វិធី​ថែរក្សា​សក់​វែង

សុភាព​នារី​គ្រប់រូប​រមែង​តែងតែ​ប្រាថ្នា​ចង់បាន​នូវរូប​សម្រស់​ដ៏​ស្រស់ស្អាត​ផូរផង់ គួរជាទី​ទាក់ទាញ​ភ្នែក​របស់​អ្នកផង​ទាំងពួង។ នៅក្នុង​នោះ សក់ក៏​ជាចំណែក​មួយយ៉ាង​សំខាន់​នៅក្នុង​ការជួយ​លើក​កម្ពស់​សម្រស់​របស់​លោកអ្នក​ផងដែរ។ នៅពេល​ដែលមាន សរសៃសក់​ទន់ភ្លឺ​រលោង វែងត្រង់​ល្អ និងមាន​ទម្ងន់ នោះ​សម្រស់​របស់​លោកអ្នក​ពិតជា​ស្រស់ស្អាត​បានថែម​មួយ​កម្រិត​ទៀត​ជាមិន ខានឡើយ។ ដូច្នេះ​បញ្ហានៃ​ការថែរក្សា​សក់ឱ្យ​មាន​សុខភាពល្អ និង​ស្រស់ស្អាត គឺជាក្ដី​បារម្ភ​មួយដែល​គួរតែ​យកចិត្ដ​ទុកដាក់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជាជំនួយ​ដល់​លោកអ្នក​នាងកញ្ញា​នៅក្នុង​ការ​ថែរក្សា​សក់វែង​ឱ្យ​នៅតែ​ស្រស់ស្អាត​ជាប់​ជានិច្ច​បាននោះ ទស្សនាវដ្ដី សុខ ភាពយើង បានជួប​សម្ភាស​ជាមួយ​អ្នកនាង ស្រីម៉ៅ អ្នក​ជំនាញ​នៅក្នុង​ហាងកែ​សម្ផស្ស​តារា​ពិភពលោក។

របៀប​ថែរក្សា​សក់វែង

វិធីសាស្ដ្រ​នៅក្នុង​ការ​ថែរក្សា​សក់វែង​ឱ្យ​នៅតែ​មាន​សភាព​ស្រស់ស្អាត និងមាន​សុខភាព​ល្អគួរ​ជាទី​គយគន់​នោះ ត្រូវបានបែង​ចែក និង​អនុវត្ដ​ខុសប្លែក​ពីគ្នា​ទៅតាម​ប្រភេទ និង​សុខភាព​សរសៃ​សក់​នីមួយៗ។ វិធី​សាស្ដ្រ​ទាំងនោះ​រួមមាន​ដូចនៅ​ខាងក្រោម នេះ ៖

1 . ប្រភេទ​សក់ស្ងួត ៖ ប្រភេទ​សរសៃ​សក់ស្ងួត គឺជា​ករណី​មួយដែល​គួរតែ​មានការ​យកចិត្ដ​ទុកដាក់​បំផុត ព្រោះ​សរសៃសក់ស្ងួត​ងាយនឹង​បែកចុង ឬ​បាក់ជា​កំណាត់ៗ​បាន ជាហេតុ​ដែល​តម្រូវ​ឱ្យមាន​ការថែទាំ​ជាចាំបាច់។ ចំពោះ​សក់​ប្រភេទ​នេះ ដំបូង​ឡើយ លោកអ្នក​ត្រូវ​ជ្រើសរើស​យក​ប្រភេទ​សាប៊ូ​កក់សក់​ណាមួយ​ដែល​ត្រូវទៅ​នឹង​សភាព​ស្បែកក្បាល និង​សរសៃ​សក់​របស់​លោកអ្នក។ ចូរធ្វើ​ការកក់​លាងសម្អាត​សរសៃ​សក់​រៀងរាល់​២ថ្ងៃម្ដង។ ក្រោយ​ពីបាន​ធ្វើការ​កក់សក់​រួចរាល់ ចូរ​ប្រើប្រេង​បន្ទន់សក់​ដើម្បី​ធ្វើឱ្យ​សក់ មាន​សភាព​ទន់ភ្លឺ​រលោង​ល្អ។ លើសពី​នេះទៅ​ទៀត ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ចាំបាច់​ត្រូវធ្វើ​ការអប់​សក់ម្ដង ប្រយោជន៍​ដើម្បី​ថែរក្សា និង​ការពារ​សរសៃ​សក់​ដ៏វែង​ស្រឡូន ទន់រលោង និងមាន​ទម្ងន់​របស់​លោកអ្នក​ឱ្យ​នៅតែ​ស្រស់ស្អាត​ជាប់​ជានិច្ច។

2 . ប្រភេទ​សក់ប្រេង ៖ បើទោះ​បីជា​សរសៃ​សក់​របស់​លោកអ្នក​ជាប្រភេទ​សរសៃ​សក់​ដែលមាន​សំណើម​ជាប់​ជានិច្ច​យ៉ាង ណា​ក៏ដោយ ប៉ុន្ដែ​លោកអ្នក​ត្រូវដឹង​ថា សក់ដែល​សម្បូរ​ទៅដោយ​ប្រេង ងាយ​នឹងមាន​ជម្ងឺ​បំផុត។ ព្រោះជាតិ​សំណើម​នៃប្រេង​ដែល មាននៅ​សរសៃ​សក់​អាចមាន​ប្រតិកម្ម​ជាមួយ​ធូលី ឬកំអែល​នៅលើ​ស្បែកក្បាល ដែល​បណ្ដាលឱ្យ​កើតជា​អង្គែ ឬរមាស់​បាន។ ចំពោះ សក់​ប្រភេទ​នេះ អ្នកនាង​កញ្ញា​គួរតែ​ធ្វើការ​កក់លាង​សម្អាត​យ៉ាង​ហោចណាស់​ឱ្យបាន​បីដង​ក្នុងមួយ​សប្ដាហ៍ និងធ្វើ​ការ​អប់សក់ រៀងរាល់​មួយ​សប្ដាហ៍​ម្ដង ដើម្បី​ជួយថែ​បំប៉ន​សុខភាព​សរសៃ​សក់ឱ្យ​បានល្អ មើលទៅ​នៅតែ​ស្រស់ស្អាត​ជាប់​ជានិច្ច។ សូម​ចៀសវាង ការ​ប្រើប្រេង​បន្ទន់​សក់​ញឹកញាប់​ពេក ព្រោះអាច​ធ្វើឱ្យ​សក់ងាយ​ជាប់​ធូលី ដែលជា​ហេតុធ្វើ​ឱ្យកើត​មាននូវ​អង្គែ​នៅលើ​ស្បែក​ក្បាល និង​ខូចសុខភាព​សរសៃ​សក់។

ប្រការ​គួរ​ចៀសវាង​ក្នុងការ​ថែរក្សា​សក់វែង

ការ​ថែរក្សា និងការ​ការពារ​សរសៃ​សក់វែង​ឱ្យមាន​សុខភាព​ល្អ រឹងមាំ មាន​ទម្ងន់ ភ្លឺទន់​រលោង និងមាន​សំណើម​ជាប់ជានិច្ចនោះ អ្នកនាង​កញ្ញា​ត្រូវតែ​ចេះ​ជ្រើសរើស​នូវ​ប្រភេទ​ផលិតផល​ណាដែល​ត្រូវនឹង​សរសៃ​សក់ ត្រូវ​ប្រើប្រេង​បន្ទន់សក់ និង​អប់សក់​ជា ប្រចាំ។ ហើយ​សូម​ចៀសវាង​ការលាប​ចាហួយ​ឬជែល ព្រោះ​វាអាច​បណ្ដាលឱ្យ​សក់​របស់​លោកអ្នក​រឹង និង​បែកចុង​បានយ៉ាង​ងាយ។ ម្យ៉ាងទៀត​គួរ​ចៀសវាង​ការ​ច្នៃម៉ូត​សក់​ញឹកញាប់ ព្រោះការ​ច្នៃម៉ូត​សក់​ភាគច្រើន​តម្រូវ​ប្រើនូវ​សាប្រាយ​ (Spray) ដែល​ជា​ដើមចម បណ្ដាល​ឱ្យមាន​ការ​ប៉ះពាល់​ទៅដល់​សុខភាព​របស់​សរសៃ​សក់។ កម្ដៅថ្ងៃ​ក៏​ជា​មូលហេតុ​ដែល​ធ្វើឱ្យ​សក់ខូច​ផងដែរ។ ដូច្នេះ​គួរ​ការពារ កុំឱ្យ​សក់ត្រូវ​កម្ដៅ​ខ្លាំងពេក។ លើសពី​នេះទៅ​ទៀត​​​គួរ​ចៀសវាង​នូវការ​និយម​ប្ដូរពណ៌​ញឹកញាប់​ពេក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤២ ខែកក្កដា ឆ្នាំ២០០៩

Google Analytics Alternative