ បំពង់​ខ្យល់ ឬក៏​ដោយសារ​កំអួត។

វិធី​ជួយ​សង្គ្រោះ​មនុស្ស​បាត់បង់​ស្មារតី

ការជួយ​សង្គ្រោះ​មនុស្ស​ដែល​បាត់បង់​ស្មារតី​មិនមែន​គ្រប់គ្នា​ចេះតែ​ធ្វើបាន​នោះទេ ព្រោះ​បើមិន​មានការ​យល់ដឹង​អំពី​វិធី សង្គ្រោះ​ទេ អាចធ្វើ​ឱ្យជន​រងគ្រោះ​មាន​គ្រោះថ្នាក់​បាន។ ខាងក្រោម​នេះជា​វិធី​នៃការ​ជួយ​សង្គ្រោះ​អ្នកដែល​បាត់បង់​ស្មារតី ៖

1 . បន្ធូរ​សម្លៀក​បំពាក់(កអាវ ចង្កេះខោ) ដើម្បី​ជួយ​សម្រួល​ចលនា​ដង្ហើម​របស់គាត់

2 . ភ្ងើយ​ក្បាល​ទៅក្រោយ ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​កុំឱ្យ​អណ្ដាត​បិទផ្លូវ​ដង្ហើម

3 . ពិនិត្យ​ចលនា​ដង្ហើម​រយៈពេល​១០វិនាទី សម្លឹង​មើលទ្រូង​ផឺតផត​ចុះឡើង ឱ្យដឹង​ថាមាន​ខ្យល់​ចេញពី​មាត់​របស់គាត់

4 . បើ​ចាំបាច់ ត្រូវ​សម្អាត​ខាងក្នុង​មាត់

5 . ដាក់ឱ្យ​ដេក​ផ្អៀង​ដោយ​ប្រុង​ប្រយ័ត្ន និងកល់​ជង្គង់​ឱ្យបាន​ល្អ

6 . សូម​ពិនិត្យ​រកមើល​សារធាតុ​រាវ​ដែលអាច​ហូរចេញ (ក្បាល​ត្រូវតែ​ភ្ងើយ​ទៅក្រោយ មាត់​តម្រង់​ទៅដី)

7 . បញ្ជូន​ជនរង​គ្រោះ​ទៅ​មណ្ឌល​សុខភាព​ឱ្យបាន​ឆាប់បំផុត ដោយដាក់​ជន​រងគ្រោះ​ក្នុង​ស្ថានភាព​ដូចខាង​លើ និង​ពិនិត្យដង្ហើម​ឱ្យ​ទៀងទាត់។

ប្រការ​គួរ​ប្រតិបត្ដិ​នៅ​បាត់បង់​ស្មារតី​ប្រកាច់

ប្រសិន​បើគេ​សង្ស័យ​ថា មនុស្សនោះ​បាត់បង់​ស្មារតី ហើយ​មាន​របួស​ខ្នង ត្រូវដាក់​មនុស្ស​នោះផ្អៀង​ដោយ​ប្រុងប្រយ័ត្ន​បំផុត មានតែ​អ្នក​សង្គ្រោះ​ដែលមាន​វិជ្ជាជីវៈ​ទេដែល​អាចយល់​ច្បាស់ពី​ស្ថានភាព​នេះ។ ក្នុង​ករណី​ពិសេស ប្រសិនបើ​មនុស្សម្នាក់​ប្រកាច់ ត្រូវតែ​ទុកជន​រងគ្រោះ​ឱ្យ​ប្រកាច់​ចុះហើយ ៖

  • ត្រូវយក​ចេញឱ្យ​ឆ្ងាយ នូវវត្ថុ​ដែល​បង្កឱ្យ​មាន​គ្រោះថ្នាក់
  • កុំ​ព្យាយាម​ទប់ជន​រងគ្រោះ​នៅពេល​កំពុង​ប្រកាច់
  • កុំដាក់​របស់​អ្វីទៅ​ក្នុងមាត់​របស់​ជនរង​គ្រោះ។
  • កាលណា​ជនរង​គ្រោះ​បាត់​ប្រកាច់​ហើយ សូមដាក់​ជនរង​គ្រោះ​ឱ្យដេក​ផ្អៀង ហើយ​តាមដាន​រហូត​ទាល់តែ​ដឹងខ្លួន។

បណ្ដាំ​ផ្ញើ

ការជួយ​សង្គ្រោះ​នរណា​ម្នាក់ជា​កាតព្វកិច្ច​របស់​យើង​ទាំងអស់​គ្នាក្នុង​នាម​មនុស្ស​ធម៌។ ជាពិសេស​លោកអ្នក​គ្រប់គ្នា​គួរតែ យល់ដឹង​ឱ្យបាន​ច្បាស់លាស់​អំពី​វិធី​នៃការ​ជួយ​សង្គ្រោះ ដើម្បី​ទុកជា​ប្រយោជន៍​សម្រាប់​ភាព​សប្បុរស​របស់​លោកអ្នក។ ក្រៅពី​នេះ លោកអ្នក​ដែលមាន​អាការ​ដែលអាច​ឈានទៅ​រកការ​បាត់បង់​ស្មារតី គប្បី​ត្រូវយល់​អំពី​វិធី​ទាំងនេះ​ដែរ ដើម្បី​ជួយ​ខ្លួនឯង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤២ ខែកក្កដា ឆ្នាំ២០០៩

Google Analytics Alternative