ជាតិខ្លាញ់​បង្ក​គ្រោះថ្នាក់​ដល់អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម

ខ្លាញ់ជា​អាហារ​មួយមាន​ប្រយោជន៍​សម្រាប់​ការ​រស់នៅ​របស់​មនុស្ស​សត្វដែល​មាន​ជីវិត​ទាំងអស់​ក្នុង​លោក។ ការ​បរិភោគ ខ្លាញ់​ច្រើន​ហួស​កម្រិត​ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់យើង។ ចំពោះ​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម ការ​ទទួលទាន​ខ្លាញ់​ច្រើន​អាច បង្ក​ឱ្យមាន​ការវិវត្ដន៍​នៃផល​វិបាក​របស់​ជម្ងឺ​ទឹកនោម​ផ្អែម​កាន់តែ​លឿនជាង​មនុស្ស​ទូទៅ​ធម្មតា ជាពិសេស​គឺសំដៅ​ទៅលើ​ជម្ងឺ​បេះដូង និង​សរសៃ​ឈាម។ ដូច្នេះ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​ត្រូវ​បន្ថយ​ឱ្យបាន​ជាអតិបរមា នូវការ​ទទួលទាន​ខ្លាញ់​ប្រភេទ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត សេង សេរី អ្នក​ឯកទេស​ជម្ងឺ​ទឹកនោម​ផ្អែម​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ នឹង​ជម្រាបជូន​លោកអ្នក​ឱ្យកាន់​តែ ច្បាស់​អំពី​បញ្ហា​ជាតិខ្លាញ់​នេះ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ជាតិខ្លាញ់​បង្ក​ជម្ងឺ

សព្វថ្ងៃ អ្នកខ្វះ​ជាតិខ្លាញ់​ក្នុងឈាម​មានចំនួន​តិចតួច​បំផុត តែអ្នក​លើស​ជាតិខ្លាញ់​ក្នុងឈាម​វិញគឺ​មានច្រើន​លើសលប់។ ជម្ងឺ​បង្កឡើង​ដោយ​សារការ​លើស​ជាតិខ្លាញ់​នេះក៏​បានសម្លាប់​មនុស្ស​កើនឡើង​ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំដែរ។ ជាទូទៅ​យើង​និយាយ​ពីខ្លាញ់ គឺសំដៅ​ទៅលើ​ខ្លាញ់​ដែលបាន​មកពី​សត្វមាន​ជីវិត​ទូទៅ ដូចជា​ជ្រូក មាន់ ទា គោ ក្របី ត្រី។ល។ មនុស្ស​ទូទៅ​កាលណា​ទទួលទាន​ខ្លាញ់ ប្រភេទ​នេះច្រើន​អាច​បណ្ដាល​ឱ្យលើ​សទម្ងន់ ធាត់ និងអាច​បង្កឱ្យ​មានជម្ងឺ​ផ្សេងៗ​ទៀតជា​ច្រើន ដូចជា​ទឹកនោម​ផ្អែម លើសឈាម បេះដូង សរសៃឈាម សន្លាក់ មហារីក គ្រាប់ក្រួស​ក្នុងប្រមាត់​ជាដើម។ល។

ជ្រូកជា​សត្វមួយ​ដែលសាច់​របស់វា​សម្បូរ​ខ្លាញ់ច្រើន តែចំពោះ​សាច់សុទ្ធ​របស់វា​គឺនៅពេល​ដែលគេ​ពន្លះយក​ខ្លាញ់នៅ​ជុំវិញ
សាច់​របស់វា គឺ​សាច់ជ្រូក​សុទ្ធមាន​ខ្លាញ់​តិចជាង​សាច់សត្វ​ដទៃ។

  • គោ ក្របី ចៀម ពពែ សេះ។ល។ ជាសត្វ​ដែលមាន​សាច់​របស់វា​សម្បូរខ្លាញ់​ជាងសាច់​ជ្រូកសុទ្ធ។
  • មាន់ ទា ក្ងាន ឬ​សត្វស្លាប​ដទៃ​ទៀត សាច់​របស់វា​សម្បូរ​ខ្លាញ់ដែរ អ្នកជម្ងឺ​ទឹកនោម​ផ្អែម​គួរ​ជ្រើសរើស​យកសាច់ ដើមទ្រូង​ដែលមិន​សម្បូរ​ខ្លាញ់ ហើយ​គួរ​ចៀសវាង​ទទួលទាន​ស្បែក ស្លាប និងជើង។
  • ត្រី ខ្លាញ់​របស់ត្រី មិនថា​ត្រីទឹកសាប ឬទឹកប្រៃ​ទេ វាមាន​លក្ខណៈ​ពិសេស​មួយខុស​ពីខ្លាញ់​នៃសត្វ​ដទៃ។ ខ្លាញ់​របស់ត្រី អាច​ជួយ​ការពារ​ជម្ងឺ​បេះដូង សរសៃ​ឈាម និងជម្ងឺ​ផ្សេងៗ​ទៀត។ ដូច្នេះ​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​គួរ​ទទួលទាន​សាច់ត្រី​ឱ្យបាន​ច្រើន​ជាការ ប្រសើរ​ជាង​បរិភោគ​សាច់សត្វ​ដទៃ​ទៀត។
  • ពពួក​គ្រឿង​សមុទ្រ លៀស គ្រំ ខ្ចៅ ខ្យង ក្ដាម ជា​ពពួក​សត្វដែល​មានខ្លាញ់​តិច​ជាងគេ។ ខ្លាញ់​ជាសារធាតុ​មួយជួយ បង្កើន​ភាពឆ្ងាញ់ ភាពឆាប់​ឃ្លាន និងផ្ដល់​កាឡូរី​ច្រើនជាង​សាច់ និងស្ករ ឬបាយ។

ប្រេង​ធម្មជាតិ​ល្អជាង​ខ្លាញ់

ជាទូទៅ​បើយើង​និយាយ​ពីប្រេង​ក្នុង​អាហារ​គឺសំដៅ​ទៅលើ​ប្រេង​ដែលបាន​​មកពី​ប្រភព​ធម្មជាតិ ដូចជា​បន្លែ ផ្លែឈើ ឬគ្រាប់​ធញ្ញជាតិ​ផ្សេងៗ។ ប្រេង​ទាំងអស់​នេះ បើគិត​ពីបញ្ហា​សុខភាព​គឺវាល្អ​ប្រសើរ​ជាងខ្លាញ់​សត្វ​ទាំងអស់ ដែលបាន​រៀបរាប់​ខាងដើម។ ចំពោះ​មនុស្ស​ទូទៅ​ក៏ដូចជា​អ្នកកើត​ជម្ងឺ​ទឹកនោម​ផ្អែមដែរ ការ​បរិភោគ​ប្រេង​គឺវា​ល្អជាង​ខ្លាញ់​សត្វ។ ប្រេង​ដែល​បាន​មកពី​ប្រភពធម្មជាតិ​មានលក្ខណៈ​គុណភាព​សុខភាព​ខុសគ្នា​ទៅតាម​ប្រភព​របស់វា។ ដូច្នេះ​មនុស្ស​ទូទៅ ឬ​អ្នកកើត​ជម្ងឺ​ទឹកនោម​ផ្អែម ត្រូវចេះ​ជ្រើសរើស​យកប្រេង​រុក្ខជាតិ​ដែលមាន​លក្ខណៈ​ជួយ​ការពារ​សុខភាព​យើង​ដែល​ប្រសើរ​ជាងគេ។
ដូច្នេះ​ពេលទិញ​ប្រេង​យកមក​ប្រើប្រាស់​យើង​ត្រូវចេះ​ពិនិត្យ តាមដាន និង​ស្វែងយល់​ពីសារធាតុ​ទាំងឡាយ​ដែលបាន​រ៉ាយ រ៉ាប់​នៅលើ​ស្លាកម៉ាក​ទំនិញ ដែលគេ​បិទជាប់​នឹងដប​នូវ​ប្រភព​ប្រេង​ទាំងនោះ​ឱ្យ​ច្បាស់លាស់ បញ្ជាក់​ពី​គុណភាព​ល្អសម្រាប់​សុខភាព របស់​យើង​ក្នុងការ​ការពារ​ជម្ងឺ​បេះដូង សរសៃ​ឈាម និងជម្ងឺ​ផ្សេងៗ​ទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម និង​ខ្លាញ់

ចំពោះ​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម សាច់សត្វ​អ្វីក៏​ទទួលទាន​បានដែរ គ្រាន់តែ​ត្រូវចេះ​ជ្រើសរើស​យកសាច់​សត្វណា​ដែលមាន​ប្រ យោជន៍​សម្រាប់​សុខភាព និងជួយ​ទប់ទល់​ដល់ការ​កើនឡើង​ឆាប់រហ័ស​នៃ​ផលវិបាក​របស់​ជម្ងឺ​ទឹកនោម​ផ្អែម។ បាន​សេចក្ដី​ថា​សាច់សត្វ ដែលមាន​ខ្លាញ់​តិចគឺ​ល្អ មិន​ត្រឹមតែ​អ្នកមាន​ជម្ងឺ​ទឹកនោម​ផ្អែមទេ មនុស្ស​ទូទៅ​ក៏មាន​ប្រយោជន៍​ដែរ។ ដើម្បី​កាត់បន្ថយ​ការ​ទទួលទាន ខ្លាញ់​ច្រើន អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​ត្រូវតែ​សិក្សា​ស្វែងយល់​អំពីវា។

  • សត្វ​ទាំងអស់​មានខ្លាញ់​តិច ឬច្រើន អាស្រ័យ​ទៅនឹង​របៀប​ចិញ្ចឹម​របស់វា ការ​ចិញ្ចឹម​តាមបែប​ធម្មជាតិ​សាច់​របស់វា​មាន ខ្លាញ់​តិចជាង​តាមការ​ចិញ្ចឹម​ជារបៀប​វិទ្យាសាស្ដ្រ ឬ​សិប្បកម្ម។ ដូច្នេះ​ជាការ​ប្រសើរ​យើង​គួរ​ជ្រើសរើស​សត្វដែល​ចិញ្ចឹម​តាមបែប ធម្មជាតិដែល​មានខ្លាញ់​តិច។
  • គ្រឿងក្នុង​របស់សត្វ​ទាំងអស់ ពោះវៀន ថ្លើម កោះ ក្រពះ និង​ក្រលៀន តែងតែ​មានខ្លាញ់​ច្រើនជាង​សាច់​របស់វា។
  • ការ​ចម្អិន​សាច់​ដោយ​ស្ងោរ ចំហុយ ឬអាំង អាចជួយ​កាត់បន្ថយ​ជាតិខ្លាញ់​របស់សាច់។ តែការ​ចៀន ឆា ឬ​បំពង អាច បង្កើន​ខ្លាញ់ឱ្យ​កាន់តែ​ច្រើន​ទៅលើ​សាច់​នោះទៀត។ ដូច្នេះ​គួរចេះ​ជ្រើសរើស​យកវិធី​ចម្អិន​ដោយស្ងោរ អាំង ឬ​ចំហុយ​ជាការ​ប្រសើរ ក្នុងការ​កាត់បន្ថយ​ជាតិខ្លាញ់​ក្នុងសាច់។

ដំបូន្មាន​អ្នក​ជំនាញ

ចំពោះ​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​លោកអ្នក​ត្រូវតែ​ប្រុង​ប្រយ័ត្ន​ឱ្យបាន​ច្រើន​បំផុត​ចំពោះការ​បរិភោគ​អាហារ​ដែលមាន​ជាតិខ្លាញ់ ព្រោះ​ជាដើម​ហេតុ​ដែលធ្វើ​ឱ្យជម្ងឺ​លោកអ្នក​កាន់តែ​ធ្ងន់ធ្ងរ​ទៅជា​លំដាប់។ សូម​ព្យាយាម​តាមដាន​សុខភាព និង​គ្រប់គ្រង​ការ​បរិភោគឱ្យបានល្អ ទើប​លោកអ្នក​មាន​ឱកាស​ឈ្នះ​ជម្ងឺបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Google Analytics Alternative