ការ៉ាត់​តេដូ

សុខភាព​ជាកត្ដា​សំខាន់​ដែល​មនុស្ស​គ្រប់ៗគ្នា​តែងតែ​យកចិត្ដ​ទុកដាក់។ ការ​ថែរក្សា​សុខភាព​មានវិធី​ជាច្រើន ដូចជា​ការហាត់ប្រាណ ការរាំ រត់ ហែលទឹក និងការ​លេងកីឡា​ផ្សេងៗ​ទៀត ដូចជា​បាល់ទាត់ បាល់បោះ តេន្នីស និង​ប៉េងប៉ុង​ផងដែរ និងមាន​ការហាត់​ក្បាច់គុន​ផ្សេងទៀត ដូចជា​ល្បុក្កតោ ក្បាច់គុន ប្រដាល់​បុរាណ​ខ្មែរ យូដូ ហាប់គីដូ តៃក្វាន់ដូ និង​ការ៉ាត់តេដូ​ជាដើម។ ការ៉ាត់តេដូ​ជាកីឡា​មួយក្នុង​ចំណោម​កីឡា​ជាច្រើន​ទៀត​ដែលមាន​មនុស្ស​ភាគច្រើន​ចាប់​អារម្មណ៍​ក្នុងការ​ហាត់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រវត្ដិ​សង្ខេប​ការ៉ាត់តេដូ

ទាក់ទង​នឹង​ការ៉ាត់តេ​ដូនេះ លោក ខែម វីរៈ គ្រូបង្ហាត់​កីឡា​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ដ្រ បាន​ចូលរួម​រៀបរាប់ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង ដូច​តទៅ។ ការ៉ាត់តេដូ​ត្រូវបាន​រកឃើញ​ដោយលោក ប៊ូឌីដាម៉ា ដារ៉ូម៉ា ដែល​ស្នាក់នៅ ពុទ្ធមណ្ឌលហ្សៀន នៅក្នុង​ប្រទេស​ឥណ្ឌា​ភាគខាង​លិច។ លោក ដារ៉ូម៉ា បាននាំ​ក្បាច់​ការ៉ាត់តេដូ​ទៅកាន់​ប្រទេស​ចិននៅក្នុង វត្ដសាវ​លីញនាពស.៥០០ ដើម្បី​ធ្វើការ​បង្រៀន​ពីវិធី​ហាត់ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ដ ដើម្បី​ឱ្យមាន​សុខភាពល្អ និងកម្លាំង​មាំមួន។ ក្រោយមក​នៅឆ្នាំ១៩១៦ លោក ស៊ីជីន ហ្វូណាកុស៊ី បាននាំ​យកក្បាច់​ការ៉ាត់តេ​ពីប្រទេស​ចិន​ទៅ​ប្រទេសជប៉ុន។ មាន​មនុស្ស​មួយ ចំនួនក៏​បានចាប់ផ្ដើម​ហាត់ក្បាច់​ការ៉ាត់តេ ហើយ​មិនយូរ​ប៉ុន្មាន​ក្បាច់​ការ៉ាត់តេ​ក៏មាន​ភាព​ពេញនិយម​នៅក្នុង​ប្រទេសជប៉ុន។ បន្ទាប់​មកទៀត​ក្បាច់​ការ៉ាត់តេ​ក៏មាន​ភាព​ល្បីល្បាញ​នៅទូទាំង​ពិភពលោក​ទៀតផង ហើយ​ពិភពលោក​ក៏បាន​ទទួលស្គាល់​លោក ស៊ីជុីន ហ្វូណាកុស៊ី ជាអ្នក​បង្កើត​ក្បាច់​ការ៉ាត់តេដូ។ ដោយឡែក​កីឡា​ការ៉ាត់តេដូ​បានហូរ​ចូលមក​ប្រទេស​កម្ពុជា​តាំងពី​សម័យ​ជប៉ុនធ្វើ អាណានិគម​មកលើ​កម្ពុជាមកម្ល៉េះ ហើយ​ការ៉ាត់តេដូ​បានរីក​ចម្រើន​នៅក្នុង​ប្រទេសកម្ពុជា​នៅឆ្នាំ​១៩៤៨ មកដល់​នាពេល​បច្ចុប្បន្ន​នេះ។

ប្រភេទ​កីឡា​ការ៉ាត់តេដូ

កីឡា​ការ៉ាត់តេដូ​មានចំនួន​៤ប្រភេទ គឺ​សូតូកាន់​ការ៉ាត់តេ វ៉ាដូរីយ៉ូកា​រ៉ាត់តេ ស៊ីតូរីយ៉ូកា​រ៉ាត់តេ និងចុង​ក្រោយគឺ ហ្គូហ្ស៊ូរី​យ៉ូ ការ៉ាត់តេ។

តើគួរ​ហាត់​ការ៉ាត់តេ​នៅ​វ័យណា?

ការហាត់​កីឡា​ការ៉ាត់តេដូ​មានភាព​ពេញនិយម​ទាំងកុមារ និង​មនុស្ស​ពេញវ័យ​ទាំងបុរស និងនារី។ មនុស្ស​ភាគច្រើន ធ្វើការ​ហាត់កីឡា​នេះគឺ​ដើម្បី​សុខភាព និង​ការពារ​ខ្លួន។ តែមាន​មនុស្ស​ចំនួន​តិចតួច​ដែលមក​ហាត់​ដើម្បី​ទៅធ្វើ​ការ​ប្រកួត​ជម្រើសជាតិ។ ការហាត់​កីឡានេះ គឺមិន​ទាមទារ​ឱ្យយើង​ហាត់ហួស​ប្រមាណ​នោះទេ គឺហាត់​ទៅតាម​លទ្ធភាព​ដែលអាច​ធ្វើទៅ​រួច។ កីឡា ការ៉ាត់តេដូ យើងអាច​ចូលហាត់​បានគឺ​ចាប់ពី​អាយុ៦​ឆ្នាំឡើង​ទៅ។

សូមបន្ដ​អានលម្អិត​អំពី​មូលដ្ឋាន​គ្រឹះនៃ​កីឡា​ការ៉ាត់តេដូ​នេះនៅ​លេខក្រោយ​ទៀត តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤២ ខែកក្កដា ឆ្នាំ២០០៩

Google Analytics Alternative