ផ្ដាសាយ​មនុស្សH1N1រាលដាល​ដល់៤០​ប្រទេស ស្លាប់​៧០នាក់

ជម្ងឺ​ផ្ដាសាយ​ម៉ិកស៊ិកូ ឬផ្ដាសាយ​មនុស្ស H1N1 បាន​រាលដាល​ដល់​ប្រទេស​ចំនួន​៤០ហើយ​នៅទូទាំង​ពិភពលោក ដែលបណ្ដាល​ឱ្យមនុស្ស​ប្រមាណ៩.០០០​នាក់បាន​ធ្លាក់ខ្លួន​ឈឺ ក្នុងនោះ​ប្រមាណ​៧០នាក់​បានស្លាប់។ គិតត្រឹម​ថ្ងៃទី២០​ឧសភានេះ ប្រទេស​ចំនួន៤​មានអ្នក​ជម្ងឺ​ច្រើន​ជាងគេ ក្នុងនោះ​សហរដ្ឋ​អាមេរិក​ជាប់​លំដាប់ទី១ និងលេខ​រៀង​បន្ដបន្ទាប់​មាន​ប្រទេស​ម៉ិកស៊ិកូ កាណាដា និង​ប្រទេស​ជប៉ុន។ ទោះជា​យ៉ាងណា​ប្រទេស​ម៉ិកស៊ិកូ​មាន​មនុស្ស​ស្លាប់​ច្រើនជាង​គេ ដោយសារ​ជម្ងឺ​ដែល​បណ្ដាល​មកពី មេរោ​គ Influenza Type A H1N1 បានផ្ទុះ​ចេញពី​ប្រទេស​នោះ។ សាលា​រៀន​នៅជប៉ុន​ចំនួន​៤.០៤៣​ត្រូវបិទ ហើយ​សាលា រៀនចំនួន​១២ទៀត​នៅទី​ក្រុងញូវយ៉ក សហរដ្ឋអាមេរិក​ក៏បាន​បិទទ្វារ​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

និយមន័យ​ផ្ដាសាយ​មនុស្សH1N1

ជម្ងឺ​ផ្ដាសាយ​មនុស្ស H1N1ជាជម្ងឺ​ថ្មីមួយ​ដែលមាន​លទ្ធភាព​ឆ្លងពី​មនុស្ស​ទៅមនុស្ស ប៉ុន្ដែ​មន្ដ្រី​អង្គការ​សុខភាព​ពិភពលោក លោក NIMA ASGARI អ្នក​ជំនាញ​ការ​សុខភាព​សាធារណៈ​នៃ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅកម្ពុជា​បានមាន​ប្រសាសន៍​ឱ្យដឹង​ថា ជម្ងឺនេះ​មិនមែន​ជាបញ្ហា​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរទេ ប៉ុន្ដែវា​នឹងមាន​សភាព​ធ្ងន់ធ្ងរ​ដរាប​ណាអ្នក​ជម្ងឺឆ្លង​មេរោគ​នេះមាន​ជម្ងឺ ប្រចាំកាយ​រួចទៅ​ហើយ។

រោគសញ្ញា​ជម្ងឺ​ផ្ដាសាយ​មនុស្ស H1N1

យោងតាម​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ជម្ងឺ​ឆ្លងនៃ​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ឱ្យ ដឹងថា អាការ​ជម្ងឺនេះ​បណ្ដាល​ឱ្យអ្នក​ជម្ងឺក្ដៅ​ខ្លួនខ្លាំង មាន​កម្ដៅ​លើសពី​៣៨​អង្សាសេ ក្អក ឈឺក ហៀរ​សម្បោរ ល្ហិតល្ហៃ ពិបាក​ដក ដង្ហើម និងមាន​ករណី​បន្ទាប់​បន្សំ​ដូចជា​ឈឺសន្លាក់​ដៃជើង។

វិធានការ​ការពារ​ជម្ងឺ​ផ្ដាសាយ​មនុស្សH1N1

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បានមាន​ប្រសាសន៍​ឱ្យដឹងថា ប្រសិន​បើអ្នក​ជម្ងឺនេះ​មានឬ​មិនមាន​នៅកម្ពុជា ការពាក់​ម៉ាស់ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ និង​កុំនៅ​ជិតអ្នក​ជម្ងឺជា​វិធានការណ៍​ល្អបំផុត។

លោក​វេជ្ជបណ្ឌិត Michael O’Leary ប្រធាន​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បានមាន​ប្រសាសន៍​ឱ្យដឹង ថា ប្រសិន​បើជម្ងឺ​នោះមក​ដល់កម្ពុជា យើងនឹង​ពិនិត្យ​មើលថា វាចូល​មកតាម​របៀប​ណា ហើយ​មេរោគ​នេះមាន​ភាព​សាហាវ​កម្រិត ណា។ បន្ទាប់មក​វិធានការ​ចាំបាច់​គឺការ​មិនឱ្យ​មនុស្ស​នៅជុំ​គ្នាច្រើន ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា។ ប៉ុន្ដែ​វិធានការ​សុខភាព​បឋម​ដូចជា ការពាក់​ម៉ាស់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​ជាការ​អនុវត្ដ​មួយដ៏​ប្រសើរ ដើម្បី​កាត់​បន្ថយ​ការឆ្លង​មេរោគ​នេះ។

រូពភាពទស្សនាវដ្ដីសុខភាពយើង

ការ​ឆ្លើយតប​ពី​ក្រសួង​សុខាភិបាល

ឯកឧត្ដម​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ថា ក្រសួង​បានចាត់​វិធានការ ចាំបាច់​នានា​រួចហើយ​ដើម្បី​ទប់ស្កាត់ និង​ត្រៀម​ឆ្លើយតប​ចំពោះ​ការ​មកដល់​ជម្ងឺនេះ​ជាយថាហេតុ។ ឯកឧត្ដម​បន្ដថា នៅតាម​ច្រកទ្វារ អន្ដរជាតិ​ផ្លូវ​អាកាស​នៅ​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ក្រុងភ្នំពេញ និង​ច្រកទ្វារ​អន្ដរជាតិ​នៅ​អាកាស​យានដ្ឋាន​ខេត្ដសៀមរាប មាន​ដាក់ម៉ាស៊ីន​ស្កេនអ្នក​ដំណើរ​ឆ្លងកាត់ និងបាន​ឱ្យអ្នក​ដំណើរ​បំពេញ​ប័ណ្ណ​ដែលមាន​ដាក់ឈ្មោះ អាសយដ្ឋាន លេខ​ទូរស័ព្ទ​ទំនាក់ទំនង​របស់អ្នកដំណើរ និង​លេខទូរស័ព្ទ​របស់​ភ្នាក់ងារ​ក្រសួង​ប្រចាំការ​ចំនួន​២៤ម៉ោង សម្រាប់​អ្នក​ដំណើរ​ឆ្លងកាត់​អាច​ទំនាក់ទំនង​មក​ភ្នាក់ងារ​ប្រចាំការ សម្រាប់​ការ​ឆ្លើយតប​ជម្ងឺ​ផ្ដាសាយ​មនុស្ស H1N1។

ឯកឧត្ដម​បន្ដថា ចំណែក​នៅតាម​ព្រំដែន​គោក​ក៏តម្រូវ​ឱ្យអ្នក​ដំណើរ​ទាំងអស់​ធ្វើការ​បំពេញ​ឈ្មោះ អាសយដ្ឋាន លេខ​ទូរស័ព្ទ ទំនាក់ទំនង​ដូចគ្នា​នឹងការ​តម្រូវ​នៅតាម​ព្រលាន​យន្ដហោះ​ផងដែរ។

ការ​ត្រៀម​ឱសថ និង​សម្ភារៈ​ការពារ

ឯកឧត្ដម​រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បានឱ្យ​ដឹងថា កម្ពុជា​បានត្រៀម​រួចហើយ​នូវ​ឱសថ Tami flu ចំនួន​១៥៧.៨០០​គ្រាប់ របស់​ក្រសួង​មានស្រាប់ និងជំនួយ​បន្ថែម​ពីអង្គការ​សុខភាព​ពិភពលោក​ចំនួន​១៥៤.០០០គ្រាប់​បន្ថែម​ទៀត។ ឯកឧត្ដម​បន្ដថា លើសពី នោះ យើងមាន​សម្ភារៈ​ការពារ​ខ្លួន ពេលចុះ​ទៅជួប​អ្នកជម្ងឺ​ចំនួន៧.៤៥០​កំភ្លេ​ផងដែរ។

មន្ទីរពេទ្យ​ត្រៀម​ឆ្លើយតប​ចំពោះ​ជម្ងឺនេះ

ឯកឧត្ដម ម៉ម ប៊ុនហេង បានមាន​ប្រសាសន៍​ឱ្យដឹង​ថា មន្ទីរ​ពេទ្យ​កាល់ម៉ែត​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​អ្នកជម្ងឺ​នេះ ដោយ​មាន​គ្រែត្រៀម​បម្រុង​ចំនួន​២៩គ្រែ។ ឯកឧត្ដម​បន្ដថា ជាយថាហេតុ បើសិន​ជាជម្ងឺ​នេះ​រាតត្បាត​ច្រើន មន្ទីរពេទ្យ​មិត្ដភាព​កម្ពុជាសូវៀត​នឹងត្រូវ​យកមក​ប្រើប្រាស់​ផងដែរ។ ចំណែក​មន្ទីរពេទ្យ​៤ទៀត​ត្រៀម​ប្រចាំការ មាន​មន្ទីរ​ពេទ្យ​ខេត្ដកំពត សៀមរាប ស្ទឹងត្រែង និង​មន្ទីរពេទ្យ​ខេត្ដកំពង់ចាម។

ការ​ឆ្លើយតប​ថ្នាក់​តំបន់

តាមរយៈ​ការជួប​ប្រជុំ​រដ្ឋមន្ដ្រី​សុខាភិបាល​អាស៊ាន​បូកបី​នៅក្រុង​បាងកក​ប្រទេសថៃ កិច្ចប្រជុំ​បានលើក​វិធានការណ៍​នានា ដើម្បីការ​​ឆ្លើយតប​ថ្នាក់តំបន់ រួមមាន​ការ​ផ្លាស់ប្ដូរ​ចែកចាយ​ព័ត៌មាន​គ្នា​ទៅវិញ​ទៅមក ការ​ចែកចាយ​សម្ភារៈ​ការពារ​ខ្លួន និង​បង្កើន​ស្ដុក ឱសថ​ឱ្យគ្នា​ទៅវិញ​ទៅមក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Google Analytics Alternative