ត្រៀមខ្លួន​ជួប​ឪពុកម្ដាយ​គូស្នេហ៍

ក្នុង​ជីវិត​របស់​ស្ដ្រីយើង ក្រៅពី​មាន​ឪពុកម្ដាយ​ខ្លួនឯង​ដែលត្រូវ​គោរព​និងត្រូវ​ថែទាំ​នោះ នៅមាន​កិច្ចការ​ដ៏សំខាន់​មួយទៀត ដែល​មិនអាច​ធ្វេស​ប្រហែស​បាននោះ គឺការ​រៀបចំ​ឫកពា​ឱ្យបាន​ស័ក្ដិសម ដើម្បី​ផ្គាប់ផ្គុន​ដល់​ឪពុកម្ដាយ​គូស្នេហ៍​ឱ្យមាន​ការពេញចិត្ដ ពេញថ្លើម​​ទៀតផង។ វាមានការ​ពិបាក​នៅពេល​អ្នក​ក្លាយជា​ផ្ទាំងស៊ីប​ដំបូង ដែល​ឪពុកម្ដាយ​របស់គេ​ចាំកត់​សម្គាល់ និង​ពិចារណា ថ្លឹងថ្លែង​មកលើ​ខ្លួនអ្នក។ ជួនកាល​ការរៀប​ឫកពា​ពុំបាន​សមរម្យ​តាម​កាលៈទេសៈ វាជា​ឧបសគ្គ​មួយនៃ​ការតភ្ជាប់​ចំណង​ស្នេហ៍របស់ អ្នក​ជាមួយ​គ្នាបន្ដ​ទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ស្វែងយល់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង អំពី​ប្រការ​មួយចំនួន​ក្នុងការ​ធ្វើខ្លួន​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ក្លាយទៅ​ជា កូន​ប្រសា​អនាគត​របស់​ពួកគេ​បាន។

1 . មារយាទ ៖ រឿងនេះ​ចាត់ទុក​ថា ជា​ទំនៀម​ទម្លាប់​សាមញ្ញ​ធម្មតា​ទៅហើយ ប៉ុន្ដែ​វាមាន​សារៈសំខាន់​ណាស់​សម្រាប់ ការ​វាយតម្លៃ​មកលើខ្លួន​អ្នកថា​ជាមនុស្ស​បែបណា។ នេះជា​មេរៀន​ដំបូង​ទីដែលអ្នក​ត្រូវតែ​ចេះរៀប​ឫកពា​ឱ្យបាន​ស្រួលបួល​មុន​នឹង​ដើរ សំដៅ​ទៅកាន់​ផ្ទះអនាគត​ឪពុកម្ដាយ​ក្មេក​របស់​ខ្លួន។ អ្នក​ត្រូវចេះ​បញ្ចេញ​សម្ដី​សម្ដែង​ការ រាក់ទាក់​ច្បាស់លាស់ មាន​ទឹកមុខ​ស្រស់ ស្រាយ​ចំពោះ​មុខចាស់ទុំ។ ក្រៅពី​សម្ដែង​កាយវិការ​រហ័ស​រហួន​ហើយ អ្នកក៏​ត្រូវ បញ្ចេញ​ភាព​ឧស្សាហ៍​ព្យាយាម​ផងដែរ។ មនុស្សចាស់ ខ្លះអាច​សាកល្បង​និយាយ​គំរោះ​គំរើយ​ពិសោធន៍​ចិត្ដយើង។ ប៉ុន្ដែ​ពេលនេះ​អ្នក​ត្រូវចេះ​ទប់សង្កត់​ចិត្ដ និងមិន​ត្រូវបញ្ចេញ​ការប្រែប្រួលទឹកមុខ ឬបង្ហាញ​កែវភ្នែក​សម្លក់​សម្លឹង​តបត​ដោយ​កំហឹងទេ។

2 . ការ​តែងខ្លួន ៖ វាជាការ​បង្ហាញ​អត្ដ​សញ្ញាណ​មុន​ដំបូងគេ​ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពីលក្ខណៈ​បុគ្គលភាព​របស់អ្នក។ មនុស្សចាស់​ពេលដែល​មាន​នរណា​ម្នាក់​ឈានដល់​មាត់ទ្វារ​ផ្ទះ​របស់ខ្លួន​ដំបូង គឺ​តែងតែ​សង្កេត​មើលពី​អត្ដចរិត​រាក់ទាក់ និង​សម្លៀកបំពាក់​នេះហើយ។ បើ​ពេលនេះ​អ្នក​ស្លៀកពាក់​សិចស៊ី​​ជ្រុល ដូចជា​សំពត់​ខ្លីស្ទើរ​លេចគល់​ភ្លៅ អាវវាល​លេចគល់​សុដន់ ឬអាវ​ខើចលេច រន្ធផ្ចិត​ច្បាស់ជា​ទទួលបាន​ពិន្ទុយ៉ាប់​តាំងពី​ដំបូងទី​ពុំខាន។ ដូច្នេះ​ចូរប្រយ័ត្ន​ប្រយែង​ឱ្យ​មែនទែន បើទោះ​បីជា​អ្នកជា​នារីដែល​ទាន់សម័យ យ៉ាងណា​ក៏ដោយ​ក៏ត្រូវតែ​ផ្លាស់ប្ដូរ បើសិន​អ្នកនាង​ចង់ក្លាយ​ទៅជា​កូនប្រសាគេ។ ជាការពិត​ដែល​អ្នកនាង​មាន​សមត្ថភាព​ទិញ​សម្លៀក បំពាក់ល្អៗ​ដើម្បី​ប្រើប្រាស់ ប៉ុន្ដែ​សម្លៀក​បំពាក់​មួយចំនួន​វាបាន​ធ្វើឱ្យ​តម្លៃ​ជាស្ដ្រី​ថ្លែថ្នូរ​របស់​អ្នកនាង​ត្រូវ​បាត់បង់។

3 . អាជីព​ការងារ ៖ អាជីព​ការងារ​របស់អ្នក​វាអាច​បញ្ជាក់​ប្រាប់ពីអ្វីៗ​បានគ្រប់​បែបយ៉ាង ទាំង​និស័្សយចិត្ដ​គំនិត ភាពឆ្លាតវៃ និង​ភាពអាច​ចុះសម្រុង​គ្នាបាន រវាងអ្នក​ជាមួយ​និងកូន​ប្រុសរបស់​ពួកគាត់។ សម័យនេះ​ឪពុកម្ដាយ​ភាគច្រើន​ពុំចង់បាន​នរណា ម្នាក់ឱ្យ​មកដេកស៊ី​ដោយសារ​កម្លាំង​កូនប្រុស​របស់គាត់​នោះទេ។ ហេតុនេះ​អ្នកនាង​ត្រូវធ្វើ​យ៉ាងណា​បង្ហាញឱ្យ​ពួគគាត់​បាន​ឃើញ​អំពី ភាពម្ចាស់​ការលើ​ខ្លួនឯង​របស់​អ្នកនាង មាន​តុល្យភាព​ផ្នែក​សេដ្ឋកិច្ច​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

4 . ឋានៈ និង​កម្រិត​ជីវភាព​គ្រួសារ ៖ រឿងនេះ​សម្រាប់​គ្រួសារ​ខ្លះមិនសូវ​សំខាន់​ណាស់ទេ​ប៉ុន្ដែ​គ្រួសារខ្លះ​ទៀតគេ​គិតពី បញ្ហា​នេះធំ​ដុំណាស់។ មនុស្ស​យើង​មិនអាច​ជ្រើសរើស​ការចាប់​កំណើត​នេះបាន​ទេ ហេតុដូច្នេះ​បើគ្មាន​នរណាសួរ អ្នកនាង​ក៏មិន​ចាំបាច់ ប្រកាស​ប្រាប់ចេញ​មកដែរ ព្រោះ​បញ្ហា​ខាងឋានៈ​គ្រួសារនេះ វាបាន​សាង​បញ្ហា​ស្មុគស្មាញ​ណាស់​សម្រាប់​ការគិតគូរ។ ហេតុនេះ​បើចង់ គិតពី​ឋានៈ​គ្រួសារ អ្នកនាង​គួរតែ​គិតវា និង​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​តែពី​ពេលទើប​និង​ចាប់ផ្ដើម​សេពគប់​គ្នាម្ល៉េះ។ ដើម្បី​កុំឱ្យ ដល់ពេល​ស្រឡាញ់​គ្នាឡើង​ទុំជោរ​ទៅហើយ ទើបនាំ​គ្នាគិត​ពីបញ្ហា​នេះ នេះជា​រឿងដែល​ពិបាក​ដោះស្រាយ​បំផុត។

៥ . ភាពចុះ​សម្រុង​ជាមួយ​គ្រួសារ​គេ ៖ បើអ្នក​ធ្វើខ្លួន​ឱ្យចុះសម្រុង​ជាមួយ​ក្រុម​គ្រួសារ​របស់គេ​តាំងពី​ដំបូងទី ការផ្ញើ​ខ្លួន ផ្ញើប្រាណ​ជាសាច់ថ្លៃ​ស្រីក៏​ចាត់ទុកថា​បានសម្រេច​ជាងពាក់​កណ្ដាលផ្លូវ​ដែរ​អ៊‌ីចឹង ហើយ​អ្នក​មិនគួរ​មើល​រំលង​វាឡើយ។ ព្រោះ​ក្រោយ ពេល​រៀបការ​មានប្ដី​ប្រពន្ធ​ជាច្រើន​បាន​លែងលះ​គ្នា ដោយសារ​តែសាច់ថ្លៃ​ស្រីដែល​ភាគច្រើន​ជាអ្នក​ដែលចាំ​សង្កេត​គ្រប់​សកម្មភាព ទាំងឡាយ​របស់យើង ហើយ​យកទៅ​បូរបាច់​បញ្ចេញ​បញ្ចូល ដើម្បី​ឱ្យអ្នក​ដទៃ​មាន​គំនិត​មិនចូលចិត្ដ​យើងតាម​ពួកគេ​ដែរ។ ជា​ទូទៅ កូនប្រសា​ស្រីភាគ​​​​​ច្រើន​ជាប់ចោទ​ជាអ្នក​ដែល​ដណ្ដើម​យកសេចក្ដី​ស្រឡាញ់​ពីកូន ពីបង ឬប្អូន​របស់​ពួកគេទេ។ ហេតុនេះ​ហើយ ទោះ តិច ឬច្រើន តែងតែ​មាន​បញ្ហា​នឹងគ្នា ដោយ​កម្រនឹង​ចៀស​រួចណាស់។

៦ . កិច្ចការ​ផ្ទះសម្បែង ៖ ជា​ទូទៅ​ការដែល​ទៅផ្ទះ​គូស្នេហ៍​លើក​ដំបូង តែងតែ​ត្រូវ​ទទួលការ​អញ្ជើញ​ឱ្យទទួល​ទាន​អាហារនៅទីនោះ។ មុនដល់​ពេល​ទទួលទាន​អាហារ តែងតែ​មានការ​រៀបចំ​អាហារ ករណីនេះ​ប្រសិន​បើអ្វីដែល​អ្នកនាង​អាចធ្វើ​បាន​នោះគឺ ជួយ​កិច្ចការអ្វី​ដែលអាច​ជួយទៅ​បាន ព្រោះមាន​ភ្នែក​ជាច្រើន​កំពុង​តែសម្លឹង​មើលមក​ភាពជាស្ដ្រី​មេផ្ទះ​របស់អ្នក។ សូមកុំ​ព្យាយាម ធ្វើអ្វី​ដោយ​អត្ដនោម័តិ​ពេក រួមទាំង​រសជាតិ​អាហារ​ផងដែរ។ បើក្នុង​ករណី​ដែលមិន​ចេះធ្វើអ្វី​សោះនោះ សូម​ត្រឹមតែ​ជួយលាង ឬចិត​បន្លែ រៀបចំ​តុអាហារ​ក៏បាន​ដែរ ព្រោះ​ទោះជា​យ៉ាងណា​ការជួប​គ្នាលើក​ដំបូងគេ មិនទាន់​ដឹងចិត្ដ​គេប្រាកដ​ជាមិនទាន់​ហ៊ាន​ប្រើអ្នកឱ្យ​ធ្វើអ្វី​ច្រើនឡើយ។

ចំណុច​ទាំងអស់​ដែលលើក​មកជម្រាប​ជូនអ្នក​ខាងលើនេះ សង្ឃឹមថា​អាច​ក្លាយទៅ​ជាជំនួយ​របស់​សុភាពនារី​ទាំងអស់ ដើម្បី​ទទួល​បាននូវ​ពិន្ទុខ្ពស់​តាំងពីថ្ងៃ​ដែលជួប​ឪពុកម្ដាយ​និងបងប្អូន​របស់​គូស្នេហ៍​លើកដំបូង។ ម្យ៉ាងវិញ​ទៀត សុភាពនារី​ទាំងអស់​ត្រូវ​ចាំថា នៅពេល​អ្នកស្គាល់ ឬមាន​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍​របស់​អ្នកនោះ កែវភ្នែក​ដែលសម្លឹង​មកមើល​អ្នកមាន​តែ១គូ​ប៉ុណ្ណោះ។ ប៉ុន្ដែនៅពេល​ដែលគេ​​​​​​​​​​​​​​​​​នាំ​អ្នកទៅផ្ទះ​នោះមាន​កែវភ្នែក​ច្រើន​គូណាស់ ដែល​សម្លឹង​មកអ្នក​តាំងពី​ក្បាល​រហូតដល់​ចុងជើង។

បណ្ដាំ​ផ្ញើ

អ្នកត្រូវ​បោះបង់​គំនិត​ពីការ​ប្រមាថ​មើលងាយ​ទុកមួយ​អន្លើសិន ដោយធ្វើ​ចរិតនឹងន​ធម្មតា បន្ទាប់ពី​នោះទើប​គិតគូរ​សាជា ថ្មី។ បើ​អំឡុងពេល​នេះអ្នក​ធ្វើឱ្យ​ខូចការ អ្វីៗ​គ្រប់បែប​យ៉ាងនោះនឹង​នាំឱ្យ​បាត់បង់​មារយាទ​ថ្លៃថ្នូ​ររបស់អ្នក ហើយ​ជាពិសេស​ធ្វើឱ្យ ឈាន​ដល់ការ​បែកបាក់​ជាមួយ​គូស្នេហ៍​ដែលត្រូវ​រៀបការ​រួមរស់​ជាមួយ​គ្នា​អស់មួយ​ជីវិត​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Google Analytics Alternative