រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការ​ទប់ស្កាត់​ជម្ងឺ​គ្រុនចាញ់

ជាមួយ​នឹងការ​មកដល់​នៃរដូវ​វស្សា​ជាពេល​ដែល​ករណី​ជម្ងឺ​គ្រុនចាញ់​ជាធម្មតា​បាន​កើនឡើង​នោះ។ រដ្ឋាភិបាល​ជាថ្មី​ម្ដងទៀត បាន​ចាប់ផ្ដើម​បញ្ចេញ​មុងជា​ច្រើន​រថយន្ដ​ដើម្បី​ទប់ស្កាត់​ជម្ងឺនេះ​មិនឱ្យ​កើនឡើង​ថែមទៀត។ មានមុង​សរុប​ចំនួន​៥៧១.០០០ នឹង​ត្រូវបាន​ចែកជូន​រួម​ជាមួយ​នឹងមុង​អង្រឹង​៨៧.០០០​ផងដែរ។ ខេត្ដ​ដំបូង​ចំនួន១០​នៅក្នុង​បញ្ជី មាន​ខេត្ដ​បាត់ដំបង ខេត្ដកំពត ខេត្ដប៉ៃលិន ខេត្ដ​បន្ទាយមានជ័យ ខេត្ដពោធិ៍សាត់ ខេត្ដកំពង់ស្ពឺ ខេត្ដកោះកុង ខេត្ដឧត្ដរមានជ័យ ខេត្ដព្រះវិហារ ខេត្ដសៀមរាប ភាគច្រើន​ជាខេត្ដ​ដែលស្ថិត​នៅតាម ឬក្បែរ​ព្រំដែន​ថៃ។

រូបភាពទស្សនាវដ្ដីសុភាពយើង

បង្កើន​ការ​ទប់ស្កាត់​ជម្ងឺ​គ្រុនចាញ់

ដោយ​លើកឡើង​ពីការ​រាលដាល​ដ៏ខ្លាំង​នៃជម្ងឺ​គ្រុនចាញ់​របស់​តំបន់ លោក​វេជ្ជបណ្ឌិត ដួង សុជាតិ ប្រធាន​មជ្ឈមណ្ឌល​ជាតិ ជម្ងឺ​គ្រុនចាញ់​បានមាន​ប្រសាសន៍ថា “នៅតាម​បណ្ដោយ​ព្រំដែន​គឺជា​គោលដៅ​របស់យើង”។ ព្រំដែន​ក៏ជា​កម្មវត្ថុនៃ​ការ​ព្រួយបារម្ភផងដែរ ដោយសារ​តែមាន​ការលេច​ឡើងនៃ​ប្រភេទ​ជម្ងឺ​គ្រុនចាញ់​ដែល​ធន់នឹង​ថ្នាំ។ ការ​ដឹកជញ្ជូន​មុងទៅ​ខេត្ដចំនួន​៤នៅក្នុង​ចំណោម ខេត្ដទាំង​១០​នេះបាន​ចាប់ផ្ដើម​ធ្វើ​តាំងពី​មុនថ្ងៃ​បុណ្យ​ចូលឆ្នាំ​មក​ហើយ។ ខេត្ដជា​អាទិភាព​៦ទៀត​ដែល​នៅសល់​នឹង​ទទួលបាន​មុងនៅ ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះ ហើយ​ខេត្ដដទៃ​ទៀតនឹង​ទទួលបាន​ជា​បន្ដបន្ទាប់។ ជាមួយ​នឹង​អង្រឹង​មានមុង​ប្រហែល​៣១០.០០០ ត្រូវបាន គេ​ជ្រលក់​ថ្នាំ​ភរេមតេហរិន ដែលមាន​ប្រសិទ្ធភាព ទាំង​ធ្វើឱ្យ​សត្វល្អិត​មិនហ៊ាន​មកជិត និងជា​ថ្នាំ​សម្លាប់​សត្វល្អិត​ផងដែរ។ វាជាមុង ការពារ​សត្វល្អិត​ដែល​ប្រើបាន​យូរ ហើយអាច​ប្រើបាន​ជាង៣ឆ្នាំ។ ថវិកា​ភាគច្រើន​សម្រាប់​មុងនៅ​ក្នុងឆ្នាំ​នេះបាន​មកពី​មូលនិធិ​ពិភពលោក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺអេដស៍ របេង និង​ជម្ងឺ​គ្រុនចាញ់។

គោលដៅ​របស់​រដ្ឋាភិបាល​គឺត្រូវ​ឱ្យមាន​មុងមួយ​ក្នុង​ប្រជាជន​កម្ពុជា​ពីរនាក់ ហើយមុង​អង្រឹង​មួយក្នុង​មួយគ្រួសារ។ វេជ្ជបណ្ឌិត ដួង សុជាតិ បានមាន​ប្រសាសន៍​ថា លោកគិត​ថានឹង​មានមុង​គ្រប់គ្រាន់​នៅក្នុង​ខេត្ដតាម​បណ្ដោយ​ព្រំដែនថៃ ដើម្បី​ឈានទៅ ដល់​គោលដៅ​នោះ ប៉ុន្ដែ​មិនមែន​នៅក្នុង​បណ្ដាខេត្ដ​ភាគខាង​កើត​របស់​ប្រទេស​កម្ពុជា​នោះទេ។

លក្ខណៈ​ទូទៅ​នៃជម្ងឺ​គ្រុនចាញ់

គ្រុនចាញ់​ជាជម្ងឺ​មួយដែល​ឆ្លងតាម​រយៈមូស​ដែកគោល​ញី ដែលបាន​ខាំជញ្ជក់​ឈាម​មនុស្ស​ឈឺ។ ឈាម​នោះបាន​ធ្វើការ វិវឌ្ឍន៍​នៅក្នុង​ខ្លួនមូសញី ហើយវា​បានបន្ដ​ខាំចម្លង​មកមនុស្ស​ជាធម្មតា​ម្នាក់ទៀត។ ពេលវេលា​ដែលមូស​ដែកគោល​ញី​ចូលចិត្ដ​ខាំ គឺចាប់ពី​ពេល​ព្រ​​​លប់​ទៅទាល់​នឹងព្រឹក​ព្រលឹម។ គ្រុនចាញ់​កើតនៅ​លើមនុស្ស​គ្រប់វ័យ ហើយ​ប្រភេទ​ក្រុមដែល​ងាយ​ទទួល​រងគ្រោះ ដោយជម្ងឺ​គ្រុនចាញ់​បំផុត គឺកុមារ មនុស្ស​ចាស់ជរា ស្ដ្រីមាន​ផ្ទៃពោះ និងមនុស្ស​មិនដែល​កើតជម្ងឺ​គ្រុនចាញ់់។
ទោះបី​គ្រុនចាញ់​ជាជម្ង្ងឺ​កាចសាហាវ តែវាអាច​ការពារ​និង​ព្យាបាល​បាន។ វិធី​ដែល​កម្មវិធី​ជាតិ​ណែនាំ​ឱ្យប្រើ និង​សក្ដិសម បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ គឺការ​គេងនៅ​ក្នុងមុង ឬគេង​ត្រូវដាក់​មុងដែល​មាន​ជ្រលក់ថ្នាំ។ សូម​បញ្ជាក់​ថា ថ្នាំ​ការពារ​មូសដែល ជ្រលក់​នេះ​មិនមាន​ធុំក្លិន ឬ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ទេ ហើយ​វាអាច​ការពារ​មូសមិន​ឱ្យចូល​មកជិត​បាន ទោះបី​អ្នកដាក់​ដៃ នៅក្បែរ​មុងក៏​ដោយ តែវា​ត្រូវការ​ជ្រលក់​សាឡើង​វិញ​ពេលជាតិ​ថ្នាំអស់​ប្រសិទ្ធភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Google Analytics Alternative