វិធី​ចង​ក្រវាត់ក

ការចង​ក្រវាត់ក​ជាសិល្បៈ​តុបតែង​ខ្លួន​របស់​សុភាព​បុរស​ក្នុងការ​រៀបខ្លួន​ចូលរួម​ក្នុងពិធី​ផ្សេងៗ ឬក៏ទៅ​កន្លែង​ប្រកប​មុខ របរ​ការងារ។ ការចង​ក្រវាត់ក​មាន​ប្រភព និងជា​វប្បធម៌​របស់​ប្រទេស​ខាងលិច ប៉ុន្ដែ​វាមាន​លក្ខណៈ​ជាសកល​ទូទៅ​ប្រើ​សម្រាប់ កំណត់សម្គាល់​ពីភាព​ខ្ពង់ខ្ពស់ និងភាព​សក្ដិសម​របស់​បុរស។ វិធី​សាស្ដ្រ​ក្នុងការ​ចង​ក្រវាត់ក​ឱ្យបាន​ស្អាត​ពុំមែន​ជាការ​លំបាកទេ ប៉ុន្ដែវា​ប្រកប​ដោយភាព​សាំញ៉ាំ​ច្រើន ដែល​តម្រូវឱ្យ​លោកអ្នក​ធ្វើការ​យកចិត្ដ​ទុកដាក់​បន្ដិច​ក្នុងការ​ចង ឬក៏​ហាត់រៀន​នូវវិធី​ចង​ក្រវាត់​កនេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​លេខនេះ ទស្សនាវដ្ដី សុខភាពយើង នឹងបង្ហាញ​ដល់​លោកអ្នក​នូវ​របៀប​ចង​ក្រវាត់ក​ដ៏ល្អ​មួយ​ទុកជាការ​ស្វែងយល់ និងអាច​យកទៅ​ប្រើប្រាស់​ក្នុងការ​តុបតែង​ខ្លួន​ចូលរួម​ក្នុងពិធី​ជប់លៀង និង​ពិធី​ផ្លូវការ​ធំដុំ​ផ្សេងៗ។

ប្រវត្ដិ​នៃការ​ចង​ក្រវាត់ក

ការចង​ក្រវាត់ក​ជា​ប្រពៃណី និង​វប្បធម៌​តុបតែង​ខ្លួនមួយ​របស់​ពួក​លោក​ខាងលិច និងមាន​ប្រភព​ចេញពី​ការ​កែច្នៃ​របស់ជាង សម្លៀក​បំពាក់​នៃ​ជនជាតិ​ប៉ែកខាង​ពួក​អឺរ៉ុប​ក្នុងការ​ច្នៃប្រឌិត​ជា​ក្រវាត់ក​ចេញពី​ការចង​ណឺត-ករបស់​ពួកបុរស ដោយប្ដូរ​ពីការ​ចង ណឺតកមកជាការ​ចងក្រវាត់​កជំនួស​វិញ។

វិធី​ចង​ក្រវាត់ក

ការ​ចងក្រវាត់​កវាមាន​វិធី​សាស្ដ្រ​ផ្សេង​ជាច្រើនៗ។ ប៉ុន្ដែ​នៅក្នុង​ការ​ប្រើប្រាស់​ទូទៅ គេ​និយម​ការចង​បែប​លក្ខណៈ​សកល ព្រោះ​ថាវា​មានភាព​ងាយស្រួល ពិសេស​ការចង​របៀប​នេះផ្ដល់​នូវភាព​ស្អាត​ជាងវិធី​ណាៗ​ទាំងអស់។ ខាងក្រោម​នេះគឺ​ជាវិធី​សាស្ដ្រ ក្នុងការ​ចង​ក្រវាត់ក​ឱ្យមាន​ភាព​ស្រស់ស្អាត​សម្រាប់​លោកអ្នក​យកទៅ​អនុវត្ដ។

  • ជា​ដំបូង​លោកអ្នក​ត្រូវយក​ខ្សែ​ក្រវាត់ក​មកពាក់​លើ-ក ហើយ​លែងចុង​ខ្សែខាង​ធំមក​ក្រោម​ឱ្យវែង​ជាងផ្នែក​ខាងតូច ប្រហែល​ជាង១​ម៉ែត្រ ឬទៅ​តាមទំហំ​ប្រវែង​ខ្លួន​របស់​លោកអ្នក។
  • នៅពេល​កំណត់​ប្រវែង​របស់ខ្សែ​ក្រវាត់់ក​បានហើយ ចូរយក​ផ្នែកខាង​ធំដាក់​លើផ្នែក​ចុងខ្សែ​ខាងតូច បន្ទាប់មក​ស៊ក​ត្រឡប់​ចូល​ទៅផ្នែក​ខាងក្រោម រួចស៊ក​ខាងម្ខាង​ទៀតផ្នែក​ខាងធំ​ដាក់ចូល​រង្វង់ ហើយ​បត់ខាង​មុខពី​ឆ្វេងទៅ​ស្ដាំ។
  • បន្ទាប់មក​សូមស៊ក​ចុងខាង​ធំ​ឆ្លងកាត់​មួយ​សាទៀត មុននឹង​ស៊កចុះ​ទៅក្នុង​ខ្នួចផ្នែក​ខាងក្នុង។ រួចទាញ​ខ្នួចឱ្យ​យឺតៗ​ព្រម​ជាមួយ​នោះ សូម​រុញខ្នួច​នេះឡើង​ទៅរក-កអាវ។ ទីបំផុត​លោកអ្នក​នឹង​ទទួលបាន​សមិទ្ធិផល​ខ្សែ​ក្រវាត់ក​មួយដ៏​ស្រស់ស្អាត​ជា​មិនខានឡើយ។

បើសិនជា​លោកអ្នក​ចង់ឱ្យ​មានភាព​ស្ទាត់​ជំនាញ​ឱ្យកាន់​តែច្បាស់​ទៀតនោះ លោកអ្នក​អាច​សាកល្បង​ចងម្ដង​ហើយ​ម្ដងទៀត​ដោយ​ខ្លួនឯង រហូតដល់​លោកអ្នក​មាន​អារម្មណ៍​ថាមាន​ជំនាញ​ហើយ។ ប៉ុន្ដែ​ការចង​ក្រវាត់ក ដំបូង​ប្រហែល​ជាមាន​ផល​លំបាក ខ្លះៗ​សម្រាប់​លោកអ្នក​មិនទាន់​ពិបាក​យល់ តែសូម​ព្យាយាម​រៀនចង​ក្រវាត់ក​តាមវិធី​នេះដដែល​នោះ លោកអ្នក​ពុំមាន​ការ​លំបាក ទៀតទេ។

បណ្ដាំ​ផ្ញើ

ការចង​ក្រវាត់ក​ជាចំណេះ​ដឹងមួយ​ដែល​លោកអ្នក​គួរតែ​សិក្សា​ស្វែងយល់ សម​ជាមួយ​ការវិវឌ្ឍន៍​នៃសង្គម​បច្ចុប្បន្ន ការពាក់ ក្រវាត់ក​ត្រូវបាន​គេទទួល​ស្គាល់​ជាសកល ដែលគេ​តែងតែ​ប្រើប្រាស់​ក្រវាត់ក​ក្នុងការ​ចូលរួម​ពិធី​កិត្ដិយស ឬជា​តម្រូវការ​ផ្នែក ឯកសណ្ឋាន​របស់​បណ្ដា​ស្ថាប័នរដ្ឋ និង​ឯកជន​នានា បញ្ជាក់​ពីឋានៈ និង​កិត្ដិយស​ក្រុមហ៊ុន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រវាត់ក​ក៏ជាផ្នែក​មួយ នៃការលើក​តម្លៃ និង​សម្រស់​សម្រាប់​សុភាព​បុរស​ទូទៅ​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤២ ខែកក្កដា ឆ្នាំ២០០៩

Google Analytics Alternative